31 C
Phnom Penh

UN ​​នឹង​ចោទសួរ​រដ្ឋាភិបាល​​​​​កម្ពុជា ទាក់ទិន​ជនជាតិ​ម៉ុងតាញ៉ា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីនិយាយថា ឧត្ដមស្នងការសហប្រជា ជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) ដែលជាទីភ្នាក់ងារមួយរបស់អង្គការសហប្រជាជាតិ នឹងសាកសួររដ្ឋាភិបាលជុំវិញសេចក្ដីសម្រេចរបស់ខ្លួនច្រានចោលការសុំសិទ្ធិជ្រកកោនរបស់ជនជាតិម៉ុងតាញ៉ាភាគច្រើនដែលបានចាកចេញពីប្រទេសកម្ពុជាទៅហើយ មួយខែបន្ទាប់ពីស្ថាប័ននេះបានរងការរិះគន់ចំពោះតួនាទីរបស់ខ្លួននៅក្នុងការបញ្ជូនមួយចំនួននៃជនស្វែងរកសិទ្ធិជ្រកកោនទាំងនេះទៅប្រទេសវៀតណាមវិញ។

កាលពីដើមខែនេះ ក្រសួងមហាផ្ទៃបានប្រកាសថា បីនាក់ក្នុងចំណោមជនជាតិម៉ុងតាញ៉ាដែលនៅសេសសល់ក្នុងរាជធានីភ្នំពេញ ត្រូវបានផ្ដល់សិទ្ធិកោនហើយ ចំណែកឯពាក្យស្នើសុំរបស់ជនជាតិម៉ុងតាញ៉ា៦៥នាក់ផ្សេងទៀតត្រូវបានច្រានចោល។

លោក ហ៊ុល សារិទ្ធ ប្រធានការិយាល័យចុះបញ្ជីជនស្វែងរកសិទ្ធិជ្រកកោននៃនាយកដ្ឋានជនភៀសខ្លួនក្រសួងមហាផ្ទៃ បានមានប្រសាសន៍កាលពីម្សិលមិញថា តំណាង UNHCR បានជូនដំណឹងមកមន្ត្រីកម្ពុជាថា ពួកគេនឹងធ្វើដំណើរមកកាន់រាជធានីភ្នំពេញ ក្នុងពេលឆាប់ៗ ដើម្បីសិក្សាពីមូលហេតុដែលពាក្យសុំយ៉ាងច្រើនរបស់ជនជាតិម៉ុងតាញ៉ាត្រូវបានច្រានចោល។

op-800x450លោកលើកឡើងនៅពេលប្រកាសនោះថា ជនជាតិម៉ុងតាញ៉ាទាំង៦៥នាក់ដែលពាក្យសុំរបស់ខ្លួនត្រូវបានច្រានចោល នឹងត្រូវបញ្ជូនត្រឡប់ទៅប្រទេសវៀតណាមវិញ (ដែលពួកគេនិយាយថាខ្លួនបានរត់គេចដោយសារការធ្វើទុក្ខបុកម្នេញយ៉ាងរាលដាល) ប្រសិនបើបណ្ដឹងឧទ្ធរណ៍របស់ពួកគេត្រូវបានច្រានចោល។

លោកថ្លែងថា “បណ្ដឹងឧទ្ធរណ៍មិនទាន់ចប់ទេ ប៉ុន្តែ UNHCR ចង់ឱ្យនាយកដ្ឋានជនភៀសខ្លួនរបស់យើងបកស្រាយឱ្យបានច្បាស់អំពីមូលហេតុសម្រេចទម្លាក់ជនជាតិម៉ុងតាញ៉ាទាំង៦៥នាក់។ UNHCR មិនយល់ស្របតាមការសម្រេចរបស់យើងទេ ដូច្នេះពួកគាត់ចង់ឱ្យយើងផ្ដល់ភ័ស្តុតាងជាក់លាក់សម្រាប់ការសម្រេចនេះ”។

ប្រធានការិយាល័យរូបនេះលើកឡើងទៀតថា អាចនឹងមានការផ្លាស់ប្តូរសម្រាប់អ្នកដែលពាក្យសុំរបស់ខ្លួនត្រូវបានច្រានចោលប្រសិនបើ UNHCR ផ្ដល់ភ័ស្តុតាងបន្ថែមទៀតសម្រាប់គាំទ្រករណីរបស់ពួកគេ។

លោកគូសបញ្ជាក់ថា “ចំនួនដែលយើងអាចផ្ដល់ការជ្រកកោនបាន នឹងកើនលើសពីបីនាក់ បើ UNHCR ផ្ដល់ភ័ស្តុតាងបន្ថែមដល់យើងដើម្បីបង្ហាញថា អ្នកដែលធ្លាក់គឺជាជនភៀសខ្លួនពិតប្រាកដ” ហើយថា កាលបរិច្ឆេទសម្រាប់ជំនួបនេះមិនទាន់កំណត់នៅឡើយទេ។

លោកស្រី វីវៀន តាន (Vivian Tan) មន្ត្រីព័ត៌មានប្រចាំតំបន់នៃ UNHCR បានបញ្ជាក់ថា ពិតជាមានគម្រោងនេះមែន ប៉ុន្តែលោកស្រីក៏មិនបានដឹងពីកាលបរិច្ឆេទនៃជំនួបនេះដែរ។ ការកើនឡើងចុងក្រោយនៃចំនួនជនជាតិម៉ុងតាញ៉ាដែលប្រឈមការធ្វើទុក្ខបុកម្នេញខាងសាសនា និងនយោបាយយ៉ាងរាលដាលជាយូរមកហើយក្នុងប្រទេសវៀតណាម និងដែលបានរត់ភៀសខ្លួនចូលមកក្នុងខេត្តរតនគិរី បានចាប់ផ្ដើមនៅចុងឆ្នាំ២០១៤។ ទីបំផុតក្រុមដំបូងដែលមានគ្នា១៣នាក់ទទួលបានឋានៈជាជនភៀសខ្លួន ហើយបច្ចុប្បន្នកំពុងស្ថិតនៅក្នុងប្រទេសហ្វីលីពីន រង់ចាំការចាត់ចែងទៅរស់នៅក្នុងប្រទេសទី៣។

ជនជាតិម៉ុងតាញ៉ាស្ទើរតែទាំងអស់ផ្សេងទៀតកំពុងស្ថិតនៅក្នុងរាជធានីភ្នំពេញ រង់ចាំសាលដីការបស់សាលាឧទ្ធរណ៍ ឬក៏ត្រូវបានបញ្ជូនត្រឡប់ទៅវិញហើយ។ មួយក្រុមទៀតមានគ្នា២៥នាក់ត្រូវបានបញ្ជូនត្រឡប់ទៅប្រទេសវៀតណាមវិញយ៉ាងចម្រូងចម្រាស “តាមការស្ម័គ្រចិត្ត” ដោយមានជំនួយពី UNHCR កាលពីខែមុន។

មួយចំនួនក្នុងចំណោមជនជាតិម៉ុងតាញ៉ាដែល UNHCR អះអាងថាបានត្រឡប់ទៅវិញដោយស្ម័គ្រចិត្តនោះ និយាយថា ពួកគេត្រូវបានគេប្រាប់ថា ខ្លួនគ្មានជម្រើសឡើយ។ ក្រោយមក ពួកគេបានរាយការណ៍ថាមានការធ្វើទុក្ខបុកម្នេញ និងអង្កេតតាមដាន បន្ទាប់ពីវិលត្រឡប់ទៅវៀតណាម ក្នុងនោះរួមមានទាំងការបង្ខំឱ្យសារភាពតាមកញ្ចក់ទូរទស្សន៍ ដែលខ្លះត្រូវបានបង្ហោះចូលយូធ្យូបកាលពីដើមខែនេះផងដែរ។

លោកស្រី ហ្គ្រេស ប៊ូយ (Grace Bui) ដែលជាអ្នកធ្វើការស្ម័គ្រចិត្តឱ្យអង្គការមួយមានឈ្មោះថា គម្រោងជួយជនជាតិម៉ុងតាញ៉ា (Montagnard Assistance Project) នៅក្នុងប្រទេសថៃ បានស្វាគមន៍ជំហរម៉ឺងម៉ាត់របស់ UNHCR។

លោកស្រីលើកឡើងថា “ខ្ញុំពិតជាសប្បាយចិត្តខ្លាំងមែនទែនដែលទីបំផុត UNHCR ប្រកាន់ជំហរម៉ឺងម៉ាត់ជាមួយរដ្ឋាភិបាលកម្ពុជា។ ខ្ញុំសោកស្ដាយដែលពួកគាត់មិនធ្វើសកម្មភាពឲ្យបានលឿនជាងនេះ ពីព្រោះខ្ញុំជឿថា មួយចំនួនធំនៃជនជាតិម៉ុងតាញ៉ារាប់រយនាក់ដែលត្រូវបានបង្ខំឱ្យត្រឡប់ទៅប្រទេសវៀតណាមវិញ ប្រហែលជាមានលក្ខណសម្បត្តិគ្រប់គ្រាន់អាចទទួលបានឋានៈជាជនភៀសខ្លួន។ ទោះជាយ៉ាងណា យឺតប្រសើរជាងមិនធ្វើ”៕ សុខុម

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស