29 C
Phnom Penh

រដ្ឋាភិបាល​​ប្រឈម​ការ​ចោទ​ប្រកាន់​​ថារារាំង​ការ​បោះឆ្នោត​របស់​​កម្មករ​កម្មការិនីរោងចក្រ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញសកម្មជនសិទ្ធិការងារបានជំរុញឱ្យរដ្ឋាភិបាលជួយកម្មករកម្មការិនីរាប់សែននាក់ដែលធ្វើចំណាកស្រុកក្នុងប្រទេសឱ្យបានទៅបោះឆ្នោតនៅថ្ងៃអាទិត្យនេះ ដោយអ្នកវិភាគនយោបាយមួយរូបលើកឡើងថា ការបាត់បង់សិទ្ធិដែលអាចកើតមានរបស់ពួកគេអាចនឹងធ្វើឱ្យគណបក្សកាន់អំណាចឈ្នះការបោះឆ្នោត។

ខណៈអ្នកនាំពាក្យគណបក្សប្រឆាំងបានចោទប្រកាន់រដ្ឋាភិបាលថាចេតនាធ្វើឲ្យកម្មករកម្មការិនីបាត់បង់សិទ្ធិបោះឆ្នោត ហើយអាចធ្វើឲ្យប៉ះពាល់ដល់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ក្រសួងការងារបានវាយបកធ្ងន់ៗទៅបណ្តាអ្នករិះគន់តាមរយៈសេចក្ដីជូនដំណឹងរបស់ខ្លួន ហើយបានទម្លាក់ការទទួលខុសត្រូវទៅលើលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិចំពោះការខ្វែងគំនិតគ្នានេះដែលបានតានតឹងកាន់តែខ្លាំង នៅពេលថ្ងៃបោះឆ្នោតខិតជិតមកដល់។

កម្មករ កម្មការិនីដើរចេញពីរោងចក្រមួយស្ថិតក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីរសៀលម្សិលមិញ។  រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
កម្មករ កម្មការិនីដើរចេញពីរោងចក្រមួយស្ថិតក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីរសៀលម្សិលមិញ។  រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

ការខ្វែងគំនិតគ្នានេះផ្តោតលើសេចក្ដីជូនដំណឹងមួយចេញកាលពីថ្ងៃច័ន្ទដោយលោក អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារដែលសុំឱ្យម្ចាស់រោងចក្រ “ជួយបង្កលក្ខណៈងាយស្រួលដល់កម្មករ និយោជិតបានទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់…នៅខែមិថុនា ឆ្នាំ២០១៧នេះនៅតាមឃុំសង្កាត់ដែលបានចុះឈ្មោះបោះឆ្នោត”។

គណបក្សប្រឆាំង និងអង្គការសិទ្ធិការងារនានាលើកឡើងថា សេចក្ដីជូនដំណឹងគ្មានទម្ងន់ទាល់តែសោះ ហើយវាផ្ទុយស្រឡះពីសេចក្ដីជូនដំណឹងរបស់ក្រសួងនេះកាលពីឆ្នាំ២០១២ ដែលបានចេញមុនការបោះឆ្នោតក្នុងឆ្នាំនោះថា ម្ចាស់រោងចក្រ “ត្រូវអនុវត្តដូចខាងក្រោម…[កម្មករកម្មការិនី] នៅរាជធានីភ្នំពេញ ដែលត្រូវធ្វើដំណើរទៅតាមបណ្ដាខេត្ត និងវិលត្រឡប់ពីខេត្តទាំងនោះមករាជធានីភ្នំពេញវិញ ទទួលបានការឈប់សម្រាករយៈពេល៣ថ្ងៃ”។

លោក មឿន តុលា នាយកមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ បានមានប្រសាសន៍ថា ការផ្លាស់ប្ដូរនេះហាក់បង្ហាញថា គណបក្សប្រជាជនកម្ពុជា “ខ្លាចស្រមោលខ្លួនឯង” ហើយលោកបានអំពាវនាវឱ្យក្រសួងចេញសេចក្ដីជូនដំណឹងដែលមានទម្ងន់ជាងនេះ។

លោកលើកឡើងថា “ក្រសួងការងារគួរតែចេញសេចក្ដីណែនាំច្បាស់លាស់ទៅដល់ឧស្សាហកម្មនេះ…អនុញ្ញាតឲ្យកម្មករ និងនិយោជិតបានឈប់សម្រាក [មានបៀវត្សរ៍] យ៉ាងតិចរយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី៣ និងថ្ងៃទី៥ ខែមិថុនា”។

លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានយល់ស្របនឹងក្ដីបារម្ភរបស់លោក មឿន តុលា កាលពីម្សិលមិញ ដោយចាត់ទុកសេចក្ដីជូនដំណឹងរបស់ក្រសួងនេះថាជា “យុទ្ធសាស្ត្រ” មួយដែលបានធ្វើឱ្យប៉ះពាល់ដល់ភាពត្រឹមត្រូវនៃការបោះឆ្នោតនៅថ្ងៃអាទិត្យនេះ។

លោកមានប្រសាសន៍ថា “ខ្ញុំគិតថា វាអាចប៉ះពាល់ដល់ប្រជាពលរដ្ឋប្រមាណ៣០០.០០០ទៅ៤០០.០០០នាក់”។ លោកបន្តថា “អ្នកខ្លះក្នុងចំណោមពួកគាត់ចុះឈ្មោះនៅភ្នំពេញ វាមិនអីទេ ប៉ុន្តែអ្នកដែលចុះឈ្មោះនៅតាមបណ្ដាខេត្ត” នឹងមិនអាចត្រឡប់ទៅបោះឆ្នោតនៅស្រុកបានឡើយ។

លោកលើកឡើងបន្តថា សេចក្ដីជូនដំណឹងរបស់ក្រសួងនេះជាផ្នែកមួយនៃយុទ្ធសាស្ត្រដ៏ធំរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីរារាំងប្រជាពលរដ្ឋមិនឱ្យទៅបោះឆ្នោត។

អ្នកនាំពាក្យរូបនេះមានប្រសាសន៍បន្ថែមទៀតថា “អំឡុងដំណើរការចុះឈ្មោះ អ្នកដែលមានសិទ្ធិបោះឆ្នោត២០ភាគរយមិនអាចចុះឈ្មោះបានដោយសារតែពួកគាត់នៅក្រៅប្រទេស និងដោយសារពួកគាត់គ្មានឯកសារគ្រប់គ្រាន់។ ហើយឥឡូវកម្មករ កម្មការិនីមួយចំនួនបានចុះឈ្មោះរួចហើយ ប៉ុន្តែមិនអាចត្រឡប់ទៅផ្ទះវិញបានដោយសារពួកគាត់ឈប់សម្រាកបានតែមួយថ្ងៃ។ នេះជារឿងនយោបាយ”។

លោក ឆាំ ប៊ុនថេត អ្នកវិភាគនយោបាយដែលជាទីប្រឹក្សាគណបក្សប្រជាធិបតេយ្យមូលដ្ឋានថ្លែងថា គោលការណ៍នេះមិនមែនប៉ះពាល់ត្រឹមតែកម្មករ កម្មការិនីរោងចក្រនោះទេ។

លោកគូសបញ្ជាក់ថា “មិនត្រឹមតែប៉ះពាល់ដល់កម្មករ កម្មការិនីរោងចក្រទេ អ្នកដែលធ្វើការនៅរាជធានីភ្នំពេញ ក៏ប៉ះពាល់ដែរ។ ឧទាហរណ៍ អ្នកដែលធ្វើការនៅធនាគារ អ្នកដែលសិក្សានៅសាកលវិទ្យាល័យ ពួកគាត់នៅតែមិនទទួលបានឱកាសទៅបោះឆ្នោត”។

លោកបានបន្តថា គោលបំណងនៃគោលការណ៍នេះគឺដើម្បីបន្ថយចំនួនអ្នកទៅបោះឆ្នោតនៅថ្ងៃអាទិត្យនេះ ខណៈគណបក្សប្រជាជនកម្ពុជារៀបចំការដឹកជញ្ជូនផ្ទាល់ខ្លួនសម្រាប់អ្នកគាំទ្ររបស់ខ្លួន។

លោកបានមានប្រសាសន៍បន្ថែមទៀតថា “សម្រាប់អ្នកដែលគេដឹងច្បាស់ថានឹងបោះឆ្នោតគាំទ្រខ្លួន គេនឹងធ្វើគ្រប់បែបយ៉ាងដើម្បីជួយដឹកជញ្ជូនពួកគេពីរាជធានីទៅការិយាល័យបោះឆ្នោតនានា” ជាយុទ្ធសាស្ត្រមួូយដែលលោក មឿន តុលា លើកឡើងថាអាចទៅរួច។

សហភាពអឺរ៉ុបដែលនាំចូល៤៣ភាគរយនៃសម្លៀកបំពាក់ និងស្បែកជើងសរុបរបស់កម្ពុជា មិនបានឆ្លើយតបទេពេលសុំឲ្យឆ្លើយបំភ្លឺកាលពីម្សិលមិញ។ លោក កែន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ក៏មិនបានឆ្លើយសំណួរដែរ ដោយគ្រាន់តែលើកឡើងថា  ”ជំហររបស់យើងនៅដដែល គឺយើងគោរពតាមថ្ងៃឈប់សម្រាកផ្លូវការសម្រាប់ការបោះឆ្នោតនៅថ្ងៃទី៤ ខែមិថុនា”។

អ្នកនាំពាក្យរដ្ឋាភិបាលដែលទាក់ទងបានកាលពីម្សិលមិញ បានទម្លាក់ការទទួលខុសត្រូវចំពោះការផ្លាស់ប្ដូរនេះទៅលើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក្រសួងការងារ ឬលោក សម រង្ស៊ី។

កម្មករ កម្មការិនីដើរចេញពីរោងចក្រមួយស្ថិតក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីរសៀលម្សិលមិញ។  រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
កម្មករ កម្មការិនីដើរចេញពីរោងចក្រមួយស្ថិតក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីរសៀលម្សិលមិញ។  រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីមានប្រសាសន៍ថា លោកមិនច្បាស់ទេចំពោះសេចក្ដីជូនដំណឹងរបស់ក្រសួងការងារកាលពីឆ្នាំ២០១២ ប៉ុន្តែលើកឡើងថា “លើកនេះវាជាច្បាប់របស់ គ.ជ.ប មិនមែនច្បាប់របស់រដ្ឋាភិបាល” ដែលកំណត់គោលការណ៍បែបនេះទេ។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប មានប្រសាសន៍ថា ការសម្រេចនេះស្ថិតលើក្រសួងការងារ ហើយថា ” គ.ជ.ប គ្មានសិទ្ធិអំណាចលើក្រុមហ៊ុនសហគ្រាសឯកជនទេ…។ បើ គ.ជ.ប អនុញ្ញាតឱ្យឈប់សម្រាក វានឹងប៉ះពាល់ដល់ពាណិជ្ជកម្ម ឬសេដ្ឋកិច្ចរបស់ប្រទេស”។

ភ្លាមៗអ្នកនាំពាក្យក្រសួងការងារមិនបានឆ្លើយតបសំណើសុំការឆ្លើយបំភ្លឺទេ ប៉ុន្តែក្រសួងបានចេញសេចក្ដីជូនដំណឹងមួយកាលពីម្សិលមិញ ដោយរិះគន់លោក សម រង្ស៊ី ចំពោះការចេញវីដេអូតាមហ្វេសប៊ុកចោទប្រកាន់រដ្ឋាភិបាលថារារាំងសិទ្ធិរបស់កម្មករកម្មការិនីមិនឱ្យទៅបោះឆ្នោត។

សេចក្ដីជូនដំណឹងនេះមានខ្លឹមសារថា “ច្បាប់ គ.ជ.ប នេះត្រូវបានអបអរសាទរដោយគណបក្សទាំងពីរ ហើយពេលនោះទណ្ឌិត សម រង្ស៊ី គឺជាប្រធានគណបក្សសង្គ្រោះជាតិ។ បើទណ្ឌិត សម រង្ស៊ី ពិតជាចង់ឱ្យកម្មករកម្មការិនីត្រឡប់ទៅបោះឆ្នោតនៅស្រុកកំណើត ហេតុអីក៏ទណ្ឌិតនេះមិនស្នើសុំឱ្យឈប់សម្រាកប៉ុន្មានថ្ងៃ [នៅក្នុងការបោះឆ្នោត]?”។

ការលើកឡើងនេះទំនងជាសំដៅដល់ការអនុម័តច្បាប់បោះឆ្នោតពីរ គឺច្បាប់បោះឆ្នោតឃុំ សង្កាត់ និងច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាលពីខែមីនា ឆ្នាំ២០១៥។ អំឡុងសម័យប្រជុំសភា លោក សម រង្ស៊ី ដែលពេលនោះជាប្រធានគណបក្សសង្គ្រោះជាតិបានជំរុញឱ្យតំណាងរាស្ត្រអនុម័តច្បាប់ទាំងពីរដែលមានប្រសិទ្ធភាពអនុវត្តនៅឡើយ ដែលជាលទ្ធផលកើតចេញពីការចរចារយៈពេល៧ខែរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។

ច្បាប់ស្តីពីការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ មិនមានចែងអំពីថ្ងៃឈប់សម្រាកមុន ឬក្រោយការបោះឆ្នោតឡើយ។

លោក សម រង្ស៊ី បានលើកឡើងនៅពេលនោះថា “ខ្លឹមសារនៃច្បាប់ពីរនេះត្រូវបានពិភាក្សាយ៉ាងល្អិតល្អន់ និងយ៉ាងយកចិត្តទុកដាក់ ដូច្នេះនៅថ្ងៃនេះសភាមិនចាំបាច់លើកចំណុចនេះ ឬចំណុចនោះមកពិភាក្សាដេញដោលទៀតទេ ព្រោះក្រុមការងារបានធ្វើការងារស៊ីជម្រៅនេះរួចហើយ”។

ចុងបញ្ចប់ ចំណាត់ការរបស់ក្រសួងការងារគឺជាឧទាហរណ៍មួយទៀតបង្ហាញថា គណបក្សប្រឆាំងនឹងចាញ់គណបក្សកាន់អំណាចដែលមានភាពឆ្លាតវៃជាង នេះបើយោងតាមការលើកឡើងរបស់លោក ឆាំ ប៊ុនថេត។

លោកមានប្រសាសន៍ថា “គណបក្សប្រជាជនឆ្លាតជាង។ ខ្ញុំគិតថា បើ [គោលការណ៍នេះ] ជោគជ័យ គណបក្សប្រជាជននឹងនៅតែឈ្នះការបោះឆ្នោតនេះ”៕ សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស