40.6 C
Phnom Penh

នគរបាល​​​ចុះផ្អាក​​​វគ្គបណ្តុះបណ្តាល​​​​​​អ្នក​​​សង្កេតការណ៍​​​បោះឆ្នោត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីថ្ងៃសៅរ៍ នគរបាលនៅក្នុងខេត្តស្វាយរៀងបានចុះបិទវគ្គបណ្ដុះបណ្ដាលមួយសម្រាប់អ្នកសង្កេតការណ៍១៦នាក់ ដែលបានចុះឈ្មោះឃ្លាំមើលការបោះឆ្នោតឃុំ សង្កាត់នៅថ្ងៃអាទិត្យនេះ ដោយលើកឡើងថា វគ្គបណ្ដុះបណ្ដាលនេះមិនទទួលបានការអនុញ្ញាតពីអាជ្ញាធរឡើយ នេះបើយោងតាមការលើកឡើងរបស់អ្នករៀបចំម្នាក់។

លោក ម៉ៃ ទិត្យ អ្នកសម្របសម្រួលសហគមន៍មកពីសម្ព័ន្ធសហគមន៍កសិករកម្ពុជា បានមានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលនេះហៀបនឹងចាប់ផ្ដើមនៅផ្ទះមួយក្នុងឃុំអំពិល ស្រុករមាសហែក ស្រាប់តែពេលនោះនគរបាលឃុំបានមកដល់ ហើយបាននិយាយថា អង្គការរបស់លោកមិនមានការអនុញ្ញាតឱ្យរៀបចំវគ្គបណ្ដុះបណ្ដាលនេះទេ។ វគ្គបណ្ដុះបណ្ដាលទី២សម្រាប់អ្នកសង្កេតការណ៍១៦នាក់ទៀតដែលគ្រោងធ្វើកាលពីម្សិលមិញក៏មិនបានធ្វើដែរ។

លោក ម៉ៃ ទិត្យ មានប្រសាសន៍ថា លោកបានជូនដំណឹងទៅលោកមេឃុំអំពីគម្រោងនេះ ហើយនគរបាលប្រហែលជាមានការយល់ច្រឡំអំពីខ្លឹមសារនៃវគ្គបណ្ដុះបណ្ដាលនេះ។

លោកបានថ្លែងថា “យើងអត់មានទាក់ទងនឹងនិន្នាការនយោបាយអីទេ តែគាត់មានគំនិតមួយថា យើងនឹងអាច…មកបង្រៀនទាក់ទងនឹងរឿងនយោបាយ”។

លោកបន្ថែមថា “យើងខំបង្ហាញនូវឯកសារដែលមានពាក់ព័ន្ធដូចជាមេរៀនដើម្បីសង្កេតការណ៍ហ្នឹង ក៏គាត់មិនព្រមស្តាប់យើងដែរ”។

លោកថ្លែងថា លោកបានពិភាក្សាជាមួយលោក សំ សំអុល អធិការនគរបាលស្រុក ដែលបានសួររកលិខិតអនុញ្ញាតពីថ្នាក់ស្រុក ឬថ្នាក់ខេត្ត ព្រោះបើគ្មានលិខិតអនុញ្ញាតវគ្គបណ្ដុះបណ្ដាលនេះមិនអាចចាប់ផ្ដើមបានទេ។

នៅពេលទាក់ទងកាលពីម្សិលមិញ លោក សំ សំអុល បានបដិសេធមិនធ្វើអត្ថាធិប្បាយ មុនពេលចុចបិទទូរស័ព្ទ។លោក ម៉ៃ ទិត្យ បានមានប្រសាសន៍ថា ពួកគេសង្ឃឹមថានឹងឈានដល់ការសម្របសម្រួល ដូច្នេះវគ្គបណ្ដុះបណ្ដាលនេះអាចធ្វើឡើងទាន់ពេលសម្រាប់ការបោះឆ្នោតនៅថ្ងៃទី៤ ខែមិថុនា។

លោកបានថ្លែងថា “បើគាត់មិនសម្រួលគ្នាទេ ក៏យើងត្រូវតែបង្រៀន ពីព្រោះថាបើមិនបានបង្រៀនគាត់ទេ គាត់មិនអាចសង្កេតការណ៍បានទេ”។

លោក សំ គន្ធាមី នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា (និកហ្វិច) បានមានប្រសាសន៍ថា លោកមានគម្រោងជួបប្រជុំជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃនេះ ហើយនឹងស្នើឱ្យពួកគេជូនដំណឹងដល់នគរបាល ដើម្បីអនុញ្ញាតឱ្យវគ្គបណ្ដុះបណ្ដាលបន្តទៅមុខ។ លោកបានបន្ថែមថា អង្គការសិទ្ធិមនុស្សលីកាដូក៏កំពុងស៊ើបអង្កេតផងដែរ។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានមានប្រសាសន៍ថា លោកបានដឹង “អំពីហេតុការណ៍នេះតែម្ខាង” ប៉ុណ្ណោះ ប៉ុន្តែប្រសិនបើអ្នករៀបចំមិនបានទាក់ទងអាជ្ញាធរទេនោះ នោះ “គឺជាបញ្ហារបស់ក្រុមបណ្ដុះបណ្ដាល”។

លោកបានថ្លែងថា “ឯកសារបង្រៀនត្រូវតែបញ្ជូនទៅឱ្យអាជ្ញាធរពិនិត្យ។ តាមច្បាប់អង្គការមិនមែនរដ្ឋាភិបាលនេះត្រូវតែមានសិទ្ធិធ្វើសកម្មភាពជាមុន”។

យោងតាមលោក ហង្ស ពុទ្ធា បានឱ្យដឹងថាគិតមកដល់ថ្ងៃពុធ ជាពេលដែលការចុះឈ្មោះអ្នកសង្កេតការណ៍បានបិទ មានអ្នកសង្កេតការណ៍ខ្មែរ៥៦.៨១៧នាក់ បានចុះឈ្មោះ។ អ្នកសង្កេតការណ៍អន្តរជាតិ៩៤នាក់ទៀតក៏ចុះឈ្មោះផងដែរ។ ថ្ងៃកំណត់ចុះឈ្មោះសម្រាប់ជនបរទេសគឺត្រឹមថ្ងៃស្អែក៕ សារុន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស