ពាក្យបណ្តឹងប្តឹងអ្នកយកព័ត៌មានកាសែតខេមបូឌា ដេលី ពីររូបដោយចោទប្រកាន់ពីបទញុះញង់ និងរំលោភសិទ្ធិអ្នកបោះឆ្នោតដោយសួរសំណួរដេញដោលអំពីការបោះឆ្នោត ឃុំ សង្កាត់នៅពេលខាងមុខនោះ ត្រូវបានច្រានចោលដោយព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគិរីដោយសារខ្វះភ័ស្តុតាង ។
គណៈកម្មការរៀបចំការបោះឆ្នោតខេត្តដែលពេលនោះបានពិនិត្យរឿងក្តីនេះ ក៏បានសម្រេចមិនបន្តរឿងក្តីនេះផងដែរ ដោយលើកឡើងថា វាស្ថិតនៅក្រៅយុត្តាធិការរបស់ខ្លួន ។
កាលពីថ្ងៃ អង្គារ មានការដាក់ពាក្យបណ្តឹងនៅតុលាការប្តឹងលោក ហ្សំប័រ ពីទ័រ (Zsombor Peter) ជាការីនិពន្ធជនជាតិកាណាដានៃកាសែត ខេមបូឌា ដេលី និងលោក អូន ភាព អ្នកយកព័ត៌មានជនជាតិខ្មែរ ជុំវិញការសម្ភាសរបស់លោកទាំងពីរ ជាផ្នែកនៃការយកព័ត៌មានឱ្យកាសែតនេះពាក់ព័ន្ធការបោះឆ្នោតនៅពេលខាងមុខនៅក្នុងឃុំ ប៉ាតេ ស្រុក អូរយ៉ាដាវ ។
ប៉ុន្តែ លោកព្រះរាជអាជ្ញារង ហាក់ ហួន បានមានប្រសាសន៍កាលពីម្សិលមិញថា មិនមានភ័ស្តុតាងគ្រប់គ្រាន់ក្នុងការបន្តរឿងក្តីនេះទេ ។
លោក ហាក់ ហួន បានថ្លែងថា “យើងបានពិនិត្យពាក្យបណ្តឹងនេះហើយ ហើយឃើញថា វាមិនត្រឹមត្រូវតាមច្បាប់ឡើយ ។ វាជាការរៀបរាប់ពីសកម្មភាព និងគ្មានភ័ស្តុតាងគាំទ្រទេ” ។

លោក ខៀវ កាញា៉ារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្វាគមន៍មន្ត្រីក្រសួងដែលចូលនិវត្ត នៅក្នុងពិធីមួយនៅភ្នំពេញ កាលពីខែមករា ។ រូបថត: AKP
នៅក្នុងពាក្យបណ្តឹងនោះចុះកាលបរិច្ឆេទថ្ងៃទី ២២ ខែ ឧសភា លោក រម៉ាម យួត មេឃុំប៉ាតេ មកពីគណបក្ស សម រង្ស៊ី ឈ្មោះ សេវ បន ជាអ្នកភូមិ និងបុរសម្នាក់ទៀតឈ្មោះ រចំ យ៉ិ រស់នៅក្នុងតំបន់នេះ បានចោទអ្នកយកព័ត៌មានទាំងពីរនាក់នេះពីបទ “ញុះញង់ឱ្យគាំទ្រគណបក្សប្រឆាំង” និង “រំលោភសិទ្ធិស្វ័យសម្រេច” តាមរយៈការសួរសំណួរដូចជា តើប្រជាពលរដ្ឋបោះឆ្នោតឱ្យគណបក្សណានៅក្នុងឆ្នាំ២០១២? ជាដើម ។ ឃុំប៉ាតេជាឃុំតែមួយគត់នៅក្នុងខេត្តនេះដែលគណបក្សប្រឆាំងឈ្នះតំណែងមេឃុំក្នុងរយៈពេល ៥ ឆ្នាំ មុន ។
លោក ប៉ែន ឈុនឌី ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តបានមានប្រសាសន៍ ថា រឿងក្តីនេះស្ថិតនៅក្រៅដែនសមត្ថកិច្ចរបស់ស្ថាប័ននេះ ខណៈដែលឱសានវាទរយៈពេល៣ថ្ងៃក្រោយបទល្មើសតាមការចោទប្រកាន់បានកន្លងផុត ។
លោកបានថ្លែងថា “យើងមិនអាចដោះស្រាយរឿងក្តីនេះបានទេ ព្រោះអាជ្ញាយុកាលបានកន្លងផុតទៅហើយ”។ លោកបានបន្ថែមថា លោកបានផ្ញើលិខិតមួយច្បាប់ជូនដំណឹងតុលាការអំពីរឿងក្តីនេះរួចហើយ ។
ពាក្យបណ្តឹងដាច់ដោយឡែកមួយទៀតធ្វើឡើងដោយបុរសទាំងបីនាក់ដដែលដាក់ទៅគណៈកម្មការរៀបចំការបោះឆ្នោតឃុំ កាលពីសប្តាហ៍មុន ត្រូវបានដោះស្រាយហើយដែរ ។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបង្ហោះរូបថតលិខិតឆ្លងដែនលោក ហ្សំប័រ ពីទ័រ លើទំព័រហ្វេសប៊ុករបស់លោក ដោយព្រមានអ្នកយកព័ត៌មានឱ្យគោរពច្បាប់បោះឆ្នោតទាំងមិនទាន់មានភាពច្បាស់លាស់ថា តើសំណួររបស់អ្នកយកព័ត៌មានទាំងពីរនាក់បានល្មើសច្បាប់ដោយរបៀបណាក្តី ។
ក្រោយមកលោកបានដកនូវអ្វីដែលលោកបានបង្ហោះនោះចេញវិញ ប៉ុន្តែបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុកថា បើលោក ហ្សំប័រ ពីទ័រ ចាត់ទុកការបង្ហោះនោះថា ជាការគំរាមកំហែង គាត់គួរតែចាកចេញពីប្រទេសកម្ពុជា ៕ សារុន