40.3 C
Phnom Penh

អ្នក​យក​ព័ត៌មានរបស់​​​ ខេម​បូឌា ដេលី ​រង​​​បណ្ដឹង​តុលាការ​​ពីបទ​ញុះញង់​ និង​គំរាម​​អ្នក​បោះ​​​​ឆ្នោត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីតុលាការបានឱ្យដឹងកាលពីម្សិលមិញថា អ្នកយកព័ត៌មានពីររូបមកពីកាសែត ខេមបូឌា ដេលី ត្រូវបានចោទប្រកាន់ពីបទញុះញង់ និងគំរាមកំហែងអ្នកបោះឆ្នោតនៅក្នុងពាក្យបណ្ដឹងមួយដាក់ទៅសាលាដំបូងខេត្តរតនគិរីកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីពាក្យបណ្ដឹងមួយមុននេះប្ដឹងអ្នកកាសែតទាំងពីរត្រូវបានគណៈកម្មការបោះឆ្នោតឃុំ (សិក) ដោះស្រាយរួចរាល់។

ពាក្យបណ្ដឹងនេះកើតមានឡើងនៅពេលលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបង្ហោះ និងបន្ទាប់មកលុបចោលវិញនូវរូបថតលិខិតឆ្លងដែនរបស់អ្នកយកព័ត៌មានម្នាក់ក្នុងចំណោមនោះ ដោយប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ប្រសិនបើអ្នកយកព័ត៌មានរូបនេះយល់ថាទង្វើនេះជាការគំរាមកំហែង គាត់គួរតែចាកចេញពីប្រទេសកម្ពុជា។

កាលពីថ្ងៃច័ន្ទសប្ដាហ៍មុន លោក ហ្សំប័រ ពីទ័រ (Zsombor Peter) ជាការីនិពន្ធជនជាតិកាណាដានៃកាសែត ខេមបូឌា ដេលី និងលោក អូន ភាព អ្នកយកព័ត៌មានជនជាតិខ្មែរ បានសម្ភាសប្រជាពលរដ្ឋនៅក្នុងឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ជាឃុំតែមួយគត់នៅក្នុងខេត្តនេះដែលគណបក្សប្រឆាំងឈ្នះតំណែងមេឃុំនៅក្នុងការបោះឆ្នោតឆ្នាំ២០១២ ដើម្បីចុះផ្សាយអំពីការបោះឆ្នោតឃុំ សង្កាត់ នៅថ្ងៃទី៤ ខែមិថុនា។

កាលពីថ្ងៃព្រហស្បតិ៍ ពាក្យបណ្ដឹងមួយត្រូវបានដាក់ទៅសាលាដំបូងខេត្តរតនគិរី នេះបើយោងតាមការឱ្យដឹងពីលោក ប្រាក់ សឿន អនុលេខានៃលេខាធិការដ្ឋានតុលាការខេត្តនេះ ដែលថាមិនស្គាល់ឈ្មោះរបស់ដើមបណ្ដឹង។

លោក ប្រាក់ សឿន បានលើកឡើងកាលពីម្សិលមិញដោយច្រឡំលោក អូន ភាព ជាអ្នកបកប្រែថា “ពួកគាត់បានប្ដឹងអ្នកកាសែតជនជាតិកាណាដាម្នាក់ និងអ្នកបកប្រែជនជាតិខ្មែរម្នាក់ពាក់ព័ន្ធការញុះញង់ និងការគំរាមកំហែង” ហើយថា លោកបានបញ្ជូនសំណុំរឿងនេះទៅការិយាល័យរបស់ព្រះរាជអាជ្ញាហើយ ហើយលោកមិនដឹងពីសេចក្ដីលម្អិតយ៉ាងណាទេ។

ព្រះរាជអាជ្ញា ជា ពេជ្រ បានថ្លែងកាលពីម្សិលមិញថា លោកនឹងពិនិត្យមើលពាក្យបណ្ដឹងនៅថ្ងៃនេះ ដើម្បីកំណត់ថាតើតុលាការ ឬក៏គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលត្រូវបើកសវនាការជំនុំជម្រះពាក្យបណ្ដឹងនេះ។

លោកមានប្រសាសន៍ថា “បើវាស្ថិតក្រោមដែនសមត្ថកិច្ចរបស់ គ.ជ.ប ខ្ញុំនឹងបញ្ជូនវាទៅ គ.ជ.ប ហើយបើវាស្ថិតក្រោមដែនសមត្ថកិច្ចរបស់តុលាការ សំណុំរឿងនេះនឹងបន្តទៅតាមនីតិវិធីច្បាប់”។

ពាក្យបណ្ដឹងតាមផ្លូវច្បាប់នេះកើតមានឡើងក្រោយពីមានពាក្យបណ្ដឹងដោយឡែកមួយ ដាក់ប្ដឹងទៅលោក ម៉ា វិចិត្រ អភិបាលស្រុកអូរយ៉ាដាវ កាលពីថ្ងៃពុធពីសំណាក់ឈ្មោះ រម៉ាម យួត ដែលជាមេឃុំបា៉តេមកពីគណបក្ស សម រង្ស៊ី ឈ្មោះ សេវ បន ដែលជាប្រធានភូមិ និងបុរសម្នាក់ទៀតឈ្មោះ រចំ យ៉ិ ដែលរស់នៅក្នុងតំបន់នោះ ដោយអះអាងថា អ្នកយកព័ត៌មានទាំងពីរ “មកធ្វើការស្រាវជ្រាវ តាមដានក្នុងការបោះឆ្នោត និងញុះញង់ប្រជាពលរដ្ឋ” តាមរយៈការសួរសំណួរដូចជា “តើប្រជាពលរដ្ឋបោះឆ្នោតឱ្យគណបក្សណានៅក្នុងឆ្នាំ២០១២?” ជាដើម។

ប៉ុន្តែលោក ម៉ា វិចិត្រ ដែលមិនដឹងពីសំណុំរឿងតុលាការមានប្រសាសន៍ថា ពាក្យបណ្ដឹងដំបូងត្រូវបានដោះស្រាយកាលពីថ្ងៃពុធដោយគណៈកម្មការបោះឆ្នោតឃុំ បន្ទាប់ពីអ្នកប្ដឹងបានព្រមព្រៀងដកពាក្យបណ្ដឹងចេញវិញ។

លោកមានប្រសាសន៍កាលពីម្សិលមិញថា ”យើងបានដោះស្រាយរួចហើយតាមរយៈការសម្រុះសម្រួលគ្នា”។

លោក សេវ បន ដែលជាប្រធានភូមិបានលើកឡើងកាលពីម្សិលមិញថា ក្រុមនេះបានដកពាក្យបណ្ដឹងដំបូងហើយ។លោកបញ្ជាក់ថា លោកគឺជាដើមបណ្ដឹងម្នាក់ក្នុងចំណោមដើមបណ្ដឹងនៅក្នុងសំណុំរឿងតុលាការនេះ ប៉ុន្តែបានបដិសេធមិនបកស្រាយថាហេតុអ្វីបានជាលោកយកករណីនេះប្ដឹងទៅតុលាការទេ  ហើយក៏បានបដិសេធមិនឆ្លើយសំណួរបន្ថែមទៀតដែរ។

លោក រម៉ាម យួត ដែលជាមេឃុំគណបក្ស សម រង្ស៊ី មិនអាចទាក់ទងសុំការបំភ្លឺបានទេ។ មេឃុំរូបេនះបានលើកឡើងកាលពីដើមឆ្នាំនេះថា លោកភ្ញាក់ផ្អើលពេលដែលដឹងថា ឈ្មោះរបស់លោកមិនត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីឈ្មោះបេក្ខជនឃុំ សង្កាត់ សម្រាប់ការបោះឆ្នោតក្នុងពេលខាងមុខសម្រាប់គណបក្សសង្គ្រោះជាតិ ដែលបានប្រសូតចេញពីការច្របាច់បញ្ចូលគ្នារវាងគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស របស់លោក កឹម សុខា ដែលបច្ចុប្បន្នជាប្រធានគណបក្សសង្គ្រោះជាតិ។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប មានប្រសាសន៍ថា ពាក្យបណ្ដឹងរបស់អ្នកបោះឆ្នោតត្រូវឆ្លងកាត់ប្រព័ន្ធដោះស្រាយរបស់ស្ថាប័នបោះឆ្នោតមួយនេះ ប៉ុន្តែពាក្យបណ្ដឹងផ្សេងទៀតត្រូវឆ្លងកាត់តុលាការ។

លោកបានគូសបញ្ជាក់ថា ”យើងមិនចង់ឱ្យមានជម្លោះបន្ថែមទៀតទេរវាងប្រជាពលរដ្ឋ និងអ្នកកាសែត ប៉ុន្តែពាក្យបណ្ដឹងនេះបានផុតពីដៃសិកហើយ ដូច្នេះយើងមិនអាចធ្វើអីបានទេ”។

បន្ទាប់ពីពាក្យបណ្ដឹងដំបូងត្រូវបានដាក់កាលពីថ្ងៃពុធ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបង្ហោះរូបថតលិខិតឆ្លងដែនរបស់លោក ហ្សំប័រ ពីទ័រ លើទំព័រហ្វេសប៊ុករបស់លោក ដោយជំរុញឱ្យអ្នកយកព័ត៌មានគោរពតាមច្បាប់បោះឆ្នោតទាំងមិនទាន់មានភាពច្បាស់លាស់ថាតើសំណួររបស់អ្នកយកព័ត៌មានទាំងពីរបានល្មើសច្បាប់ដោយរបៀបណាក្ដី។

ឆ្លើយតបទៅនឹងការរិះគន់ពីក្លឹបអ្នកកាសែតបរទេសនៅកម្ពុជា ហៅកាត់ OPCC លោក ខៀវ កាញារីទ្ធ បានទូរស័ព្ទទៅវិទ្យុអាស៊ីសេរី (RFA) កាលពីថ្ងៃព្រហស្បតិ៍ ហើយបានមានប្រសាសន៍ថា លោកបានដករូបថតនោះចេញវិញហើយ។ ប៉ុន្តែលោកលើកឡើងថា លោក ហ្សំប័រ ពីទ័រ គួរតែចាកចេញពីប្រទេសកម្ពុជា ប្រសិនបើលោកចាត់ទុកការបង្ហោះសារបែបនេះថាជាការគំរាមកំហែង នេះបើយោងតាមវិទ្យុ RFA ។

ទោះជាយ៉ាងណា រដ្ឋមន្ត្រីរូបនេះមិនបានឆ្លើយតបទេនៅពេលសុំឱ្យឆ្លើយបំភ្លឺកាលពីម្សិលមិញ។

សេចក្ដីណែនាំដល់ប្រព័ន្ធផ្សព្វផ្សាយដែលចេញដោយ គ.ជ.ប បានចេញការព្រមានជាច្រើនប្រឆាំាងការផ្សព្វផ្សាយ ”ការបង្ហាញនិន្នាការនយោបាយ” ប៉ុន្តែលើកឡើងថា អ្នកកាសែតគួរតែធ្វើសេចក្ដីរាយការណ៍ពី “ទស្សនៈផ្សេងៗរបស់អ្នកពាក់ព័ន្ធទាំងអស់អំឡុងដំណើរការបោះឆ្នោត”។

លោក ដាក្លាស ស្ទៀល (Douglas Steele) អ្នកគ្រប់គ្រងទូទៅនៃកាសែត ខេមបូឌា ដេលី បានមានប្រសាសន៍ថា អ្នកយកព័ត៌មានទាំងនេះគ្រាន់តែបំពេញការងាររបស់ខ្លួនប៉ុណ្ណោះ ហើយលើកឡើងថា បញ្ហានេះនឹងសាបរលាបទៅវិញ។

លោកមានប្រសាសន៍កាលពីម្សិលមិញថា “ប្រព័ន្ធផ្សព្វផ្សាយជាភាសាអង់គ្លេសនៅកម្ពុជាមានសេរីភាពជាងនៅកន្លែងផ្សេងទៀតនៅអាស៊ីអាគ្នេយ៍។ ខ្ញុំមិនឮថា វាផ្លាស់ប្ដូរទេ ដូច្នេះខ្ញុំគិតថានឹងគ្មានពាក្យបណ្ដឹងបែបនេះទេ”។

ប៉ុន្តែលោក សុក សំអឿន ដែលជាអ្នកជំនាញខាងច្បាប់មានប្រសាសន៍ថា ទោះបីជាលោកមានមន្ទិលលើសំណុំរឿងនេះក្ដី ក៏តុលាការកម្ពុជាអាចនឹងចាត់វិធានការភ្លាមៗលើជនសង្ស័យដែលពាក់ព័ន្ធក្នុងករណីនយោបាយ។

លោកគូសបញ្ជាក់ថា នៅក្នុងសំណុំរឿងជាច្រើន “ព្រះរាជអាជ្ញាយល់ព្រមធ្វើការចោទប្រកាន់ជាបណ្ដោះអាសន្ន ដើម្បីឱ្យជនជាប់ចោទជាប់ពន្ធនាគារ”។

លោក ណេស៊ឹន ថមសុន (Nathan Thompson) ប្រធាន OPCC បានមានប្រសាសន៍ថា ពាក្យបណ្ដឹងនេះមានផលប៉ះពាល់ខ្លាំងមកលើអ្នកកាសែតក្នុងស្រុក។ លោកបានសរសេរក្នុងសារហ្វេសប៊ុកថា “លោក ហ្សំប័រ ពីទ័រ និងលោក អូន ភាព មានកេរ្តិ៍ឈ្មោះល្អណាស់ ហើយយើងសង្ឃឹមថាឈ្មោះរបស់ពួកគាត់នឹងត្រូវបានបញ្ជាក់ភាពស្អាតស្អំវិញភ្លាមៗ។ កម្ពុជាមានប្រវត្តិអ្នកកាសែតត្រូវគេបំបិទមាត់តាមមធ្យោបាយស្របច្បាប់ និងខុសច្បាប់ ហើយយើងព្រួយបារម្ភថា  ទង្វើនេះនឹងធ្វើឱ្យប៉ះពាល់ដល់អ្នកយកព័ត៌មាន និងសង្គមស៊ីវិល”៕ សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស