នគរបាលបានកោះហៅមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិក្នុងរាជធានីភ្នំពេញឲ្យមកបង្ហាញខ្លួនដើម្បីធ្វើការសាកសួរនៅថ្ងៃ នេះអំពីការប៉ះទង្គិចគ្នារវាងអ្នកជិះម៉ូតូម្នាក់ និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិមួយក្រុមដែលហែក្បួនយុទ្ធនាកាកាលពីដើមសប្តាហ៍នេះក្នុងរាជធានី។
យោងតាមលោក ហួរ មិញវ៉ាង អធិការរងនគរបាលខណ្ឌបានឱ្យដឹងថា លោក ម៉ន ផល្លា ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិរាជធានីភ្នំពេញត្រូវបានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខណ្ឌមានជ័យកោះហៅមកសាកសួរ បន្ទាប់ពីអ្នកគាំទ្រគណបក្សសង្គ្រោះជាតិមួយក្រុមមាន គ្នាប្រហែល១០នាក់ត្រូវបានចោទថា បានវាយបុរសម្នាក់កាលពីថ្ងៃអាទិត្យនៅពេលការហែក្បួនយុទ្ធនាការ។
លោក ហួរ មិញវ៉ាង បានមានប្រសាសន៍កាលពីម្សិលមិញថា “យើងហៅគាត់មកបំភ្លឺរកអ្នកដែលពាក់ព័ន្ធ”។ លោកបានបន្ថែមថា “គាត់ជាអ្នកដឹកនាំក្បួន”។
នៅក្នុងលិខិតមួយច្បាប់កាលពីម្សិលមិញ លោក ម៉ន ផល្លា បានស្នើឲ្យនគរបាលពន្យារពេលការសាកសួរព្រោះវាដំណាលគ្នានឹងការជួបជុំធ្វើយុទ្ធនាការឃោសនាបោះឆ្នោតថ្ងៃចុងក្រោយរបស់គណបក្សប្រឆាំងនៅថ្ងៃនេះ។
លោកបានមានប្រសាសន៍ថា “ខ្ញុំយល់ឃើញថា ជាចេតនានយោបាយដើម្បីបំភិតបំភ័យ”មន្ត្រីគណបក្សប្រឆាំង”។
លោក សេក សាម៉ុន អាយុ២៧ឆ្នាំ អ្នកបើករថយន្តដឹកដីបានលើកឡើងក្នុងពាក្យបណ្តឹងប្តឹងនគរបាលថា គាត់បានជិះម៉ូតូកាត់ផ្លូវខណៈដែលគណបក្សសង្គ្រោះជាតិកំពុងធ្វើយុទ្ធនាការឃោសនាក្នុងសង្កាត់ស្ទឹងមានជ័យស្រាប់តែពេលនោះអ្នកគាំទ្រគណបក្សសង្គ្រោះជាតិមួយក្រុមបានគប់សោមួយចង្កោមដាក់គាត់ ហើយបន្ទាប់មកបានវាយគាត់អំឡុងការប៉ះទង្គិចគ្នានោះ។
ទោះយ៉ាងណា នៅក្នុងវីដេអូឃ្លីបបង្ហោះនៅក្នុងទំព័រហ្វេសប៊ុក លោក សេក សាម៉ុន ដែលកំពុងស្វះស្វែងចោទប្រកាន់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសទំនងជាបើកម៉ូតូកាត់ក្បួនឃោសនាដោយសាក្សីលើកឡើងថា លោក សេក សាម៉ុន បានដាល់អ្នកថតរូបម្នាក់ ដែលបានព្យាយាមថតរូបគាត់៕ សារុន