រោងចក្រកាត់ដេរនៅកម្ពុជាទំនងជាបង្កើនការប្រើប្រាស់អ្នកម៉ៅការបន្តដែលទំនងជាមិនសូវមានការចាប់អារម្មណ៍ពីក្រុមនិយតករ និងដែលធ្វើឲ្យមានកង្វល់ខ្លាំងបំផុតក្នុងចំណោមអង្គការសិទ្ធិមនុស្សពាក់ព័ន្ធការរំលោភបំពាន នេះបើយោងតាមរបាយការណ៍មួយចេញកាលពីម្សិលមិញ។
នៅក្នុងព្រឹត្តិបត្រថ្មីបំផុតរបស់ខ្លួនស្តីពីវិស័យកាត់ដេរដ៏សំខាន់នៅក្នុងប្រទេសនេះ អង្គការពលកម្មអន្តរជាតិ (ILO)បានពិនិត្យមើលលើបញ្ហាថា តើហេតុអ្វីបានជាការនាំចេញបន្តមានកំណើនខ្លាំងកាលពីឆ្នាំមុន ដោយកើនឡើង៧,២ភាគរយរហូតដល់ទំហំទឹកប្រាក់៧,៣ពាន់លានដុល្លារ ទោះបីជា ចំនួនកម្មករ និងរោងចក្រនាំចេញដែលបានចុះបញ្ជីបានថយចុះក៏ដោយ។
បន្ទាប់ពីមានកំណើនជាប់ៗគ្នាជាច្រើនឆ្នាំកម្លាំងការងារក្នុងវិស័យនេះបានថយចុះជិត៣ភាគរយកាលពីឆ្នាំមុនមកនៅត្រឹម៦០៥.០០០នាក់។ រីឯចំនួនរោងចក្របានថយចុះពី៦៩៩រោងចក្រក្នុងឆ្នាំ ២០១៥មកនៅត្រឹម៦២៦រោងចក្រ។
អង្គការ ILO បានលើកឡើងថា ស្ថិតិក្រសួងពាណិជ្ជកម្មដែលមានកំហុសឆ្គង ប៉ុន្តែមានភាពប្រសើរឡើងជាងមុននិងការកើនឡើងនៃសង្វាក់ផលិតកម្មទំនងជាពន្យល់បកស្រាយខ្លះៗអំពីបញ្ហានេះ។ប៉ុន្តែអង្គការនេះបានព្រមានថា រោងចក្រនាំចេញក៏ប្រហែលជាពឹងផ្អែកកាន់តែខ្លាំងលើអ្នកម៉ៅការបន្តផងដែរ ដោយធ្វើឲ្យកើតមានក្តីព្រួយបារម្ភអំពីផលវិបាក។
លោក Maurizio Bussi នាយកប្រចាំប្រទេសនៃអង្គការ ILO បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយថា “ការកើនឡើងនៃការងារ និងសង្វាក់ផលិតកម្មនៅក្នុងរោងចក្រដែលទទួលម៉ៅការបន្ត អាចជាការវិវឌ្ឍដ៏គួរឲ្យព្រួយបារម្ភ ប្រសិនបើអ្នកម៉ៅការបន្តត្រូវបានប្រើប្រាស់ជាមធ្យោបាយដើម្បីគេចពីបទបញ្ជាផ្ទៃក្នុង រួមមានច្បាប់ការងារ និងប្រាក់ខែគោលផង”។
លោកបានលើកឡើងបន្ថែមថា”ស្ថានភាពនេះគួរតែឃ្លាំមើលឲ្យបានហ្មត់ចត់ដោយភាគីពាក់ព័ន្ធ និងទីភ្នាក់ងារពាក់ព័ន្ធនានារបស់រាជរដ្ឋាភិបាលកម្ពុជា”។
ដើម្បីអាចប៉ាន់ប្រមាណបាននៃចំនួនអ្នកម៉ៅការបន្តនោះ អង្គការ ILO ដែលជាទីភ្នាក់ ងាររបស់អង្គការសហប្រជាជាតិបានប្រៀបធៀបបញ្ជីនៃក្រុមហ៊ុននាំចេញដែលចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មជាមួយតួលេខដាច់ដោយឡែកដែលរក្សាទុកដោយបេឡាជាតិរបបសន្តិសុខសង្គមដែលកត់ត្រារោងចក្រកាត់ដេរទាំងអស់ដោយរាប់ចាប់ពីរោងចក្រដែលមានបុគ្គលិកយ៉ាងតិច៨នាក់ឡើងទៅ ដើម្បីចង់ដឹងថា តើរោងចក្រទាំងនេះនាំចេញឬក៏អត់។ អង្គការ ILO បានគូសបញ្ជាក់ថា រោងចក្រមួយចំនួនដែលកត់ត្រាដោយបេឡាជាតិរបបសន្តិសុខសង្គមប្រហែលជាផលិតសម្រាប់ទីផ្សារក្នុងស្រុកតែប៉ុណ្ណោះ ប៉ុន្តែ បានបន្ថែមថា គេជឿជាក់ថា រោងចក្រទាំងនេះជា”ផ្នែកដ៏តូច”នៃចំនួនរោងចក្រទាំងមូល។
ដោយប្រៀបធៀបតួលេខដាច់ដោយឡែកពីគ្នានេះ បង្ហាញថា បេឡាជាតិរបបសន្តិសុខសង្គមកត់ត្រាចំនួនរោងចក្រច្រើនជាងស្ថិតិរបស់ក្រសួងពាណិជ្ជកម្មចំនួន៨២រោងចក្រនៅក្នុងឆ្នាំ២០១៤ ១០៦រោងចក្រក្នុងឆ្នាំ២០១៥និង២៤៤រោងចក្រកាលពីឆ្នាំមុន។ អង្គការ ILO បានលើកឡើងថា អ្នកម៉ៅការបន្តប្រហែលជាធ្វើប្រតិបត្តិការស្របច្បាប់ ប៉ុន្តែ ក៏ត្រូវបានប្រើដើម្បីគេចពីច្បាប់ផងដែរ ព្រោះពួកគេប្រហែលជាមិនសូវមានការចាប់អារម្មណ៍ពីក្រុមនិយតកររបស់រដ្ឋាភិបាល។ កម្មវិធីរោងចក្រល្អប្រសើរនៅកម្ពុជារបស់អង្គការ ILO ផ្ទាល់រំលងអ្នកម៉ៅការបន្តទាំងស្រុង ជាសកម្មភាពមួយក្នុងចំណោមសកម្មភាពដែលធ្វើឲ្យមានការរិះគន់ខ្លាំងលើការសន្និដ្ឋានរបស់ខ្លួន។
របាយការណ៍របស់អង្គការនេះមានខ្លឹមសារបន្តថា “សហគ្រាសរបស់អ្នកម៉ៅការបន្តធ្វើប្រតិបត្តិការតាមផ្ទះឯកជន ឃ្លាំង ឬក៏អគារផ្សេងៗ”។របាយការណ៍នេះមានខ្លឹមសារបន្តថា “វាជារឿងសាមញ្ញទៅហើយដែលគ្មានស្លាកយីហោសម្គាល់សហគ្រាស ហើយក៏ជារឿងសាមញ្ញ ដែរ ដែលរោងចក្រនានាបានប្តូរទីតាំងជាញឹកញាប់ ដោយក្នុងករណីខ្លះ ពួកគេប្រហែលជាធ្វើដូច្នេះដើម្បីគេចពីការទទួលខុសត្រូវចំពោះកម្មកររបស់ខ្លួន”។
អ្នកនាំពាក្យក្រសួងការងារដែលមើលការខុសត្រូវលើរោងចក្រកាត់ដេរមិនអាចទាក់ទងសុំការបំភ្លឺបានទេ។ ប៉ុន្តែ លោក កែន លូ អគ្គលេខាធិការសមា គមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) មិនជឿទាល់តែសោះចំពោះការបកស្រាយចំនួនរោង ចក្ររបស់អង្គការ ILO។
ទោះបីជារបាយការណ៍របស់អង្គការនេះបង្ហាញថាចំនួនរោងចក្រដែលកត់ត្រាដោយបេឡាជាតិរបបសន្តិសុខសង្គមសុទ្ធតែជារោងចក្រកាត់ដេរក៏ដោយ តែ លោក កែន លូ បានលើកឡើងថា លោកជឿជាក់ថា ក៏ប្រហែលជាមានបញ្ចូលសហគ្រាសផ្សេងៗផងដែរ។ លោកក៏មិនជឿដែរថា កំណើនចំនួនរោងចក្រពីមួយឆ្នាំទៅមួយឆ្នាំដែលកត់ត្រាដោយបេឡាជាតិរបបសន្តិសុខសង្គមពិតជារោងចក្រថ្មីនោះ បើផ្អែកលើការដាក់ឲ្យប្រើប្រាស់ការធានារា៉ប់រងសុខភាពនៅក្នុងបញ្ជីសេវារបស់ខ្លួនកាលពីឆ្នាំមុន។
លោកបានមានប្រសាសន៍ថា “កត្តានេះជំរុញឲ្យពួកគេចុះទៅតាមរោងចក្រទាំងអស់ហើយកត្តានេះពិតជាបានជួយពួកគេនៅក្នុងការកត់ត្រារោងចក្របន្ថែមទៀត”។
លោក កែន លូ បានលើកឡើងទៀតថា រោងចក្រមួយចំនួនប្រហែលជាស្វែងរកជំនួយខាងក្រៅដើម្បីបំពេញតាមតម្រូវការបញ្ជាទិញបន្ថែមភ្លាមៗយ៉ាងច្រើន ពេលពួកគេអស់លទ្ធភាព។ លោកបានបន្ថែមថា ប៉ុន្តែ នៅពេលពួកគេនៅមានលទ្ធភាពនោះ ” ពួកគេនឹងចំណាយប្រាក់សម្រាប់កម្មករធ្វើការថែមម៉ោង មិនត្រូវការអ្នកម៉ៅការបន្តនោះទេ…ការរកស៊ីគឺអ៊ីចឹង”។
លោក កែន លូ បានលើកឡើងបន្តថា លោកនឹងពិនិត្យឲ្យបានកាន់តែស៊ីជម្រៅលើចំនួនរោងចក្រដែលកត់ត្រាដោយបេឡាជាតិរបបសន្តិសុខសង្គមមុនពេលទាញការសន្និដ្ឋានបន្ថែមណាមួយ៕ស៊ុយឈាង