យោងតាមមន្ត្រីនិងនគរបាលបានឲ្យដឹងថា មន្ត្រីគណបក្សសង្គ្រោះជាតិម្នាក់ត្រូវបានសាកសួរនៅសាលាដំបូងខេត្តពោធិ៍សាត់កាលពីម្សិលមិញ ទោះបីជាយល់ព្រមសងសំណងដល់គ្រួសាររបស់ក្មេងប្រុសអាយុ៦ឆ្នាំម្នាក់ដែលលោកបានធ្វើឲ្យរងរបួសនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បុកហើយរត់ពេលចាកចេញពីចូលរួមធ្វើយុទ្ធនាការឃោសនាកាលពីថ្ងៃសៅរ៍។
លោក ចាន់ សេងហ៊ត ប្រធានគណៈកម្មាធិការប្រតិបត្តិខេត្តពោធិ៍សាត់របស់គណបក្សសង្គ្រោះជាតិ ត្រូវបានចាប់ខ្លួននៅម៉ោងប្រហែល៥ល្ងាចថ្ងៃសៅរ៍ក្នុងស្រុកភ្នំក្រវាញ ចម្ងាយប្រហែល៤០គីឡូម៉ែត្រ ពីកន្លែងដែលលោកបានបុកក្មេងប្រុសរូបនេះឈ្មោះ ណាត សុវណ្ឌី ពេលកំពុងបើកបររថយន្តម៉ាក ប៉ាជេរ៉ូ នៅម៉ោង៣និង៣០នាទីរសៀល នៅក្នុងឃុំប្រមោយ ស្រុកវាលវែង នេះបើយោងតាមលោកអធិការស្រុក ធាង ឡេង ។
ពេលថ្លែងនៅអធិការដ្ឋាននគរបាលស្រុក កន្លែងដែលលោកត្រូវបានឃាត់ខ្លួនកាលពីម្សិលមិញ លោក ចាន់ សេងហ៊ត បានលើកឡើងថា មន្ត្រីគណបក្សសង្គ្រោះជាតិបានផ្តល់ប្រាក់សំណងចំនួន៥៧៥ដុល្លារដល់គ្រួសារក្មេងប្រុស ណាត សុវណ្ណឌី និងព្រមព្រៀងចេញថ្លៃព្យាបាលបន្ថែមទៀតផងដែរ។
លោកបានថ្លែងថា “គ្រួសារជនរងគ្រោះបានព្រមព្រៀងទទួលយកប្រាក់សំណង ប៉ុន្តែ នគរបាលបានបដិសេធមិនព្រមដោះលែងខ្ញុំទេ”។
លោក ចាន់ សេងហ៊ត បានលើកឡើងទៀតថា លោកបានបើករថយន្តគេចខ្លួនបន្ទាប់ពីបុកក្មេងប្រុសរូបនេះដែលរងរបួសប្រេះលលាដ៍ក្បាល និងរបួសក្បាលជង្គង់ធ្ងន់ធ្ងរហើយកំពុងព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផានោះ ដោយសារខ្លាចមហាជនព្រួតគ្នាវាយរហូតដល់ស្លាប់នៅកន្លែងកើតហេតុ នេះបើយោងតាមសំដីរបស់ម្តាយក្មេងប្រុសរងគ្រោះ។
អ្នកស្រី សុខ ស្រីណា អាយុ២៩ឆ្នាំ ជាម្តាយរបស់ក្មេងប្រុសរងគ្រោះបានលើកឡើងថាអ្នកស្រីបានប្រាប់នគរបាលថា អ្នកស្រីនឹងមិនដាក់ពាក្យប្តឹងលោក ចាន់ សេងហ៊ត ទេព្រោះគាត់បានព្រមព្រៀងសងសំណងហើយ។
អ្នកស្រីបាននិយាយថា “ប៉ុន្តែ នគរបាលបានបដិសេធ ហើយពួកគេចង់ឲ្យខ្ញុំដាក់ពាក្យប្តឹងគាត់”។
លោក ធាង ឡេង ដែលជាអធិការស្រុក បានលើកឡើងថា ទោះបីជាគ្រួសារជនរងគ្រោះបដិសេធមិនដាក់ពាក្យបណ្តឹងក៏ដោយ តែនគរបាលនៅតែដាក់ពាក្យបណ្តឹងតុលាការ។
លោកបានថ្លែងថា “យើងគ្រាន់តែចង់ឲ្យគ្រួសារជនរងគ្រោះផ្តិតមេដៃលើពាក្យបណ្តឹងប៉ុណ្ណោះ ព្រោះតុលាការនឹងស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ”។
លោក ងឹម ញេង ប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិក្នុងខេត្តពោធិ៍សាត់បានអះអាងកាលពីម្សិលមិញថា នគរបាលបានធ្វើឲ្យហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះទៅជារឿងនយោបាយ។
លោកបានមានប្រសាសន៍ថា”ខ្ញុំគិតថា ឥឡូវនេះអាជ្ញាធរកំពុងធ្វើឲ្យករណីនេះទៅជាបញ្ហានយោបាយ ព្រោះពួកគេ [ព្យាយាម] បង្ខំឲ្យគ្រួសារជនរងគ្រោះដាក់ពាក្យប្តឹងមន្ត្រីរបស់យើង”។
ប៉ុន្តែ លោក ធាង ឡេង បានជំទាស់នឹង ការអះអាងនេះ ដោយលើកឡើងថា “ការចាប់ ខ្លួននេះមិនមែនជាបញ្ហានយោបាយទេ”។
លោកបានថ្លែងថា “យើងចាប់ខ្លួនគាត់ដោយសារគាត់បុកក្មេងប្រុស ហើយព្យាយាម គេចខ្លួនមិនទទួលខុសត្រូវចំពោះហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍នេះ”៕ ស៊ុយឈាង