បក្សកាន់អំណាចបាត់បង់ឃុំ សង្កាត់រាប់រយ ពេលមានអ្នកបោះឆ្នោតច្រើនជាប្រវត្តិសាស្ត្រ
កាលពីម្សិលមិញ ទោះបីជាមិនទាន់មានលទ្ធផលផ្លូវការក្តី ក៏គណបក្សនយោបាយធំៗទាំងពីរបានអះអាងពីជ័យជម្នះរៀងៗខ្លួននៅក្នុងការបោះឆ្នោតឃុំ សង្កាត់ដែលប្រឈមហានិភ័យបំផុត និងមានអ្នកទៅបោះឆ្នោតច្រើនបំផុតនៅកម្ពុជា ដោយគណបក្សប្រជាជនកម្ពុជាលើកឡើងថា ខ្លួនឈ្នះអាសនៈមេឃុំ ចៅសង្កាត់ច្រើនជាង ហើយគណបក្សសង្គ្រោះជាតិអួតថា ខ្លួនឈ្នះយ៉ាងច្រើននៅក្នុងការបោះឆ្នោតដែលបណ្ដាអ្នកសង្កេតការណ៍និយាយថាភាគច្រើនគ្មានភាពខុសប្រក្រតីដូចការបោះឆ្នោតមុនៗ។
លទ្ធផលក្រៅផ្លូវការបង្ហោះដោយគេហទំព័រ Fresh News ដែលគាំទ្ររដ្ឋាភិបាលបានបង្ហាញថា គណបក្សប្រជាជនកម្ពុជាឈ្នះអាសនៈមេឃុំ ចៅសង្កាត់ចំនួន១.១៦៣អាសនៈ ធៀបនឹង៤៨២អាសនៈសម្រាប់គណបក្សសង្គ្រោះជាតិ និង១អាសនៈសម្រាប់គណបក្សខ្មែររួបរួមជាតិ។ តួលេខទាំងនោះបង្ហាញពីសន្ទុះកើនឡើងខ្លាំងសម្រាប់គណបក្សប្រឆាំង។ គណបក្សពីរផ្សេងគ្នាគឺគណប្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សឈ្នះសរុបបានតែ៤០អាសនៈប៉ុណ្ណោះកាលពីឆ្នាំ២០១២ មុនពេលច្របាច់បញ្ចូលគ្នាតាមក្រោយក្នុងឆ្នាំនោះ។

ប៉ុន្តែលោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិមានមន្ទិលចំពោះតួលេខសរុបទាំងនោះ ដោយគូសបញ្ជាក់ថា គណបក្សប្រឆាំងមានលទ្ធផលបឋមផ្ទាល់ខ្លួនដែលខុសគ្នាពីលទ្ធផលបឋមផ្ដល់ដោយគេហទំព័រ Fresh News។
លោកស្រីមានប្រសាសន៍កាលពីម្សិលមិញថា ”បើកម្រិតកំហុសឆ្គងមានប្រហែល១ភាគរយនៃសន្លឹកឆ្នោត យើងត្រូវតែសុំឱ្យរាប់សន្លឹកឆ្នោតឡើងវិញ” ហើយថា សេចក្ដីលម្អិតបន្ថែមទៀតសម្រាប់ផែនការរបស់គណបក្សប្រឆាំងនឹងចេញនៅថ្ងៃនេះ។
លទ្ធផលទាំងអស់មិនទាន់មានការបញ្ជាក់នៅឡើយទេ ខណៈទូរទស្សន៍ជាតិ ទទក ផ្សាយយឺតយ៉ាវនូវលទ្ធផលបឋមពីឃុំសង្កាត់មួយទៅឃុំសង្កាត់មួយដែលទទួលបានពីគណៈកម្មការធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) រហូតដល់យប់ជ្រៅ។
ទោះបីជា គ.ជ.ប គ្រោងចាប់ផ្ដើមប្រកាសលទ្ធផលភ្លាមៗបន្ទាប់ពីការបោះឆ្នោតបិទបញ្ចប់ក្ដី ក៏ស្ថាប័ននេះបានចំណាយពេលរាប់ម៉ោងទម្រាំចាប់ផ្តើមបង្ហោះលទ្ធផលបឋម ដោយលោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានបន្ទោសការពន្យារពេលនេះទៅលើអុីនធឺណិតគ្មានខ្សែដែលមានបញ្ហា។
តាមរយៈសារបង្ហោះតាមហ្វេសប៊ុកកាលពីយប់មិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំណរគុណគណបក្សនយោបាយ អ្នកបោះឆ្នោត អ្នកសង្កេតការណ៍ និងសមត្ថកិច្ចសម្រាប់ការបោះឆ្នោតដោយរលូន មានតម្លាភាព “សេរី និងយុត្តិធម៌” ប៉ុន្តែលោកមិនបានលើកឡើងពីលទ្ធផលទេ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានលើកឡើងកាលពីយប់មិញថា “នៅក្នុងភាសាប្រដាល់ គណបក្សសង្គ្រោះជាតិដណ្ដើមខ្សែក្រវាត់របស់យើងមិនបានទេ”។ លោកបានបន្ថែមថា លោកមិនអាចបញ្ជាក់ពីលទ្ធផលរបស់គេហទំព័ Fresh News បានទេ ប៉ុន្តែវា “ប្រហែលជាស្រដៀងគ្នា” នឹងតួលេខបឋមរបស់ គ.ជ.ប។ “យើងរក្សាបាននូវខ្សែក្រវាត់របស់យើង”។
លោកបានទទួលស្គាល់ថា “យើងបានចាញ់ឃុំ សង្កាត់មួយចំនួន។ យើងចាញ់សមរភូមិមួយចំនួន ប៉ុន្តែយើងនៅតែឈ្នះសង្គ្រាម”។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិមានប្រសាសន៍ថា សមរភូមិនេះមិនដែលយុត្តិធម៌ទេ ដោយលើកឡើងពីការបង្ក្រាបជាច្រើនឆ្នាំពីសំណាក់រដ្ឋាភិបាលដែលធ្វើឱ្យសមាជិកគណបក្សសង្គ្រោះជាតិជាប់ពន្ធនាគារ និងខ្លះរត់ភៀសខ្លួនទៅបរទេស។ លោកថ្លែងថា ការបោះឆ្នោតកាលពីម្សិលមិញក៏មានបញ្ហាដែរ ក្នុងនោះរួមមានទាំងកម្មករកម្មការិនីបាត់បង់សិទ្ធិបោះឆ្នោត និងការរំលោភបំពាននៅតាមការិយាល័យបោះឆ្នោតផងដែរ។
ទោះជាយ៉ាងណា លោកគូសបញ្ជាក់ថា “នេះជាជោគជ័យដ៏ធំរបស់គណបក្សសង្គ្រោះជាតិដែលបង្ហាញថា គណបក្សសង្គ្រោះជាតិនឹងគ្រប់គ្រងឃុំ សង្កាត់ចំនួន៥០០ឆាប់ៗនេះ។ នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៨ យើងនឹងឈ្នះយ៉ាងតិច៦០ភាគរយនៃសំឡេងឆ្នោតសរុប”។
លោក ឆាំ ប៊ុនថេត អ្នកវិភាគនយោបាយ និងជាទីប្រឹក្សាគណបក្សប្រជាធិបតេយ្យមូលដ្ឋានដ៏ក្មេងខ្ចីមានប្រសាសន៍ថា គណបក្សទាំងពីរមានចំណុចត្រូវរៀងៗខ្លួន ប៉ុន្តែលោកបានជំរុញឱ្យមានការប្រុងប្រយ័ត្នចំពោះការទទួលស្គាល់លទ្ធផលប្រកាសដោយគេហទំព័រ Fresh News។
លោកមានប្រសាសន៍ទៀតថា សម្ទុះកើនឡើងសន្ទុះខ្លាំងនូវអាសនៈមេឃុំចៅសង្កាត់របស់គណបក្សសង្គ្រោះជាតិ “គឺជារឿងដ៏ល្អសម្រាប់គណបក្សប្រឆាំង។ វាអាចបង្កើតការជំរុញលើកទឹកចិត្តដ៏រឹងមាំចេញពីលទ្ធផលបែបនេះ”។
ក្នុងពេលជាមួយគ្នានេះ ”វាជាសញ្ញាល្អសម្រាប់គណបក្សកាន់អំណាចដែលពួកគេអាចទប់ការគាំទ្របែបនេះបាន” បើទោះបីជាមានអ្នកទៅបោះឆ្នោតយ៉ាងច្រើនចេញទៅបោះឆ្នោតគាំទ្រគណបក្សសង្គ្រោះជាតិជាប្រវត្តិសាស្ត្រក្ដី។ហើយខណៈលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិនិរទេសខ្លួននៅបរទេស ពេលនេះគណបក្សប្រឆាំងដែលដឹកនាំដោយលោក កឹម សុខា ហាក់មិនសូវមានសាមគ្គីគ្នាដូចកាលពីឆ្នាំ២០១៣ឡើយ។
លោកលើកឡើងថា ជ័យជម្នះ “អាចនឹងត្រូវគេដណ្ដើមយកទៅវិញយ៉ាងងាយ នៅពេលយើងមិនសហការគ្នា មិនមានទស្សនវិស័យដូចគ្នា និងបេសកកម្មតែមួួយ”។
លោក អ៊ា សុផល ដែលជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “ការពឹងផ្អែកជំនួយនៅកម្ពុជា៖ របៀបដែលជំនួយបរទេសធ្វើឲ្យប៉ះពាល់លទ្ធិប្រជាធិបតេយ្យបានលើកឡើងតាមរយៈសារអេឡិចត្រូនិកថា “វាជាជ័យជម្នះដ៏ធំបើនិយាយពីការកើនឡើង។ ខ្ញុំគិតថា កម្លាំងរបស់គណបក្សប្រជាជនកម្ពុជាបានថមថយយ៉ាងខ្លាំងនៅថ្នាក់ឃុំ សង្កាត់។ ប្រសិនបើគណបក្សប្រជាជនកម្ពុជា នៅតែមិនភ្ញាក់រលឹកថា យុទ្ធសាស្ត្របំភិតបំភ័យប្រជាពលរដ្ឋឲ្យគាំទ្រខ្លួនបានត្រឹមតែទទួលបានលទ្ធផលផ្ទុយទេនោះ ខ្ញុំមិនដឹងថាមានអ្វីផ្សេងអាចធ្វើឲ្យគណបក្សនេះភ្ញាក់រលឹកទេ។មេរៀនគឺថា ធ្វើរឿងវិជ្ជមានឲ្យបានច្រើនជាងមុន រឿងអវិជ្ជមានឲ្យបានតិចជាងមុន”។
ការបោះឆ្នោតកាលពីម្សិលមិញល្អជាងឆ្នាំ២០១៣ ដោយមានអ្នកចូលរួមច្រើនបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា ដោយតួលេខរបស់គ.ជ.ប បង្ហាញថា អ្នកបោះឆ្នោតមានចំនួនសរុប៦.៧៤៣.៣២៩នាក់ ហើយគ្មានខេត្តណាមួយមានអ្នកទៅចូលរួមបោះឆ្នោតតិចជាង៨០ភាគរយឡើយ។ ចំនួននេះច្រើនជាងការបោះឆ្នោតលើកចុងក្រោយប្រមាណ៧.០០០នាក់ ហើយការបោះឆ្នោតកាលពីឆ្នាំ២០១២អ្នកមានបោះឆ្នោតជាង១,៧ភាគរយ។
របាយការណ៍បឋមក៏បានលើកឡើងដែរថា វាស្ថិតក្នុងចំណោមការបោះឆ្នោតដែលសន្តិភាពបំផុត និងគួរឱ្យជឿទុកចិត្តបំផុត។
យោងតាមលោក ហង្ស ពុទ្ធា បានឱ្យដឹងថា គ.ជ.ប ទទួលបានពាក្យបណ្ដឹងតែមួយប៉ុណ្ណោះគិតមកទល់ល្ងាចម្សិលមិញ។
លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប បានលើកសរសើរដល់ការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតរយៈពេល២សប្តាហ៍ ទោះបីជាមានការគំរាមពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាផ្សេងៗទៀតថា ជ័យជម្នះរបស់គណបក្សសង្គ្រោះជាតិអាចបង្កឱ្យកើតមានសង្គ្រាម ភាពចលាចល និងការបាត់បង់ជីវិតក៏ដោយ។
លោកបានមានប្រសាសន៍អំឡុងសន្និសីទកាសែតមួយថា “តាមការវាយតម្លៃជាទូទៅឃើញថា គណបក្សនយោបាយបានធ្វើសកម្មភាពឃោសនាប្រកបដោយភាពចាស់ទុំខាងនយោបាយ មានការយោគយល់ អធ្យាស្រ័យគ្នាច្រើន រួមទាំងគោរពបាននូវគោលការណ៍ច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការឃោសនាបោះឆ្នោត”។
សេចក្តីថ្លែងការណ៍មួយចេញដោយអង្គការសម្ព័ន្ធសង្គមសីុវិលដែលហៅខ្លួនឯងថា “ បន្ទប់ស្ថានការណ៍” (The Situation Room) បានលើកឡើងថា ការបោះឆ្នោតនេះភាគច្រើនមានដំណើរការ ដោយរលូន ប្រកបដោយសុវត្ថិភាព និងសន្តិវិធី” ជាទស្សនៈដែលត្រូវបានបន្ទរដោយអង្គការតម្លាភាពកម្ពុជានៅក្នុងសេចក្តីប្រកាសព័ត៌មានដំបូងរបស់ខ្លួន។
ក្រុមអ្នកសង្កេតការណ៍ជាតិនិងអន្តរជាតិបានលើកឡើងថា មានបញ្ហាមួយចំនួនកើតឡើង រួមមាន សេចក្តីរាយការណ៍ដែលថា មានទាហានជាច្រើនរយនាក់បាននាំគ្នាមកបោះឆ្នោតនៅក្នុងឃុំមួយចំនួន និងដែលបច្ចុប្បន្នកំពុងស្ថិតក្រោមការស៊ើបអង្កេតដោយ គណៈកម្មាធិការដើម្បីការបោះឆ្នោត ដោយសេរីនិងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) ក៏ដូចជាសេចក្តីរាយការណ៍នៅក្នុងខេត្តកណ្តាលអំពីការគំរាមកំហែងលើអ្នកសង្កេតការណ៍បោះឆ្នោតនៅក្នុងឃុំចំនួនពីរ។

ក្នុងចំណោមអ្នកដែលទៅបោះឆ្នោតដំបូងគេគឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានថើបហិបឆ្នោតក្រោយដាក់សន្លឹកឆ្នោតចូលទៅក្នុងហិបនៅមណ្ឌលបោះឆ្នោតសាលាគរុកោសល្យ និងវិក្រឹតការ ខេត្តកណ្តាល ដែលនៅមិនឆ្ងាយពីភូមិគ្រឹះដ៏ស្កឹមស្កៃរបស់លោកក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។
លោកថ្លែងទៅកាន់អ្នកយកព័ត៌មានបន្ទាប់ពីបោះឆ្នោតរួចដោយលើកចង្អុលដៃបង្ហាញថា “ទឹកខ្មៅនេះមើលទៅលុបមិនជ្រះទេ”។
គ.ជ.បទទួលបានស្គាល់ថា ខ្លួនបានទិញទឹកខ្មៅពីក្រុមហ៊ុនផ្គត់ផ្គង់នៅឥណ្ឌា សូម្បីបន្ទាប់ពីការធ្វើតេស្តរបស់ខ្លួនលើទឹកថ្នាំគំរូបង្ហាញថា វាអាចលុបជ្រះដោយប្រើផលិតផលថែរក្សាសក់ក៏ដោយ ដោយធ្វើឱ្យកើតមានក្តីព្រួយបារម្ភក្នុងចំណោមអ្នកឃ្លាំមើលការឆ្នោត និង គណបក្សសង្គ្រោះជាតិ។
បន្ទាប់មកលោកនាយករដ្ឋមន្ត្រី បានរិះគន់អ្នកយកព័ត៌មានម្នាក់មកពីភ្នំពេញ ក្រោយពេលអ្្នកយកពត៌មានរូបនេះបានសួរលោក ហុ៊ន សែន ថាតើគណបក្សមួយណាដែលលោកបោះឆ្នោតឱ្យ។
ដោយប្រើពាក្យពេចន៍ដែលសំដៅដល់ពលរដ្ឋលោកខាងលិច លោកមានប្រសាសន៍ថា “មានភ្នែកសមកសួរថា បោះឱ្យគណបក្សណា”។
លោកមានប្រសាសន៍បន្ថែមថា “បរទេសបើមករបៀបបែបអ៊ីចឹង ដូចជាល្ងង់”។ លោកបានបន្ថែមទៀតថា វាជាសិទ្ធិរបស់ពលរដ្ឋគ្រប់រូបក្នុងការរក្សាភាពសម្ងាត់អំពីជម្រើសរបស់ខ្លួន។
ប៉ុន្មានម៉ោងក្រោយមក លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិបានបោះឆ្នោតនៅសាលាបឋមសិក្សាមួយក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្រោយចុះធ្វើយុទ្ធនាការឃោសនារយៈពេលពីរសប្តាហ៍ទូទាំងប្រទេសរួចភ្លាម លោក កឹម សុខា បានលើកឡើងថា លោកសង្ឃឹមថាគណបក្សរបស់លោក នឹង “ទទួលសំឡេងឆ្នោតជាង ៦០ភាគរយ” ដោយទំនងជាលើកឡើងម្តងទៀតពីការព្យាករនាពេលកន្លងមករបស់លោកដែលថា គណបក្សរបស់លោកនឹងទទួលបានសំឡេងឆ្នោតក្នុងចំនួនប៉ុណ្ណឹង។
មុនពេលទំនងជាផ្តោតគោលដៅលើលោកនាយករដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាផ្សេងៗទៀតដែលបានព្រមានអំពីអំពើហិង្សា ប្រសិនបើគណបក្សប្រឆាំងឡើងកាន់អំណាចនោះ លោក កឹម សុខា បានមានប្រសាសន៍ថា “ខ្ញុំដឹងថា កម្លាំងនៃការគំាទ្ររបស់យើងមានការកើនឡើងចាប់តាំងពីការបោះឆ្នោតចុងក្រោយម៉្លេះ”។
លោកបានថ្លែងបន្ថេមថា ” ខ្ញុំជឿជាក់ថា ប្រជាពលរដ្ឋមិនចង់ឱ្យមនុស្សអាក្រក់ដឹកនាំប្រទេសទេ”។
ទម្រាំតែលោក កឹម សុខា បានលើផ្លូវឆ្ពោះមករកការបោះឆ្នោតនេះ លោកបានប្រឈមនឹងសំណុំរឿងផ្លូវច្បាប់បន្តបន្ទាប់កាលពីឆ្នាំមុន។
តំណាងរាស្ត្ររូបនេះតំណាងមណ្ឌលកំពង់ចាម ហើយធ្លាប់បោះឆ្នោតនៅទីនោះ ប៉ុន្តែដោយសារមានសំណុំរឿងតុលាការជាបន្តបន្ទាប់កាលពីឆ្នាំមុន វាបានធ្វើឱ្យលោករត់ទៅសម្ងំលាក់ខ្លួនក្នុងទីស្នាក់ការកណ្តាលរបស់គណបក្សសង្គ្រោះជាតិដើម្បីគេចពីការចាប់ខ្លួន។ លោក កឹម សុខា បានចេញពីទីស្នាក់ការកណ្តាលនេះក្នុងរយៈពេលខ្លី កាលពីខែតុលាដើម្បីទៅចុះឈ្មោះបោះឆ្នោត ហើយទទួលបានព្រះរាជទានលើកលែងទោសក្នុងខែធ្នូ សម្រាប់បទចោទប្រកាន់ដែលនាំឱ្យអាជ្ញាធរតាមចាប់ខ្លួនរូបលោក។
លោក កឹម សុខា និងលោក ហ៊ុន សែន ដែលបង្ហាញវត្តមានខុសពីសព្វមួយដងអំឡុងរដូវកាលធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនោះ សុទ្ធតែប្រើពាក្យពេចន៍ប្រកបដោយសន្តិវិធីពេលបិទបញ្ចប់ការហែក្បួនឃោសនាសម្រាប់គណបក្សរបស់ខ្លួននៅក្នុងរាជធានីភ្នំពេញកាលពីថ្ងៃសុក្រ ដែលកៀរគរអ្នកគាំទ្របានរាប់ម៉ឺននាក់រៀងៗខ្លួន។ ថ្នាក់ដឹកនាំទាំងពីរបានងាកទៅរកប្រធានបទចាស់ ដោយលោក កឹម សុខា បានជំរុញឱ្យមានការផ្លាស់ប្ដូរ និងមានការធ្វើវិមជ្ឈការ រីឯលោកនាយករដ្ឋមន្ត្រីវិញបានព្រមានអំពីសង្គ្រាមប្រសិនបើគណបក្សប្រឆាំងមួយនេះឡើងកាន់អំណាច។
ទោះជាយ៉ាងណា អ្វីៗប្រព្រឹត្តទៅដោយមានភាពស្ងប់ស្ងាត់នៅសាលាបឋមសិក្សាកុលាប១កាលពីម្សិលមិញ ដែលមានការិយាល័យបោះឆ្នោត៥កន្លែងសម្រាប់អ្នកបោះឆ្នោតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
អ្នកបោះឆ្នោតប្រហែល៨០ភាគរយនៅការិយាល័យមួយក្នុងចំណោមការិយាល័យទាំងប្រាំបានបោះឆ្នោតរួចរាល់នៅត្រឹមម៉ោង១១ព្រឹក នេះបើយោងតាមអ្នកអង្កេតការណ៍បោះឆ្នោតម្នាក់មកពីគណបក្សប្រជាជនកម្ពុជា ឈ្មោះ ថាច់ គឹមហ៊ុន។ អ្នកស្រី ថាច់ គឹមហ៊ុន និងអ្នកអង្កេតការណ៍ផ្សេងទៀតមកពីគណបក្សសង្គ្រោះជាតិ ខុមហ្វ្រែល និងសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា ការបោះឆ្នោតនៅមណ្ឌលនេះមានដំណើរការដោយរលូន ដោយអ្នកបោះឆ្នោតភាគច្រើនបានដឹងអំពីនីតិវិធីបោះឆ្នោត។
លោក អៀង សិរីពង្ស អាយុ៤៥ឆ្នាំ ជាមន្ត្រីនៅក្រសួងសុខាភិបាល ដែលមានឪពុកម្ដាយមកជាមួយបានលើកឡើងថា លោកមើលឃើញថាមិនមានការប៉ុងប៉ងបង្ខិតបង្ខំដូចអំឡុងការបោះឆ្នោតមុនៗទេ។
លោកបាននិយាយថា “វាប្រសើរជាងមុន”។លោកបានបន្តថា “ប្រជាពលរដ្ឋដឹងពីរបៀបបោះឆ្នោត”។
ការបោះឆ្នោតនេះក៏ជាបញ្ហាគ្រួសារផងដែរសម្រាប់អ្នកស្រី ពេជ្រ តែគីមភៀន អាយុ៤០ឆ្នាំ ដែលពាក់អាវផ្កាដូចនឹងម្ដាយរបស់អ្នកស្រីដែរ។
អ្នកស្រីបាននិយាយថា “ខ្ញុំសប្បាយរីករាយណាស់ដល់ថ្នាក់ដេកមិនលក់កាលពីយប់មិញ”។ អ្នកស្រីបានលើកឡើងទៀតថា រីឯការបោះឆ្នោតវិញមានដំណើរការទៅដោយរលូន។ “ខ្ញុំអត់មានត្រូវរង់ចាំទាល់តែសោះ”។
ម្យ៉ាងវិញទៀត អ៊ុច ធារី បានលើកឡើងថា នាងចំណាយពេលកន្លះម៉ោងសម្រាប់ការបោះឆ្នោត។
លេខាអាយុ២២ឆ្នាំរូបនេះបាននិយាយថា “ខ្ញុំមានអារម្មណ៍រំភើប”។ នាងបាននិយាយបន្ថែមថា ”ខ្ញុំបោះឆ្នោតឱ្យគណបក្សដែលខ្ញុំស្រឡាញ់។
លោក ឆាំ ប៊ុនថេត បានព្យាករថា អារម្មណ៍បែបនេះប្រហែលជាលែងមានហើយនៅឆ្នាំក្រោយ ជាពេលដែលគណបក្សទាំងពីរសុទ្ធតែចង់បានជ័យជម្នះរៀងៗខ្លួននៅក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៨។
លោកបានមានប្រសាសន៍ថា “ខ្ញុំគិតថា នឹងមានការប្រឈមច្រើន និងសម្ពាធច្រើនសម្រាប់ការបោះឆ្នោតនៅឆ្នាំក្រោយនេះ”៕ សុខុម និង ស៊ុយឈាង
(រាយការណ៍បន្ថែមដោយ Hannah Hawkins គុច ណារ៉េន សេក ឧត្ដម ឆន ភារុណ Janelle Retka អ៊ូច សូនី និង Matt Surrusco)