29 C
Phnom Penh

អ្នក​​​យកព័ត៌មាន​​​កាសែត​​​ ខេមបូឌា ដេលី​​​ អាច​​​​នឹង​ត្រូវ​​​តុលាការ​កោះ​​​ហៅ​​​ក្រោយ​​​ពេល​​​បោះ​​​ឆ្នោត​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តមួយរូបមានប្រសាសន៍ថា អ្នកយកព័ត៌មានកាសែត ខេមបូឌា ដេលី ពីររូបដែលត្រូវបានចោទប្រកាន់ពីបទញុះញង់ និងរំលោភសិទ្ធិអ្នកបោះឆ្នោត ចំពោះការសួរសំណួរដេញដោលនៅមុនការការបោះឆ្នោតឃុំ សង្កាត់ នៅថ្ងៃអាទិត្យ ក្នុងខេត្តរតនគិរី ទំនងជានឹងត្រូវកោះហៅមកបំភ្លឺបន្ទាប់ពីថ្ងៃបោះឆ្នោត។

សេចក្ដីប្រកាសនេះកើតឡើងពីរថ្ងៃបន្ទាប់ពីព្រះរាជអាជ្ញារងមួយរូបបានលើកឡើងថា ពាក្យបណ្ដឹងដែលប្តឹងទៅតុលាការត្រូវបានច្រានចោលដោយសារខ្វះភ័ស្តុតាង ហើយបានបញ្ជូនទៅគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត (PEC) ដែលបានលើកឡើងថា វាមិនមែនជាសមត្ថកិច្ចរបស់ខ្លួនទេ។

ទោះជាយ៉ាងណា កាលពីម្សិលមិញ លោក ជា ពេជ្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបានមានប្រសាសន៍ថា តុលាការទំនងជានឹងសាកសួរលោក ហ្សំប័រ ពីទ័រ (Zsombor Peter) ការីនិពន្ធជនជាតិកាណាដានៃកាសែត ខេមបូឌា ដេលី និងលោក អូន ភាព អ្នកយកព័ត៌មានជនជាតិខ្មែរ ជាមួយដើមចោទនិងសាក្សី។

លោក ជា ពេជ្រ បានមានប្រសាសន៍ថា “ខ្ញុំបានបញ្ជូនទៅ PEC តែ PEC និយាយថា មិនមែនជាសមត្ថកិច្ចរបស់គេទេ ព្រោះវាពាក់ព័ន្ធសកម្មភាពតុលាការ”។

លោកបានថ្លែងថា “សំណុំរឿងបានបង្វិលមកតុលាការ ហើយតុលាការចុះសំណុំរឿងព្រហ្មទណ្ឌ។ យើងត្រៀមកោះអញ្ជើញភាគីនីមួយៗមកបំភ្លឺក្រោយពេលបោះឆ្នោត”។

នៅក្នុងពាក្យបណ្ដឹងចុះកាលបរិច្ឆេទថ្ងៃទី២២ ខែឧសភា បុរសបីនាក់ គឺឈ្មោះ សេវ បន ជាអ្នកភូមិ និងបុរសម្នាក់ទៀតឈ្មោះ រចំ យ៉ិ រស់នៅក្នុងតំបន់នេះ និងលោក រម៉ាម យួតមេឃុំប៉ាតេមកពីគណបក្ស សម រង្ស៊ី បានចោទអ្នកយកព័ត៌មានទាំងពីរនាក់នេះពីបទ ”ញុះញង់ឱ្យគាំទ្រគណបក្សប្រឆាំង” និង “រំលោភសិទ្ធិស្វ័យសម្រេច” ខណៈពេលសួរពួកគាត់ពីការបោះឆ្នោតក្នុងឆ្នាំ២០១២។

ឃុំប៉ាតេជាឃុំតែមួយគត់នៅក្នុងខេត្តនេះ ដែលគណបក្សប្រឆាំងឈ្នះតំណែងមេឃុំក្នុងរយៈពេល៥ឆ្នាំមុន។ វាទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងកាលពីខែមករា បន្ទាប់ពីលោក ឆាយ ធី អតីតអ្នកសម្របសម្រួលសមាគមសិទ្ធិមនុស្សអាដហុកប្រចាំខេត្តនេះ និងជាអ្នករិះគន់រដ្ឋាភិបាលបានទៅចុះចូលជាមួយគណបក្សប្រជាជនកម្ពុជាកាន់អំណាច។ លោកមានឈ្នោះនៅក្នុងបញ្ជីបេក្ខជនឈរឈ្មោះនៅក្នុងការបោះឆ្នោតនៅថ្ងៃអាទិត្យក្នុងឃុំដាច់ស្រយាលនេះ។

ពាក្យបណ្ដឹងដាច់ដោយឡែកមួយទៀតធ្វើឡើងដោយបុរសទាំងបីនាក់ដដែលប្តឹងអ្នកយកព័ត៌មានទាំងពីរនាក់ទៅគណៈកម្មការរៀបចំការបោះឆ្នោតឃុំកាលពីសប្ដាហ៍មុននោះ  ត្រូវបានដកចេញវិញហើយ។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានដែលបានធ្វើឱ្យមានភាពចម្រូងចម្រាសកាលពីសប្ដាហ៍មុន នៅពេលលោកបង្ហោះលិខិតឆ្លងដែនលោក ហ្សំប័រ ពីទ័រ លើទំព័រហ្វេសប៊ុករបស់លោក ដោយព្រមានប្រព័ន្ធផ្សព្វផ្សាយនេះឱ្យគោរពច្បាប់បោះឆ្នោតបើទោះបីជាមិនមានភ័ស្តុតាងច្បាស់លាស់ថា អ្នកយកព័ត៌មានទាំងពីរនាក់នេះបានល្មើសច្បាប់ណាមួយក៏ដោយ។

លោកបានលុបអ្វីដែលលោកបានបង្ហោះចេញវិញ ហើយមិនអើពើចំពោះសំណើសុំអត្ថាធិប្បាយឡើយ៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស