36 C
Phnom Penh

ក្រសួង​​ពិនិត្យ​តាម​ដាន​​អង្គការ​មិនមែន​រដ្ឋាភិបាល ដោយ​ចោទ​​ថា ​​លម្អៀង​លើ​បក្ស​សង្គ្រោះ​ជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការសង្គមស៊ីវិលមួយចំនួន និងនិយោជិតរបស់ខ្លួន រួមទាំងថ្នាក់ដឹកនាំអង្គការសិទ្ធិមនុស្សលីកាដូ និងអាដហុកផង ស្ថិតក្រោមការពិនិត្យតាមដានរបស់ក្រសួងមហាផ្ទៃ ចំពោះការជួយគណបក្សសង្គ្រោះជាតិ ហើយនឹងប្រឈមផ្លូវច្បាប់ប្រសិនបើវាពិតដូចការចោទប្រកាន់មែន នេះបើយោងតាមអ្នកនាំពាក្យក្រសួងនេះបានលើកឡើងកាលពីម្សិលមិញ។

ខណៈថ្នាក់ដឹកនាំអង្គការមិនមែនរដ្ឋាភិបាលទាំងនេះបានច្រានចោលការចោទប្រកាន់នេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជានិយាយថា ការស៊ើបអង្កេតណាមួយរបស់ក្រសួងគឺជា “កំហុសធំ”។

សំដៅដល់បញ្ជីដែលរដ្ឋាភិបាលប្រើប្រាស់ដើម្បីផ្ដើមស៊ើបអង្កេតផ្លូវការ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា ក្រសួងមិនទាន់បានដាក់អង្គការមិនមែនរដ្ឋាភិបាល ឬអង្គការសង្គមស៊ីវិលណាមួយចូលក្នុងបញ្ជីខ្មៅនៅឡើយទេ ប៉ុន្តែ “យើងនឹងចាត់វិធានការភ្លាមៗ ប្រសិនបើសកម្មភាពរបស់អ្នកទាំងនោះធ្វើឱ្យប៉ះពាល់ដល់ប្រយោជន៍ជាតិ”។

លោក ខៀវ សុភគ័ មិនបានបញ្ចេញឈ្មោះទាំងអស់របស់អង្គការទាំងនេះទេ ប៉ុន្តែលោកបញ្ជាក់ថា ក្នុងនោះរួមមានទាំងអង្គការអាដហុក និងអង្គការលីកាដូផងដែរ។

លោកថ្លែងថា “អង្គការទាំងពីរនោះកំពុងស្ថិតក្រោមការស៊ើបអង្កេត ពីព្រោះសកម្មភាពភាគច្រើនរបស់ពួកគាត់ គឺកំពុងតែបម្រើផលប្រយោជន៍បក្សប្រឆាំង”។ លោកបានលើក ឡើងបន្ថែមទៀតថា អង្គការទាំងនេះ “ល្អ” ប៉ុន្តែថ្នាក់ដឹកនាំ និងនិយោជិតមិនគោរពច្បាប់។

លោកស្រី ណាលី ពីឡូក នាយិកាអង្គការលីកាដូបានមានប្រសាសន៍កាលពីម្សិលមិញថា លោកស្រីមិនដឹងពីការស៊ើបអង្កេតលើអង្គការរបស់លោកស្រីទេ ហើយបានច្រានចោលការចោទប្រកាន់ទាំងនេះ។

លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ។  រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

លោកស្រីបានលើកឡើងតាមរយៈសារអេឡិចត្រូនិកថា “ក្នុងនាមជាអង្គការមិនមែនរដ្ឋាភិបាលផ្នែកសិទ្ធិមនុស្ស ការងារមុននិងក្រោយការបោះឆ្នោត គឺនៅតែជាផ្នែកធម្មតានៃការងាររបស់យើង។ ការងាររបស់យើងគឺផ្ដល់សេវាដល់ជនរងគ្រោះនៃការរំលោភបំពានសិទ្ធិមនុស្ស រួមទាំងករណីស៊ីវិល និងនយោបាយផងដែរ”។

ភ្លាមៗតំណាងមកពីអង្គការអាដហុកមិនអាចទាក់ទងសុំការបំភ្លឺបានទេ។ លោក ធន សារាយ ប្រធានអង្គការនេះបានភៀសខ្លួនទៅប្រទេសកាណាដាអំឡុងសរទរដូវឆ្នាំមុន ស្របពេលមានក្ដីក្ដាំតុលាការដែលធ្វើឱ្យមន្ត្រីសិទ្ធិមនុស្សបួនរូបរបស់លោកជាប់ពន្ធនាគារពីបទសូកប៉ាន់ ដែលមជ្ឈដ្ឋានទូទៅចាត់ទុកថាជារឿងនយោបាយ។

លោក ខៀវ សុភ័គ បានមានប្រសាសន៍កាលពីម្សិលមិញថា ការភៀសខ្លួនរបស់លោក ធន សារាយ បញ្ជាក់ថាលោកមានទោស ហើយថា ការអង្កេតតាមដានរបស់ក្រសួងធ្វើឡើងដោយសារមានការរិះគន់ពីសំណាក់អង្គការសង្គមស៊ីវិលនានាជុំវិញទឹកខ្មៅដែលនឹងត្រូវប្រើប្រាស់នៅក្នុងការបោះឆ្នោតឃុំ សង្កាត់ នាថ្ងៃអាទិត្យនេះ។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួលស្គាល់ថា ខ្លួនជាអ្នកទិញទឹកខ្មៅនេះ ទោះបីជាទឹកថ្នាំគំរូអាចលុបជ្រះដោយគ្រាន់តែប្រើផលិតផលថែរក្សាសក់ ជាហេតុធ្វើឱ្យអ្នកសង្កេតការណ៍បោះឆ្នោតមានការព្រួយបារម្ភកាន់តែខ្លាំងថា អាចធ្វើឱ្យអ្នកបោះឆ្នោតបោះឆ្នោតបានពីរដង។

បន្ទរតាមអ្វីដែលរដ្ឋាភិបាលចូលចិត្តនិយាយ លោក ខៀវ សុភ័គ បានលើកឡើងថា អង្គការមិនមែនរដ្ឋាភិបាលទាំងនេះធ្វើការតាមបញ្ជារបស់ម្ចាស់ជំនួយបរទេស ដើម្បីជួយគាំទ្រដល់គណបក្សប្រឆាំង ហើយថា ក្រសួងនឹងចាត់វិធានការផ្លូវច្បាប់មិនបញ្ជាក់ច្បាស់លាស់ដោយផ្អែកលើច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលត្រូវបានអនុម័តកាលពីពេលថ្មីៗនេះ បន្ទាប់ពីថ្ងៃបោះឆ្នោត ប្រសិនបើសកម្មភាពខុសច្បាប់នៅតែបន្តកើតមាន។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍ថា លោកមិនដឹងពីផែនការរបស់ក្រសួងទេ ប៉ុន្តែបានបញ្ជាក់ថា រដ្ឋាភិបាលគ្មានផែនការស៊ើបអង្កេតលើអង្គការមិនមែនរដ្ឋាភិបាលដែលបំពេញការងារធម្មតារបស់ខ្លួនឡើយ។

លោកថ្លែងថា “ខ្ញុំគិតថា ក្រសួងមហាផ្ទៃកំពុងធ្វើឱ្យមានកំហុសយ៉ាងធំ ប្រសិនបើពេលនេះពួកគាត់កំពុងធ្វើការស៊ើបអង្កេត ពីព្រោះវានឹងធ្វើឱ្យប៉ះពាល់ដល់សិទ្ធិរបស់អង្គការទាំងនោះ ហើយវាផ្ទុយនឹងច្បាប់”។

ទោះជាយ៉ាងណា ក្នុងពេលជាមួយគ្នានេះ លោក សុខ ឥសាន បានយល់ស្របថា អង្គការមិនមែនរដ្ឋាភិបាលមួយចំនួនកំពុងគាំទ្រគណបក្សសង្គ្រោះជាតិ ហើយមានប្រសាសន៍ថា អង្គការមួយចំនួនក្នុងចំណោមអង្គការទាំងនោះខ្លាចក្រសួង “ដោយសារតែពួកគាត់ដឹងថា សកម្មភាពរបស់ខ្លួនមិនត្រឹមត្រូវ ហើយផ្ទុយនឹងច្បាប់”។

អង្គការមិនមែនរដ្ឋាភិបាលនានានៅកម្ពុជាចាប់ផ្ដើមប្រយ័ត្នប្រយែងយ៉ាងខ្លាំងចាប់តាំងពីអនុម័តច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលកាលពីឆ្នាំមុនមក ដែលបណ្ដាអ្នករិះគន់និយាយថា វាផ្ដល់សិទ្ធិអំណាចលើសលប់ដល់រដ្ឋាភិបាលក្នុងការលុបចោលការចុះបញ្ជីអង្គការណាដែលរកឃើញថា គំរាមកំហែងដល់ស្ថិរភាពនយោបាយ ឬកំពុងធ្វើប្រតិបត្តិការដោយមាននិន្នាការនយោបាយ។

ក្នុងចំណោមអង្គការមិនមែនរដ្ឋាភិបាលដែលអ្នកយកព័ត៌មានបានសាកសួរ គ្មានអង្គការណាមួយត្រូវបានក្រសួងមហាផ្ទៃទាក់ទងដោយផ្ទាល់ឡើយ។

លោក យឿង សុធារ៉ា មន្ត្រីច្បាប់ និងអង្កេតនៃអង្គការខុមហ្វ្រែល បានមានប្រសាសន៍ថា អង្គការនេះបានបណ្ដុះបណ្ដាលអ្នកសង្កេតការណ៍យ៉ាងប្រុងប្រយ័ត្នដើម្បីចៀសវាងការចូលបក្សសម្ព័ន្ធ ហើយបានអំពាវនាវឱ្យរដ្ឋាភិបាលប្រើប្រាស់សិទ្ធិអំណាចរបស់ខ្លួនឱ្យបានត្រឹមត្រូវនៅមុនការបោះឆ្នោត។

លោកលើកឡើងថា “យើងកំពុងធ្វើការដើម្បីលើកកម្ពស់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌ សន្តិភាព និងការអភិវឌ្ឍក្នុងប្រទេសកម្ពុជា។ វាជាគោលបំណងសំខាន់របស់យើង”។

លោក សំ សុគន្ធាមី នាយកប្រតិបត្តិនៃអង្គការនិកហ្វិច មានប្រសាសន៍ថា អង្គការនេះគោរពច្បាប់។ លោកថ្លែងថា “នៅក្នុងការបោះឆ្នោតមុនៗ ក្រសួងមហាផ្ទៃក៏ចង់ឃ្លាំមើលលើអង្គការមិនមែនរដ្ឋាភិបាលនានាដែលធ្វើការងារពាក់ព័ន្ធការបោះឆ្នោតដែរ”។

លោក អ៊ូ វីរៈ នាយកអង្គការវេទិកាអនាគតមានប្រសាសន៍ថា ការព្រួយបារម្ភមួយចំនួនរបស់រដ្ឋាភិបាលចំពោះអង្គការមិនមែនរដ្ឋាភិបាលដែលទទួលបានមូលនិធិពីបរទេស “ប្រហែលជារឿងល្អ” ដោយលើកឡើងថា សហរដ្ឋអាមេរិកក៏ប្រុងប្រយ័ត្នដូចគ្នាដែរចំពោះអង្គការទទួលបានជំនួយមូលនិធិពីចិននានា ដែលជ្រៀតជ្រែកក្នុងកិច្ចការនយោបាយនៅរដ្ឋធានីវ៉ាស៊ីនតោន។

ប៉ុន្តែលោកគូសបញ្ជាក់ថា សាធារណជនទំនងជាមានការសង្ស័យចំពោះហេតុផលរបស់ក្រសួងមហាផ្ទៃ។ លោកថ្លែងថា “ខ្ញុំមិនប្រាកដថា រដ្ឋាភិបាលមានភាពគួរឱ្យជឿទុកចិត្តបានឬក៏អត់នោះទេនៅក្នុងការនិយាយពីបញ្ហាបែបនេះ។ ហើយនោះគឺជាបញ្ហាប្រឈមធំបំផុតសម្រាប់រដ្ឋាភិបាល”៕ សុខុម

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស