32.9 C
Phnom Penh

គណបក្ស​​​ធំៗ​​​ទាំង​​​ពី​​​រ​​​​​​គ្រោង​​​​ហែ​​​ក្បួន​​​​ប្រជែង​​​គ្នា​​​ក្នុង​​​រាជធានីភ្នំពេញ​​​នៅថ្ងៃ​​​សុក្រ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតាមមន្ត្រីគណបក្សបានឲ្យដឹងកាលពីម្សិលមិញថា គណបក្សសង្គ្រោះជាតិនិងគណបក្សប្រជាជនកម្ពុជានឹងបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់រយៈពេលពីរសប្តាហ៍នៅថ្ងៃសុក្រ ដោយមានការហែក្បួនពេញមួយថ្ងៃ ដែលគណបក្សទាំងពីររំពឹងថា នឹងទាក់ទាញមនុស្សរាប់ម៉ឺុននាក់នៅតាមទីតាំងដាច់ដោយឡែកពីគ្នាក្នុងរាជធានីភ្នំពេញ ស្របពេលមានការរឹតបន្តឹងសន្តិសុខ។

គម្រោងសម្រាប់ការហែក្បួនរបស់ គណបក្សប្រជាជនកម្ពុជា ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រោងចូលរួមនោះ នឹងចាប់ផ្តើមតាមបណ្តោយមហាវិថីសម្តេច ហ៊ុន សែន នៅភាគខាងត្បូងរាជធានី ដោយមានលោក ហ៊ុន សែន ថ្លែងឃោសនាតាមបណ្តោយផ្លូវនេះទៅកាន់អ្នកគាំទ្រយ៉ាងតិច១៥០.០០០នាក់ដែលគេរំពឹងថា នឹងចេញមកចូលរួមនៅក្នុងថ្ងៃបញ្ចប់នេះ នេះបើយោងតាម លោក ង៉ែត ចាន់ដាវី សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ។

Commune-Elections-2017-3-800x597លោក ង៉ែត ចាន់ដាវី រំពឹងថា ការហែក្បួននេះនឹងហែក្នុងចម្ងាយផ្លូវរហូតដល់៩គីឡូម៉ែត្រ ហើយអាចនឹងមានរយៈពេលហែរហូតដល់ម៉ោង១០យប់។

គម្រោងបង្ហាញវត្តមានអំឡុងយុទ្ធនាការឃោសនារបស់លោក ហ៊ុន សែន ខុសពីទម្លាប់សព្វមួយដងរបស់លោកនាយករដ្ឋមន្ត្រី ដែលតាមទម្លាប់មិនដែលបង្ហាញវត្តមានជាសាធារណៈទេ អំឡុងរយៈពេលធ្វើយុទ្ធនាការឃោសនា។ គេហទំព័រព័ត៌មាន Fresh News ដែលជាអ្នកពាំនាំសាររបស់រដ្ឋាភិបាលបានរាយការណ៍ថា លោកនាយករដ្ឋមន្ត្រីនឹងធ្វើយុទ្ធនាការឃោសនាពីលើរថយន្តអំឡុងពេលហែក្បួន។

ស្របពេលដំណាលគ្នានេះ គណបក្សសង្គ្រោះជាតិនឹងចាប់ផ្តើមនៅពេលព្រឹក ដោយមានការជួបជំុ និងការថ្លែងរបស់លោកប្រធានបក្ស កឹម សុខា នៅអតីតទីលានប្រជាធិបតេយ្យកណ្តាលរាជធានីភ្នំពេញ មុនពេលចូលរួមហែក្បួនជាមួយអ្នកគាំទ្រយ៉ាងតិច១០០.០០០នាក់ពេញមួយថ្ងៃ នេះបើយោងតាមលោក ម៉ន ផល្លា ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិរាជធានីភ្នំពេញ។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)បានលើកឡើងថា គណបក្សសង្គ្រោះជាតិដែលបានដាក់សំណើរបស់ខ្លួនបន្ទាប់ពីគណបក្សកាន់អំណាច បានព្រមព្រៀងប្តូរផ្លូវរបស់ខ្លួនប្រសិនបើចាំបាច់ដើម្បីចៀសវាងការហែឆ្លងកាត់ក្បួនដង្ហែគណបក្សប្រជាជនកម្ពុជា។

លោក ហង្ស ពុទ្ធា ក៏បានលើកឡើងផងដែរថានឹងមានការរឹតបន្តឹងសន្តិសុខអំឡុងពេលហែក្បួន ប៉ុន្តែ លោកនៅតែមិនច្បាស់ថា តើអាជ្ញាធរនឹងចាត់វិធានការយ៉ាងដូចម្តេចដើម្បីរៀបចំសណ្ដាប់ធ្នាប់៕ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស