28 C
Phnom Penh

​​​នាយកដ្ឋាន​គយ​​​រាយការណ៍​​​ឃើញ​តិច​ជាង​​​១ភាគរយ​​​​នៃខ្សាច់​ដែល​នាំចូល​ទៅ​ប្រទេស​សិង្ហបុរី​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតាមស្ថិតិពាណិជ្ជកម្មបានឱ្យដឹងថា នាយកដ្ឋានគយកម្ពុជារាប់ឃើញតិចជាង១ភាគរយនៃខ្សាច់ដែលប្រទេសសិង្ហបុរីរាយការណ៍ថា បាននាំចូលពីកម្ពុជាកាលពីឆ្នាំ២០១៦ នៅក្នុងការបន្ថែមចុងក្រោយទៅលើគម្លាតជាង៧៧លានតោនពីឆ្នាំ២០០៧ ដល់ឆ្នាំមុន ដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរនិយាយថា បណ្ដាលមកពីស្ដង់ដាររាយការណ៍អន្តរជាតិខុសៗគ្នា ហើយសកម្មជនលើកឡើងថា បណ្តាលមកពីអំពើពុករលួយ។

យោងតាមទិន្នន័យពាណិជ្ជកម្មក្នុងគេហទំព័រនាយកដ្ឋានគយ និងរដ្ឋាករនៃក្រសួងសេដ្ឋកិច្ចបានឱ្យដឹងថា ទន្ទឹមនឹងនោះដែរប្រទេសកម្ពុជាបានបន្តនាំខ្សាច់ចេញជិត១០០.០០០តោននៅឆ្នាំនេះ ដែលរដ្ឋាភិបាលលើកឡើងថា គឺជាការលើកលែងពីបម្រាមកាលពីខែតុលាមិនឱ្យមានការនាំខ្សាច់ចេញ។

យោងតាមទិន្នន័យដែលផ្ដល់ឱ្យប្រព័ន្ធទិន្នន័យស្ថិតិពាណិជ្ជកម្មរបស់អង្គការសហប្រជាជាតិបានឱ្យដឹងថា ប្រទេសសិង្ហបុរីដែលប្រើប្រាស់ខ្សាច់ដើម្បីពង្រីកទឹកដីរបស់ខ្លួននោះរាយការណ៍ថា បាននាំខ្សាច់ចូលពីប្រទេសកម្ពុជាជាង៦,៥លានតោនកាលពីឆ្នាំមុន គឺថយចុះពីជាង១០,៩លានតោនកាលពីឆ្នាំមុន។

cam-photo-sand-WEB-ONLY-800x777ប៉ុន្តែតួលេខរបស់នាយកដ្ឋានគយកម្ពុជាបង្ហាញថា មានការនាំខ្សាច់ចេញពីកម្ពុជាទៅសិង្ហបុរីតែ១៤,៨០០តោនប៉ុណ្ណោះ ដោយបន្តបែបនេះរយៈពេល៣ឆ្នាំមកហើយរបស់នាយកដ្ឋាននេះដែលរាប់ឃើញតិចជាង១ភាគរយនៃខ្សាច់ដែលត្រូវបានកត់ត្រាដោយប្រទេសសិង្ហបុរី។

លោក ម៉េង សក្តិធារ៉ា អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពលបានលើកឡើងជាថ្មីពីការការពារគម្លាតនេះកន្លងមករបស់ក្រសួង ដោយលើកឡើងថា ការខុសគ្នានេះគឺជាលក្ខណៈទូទៅទៅហើយនៃស្ថិតិពាណិជ្ជកម្ម ដោយសារតែភាពខុសគ្នាជាអន្តរជាតិទាក់ទងរង្វាស់ ការចាត់ចំណាត់ថ្នាក់ និងការរាយការណ៍ជាដើម។

លោកបានថ្លែងថា “ជាទូទៅ អ្នកមិនអាចរកប្រទេសណាដែលផ្ទៀងផ្ទាត់ត្រឹមត្រូវបានឡើយ”។ លោកបានបន្ថែមថា លោកមានចម្ងល់ថាតើគម្លាតនេះហេតុអីក៏ខុសគ្នាខ្លាំងម្លេ៉ះ។

ក្រសួងអភិវឌ្ឍន៍ជាតិសិង្ហបុរីមិនបានឆ្លើយតបចំពោះសំណើសុំអត្ថាធិប្បាយឡើយ ប៉ុន្តែក្នុងពេលកន្លងមកបានបន្ទោសភាពខុសគ្នាខាងពាណិជ្ជកម្មនេះលើរូបមន្តគណនាខុសៗគ្នា។

ការពន្យល់ទាំងនោះមិនបានធ្វើឱ្យលោក អាឡិច ហ្គន់ហ្សាឡេស ដាវីដសុន ពេញចិត្តឡើយដែលលោកជាស្ថាបនិកអង្គការមាតាធម្មជាតិ ជាអង្គការមិនមែនរដ្ឋាភិបាលផ្នែកបរិស្ថាន ដែលបានកត់ត្រាការបំផ្លាញបរិស្ថានថាបណ្ដាលមកពីអ្វីដែលលោកហៅថា ជាការបូមខ្សាច់ខុសច្បាប់ក្នុងខេត្តកោះកុង។

លោកបានសរសេរសារក្នុងទំព័រហ្វេសប៊ុកកាលពីម្សិលមិញថា “គម្លាតនៅក្នុងពាណិជ្ជកម្មដែលបានរាយការណ៍ ខណៈដែលប្រជាជនកម្ពុជាភាគច្រើនដឹងរួចទៅហើយនោះ គឺ ដោយសារការរត់ពន្ធ ការរាយការណ៍មិនត្រឹមត្រូវ និងការអនុវត្តមិនសុចរិតមួយចំនួនទៀតដែលទីភ្នាក់ងាររដ្ឋាភិបាលសំខាន់ៗជាប់ពាក់ព័ន្ធក្នុងរយៈពេល១០ឆ្នាំកន្លងមក”។

បើទោះជាក្រសួងបានចេញបម្រាមមិនឱ្យមានការនាំខ្សាច់ចេញកាលពីខែតុលាដើម្បីរកឱ្យឃើញការពិតពីគម្លាតពាណិជ្ជកម្មក៏ដោយ ក៏លោក ម៉េង សក្ដិធារ៉ា បានលើកឡើងថា ក្រសួងបានចេញសេចក្តីបញ្ជាក់ភ្លាមៗ ដោយអនុញ្ញាតឱ្យបន្តនាំខ្សាច់ចេញ។

យោងតាមលោក ម៉េង សក្តិធារ៉ា បានឱ្យដឹងថា ខ្សាច់សម្រាប់នាំចេញរបស់កម្ពុជាដែលគេប្រើដើម្បីផលិតកែវ ត្រូវបានយកចេញពីដីមិនមែនចេញពីដៃសមុទ្រ ដែលការនាំចេញស្ទើរតែទាំងអស់បានមកពីតំបន់សេដ្ឋកិច្ចពិសេស (SEZ) ស្ថិតនៅតាមបណ្តោយឆ្នេរ។

លោកបានមានប្រសាសន៍ថា “ខ្សាច់ដែលនាំចេញពីកម្ពុជា បើស្របច្បាប់គឺខ្សាច់សម្រាប់ផលិតកែវ”។ យោងតាមនាយកដ្ឋានគយបានឱ្យដឹងថា ការនាំចេញទាំងនោះសរុបចំនួន៩៤,៦០០តោន ទៅកាន់ប្រទេសចិន តៃវ៉ាន់ និងប្រទេសថៃ។

លោក អាឡិច ហ្គន់ហ្សាឡេស ដាវីដសុន បានលើកឡើងថា វាអាចថា ការនាំចេញ ទាំងនេះក៏បណ្ដាលឱ្យមានការបំផ្លាញបរិស្ថានផងដែរ ដោយលោកសំដៅដល់តំបន់សេដ្ឋកិច្ចពិសេសដែលគ្រប់គ្រងដោយក្រុមហ៊ុន LYP Group និងដែលត្រូវបានកាត់ចេញពីឧទ្យានជាតិបទុមសាគរកន្លែងដែលមានការបូមខ្សាច់ ហើយធ្វើការនាំចេញ។

លោកមានប្រសាសន៍ថា “ការបន្តនាំចេញទាំងនេះអាចបានមកពីតំបន់សេដ្ឋកិច្ចពិសេសមួយចំនួនដូចជាតំបន់សេដ្ឋកិច្ចពិសេសនេះ ប៉ុន្តែយើងមិនអាចដឹងជាក់លាក់ឡើយ ខណៈដែលក្រសួងពាក់ព័ន្ធគិតថា ពួកគេមិនចាំបាច់ឱ្យមានតម្លាភាពចំពោះពលរដ្ឋកម្ពុជា”៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស