ក្រុមមន្ត្រីបាននិយាយថា ប្រជាពលរដ្ឋជាង៤០០គ្រួសារក្នុងរាជធានីភ្នំពេញដែលរស់នៅតាមដងប្រឡាយស្ថិតក្នុងខណ្ឌមានជ័យ នឹងត្រូវផ្តល់ប័ណ្ណកម្មសិទ្ធិជូន បន្ទាប់ពីការមានការអភិវឌ្ឍប្រព័ន្ធប្រឡាយបង្ហូរទឹកដែលគេលែងប្រើក្នុងតំបន់នេះ។
លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីបានលើកឡើងនៅក្នុងវីដេអូឃ្លីបបង្ហោះក្នុងទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃសុក្រថា យោងតាមអង្គការសិទ្ធិលំនៅដ្ឋាន ប្រពលរដ្ឋសរុប៤២៣គ្រួសារនឹងត្រូវតាំងទីលំនៅថ្មីលើដីទំហំ៥ម៉ែត្រគុណនឹង៨ម៉ែត្រដែលកាន់ចេញពីការអភិវឌ្ឍនេះ។
លោកបានមានប្រសាសន៍ថា “យើងនឹងរៀបចំកំណត់ទំហំប្រឡាយ និងផ្លូវអមប្រឡាយ”។ លោកបានបន្តថា “ចំណែកដីដែលនៅសល់ពីគម្រោងស្ថាបនានេះរដ្ឋបាលរាជធានីភ្នំពេញនឹងស្នើសុំគោលការណ៍អនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាលដើម្បីរៀបចំជាដីឡូត៍ និងធ្វើកម្មសិទ្ធិជូន”។ លោកបានបន្ថែមថា “សូមបងប្អូនរីករាយ និងមានការនឹងនរ។ គឺគ្មានការបណ្តេញចេញនោះទេ”។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីបានមានប្រសាសន៍កាលពីម្សិលមិញថា បន្ថែមពីលើការកែលម្អប្រព័ន្ធបង្ហូរទឹកដើម្បីការពារទឹកជំនន់ដែលបានប៉ះពាល់តំបន់នេះច្រើនឆ្នាំមកហើយនោះ ក៏នឹងមានការដាក់ប្រព័ន្ធទឹកស្អាត អគ្គិសនី និងការដាក់ភ្លើងបំភ្លឺផ្លូវសម្រាប់សហគមន៍ទៀតផង។លោកបានបន្ថែមថាប៉ុន្តែកាលបរិច្ឆេទកំណត់និងថវិកាសម្រាប់ការអភិវឌ្ឍនេះកំពុងស្ថិតក្នុងដំណាក់កាលសម្រេចនៅឡើយ ហើយទំហំដីថ្មីសម្រាប់គ្រួសារនីមួយៗ ក៏មិនទាន់មានការធានានៅឡើយដែរ។
លោក មេ៉ត មាសភក្តី បានមានប្រសាសន៍ថា “[គម្រោង] នេះមិនទាន់សម្រេចនៅពាក់ព័ន្ធឡើយ។ យើងគ្រាន់តែដាក់ជូនជាគោលនយោបាយ”។
យោងតាមលោក ហន សុខន សមាជិកគណៈកម្មាធិការមកពីសហគមន៍មួយក្នុងចំណោមសហគមន៍ទាំង៨ដែលរងផលប៉ះពាល់បានឱ្យដឹងថា ដំណឹងនេះទទួលបានការស្វាគមន៍ភាគច្រើនពីប្រជាពលរដ្ឋទាំងនេះ។ មានតែមួយចំនួនតូចប៉ុណ្ណោះ “មិនពេញចិត្តពីព្រោះដីរបស់ពួកគាត់ធំជាងនេះ ហើយពួកគាត់ត្រូវប្រគល់ឲ្យគេហើយរើចេញ”។
លោក អ៊ាង វុទ្ធី នាយកប្រតិបត្តិអង្គការសមធម៌កម្ពុជា ជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកដែលជួយអ្នករងការបណ្តេញចេញ បានមានប្រសាសន៍ថា សេចក្តីប្រកាសនេះទំនងជាធ្វើឡើងដើម្បីជួយជំរុញការគាំទ្រសម្រាប់់គណបក្សកាន់អំណាចនៅមុនការបោះឆ្នោត ឃុំ សង្កាត់ នៅថ្ងៃអាទិត្យ។ លោកបានថ្លែងថា ប៉ុន្តែ ដោយល្បីខាងសន្យា ខ្យល់ក្នុងករណីដីធ្លីនាពេលកន្លងមកគណបក្សនេះត្រូវផ្តល់ភ័ស្តុតាងបញ្ជាក់ពីគោលបំណងរបស់ខ្លួន។
លោកបានថ្លែងថា “ពួកគេត្រូវចេញសេចក្តីថ្លែងការណ៍លាយលក្ខណ៍អក្សរមួយចំនួនដែលប្រជាពលរដ្ឋអាចយកជាសំអាងបាន។ ឥឡូវនេះជាពេលបោះឆ្នោត ដូច្នេះគណបក្សនយោបាយនេះប្រហែលជាធ្វើការសន្យាច្រើនចំពោះប្រជាពលរដ្ឋ។ ដើម្បីឱ្យប្រជាពលរដ្ឋជឿងទុកចិត្តលើការសន្យានេះ ត្រូវមានភាពប្រាកដប្រជា”៕ សារុន