27 C
Phnom Penh

CNRP ថា ការ​ស្ទង់មតិ​​ និង​សន្ទុះ​ហែក្បួន​ឃោសនា​ ធ្វើ​ឱ្យ​ខ្លួន​មាន​សុទិដ្ឋិនិយម​ចំពោះ​ការ​បោះ​ឆ្នោត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការស្ទង់មតិមួយដែលត្រូវបានចែកចាយទៅគណបក្សនយោបាយធំៗកាលពីដើមឆ្នាំនេះបង្ហាញថា លោក កឹម សុខា ប្រធានគណបក្សប្រឆាំងបានព្យាករថា គណបក្សសង្គ្រោះជាតិនឹងទទួលបានសំឡេងឆ្នោត ៦០ ភាគរយ នៅក្នុងការបោះឆ្នោតឃុំ សង្កាត់ នៅថ្ងៃអាទិត្យនេះ នេះបើយោងតាមការទម្លាយឱ្យដឹងពីអ្នកនាំពាក្យគណបក្ស ។

ធ្វើឡើងដោយវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) ជាអង្គការគំាទ្រលទ្ធិប្រជាធិបតេយ្យដែលទទួលបានជំនួយមូលនិធិពីសហរដ្ឋអាមេរិក និងដែលបានធ្វើប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ ១៩៩២ មក ការស្ទង់មតិនេះមិនបានលើកឡើងដោយផ្ទាល់អំពីនយោបាយឡើយ ។ ផ្ទុយមកវិញ អ្នកឆ្លើយត្រូវបានសួរថា តើពួកគេយល់ថាប្រទេសនេះកំពុងដើរលើទិសដៅត្រឹមត្រូវ ឬមិនត្រឹមត្រូវ ។

ទោះជាយ៉ាងណា លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា លទ្ធផលនៃការស្ទង់មតិកាលពីខែ មីនា នេះគឺ ជាកត្តាដែលធ្វើឱ្យគណបក្សប្រឆាំងមានសុទិដ្ឋិនិយមពេលចូលប្រកួតប្រជែងក្នុងការបោះឆ្នោតនៅថ្ងៃអាទិត្យនេះ ។

លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ នៅកន្លែងប្រមូលផ្ដុំឃោសនាបោះឆ្នោតនៅខេត្ត ស្ទឹងត្រែង កាលពីម្សិលមិញ។ រូបថត/Facebook
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ នៅកន្លែងប្រមូលផ្ដុំឃោសនាបោះឆ្នោតនៅខេត្ត ស្ទឹងត្រែង កាលពីម្សិលមិញ។ រូបថត/Facebook

លោកមានប្រសាសន៍ថា “យើងអាចមើលឃើញហើយថា ពីឆ្នាំ ២០១៣ រហូតមកទល់ពេលនេះ ភាពអយុត្តិធម៌ជាច្រើនកើតឡើងនៅក្នុងសង្គម ហើយបញ្ហាកាន់តែច្រើនបង្កឡើងដោយគណបក្សប្រជាជន” ។

ការស្ទង់មតិនេះត្រូវបានចែកទៅគណបក្សនានាកាលពីដើមឆ្នាំនេះ ហើយលទ្ធផលនៃការស្ទង់មតិនេះត្រូវបានអះអាងទទួលស្គាល់ដោយថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ព្រមទាំងលោក សំ អុិន អគ្គលេខាធិការនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថា ទាំងលោក និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា សុទ្ធតែមិនបានឃើញការស្ទង់មតិនេះ ។

លោក ចន ខាវេណូហ្វ (John Cavanaugh) នាយក NDI ប្រចាំប្រទេសកម្ពុជា បានលើកឡើងតាមរយៈសារអេឡិចត្រូនិកកាលពីថ្ងៃច័ន្ទថា ការស្ទង់មតិនេះត្រូវបានប្រើប្រាស់ដើម្បីជូនដំណឹងអំពីការពិភាក្សាដេញដោលរបស់ NDI ជាមួយគណបក្សនយោបាយធំៗ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅខែមេសា និងខែឧសភា ។ លោកថ្លែងថា ការស្ទង់មតិនេះ “មានបំណងជួយគណបក្សនានាបង្កើតគោលនយោបាយ និងសារយុទ្ធនាការឃោសនាដែលឆ្លើយតបទៅនឹងការព្រួយបារម្ភរបស់ប្រជាពលរដ្ឋ ប៉ុន្តែមិនមែនសម្រាប់ចែកចាយជាសាធារណៈនៅពេលនេះទេ” ។ NDI ផ្ដល់ជំនួយបច្ចេកទេសដល់គណបក្សកាន់អំណាចនិងគណបក្សប្រឆាំង ហើយបានស្ថិតក្នុងចំណោមអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនតូចដែលកាលពីពេលថ្មីៗនេះរងការចោទប្រកាន់ពីសំណាក់លោក ឈាង វុន តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ថាបង្កឱ្យមាន”បដិវត្តន៍ពណ៌” ។

ខណៈលទ្ធផលនៃការស្ទង់មតិមិនត្រូវបានចេញផ្សាយជាសាធារណៈ គណបក្សប្រឆាំងកំពុងតែប្រើប្រាស់លទ្ធផលរបស់វាដើម្បីធ្វើការសន្យាជាច្រើនទាក់ទិនជ័យជម្នះនៅក្នុងការបោះឆ្នោតនៅថ្ងៃអាទិត្យនេះ ។ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានសន្មតការព្យាកររបស់លោក កឹម សុខា ថា គណបក្សប្រឆាំងនឹងទទួលបានសំឡេងឆ្នោត ៦០ ភាគរយ មួយអន្លើដោយសារតែការស្ទង់មតិនេះ ដោយលើកឡើងថា ការស្ទង់មតិនេះទំនងជាបង្ហាញថាគណបក្សកាន់អំណាចនឹងបរាជ័យយ៉ាងពិតប្រាកដ ។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានតបទៅវិញកាលពីម្សិលមិញថា លទ្ធផលបោះឆ្នោតកន្លងមកបង្ហាញថាប្រទេសកម្ពុជា កំពុងដើរលើទិសដៅត្រឹមត្រូវ ។ លោកបន្តថា “បើយើងមិនកំពុងដើរលើទិសដៅត្រឹមត្រូវ ហើយអនុវត្តគោលនយោបាយមិនបានត្រឹមត្រូវទេ ម្លេ៉ះប្រជាពលរដ្ឋមិនគាំទ្រឱ្យយើងដឹកនាំប្រទេសជាច្រើនអាណត្តិនោះទេ ។ ខ្ញុំគិតថា ការស្ទង់មតិនេះនឹងមិនធ្វើឱ្យប៉ះពាល់ដល់ផ្នត់គំនិតរបស់អ្នកបោះឆ្នោតទេ” ។

ការព្យាកររបស់លោក កឹម សុខា គឺខ្ពស់ជាងឆ្ងាយណាស់បើប្រៀបធៀបទៅនឹងលទ្ធផលទទួលបានរបស់គណបក្សប្រឆាំងអំឡុងការបោះឆ្នោតឃុំ សង្កាត់ ឆ្នាំ ២០១២ ដែលនៅពេលនោះគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សឈ្នះរួមគ្នាទទួលបានតែ ៣០ ភាគរយ ប៉ុណ្ណោះនៃសំឡេងឆ្នោតទាំងអស់ ។ ក្រោយមកនៅក្នុងឆ្នាំនោះ គណបក្សទាំងពីរបានច្របាច់បញ្ចូលគ្នាដើម្បីបង្កើតគណបក្សសង្គ្រោះជាតិ។

នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាលពីខែកក្កដា ឆ្នាំ២០១៣ ដែលទើបតែជាពេលលើកដំបូង ដែលគណបក្សប្រឆាំងកើតចេញពីការច្របាច់បញ្ចូលគ្នានេះ បានប្រឡូកក្នុងការបោះឆ្នោតនោះ គណបក្សសង្គ្រោះជាតិទទួលបានសំឡេងឆ្នោត ៤៤,៥ ភាគរយ ។ អំឡុងពេលនោះលទ្ធផលនេះត្រូវបានចាត់ទុកថា ជាជ័យជម្នះសម្រាប់គណបក្សប្រឆាំងមួយនេះ ដែលបានតស៊ូយ៉ាងស្វិតស្វាញនៅក្នុងការបោះឆ្នោតមុនៗ។

លោក ឆាំ ប៊ុនថេត អ្នកវិភាគនយោបាយបានលើកឡើងកាលពីម្សិលមិញថា លោកមិនជឿការលើកឡើងរបស់លោក កឹម សុខា ដែលថា គណបក្សប្រឆាំងនេះអាចបន្ថែម ១៥ ភាគរយ ទៀតពីលើលទ្ធផលដែលទទួលបានកាលពីឆ្នាំ ២០១៣ ជាពិសេសអំឡុងការបោះឆ្នោតឃុំសង្កាត់ដែលមានទំនោរគាំទ្រគណបក្សកាន់អំណាច ។

លោក ឆាំ ប៊ុនថេត ដែលក៏ជាទីប្រឹក្សាគណបក្សប្រជាធិបតេយ្យមូលដ្ឋានដែរនោះបានថ្លែងថា “ខ្ញុំហ៊ាននិយាយថា ពួកគេមិនអាចឈានឡើងដល់ ៦០ ភាគរយ ទេ” ។ លោកបានបន្ថែមថា “ខ្ញុំហា៊នទាយថា ប្រហែល ៥០ ទល់ ៥០ ឬក៏ក្រោមនេះ” ។

លោកលើកឡើងទៀតថាពលករចំណាកស្រុកដែលទៅធ្វើការនៅក្រៅប្រទេស និងដែលមានទំនោរគាំទ្រគណបក្សប្រឆាំងនោះ នឹងមិនវិលត្រឡប់មកបោះឆ្នោតឃុំសង្កាត់នេះទេ តែផ្ទុយទៅវិញនឹងរង់ចាំដល់ការបោះឆ្នោតជាតិដែលជាការបោះឆ្នោតដ៏ធំនៅឆ្នាំក្រោយ។ លោកបានមានប្រសាសន៍ថា “ហេតុដូច្នេះពួកគេនឹងនិយាយថា ‘នរណាដឹកនាំឃុំសង្កាត់ក៏បានដែរ អត់បញ្ហា ។ ខ្ញុំនឹងបោះឆ្នោតនៅក្នុងឆ្នាំ ២០១៨'” ។

លោក សេបាស្ទៀន ស្ទ្រែងហ្គីអូ (Sebastian Strangio) ជាអ្នកកាសែត និងជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “កម្ពុជារបស់ ហ៊ុន សែន ” បានលើកឡើងថា ការព្យាកររបស់លោក កឹម សុខា “បង្ហាញពីជំនឿចិត្តហួសនិស្ស័យថានៅក្នុងការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ គណបក្សសង្គ្រោះជាតិនឹងទទួលបានសំឡងគាំទ្រភាគច្រើន ហើយវាពិតជាសមហេតុសមផលដែលរំពឹងថា គណបក្សនេះនឹងធ្វើបានល្អនៅក្នុងការបោះឆ្នោត” ។

លោកបានបន្ថែមថា ការសន្យាម្តងជាពីរដងថានឹងនាំមកនូវជ័យជម្នះ ប៉ុន្តែបែរជាចាញ់ទៅវិញនោះប្រហែលជាធ្វើឲ្យគណបក្សនេះមានការខកចិត្ត “ប៉ុន្តែដោយសារលោក កឹម សុខា ទើបតែបានធ្វើជាប្រធានគណបក្សសង្គ្រោះជាតិនោះ ខ្ញុំគិតថាលោកមិនមានអីខាតបង់ទេពីការព្យាករថាគណបក្សរបស់លោកនឹងទទួលបានជ័យជម្នះនោះ” ។

តំណាងរាស្ត្រជាន់ខ្ពស់គណបក្សសង្គ្រោះ ជាតិបានបន្ទរតាមការព្យាកររបស់លោក កឹម សុខា ថា នឹងទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដី។លោក យឹម សុវណ្ណ បានលើកឡើងថា គណបក្សសង្គ្រោះជាតិមើលឃើញថា ការគាំទ្រមានកើនឡើងខ្លាំងអំឡុងការហែក្បួន និងការជួបជុំឃោសនានៅក្នុងរាជធានីភ្នំពេញនិងតាមទីជនបទ បើធៀបនឹងឆ្នាំ ២០១២ ។

ដោយសំដៅដល់ការហែក្បូនក្នុងរាជធានីកាលពីថ្ងៃអាទិត្យដែលមានអ្នកគាំទ្រចូលរួមជាច្រើនពាន់នាក់នោះ លោកបានលើកឡើងថា” មានមនុស្សកាន់តែច្រើនឡើងៗចូលរួមក្នុងការឃោសនានេះ” ។

លោកស្រី មូរ សុខហួរ តំណាងរាស្ត្រជាន់ខ្ពស់គណបក្សប្រឆាំងបានលើកឡើងថា កម្រិតនៃការគាំទ្រគណបក្សប្រឆាំងខ្លាំងជាងការគាំទ្រដែលលោកស្រីបានឃើញអំឡុងការបោះឆ្នោតមុនៗ ។

លោកស្រីបានថ្លែងថា “មានការគាំទ្រមិនគួរឲ្យជឿ ។ បន្ទាប់ពីឆ្ នាំ២០១៣ និងបន្ទាប់ពីស្ថានភាពនយោបាយដ៏ក្តៅគគុកនាពេលកន្លងមក យើងព្រួយបារម្ភថា អ្នកគាំទ្រ និងយុវជននឹងខ្លារអា” ។ លោកស្រីបានបន្ថែមថា “ប៉ុន្តែ ផ្ទុយទៅវិញវាហាក់បីដូចជាពួកគាត់នៅតែជារក្សាជំនឿរបស់ខ្លួនថា….មានតែគណបក្សសង្គ្រោះជាតិទេដែលអាចស្វែងរកដំណោះស្រាយជូនប្រទេសជាតិបាន” ។

បច្ចុប្បន្នតំណែងមេឃុំចៅសង្កាត់៩៧ភាគរយស្ថិតនៅក្នុងដៃរបស់គណបក្សកាន់អំណាចក្រោយពេលគណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងលើសលប់ក្នុងឆ្នាំ ២០១២ ជាពេលដែលគណបក្សនេះបានឈ្នះសំឡេងឆ្នោតប្រហែល ៦០ ភាគរយ ។

ប្រសិនបើគណបក្សសង្គ្រោះជាតិពិតជាអាចបំពេញតាមក្តីសង្ឃឹមរបស់លោក កឹម សុខា ហើយធ្វើបានល្អដូចអ្វីដែលគណបក្សប្រជាជនកម្ពុជាទទួលបានដូចក្នុងឆ្នាំ២០១២មែននោះ តំណែងមេឃុំចៅសង្កាត់របស់គណបក្សប្រឆាំងទំនងជាចន្លោះពី៧០ទៅ៨៥ភាគរយពោលគឺតិចជាងតំណែងដែលគណបក្សប្រជាជនទទួលបានក្នុងឆ្នាំ២០១២ដោយសារវិធីសាស្ត្របោះឆ្នោតដែលគាំទ្រគណបក្សធំៗ និងធ្វើឲ្យគណបក្សប្រឆាំងដែលបែកខ្ញែកគ្នាកាលពី៥ឆ្នាំមុនចាញ់ប្រៀប ។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាចនៅតែព្យាករជាប់ជានិច្ចថា គណបក្សកាន់អំណាចនឹងទទួលបានជ័យជម្នះដោយបានលើកឡើងថា ប្រជាពលរដ្ឋនឹងបោះឆ្នោតឲ្យ “អ្នកនយោបាយដែលមានស្នាដៃ និងមានសមត្ថភាព” ហើយនឹងបោះឆ្នោតឲ្យគណបក្សដែល “ខិតខំធ្វើការបំផុតដើម្បីបម្រើប្រទេសជាតិ និងប្រជាពលរដ្ឋ” ។ លោកបានបង្កើនភាគរយបន្ថែមទៀតលើការព្យាកររបស់លោកកាលពីម្សិលមិញ ។

លោកបានមានប្រសាសន៍ថា “យើងជឿជាក់១០០ភាគរយថា នឹងទទួលបានជ័យជម្នះក្នុងការបោះឆ្នោតនេះ” ៕

(រាយការណ៍បន្ថែមដោយ Michael Dickison)

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស