40.9 C
Phnom Penh

CNRP អាច​​​​​​ហែ​​​ក្បួន​​​បន្ថែមទៀត​​​ដោយ​​​​​​ឆ្លៀត​​​យក​​​ចំណេញ​​​ពី​​​ច្បាប់​​​បោះ​​​ឆ្នោត​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកគាំទ្រគណបក្សប្រឆាំងជាច្រើនពាន់នាក់បានធ្វើឲ្យមានការកកស្ទះនៅតាមផ្លូវក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ ពេលចូលរួមការហែក្បួនឃោសនាជាលើកទីពីររបស់គណបក្សសង្គ្រោះជាតិ អំឡុងពេលរដូវកាលឃោសនាបោះឆ្នោត ដោយឆ្លៀតយកចំណេញពីច្បាប់បោះឆ្នោតដើម្បីរៀបចំការហែក្បួននឹងស្មានមិនដល់មួយ។

អ្នកគាំទ្រដែលមានកាន់ទង់ជាតិ និងទង់បក្ស ព្រមទាំងមានពាក់អាវនិងមួកគណបក្សសង្គ្រោះជាតិនោះ បានប្រមូលផ្តុំគ្នានៅម៉ោងប្រហែល៧និង៣០នាទីព្រឹកក្នុងខណ្ឌជ្រោយចង្វារដើម្បីស្តាប់សុន្ទរកថាខ្លីរបស់ថ្នាក់ដឹកនាំរបស់គណបក្សនេះ។

ក្មេងៗស្រែកហ៊ោកញ្ជ្រៀវអំឡុងពេលហែក្បួនឃោសនារបស់អ្នកគាំសទ្រគណបក្សសង្គ្រោះជាតិ នៅក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ។ រូបថតៈ Satoshi Takahashi

លោក សុន ឆ័យ តំណាងរាស្ត្រជាន់ខ្ពស់គណបក្សសង្គ្រោះជាតិបានថ្លែងពីលើឆាកនៅផ្នែកខាងក្រោយនៃរថយន្តមួយគ្រឿងនៅមុខវត្តចាស់ថា “ការផ្លាស់ប្តូរជាវិជ្ជមាននឹងមកដល់ប្រទេសកម្ពុជាក្នុងពេលឆាប់ៗនេះហើយ”។លោកបានបន្ថែមថា “គណបក្សសង្គ្រោះជាតិមិនឈ្នះត្រឹមតែរាជធានីនោះទេ គឺឈ្នះទូទាំងប្រទេស”។

អ្នកដែលចូលរួមជាមួយ លោក សុន ឆ័យ រួមមានលោក យឹម សុវណ្ណ និងលោក ហូរ វ៉ាន់ ដែលសុទ្ធតែជាតំណាងរាស្ត្រជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ រីឯលោក កឹម សុខា ប្រធានគណបក្សនេះបានដឹកនាំការជួបជុំដាច់ដោយឡែកចំនួនពីរនៅក្នុងខេត្តព្រៃវែង និងខេត្តស្វាយរៀង។

លោក សម សាមុត អាជីវករលក់បន្លែ ដែលមានអាយុ៣០ឆ្នាំបានលើកឡើងថា គាត់ចូលរួមការហែក្បួនកាលពីម្សិលមិញ ព្រោះគាត់ជឿជាក់ថា គណបក្សប្រឆាំងនេះនឹងធ្វើការងារបានល្អក្នុងការដោះស្រាយបញ្ហារំលោភបំពានសិទ្ធិមនុស្ស ការកាប់ឈើខុសច្បាប់ បញ្ហាអន្តោប្រវេសន៍ និងអំពើពុករលួយ។

អាជីវកររូបនេះបាននិយាយថា”ខ្ញុំសង្ឃឹមឈ្នះ១០០ភាគរយតែម្តង”។

បន្ទាប់ពីហែក្បួនឆ្លងកាត់ចុងប៉ែកខាងត្បូងនៃខណ្ឌនេះ ក្បួនដង្ហែនេះបានឆ្លងកាត់បែ៉កខាងលិចដោយឆ្លងទន្លេសាបចូលមកបែ៉កខាងជើងរាជធានី ដោយចំណាយពេលជាង៣០នាទីទម្រាំតែរថយន្តទាំងអស់នៅក្នុងក្បួនដង្ហែនេះឆ្លងផុតស្ពានជ្រោយចង្វារ ហើយបានបញ្ចប់ការហែក្បួននៅម៉ោងប្រហែល៦ល្ងាច នៅក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក។

អ្នកគាំទ្រគណបក្សសង្គ្រោះជាតិដង្ហែក្បួនឃោសនាបោះឆ្នោតឃុំសង្កាត់ ក្នុងទីក្រុងភ្នំពេញ កាលពីថ្ងៃអាទិត្យ។ រូបថតៈ Brendan O’Byrne/The Cambodia Daily

ពីមុនមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានលើកឡើងថា គណបក្សនីមួយៗអនុញ្ញាតឲ្យហែក្បួនត្រឹមតែពីរលើកប៉ុណ្ណោះនៅអំឡុងរដូវធ្វើយុទ្ធនាការឃោសនា ដែលមានរយៈពេល១៤ថ្ងៃ តែកាលពីម្សិលមិញ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ បានលើកឡើងថា ច្បាប់បោះឆ្នោតបានចែងយ៉ាងច្បាស់ថាអនុញ្ញាតឲ្យហែក្បួនពីរដងក្នុងមួយសង្កាត់។

ដោយសំដៅដល់ការជួបជុំបើកឆាកនៅថ្ងៃដំបូងនៃរដូវធ្វើយុទ្ធនាការឃោសនារបស់គណបក្សប្រឆាំងនោះ លោក  មាស ឆពណ្ណ ដែលជាប្រធានគណៈកម្មការរាជធានីនេះ បានមានប្រសាសន៍ថា “គាត់ហែក្បួនបែ៉កខាងត្បូង អញ្ចឹងសង្កាត់នៅបែ៉កខាងត្បូងត្រូវបានគេរាប់មួយ ឯសង្កាត់ផ្សេងទៀតដែលគាត់អត់បានហែគឺអត់ទាន់បានរាប់ទេ”។

លោកបានបន្ថែមថា ដោយសារការហែក្បួនទាំងពីរលើកនេះមិនឆ្លងកាត់ឃុំសង្កាត់ដដែល អ៊ីចឹងការហែក្បួនដែលគ្រោងធ្វើឡើងនៅទូទាំងរាជធានីរបស់គណបក្សសង្គ្រោះជាតិនៅថ្ងៃសុក្រ នៅតែអនុញ្ញាតឲ្យធ្វើដដែល។

លោកបានថ្លែងថា “សូម្បីតែខ្ញុំក៏ឈឺក្បាលលើបញ្ហានេះដែរ”។ លោកបានបន្ថែមថា លោកគ្រោងស្នើឲ្យគ.ជ.បកែប្រែច្បាប់បោះឆ្នោតឲ្យអនុញ្ញាតឲ្យមានការហែក្បួនតែពីរលើកបានហើយក្នុងរាជធានីភ្នំពេញ អំឡុងមួយរដូវធ្វើយុទ្ធនាការឃោសនា។

លោក ម៉ន ផល្លា ប្រធានគណៈកម្មាធិការប្រតិបត្តិរាជធានីរបស់គណបក្សសង្គ្រោះជាតិបានលើកឡើងថា អ្នកគាំទ្រប្រហែល២០.០០០នាក់បានចូលរួមការហែក្បួនកាលពីម្សិលមិញ ហើយ”យើងគ្រោង១០០.០០០នាក់សម្រាប់មនុស្សចូលរួម” នៅក្នុងការហែក្បួនលើកចុងក្រោយនៅថ្ងៃសុក្រ។

គណបក្សប្រជាជនកម្ពុជាក៏គ្រោងរៀបចំការហែក្បួននៅថ្ងៃសុក្រផងដែរ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលភាគច្រើនមិនចូលរួមធ្វើយុទ្ធនាការឃោសនា នាពេលកន្លងមកនោះ បានប្រកាសកាលពីសប្តាហ៍មុនថា លោកគ្រោងចូលរួមការហែក្បួននេះហើយលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីបានប្រាប់គេហទំព័រ Fresh News ដែលមានសម្ព័ន្ធភាពជាមួយរដ្ឋាភិបាលកាលពីថ្ងៃសៅរ៍ថា គណបក្សកាន់អំណាចនេះរំពឹងថា នឹងមានអ្នកចូលរួម១៥០.០០០នាក់៕ ស៊ុយឈាង (រាយការណ៍បន្ថែមដោយ Brendan O’Byrne)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស