35 C
Phnom Penh

CRNP ព្យាករ​​​ថា នឹង​​​ទទួល​​​បាន​​​សំឡេង​​​គាំទ្រ​​​ច្រើន​​​​នៅ​​​​​​រាធានី​​​អំឡុង​​​ការ​​​បោះ​​​ឆ្នោត​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ជាញឹកញយ អ្នកបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិត្រូវបានគេប្រាប់ថា បើពួកគាត់នាំគ្នាបោះឆ្នោតនៅក្នុងរាជធានីភ្នំពេញគឺជាការខ្ជះខ្ជាយសន្លឹកឆ្នោត ពីព្រោះគណបក្សសង្គ្រោះជាតិទទួលបានការគាំទ្រដ៏រឹងមាំជាយូរមកហើយនៅក្នុងរាជធានី។

ប៉ុន្តែបើក្រឡេកមើលលទ្ធផលនៃការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១២បង្ហាញឲ្យឃើញផ្សេងពីនេះ ដោយគណបក្សប្រជាជនកម្ពុជាបានឈ្នះទាំងអស់លើតំណែងចៅសង្កាត់ទាំង៩៦។នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រមួយឆ្នាំក្រោយមក លទ្ធផលបានប្រែប្រួលភា្លាមៗ ដោយគណបក្សសង្គ្រោះជាតិឈ្នះសំឡេងឆ្នោតភាគច្រើននៅក្នុងសង្កាត់ចំនួន៨០ក្នុងចំណោមសង្កាត់ទាំង៩៦នេះ។

អ្នកឃ្លាំមើលការបោះឆ្នោតបានលើកឡើងថា នៅថ្ងៃបោះឆ្នោតឃុំសង្កាត់ថ្ងៃទី៤ខែមិថុនា  គណបក្សសង្គ្រោះជាតិមានឱកាសឈ្នះម្តងទៀតនៅក្នុងរាជធានីដោយទទួលបានជ័យជម្នះលើថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដែលមានមូលដ្ឋាននៅក្នុងរាជធានី។

WP-LastImage-44-800x533ប៉ុន្តែដោយសារថវិកា និងអំណាចនៅតែស្ថិតនៅក្នុងដៃរដ្ឋាភិបាលថ្នាក់ជាតិនោះ អ្នកជំនាញបានលើកឡើងថា ឃុំសង្កាត់ណាដែលគ្រប់គ្រងដោយគណបក្សសង្គ្រោះជាតិនឹង ជួបការលំបាកនៅក្នុងការធ្វើតាមការសន្យារបស់ខ្លួនអំឡុងរដូវកាលឃោសនា បើមិនឈ្នះនៅក្នុងការបោះឆ្នោតជាតិឆ្នាំក្រោយទេនោះ។

លោក សឿង សារ៉ន នាយកប្រតិបត្តិសមាគមធាងត្នោត ជាអង្គការសិទ្ធិលំនៅដ្ឋានបានលើកឡើងថា “វាជា…រឿងនយោបាយ ថាតើគេចង់អភិវឌ្ឍសង្កាត់ណាមួយឲ្យពិតប្រាកដឬក៏អត់”។ លោកបានបន្ថែមថា “អ្នកបើកបរនៅតែជាអ្នកនាំផ្លូវ អ៊ីចឹងតើអ្នកអាចផ្លាស់ប្តូរតាមរបៀបណា?”។

នៅក្នុងឆ្នាំ២០១២ប្រជាពលរដ្ឋចេញមកបោះឆ្នោតក្នុងចំនួនតិច ហើយការបែកខ្ញែកគ្នានៅក្នុងចំណោមគណបក្សប្រឆាំងបានផ្តល់ផលប្រយោជន៍យ៉ាងខ្លាំងដល់គណបក្សកាន់អំណាច នេះបើយោងតាមអ្នកវិភាគនយោបាយ ឆាំ ប៊ុនថេត។ ប៉ុន្តែនៅក្នុងការបោះឆ្នោតជាតិក្នុងឆ្នាំបន្ទាប់ គេឃើញថា ប្រជាពលរដ្ឋបាននាំគ្នាចេញមកបោះឆ្នោតក្នុងចំនួនយ៉ាងច្រើន ហើយគណបក្សប្រឆាំងបានច្របាច់បញ្ចូលគ្នាបង្កើតទៅជាគណបក្សសង្គ្រោះជាតិ។

ដោយព្យាករពីការទទួលបានតំណែងខ្លះរបស់គណបក្សសង្គ្រោះជាតិ និងការបន្តទទួលបានការគាំទ្រខ្លាំងដដែលរបស់គណបក្សប្រជាជនកម្ពុជានៅក្នុងរាជធានីនោះលោក ឆាំ ប៊ុនថេត បានលើកឡើងកាលពីម្សិលមិញថា “ពលរដ្ឋខ្មែរមិនសូវឲ្យតម្លៃលើការបោះឆ្នោតឃុំសង្កាត់ទេ”។លោកបានបន្តថា “ពួកគាត់ចង់ផ្លាស់ប្តូរថ្នាក់ដឹកនាំតែម្តង”។

នៅតាមផ្លូវក្នុងរាជធានីភ្នំពេញ គេឮប្រជាពលរដ្ឋនិយាយអំពីការផ្លាស់ប្តូរនេះគ្រប់ៗមាត់។ម្ចាស់ហាងសម្អាងការម្នាក់អាយុ៥៥ឆ្នាំដែលប្រាប់ត្រឹមតែថាឈ្មោះ”រ៉ា” ពេលអ្នកស្រី កំពុងអង្គុយដោតផ្កាកាលពីម្សិលមិញនោះបាននិយាយថា “ខ្ញុំចង់ឲ្យមានការផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន”។

ប្តីរបស់អ្នកស្រី ឈ្មោះ គ្រួច ប៊ុនលាងដែលបដិសេធមិនប្រាប់ឈ្មោះគណបក្សដែលខ្លួនគាំទ្រនោះ បាននិយាយថា “ខ្ញុំមិនគិតថា រដ្ឋាភិបាលបច្ចុប្បន្នអាចដោះស្រាយបញ្ហាបានច្រើននោះទេ”។លោកបាននិយាយបន្ថែមថា “ខ្ញុំនឹងបោះឆ្នោតឲ្យគណបក្សដែលផ្តល់សេរីភាព និងលទ្ធិប្រជាធិបតេយ្យ”។

គណបក្សសង្គ្រោះជាតិបានព្យាករថា ខ្លួនអាចទទួលបានសំឡេងឆ្នោតយ៉ាងតិច៦០ភាគរយនៃតំណែងចៅសង្កាត់ចំនួន១០៥ដែលដាក់ឲ្យប្រកួតប្រជែងយក នេះបើយោងតាមលោក ម៉ន ផល្លា ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិរាជធានី។

ដោយសំដៅដល់ថ្នាក់ដឹកនាំ ដែលលោកអះអាងថា មិនខូចឈ្មោះដោយសារអំពើពុករលួយ និង គោលការណ៍បក្សក្នុងការផ្តល់សិទ្ធិអំណាចដល់អាជ្ញាធរមូលដ្ឋាន និងថវិកាទៅឲ្យឃុំសង្កាត់នោះ លោកបានមានប្រសាសន៍កាលពីម្សិលមិញថា”នៅក្នុងរាជធានីយើងមានភាពជិតស្និទ្ធ”។

រីឯខាងគណបក្សប្រជាជនកម្ពុជាវិញលោក ង៉ែត ចាន់ដាវី សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីបានលើកឡើងថា ចក្ខុវិស័យរបស់គណបក្សលោកចំពោះអភិបាលកិច្ចថ្នាក់មូលដ្ឋានគឺអនុវត្តតាមគោលនយោបាយរបស់ថ្នាក់លើ។

លោកបានមានប្រសាសន៍ថា “យើងនឹងអនុវត្តតាមគោលនយោបាយរបស់ថ្នាក់លើហ្នឹង”។ លោកមិនចង់បង្ហាញអំពីគោលដៅរបស់បក្សលោកក្នុងរាធានីទេ។លោកបានថ្លែងថា “ចាំមើលលទ្ធផលសិន”។

cam-map-city-hall-featured-800x529ប្រសិនបើការព្យាកររបស់គណបក្សសង្គ្រោះជាតិថានឹងទទួលបានតំណែងចៅសង្កាត់ភាគច្រើនក្លាយជាការពិតនោះ គណបក្សនេះអាចទទួលបានការគ្រប់គ្រងលើក្រុមប្រឹក្សារាជធានី។

ដឹកនាំដោយអភិបាលរាជធានីភ្នំពេញ និងបោះឆ្នោតជ្រើសរើសដោយក្រុមប្រឹក្សាឃុំសង្កាត់ ស្ថាប័នមួយនេះទទួលខុសត្រូវលើការបង្កើតផែនការអភិវឌ្ឍសម្រាប់រាជធានីគ្រប់គ្រងថវិកា និងធ្វើផែនការថវិកាប្រចាំឆ្នាំ។

ប៉ុន្តែ ដោយសារក្រសួងមហាផ្ទៃគ្រប់គ្រងថវិកាសម្រាប់ចំណាយរបស់រាជធានី និងទទួលបានសិទ្ធិអំណាចក្នុងការតែងតាំងឬក៏បណ្តេញអភិបាលរាជធានីចេញពីតំណែងនៅពេលណាក៏បាននោះ អ៊ីចឹងមានតែចាំមើលសិនថា តើក្រុមប្រឹក្សាដឹកនាំដោយគណបក្សប្រឆាំងអាចធ្វើឲ្យមានការវិវឌ្ឍណាមួយបានដែរ ឬទេលើរបៀបវារៈរបស់ខ្លួន។

លោក អ៊ាង វុទ្ធី ប្រធានអង្គការសមធម៌កម្ពុជា ជាអង្គការមិនមែនរដ្ឋាភិបាលផ្តោតលើលំនៅដ្ឋាន និងការអភិវឌ្ឍន៍បានលើកឡើងថា “ពីមុនអត់មានករណីបែបហ្នឹងទេ”។ លោកបានបន្ថែមថា “ហេតុដូច្នេះការបោះឆ្នោតនេះនឹងជាការបោះឆ្នោតដែលធ្វើឲ្យមានការផ្លាស់ប្តូរដ៏ធំ ប្រសិនបើគណបក្សផ្សេងទទួលបានការគ្រប់គ្រង”។

លោកបានលើកឡើងទៀតថា ចៅសង្កាត់ ដឹកនាំដោយគណបក្សប្រឆាំងប្រហែលជាអាចធ្វើឲ្យមានការផ្លាស់ប្តូរក្នុងប្រតិបត្តិការ ពីមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្តែក៏ប្រហែលជាប្រឈមការរារាំងផងដែរពេលស្នើសុំថវិកាដោយធ្វើឲ្យពួកគេមើលទៅអត់អំណាចនោះឡើយសម្រាប់អ្នកបោះឆ្នោត។

លោកបានថ្លែងថា “ខ្ញុំអាចព្យាករបានថា ប្រហែលជាមានឧបសគ្គច្រើនសម្រាប់គណបក្សផ្សេង”។

លោក ឆាំ ប៊ុនថេត បានយល់ស្របដោយលើកឡើងពីការដែលអភិបាលរាជធានីប្រហែលជាគ្រប់គ្រងលើក្រុមប្រឹក្សា។

លោកបានមានប្រសាសន៍ថា “តាមច្បាប់ពួកគេត្រូវបានបោះឆ្នោតជ្រើសរើសដោយប្រជាពលរដ្ឋ ប៉ុន្តែអភិបាល[រាជធានី]មើលការខុសត្រូវលើពួកគេ ហើយជាអ្នកធ្វើការសម្រេច”។

លោក សឿង សារ៉ន បានលើកឡើងទៀតថា ការដែលធ្វើឲ្យអភិបាលរាជធានីក្លាយជារឿងនយោបាយេនះអាចស្តែងឲ្យឃើញតាមរយៈប្រតិកម្មផ្សេងៗគ្នារបស់សាលារាជធានីចំពោះក្បួនដង្ហែឃោសនារបស់គណបក្សនយោបាយទាំងពីរ ដោយកាលពីម្សិលមិញសាលារាជធានីបានស្នើឲ្យគណបក្សសង្គ្រោះជាតិ ប្តូរថ្ងៃនិងទីតាំងហែក្បួនរបស់ខ្លួន។

លោកបានថ្លែងថា ស្ថានភាពនេះ “ធ្វើឲ្យប្រជាពលរដ្ឋគិតថា ហាក់បីដូចជាមានស្តង់ដារពីរ”។

មន្ត្រីថ្នាក់ទាបមួយចំនួនក្នុងជួររដ្ឋាភិបាលថ្នាក់ជាតិបានបំបែកខ្លួនចេញពីថ្នាក់ដឹកនាំរបស់គណបក្សកាន់អំណាចរួចហើយដើម្បីទៅចូលរួមជាមួយគណបក្សប្រឆាំង នេះបើយោងតាមលោក សំ សុខសួន បេក្ខជនក្រុមប្រឹក្សាគណបក្សសង្គ្រោះជាតិនៅក្នុងសង្កាត់បឹងធំខណ្ឌពោធិ៍សែនជ័យ។

លោកបានថ្លែងថា “គាត់បារម្ភខ្លាចប៉ះពាល់ដល់មុខរបររបស់គាត់បើគាត់ចេញមុខជាមួយយើង”។លោកបានថ្លែងថា “គណបក្សសង្គ្រោះជាតិមិនយកនរណាជាសត្រូវទេយើងបម្រើប្រជាពលរដ្ឋដោយគ្មានរើសអើងនិន្នាការនយោបាយ”។

ទោះជាយ៉ាងណា លោក ជា សំណាង     អាយុ៤៩ឆ្នាំ ជាអ្នករត់រ៉ឺម៉កកង់បីបាននិយាយថា លោកពេញចិត្តគណបក្សនិងការដឹកនាំសព្វថ្ងៃ។

អ្នកនៅរស់រានមានជីវិតពីសម័យខ្មែរក្រហមរូបនេះបាននិយាយថា “ហេតុអីត្រូវប្រថុយនឹងសង្គ្រាមជាមួយអ្នកថ្មី បើឥឡូវលោកអាច “ទៅណា ពេលណា” ក៏បានដែរពោរពេញដោយសន្តិភាពនោះ?។

លោកបានលើកឡើងថា “គេបានសង្គ្រោះខ្ញុំ និងបានអភិវឌ្ឍប្រទេសជាតិពីបាតដៃទទេ”។លោកបានបន្ថែមទៀតថា “ខ្ញុំមិនចង់បានលើសពីនេះទេ”៕ស៊ុយឈាង

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស