34 C
Phnom Penh

ភរិយាសព​​​កង​​​រក្សាសន្តិភាព​​​​ដែល​ស្លាប់ដោយ​​​គ្រុន​​​ចាញ់​​​ទទួល​​​បាន​​​សំណង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ភរិយាសពកងរក្សាសន្តិភាពអង្គការសហប្រជាជាតិម្នាក់មកពីប្រទេសកម្ពុជា ដែលបានស្លាប់ដោយសារឆ្លងជំងឺគ្រុនចាញ់កាលពីខែ មករា នោះ កាលពីម្សិលមិញទទួលបានសំណងពលីជាទឹកប្រាក់ចំនួន ៧០.០០០ ដុល្លារ ពីអង្គការសហប្រជាជាតិ ។

លោក លុយ ប៊ុនឡុង ទាហានកងយោធពលខេមរភូមិន្ទ បានឈរជើងក្នុងសាធារណរដ្ឋអាហ្វ្រិកកណ្ដាល (CAR) កន្លែងដែលកងរក្សាសន្តិភាពបួនរូបទៀតមកពីប្រទេសកម្ពុជាដែរត្រូវបានសម្លាប់អំឡុងការស្ទាក់វាយកាលពីថ្ងៃទី ៨ ខែ ឧសភា ដោយក្រុមឧទ្ទាមប្រដាប់អាវុធ ។

លោក ប្រាក់ សុខុន ដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មានប្រសាសន៍ទៅកាន់គ្រួសាររបស់សពលោក លុយ ប៊ុនឡេង អ្នករក្សាសន្តិភាពអង្គការសហប្រជាជាតិ ដែលបានស្លាប់នៅប្រទេស រវ៉ាន់ដា កាលពីខែ មករា ក្នុងពិធីមួយនៅថ្ងៃ ពុធ នៅរាជធានីភ្នំពេញ ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

វរសេនីយ៍ត្រីរូបនេះត្រូវបានបញ្ជូនយ៉ាងប្រញាប់ប្រញាល់ទៅប្រទេស រវ៉ាន់ដា ដើម្បីព្យាបាលជំងឺគ្រុនចាញ់ ប៉ុន្តែបានស្លាប់បន្តិចក្រោយមក ។

នៅពិធីមួយកាលពីម្សិលមិញក្នុងរាជធានីភ្នំពេញ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសបានប្រគល់ស្រោមសំបុត្រដល់អ្នកស្រី សួង សុនឿន ភរិយាសពលោក លុយ ប៊ុនឡុង ហើយបានដាស់តឿនដល់កងរក្សាសន្តិភាពកម្ពុជាទាំងអស់ឱ្យមានការ “ប្រយ័ត្នប្រយែង” នៅពេលបំពេញបេសកកម្ម ។

លោក ប្រាក់ សុខុន បានមានប្រសាសន៍ថា “យើងទាំងអស់គ្នាសុទ្ធតែដឹងច្បាស់ហើយថា បេសកកម្មដែលយើងកំពុងតែបំពេញគឺ ប្រថុយប្រថាន និងគ្រោះថ្នាក់ខ្លាំងណាស់” ។

ភរិយាសពលោក លុយ ប៊ុនឡុង ដែលប្រហែលជាទទួលបានប្រាក់បន្ថែមសម្រាប់ចំណាយក្នុងពិធីបុណ្យសពនោះ បានថ្លែងអំណរគុណដល់រដ្ឋាភិបាលដែលបានជួយអ្នកស្រីឱ្យទទួលបានប្រាក់សំណងនេះ ។

អ្នកស្រីបាននិយាយថា វាបង្ហាញឱ្យឃើញពី “ការប្ដេជ្ញាចិត្ត និងការយកចិត្តទុកដាក់ក្នុងការជំរុញឱ្យអង្គការសហប្រជាជាតិផ្ដល់ប្រាក់សំណងដល់ក្រុមគ្រួសារទាហានដែលបានពលីជីវិតនៅក្រោមបេសកកម្មរបស់អង្គការសហប្រជាជាតិ” ។

នេះជាលើកទី២ដែលសំណងពលីត្រូវបានប្រគល់ជូនក្រុមគ្រួសារសពកងរក្សាសន្តិភាពកម្ពុជាដែលបានស្លាប់នៅពេលបំពេញបេសកកម្ម ។ ក្រុមគ្រួសារសពលោក ចាន់ សំគុណ ដែលបានស្លាប់ដោយសារព្យុះខ្សាច់ក្នុងប្រទេសម៉ាលីក្នុងឆ្នាំ ២០១៤ ទទួលបានសំណងពលីជាទឹកប្រាក់ចំនួន ៧៥.០០០ ដុល្លារ ពីអង្គការសហប្រជាជាតិ។

លោក ប្រាក់ សុខុន បានមានប្រសាសន៍ថា មិនមែនសាច់ញាតិទាំងអស់ដែលបានបាត់បង់សមាជិកគ្រួសារនៅពេលបំពេញបេសកកម្មអង្គការសហប្រជាជាតិសុទ្ធតែទទួលបានប្រាក់សំណងឡើយ។ ដោយមិននិយាយលម្អិត លោកបានបន្ថែមថា ក្រុមគ្រួសារសពមួយចំនួនក្នុងចំណោមកងរក្សាសន្តិភាពកម្ពុជាប្រាំបួននាក់ដែលបានបាត់បង់ជីវិតចាប់តាំងពីឆ្នាំ ២០០៦ មកគ្មានលក្ខណសម្បត្តិញគ្រប់គ្រាន់សមស្របតាមបែបបទនីតិវិធីសំណងតបរបស់ អ.ស.ប ។

សពកងរក្សាសន្តិភាពបួននាក់ដែលត្រូវបានបាញ់ស្លាប់នៅភាគអាគ្នេយ៍នៃសាធារណរដ្ឋអាហ្វ្រិកកណ្ដាលកាលពីខែមុន ត្រូវបានបញ្ជូនមកកម្ពុជាពីរបីសប្ដាហ៍ក្រោយហេតុការណ៍កើតឡើង។

ឧត្ដមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកនៃមជ្ឈមណ្ឌលជាតិកងរក្សាសន្តិភាពបានមានប្រសាសន៍ថា ក្រុមមន្ត្រីកំពុងស្វែងរកសំណងពលីសម្រាប់ក្រុមគ្រួសារទាហានទាំងនេះ។

យោងតាមលោក ប្រាក់ សុខុន បានឱ្យដឹងថា កងរក្សាសន្តិភាពកម្ពុជាសរុប ៨១៦ នាក់ រួមមានស្ត្រី ៥៦ នាក់ បច្ចុប្បន្ននេះកំពុងបំពេញបេសកកម្មនៅក្នុងប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ សាធារណរដ្ឋអាហ្វ្រិកកណ្ដាល និងប្រទេសម៉ាលី ៕ សារុន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស