40.6 C
Phnom Penh

អង្គការ​​លើកលែងទោស​អន្តរ​ជាតិ​រិះគន់​​ប្រព័ន្ធ​​​តុលាការ​​​​ដ៏​​​ពុក​​​រលួយ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅថ្ងៃនេះ អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានចោទប្រកាន់គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចថា ប្រើអំណាចរបស់ខ្លួនលើប្រព័ន្ធតុលាការដើម្បីយាយី និងបំភិតបំភ័យអង្គការសង្គមស៊ីវិលជាប្រព័ន្ធ ហើយបានជំរុញឱ្យរដ្ឋាភិបាលដកពាក្យបណ្ដឹងលើសកម្មជនគណបក្សប្រឆាំង និងអ្នកការពារសិទ្ធិមនុស្ស។

មន្ត្រីជាន់ខ្ពស់អង្គការអាដហុក ៤ រូប និង មន្ត្រីជាន់ខ្ពស់របស់គណៈកម្មាធិការជាតិរៀបចំកាបោះឆ្នោត លោក នី ចរិយា
មន្ត្រីជាន់ខ្ពស់អង្គការអាដហុក ៤ រូប និង មន្ត្រីជាន់ខ្ពស់របស់គណៈកម្មាធិការជាតិរៀបចំកាបោះឆ្នោត លោក នី ចរិយា

ជាការឆ្លើយតប អ្នកនាំពាក្យរដ្ឋាភិបាលបានចាត់ទុកអង្គការសិទ្ធិមនុស្សមួយនេះជា “សត្រូវរបស់រដ្ឋាភិបាល” ហើយអះអាងថា មន្ត្រីអង្គការសង្គមស៊ីវិលទាំងនោះជាប់ពន្ធនាគារដោយសារល្មើសច្បាប់។

របាយការណ៍ “តុលាការអយុត្តិធម៌” របស់អង្គការលើកលែងទោសអន្តរជាតិដែលបានចេញផ្សាយនៅព្រឹកនេះ រិះគន់រដ្ឋាភិបាលលើសំណុំរឿងជាច្រើនរួមមានពាក្យបណ្តឹងលើអ្នកស្រី ទេព វន្នី ដែលជាសកម្មជនដ៏លេចធ្លោ មន្ត្រីសិទ្ធិមនុស្សទាំងបច្ចុប្បន្ន និងអតីតដែលគេហៅរួមគ្នាថាមន្ត្រីអាដហុកទាំងប្រាំ និងមន្ត្រីគណបក្សសង្គ្រោះជាតិដែលត្រូវបានផ្ដន្ទាទោសពីបទ”បះបោរ”នៅក្នុងឆ្នាំ២០១៤។

របាយការណ៍នេះលើកឡើងថា “ចាប់តាំងពីការបោះឆ្នោតសកលលើកចុងក្រោយនៅខែ កក្កដា ឆ្នាំ២០១៣ មក ប្រព័ន្ធយុត្តិធម៌របស់កម្ពុជា ហាក់បាននិងកំពុងតម្រង់គោលដៅវាយប្រហារទៅរកអ្នកការពារសិទ្ធិមនុស្ស [HRD] និងសកម្មជនគណបក្សប្រឆាំងជាប្រព័ន្ធ”។

អង្គការលើកលែងទោសអន្តរជាតិគូសបញ្ជាក់ថា បច្ចុប្បន្នមានអ្នកទោសនយោបាយយ៉ាងតិច ២៧ នាក់ នៅក្នុងប្រទេសកម្ពុជា ខណៈអង្គការសិទ្ធិមនុស្សក្នុងស្រុកលីកាដូថាមានចំនួន២៥នាក់។

លោក មាជ សុវណ្ណារ៉ា ប្រធាននាយកដា្ឋនព័ត៍មាននៃគណបក្សសង្គ្រោះជាតិ ធ្វើកាយវិការទៅកាន់អ្នកយកព័ត៌មានខណៈដែលគាត់ត្រូវបានបណ្ដើរចេញពីតុលាការបន្ទាប់ពីបើកសវនការនៅសាលាឧទ្ធរណ៍ក្នុងរាជធានីភ្នំពេញកាលពីខែ សីហា ឆ្នាំមុនក្នុងករណីចោទប្រកាន់ពីបទកុបកម្ម និងសកម្មជន មន្ត្រីគណបក្សប្រឆាំង ១០រូប ផ្សេងទៀត។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

អង្គការនេះបានបន្ថែមទៀតថា “អ្នកការពារសិទ្ធិមនុស្ស និងសកម្មជនគណបក្សប្រឆាំងត្រូវបានតម្រង់គោលដៅវាយប្រហារដោយអង្គនីតិប្រតិបត្តិ និងគណបក្សកាន់អំណាចតាមរយៈប្រព័ន្ធយុត្តិធម៌ដោយសារតែជំនឿនយោបាយ សកម្មភាពនយោបាយរបស់ពួកគាត់មិនថាដោយសន្តិវិធីក្តី និងដោយសារឋានៈរបស់ពួកគាត់ជាអ្នកការពារសិទ្ធិមនុស្ស” ។

របាយការណ៍ដដែលអះអាងថា សំណុំរឿងប្រឆាំងមន្ត្រីអាដហុកទាំងប្រាំ ដែលបួនរូបមកពីអង្គការសិទ្ធិមនុស្សអាដហុក និងមន្ត្រី គ.ជ.ប មួយរូបទៀតដែលបានជាប់ពន្ធនាគាររយៈពេលជាងមួយឆ្នាំដោយសារតែពួកគាត់ជាប់ពាក់ព័ន្ធការប៉ុនប៉ងសូកប៉ាន់ស្រីកំណាន់របស់លោក កឹម សុខា ប្រធានគណបក្សប្រឆាំងដើម្បីឱ្យនិយាយកុហកចំពោះស្នេហាលួចលាក់នេះ “ជារឿងនយោបាយយ៉ាងច្បាស់ក្រឡែត” ។

របាយការណ៍នេះបានបន្តថា “ពួកគាត់ទាំងប្រាំត្រូវបានគេរើសអើងដោយសារតែឋានៈរបស់ពួកគាត់ជាអ្នកការពារសិទ្ធិមនុស្ស” ។

របាយការណ៍នេះបន្ថែមថា “មានភ័ស្តុតាងអាចជឿទុកចិត្តបានដែលគាំទ្រសេចក្ដីសន្និដ្ឋានថា ពួកគាត់ត្រូវបានចាប់ខ្លួនដើម្បីរារាំងសមាគមអាដហុក និងបុគ្គលិករបស់សមាគមនេះកុំឲ្យបំពេញការងាររបស់ខ្លួនជាអ្នកការពារសិទ្ធិមនុស្ស និងកុំឲ្យប្រើប្រាស់សិទ្ធិ និងសេរីភាពរបស់ខ្លួន”។

របាយការណ៍នេះក៏អះអាងដែរថា គ្មានមូលដ្ឋានសម្រាប់ដាក់ពន្ធនាគារមន្ត្រីគណបក្សប្រឆាំង និងសកម្មជនឱ្យជាប់ពន្ធនាគារចន្លោះពី ៧ ឆ្នាំ ដល់ ២០ ឆ្នាំ សម្រាប់ការពាក់ព័ន្ធរបស់ពួកគេនៅក្នុងបាតុកម្មមួយនៅទីលានប្រជាធិបតេយ្យ ក្នុងរាជធានីភ្នំពេញកាលពីខែ កក្កដា ឆ្នាំ២០១៤ ដែលបានផ្ទុះអំពើហិង្សា នៅពេលក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិបានប៉ះទង្គិចគ្នាជាមួយក្រុមសន្តិសុខខណ្ឌឡើយ។

របាយការណ៍នេះបញ្ជាក់ទៀតថា “គ្មានភ័ស្តុតាងបង្ហាញថា គណបក្សប្រឆាំងជាអ្នករៀបចំគម្រោងអំពើហិង្សានៅមុនព្រឹត្តិការណ៍ថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ២០១៤ នោះទេ។ ផ្ទុយទៅវិញ មានភ័ស្តុតាងជាច្រើនបង្ហាញថា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដែលចូលរួម បានប្រាប់អ្នកគាំទ្ររបស់ខ្លួនម្ដងហើយម្ដងទៀតឱ្យប្រកាន់យកឥរិយាបថអហិង្សា ហើយវីដេអូដែលមានតាមបណ្ដាញអុីនធឺណិតបង្ហាញថា តាមពិតអំពើហិង្សាដែលបានកើតឡើងបានផ្ដើមចេញពីកងកម្លាំងសន្តិសុខ”។

អង្គការសិទ្ធិមនុស្សមួយនេះបានអះអាងថា ការចោទប្រកាន់ទាំងនេះមិនទទួលបានការគាំទ្រទេនៅក្នុងតុលាការ ដោយលើកឡើងអង្គហេតុថា ក្នុងចំណោមសន្តិសុខទាំង ៣៨ នាក់ ដែលត្រូវបានកោះហៅធ្វើជាសាក្សី គ្មាននរណាម្នាក់អាចកំណត់អត្តសញ្ញាណចុងចោទណាម្នាក់ក្នុងចំណោមនេះថា បានចូលរួមក្នុងអំពើហិង្សាឡើយ ។

ការប្រព្រឹត្តរបស់តុលាការទៅលើស្ត្រីសកម្មជនមកពីសហគមន៍បឹងកក់ ដែលរងការបណ្ដេញចេញនៅក្នុងរាជធានីភ្នំពេញ ក៏ត្រូវបានបង្ហាញក្នុងរបាយការណ៍នេះដែលផ្ដោតលើអ្នកតវ៉ាដ៏សំខាន់បំផុតរបស់ខ្លួនគឺអ្នកស្រី ទេព វន្នី ដែលត្រូវបានជាប់ពន្ធនាគារជាថ្មីម្ដងទៀតកាលពីឆ្នាំមុននៅក្នុងអ្វីដែលគេចាត់ទុកជាទូទៅថាជាការព្យាយាមបំបិទមាត់អ្នកប្រឆាំងល្បីល្បាញបំផុតនៅក្នុងប្រទេសរូបនេះ។

របាយការណ៍នេះលើកឡើងថា ”ប្រជាពលរដ្ឋក្នុងសហគមន៍នេះបានប្រឈមនឹងកលល្បិចគ្រប់វិធីដែលគេប្រើ ដើម្បីធ្វើបាបពួកគាត់” ។

របាយការណ៍នេះបន្ថែមទៀតថា “សំណុំរឿងប្រឆាំងអ្នកស្រី ទេព វន្នី មានសារៈសំខាន់សម្រាប់ការពិភាក្សានៅពេលបច្ចុប្បន្ន ពីព្រោះវាបង្ហាញពីភាពគឃ្លើនរបស់អាជ្ញាធរនក្នុងការប្រើប្រាស់ រំលោភបំពាន ឬបកស្រាយក្រមព្រហ្មទណ្ឌតាមអំពើចិត្ត ដើម្បីឃុំខ្លួនសកម្មជន ហើយវាបង្ហាញពីភាពគ្មានឆន្ទៈ ឬអសមត្ថភាពរបស់តុលាការក្នុងការការពារសិទ្ធិទទួលបានសវនាការយុត្តិធម៌ ដែលទទួលស្គាល់ជាអន្តរជាតិសម្រាប់សកម្មជនការពារសិទ្ធិមនុស្ស” ។

របាយការណ៍នេះបញ្ចប់ដោយផ្តល់អនុសាសន៍ចំនួនប្រាំបួនដល់រដ្ឋាភិបាលរួមមានការគោរពចំពោះឯករាជភាពនៃប្រព័ន្ធតុលាការ ការអង្វរករសុំឱ្យឈប់ប្រើប្រាស់ប្រព័ន្ធតុលាការតម្រង់គោលដៅវាយប្រហារលើរកអ្នករិះគន់របស់ខ្លួន និងលុបចោលភ្លាមៗនូវសំណុំរឿងទាំងអស់ប្រឆាំងអ្នកការពារសិទ្ធិមនុស្ស និងសកម្មជនគណបក្សប្រឆាំង ។

ពេលទាក់ទងតាមទូរស័ព្ទ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានរិះគន់អង្គការសិទ្ធិមនុស្សមួយនេះខ្លាំងៗ ហើយអះអាងថា វាលម្អៀងប្រឆាំងរដ្ឋាភិបាល ។

លោកមានប្រសាសន៍ថា “គ្មានអីចម្លែកទេ វា [អង្គការលើកលែងទោសអន្តរជាតិ] ជាសត្រូវរបស់រដ្ឋាភិបាល ។ បើអ្នកឯងមិនប្រព្រឹត្តបទល្មើសមានស្ថានទម្ងន់ទោសទេ ក៏គ្មានការចោទប្រកាន់ដែរ ។ តុលាការមិនលម្អៀងទេ បើអ្នកឯងមិនល្មើសច្បាប់”៕ សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស