34 C
Phnom Penh

លទ្ធផល​របស់​ Fresh News ​បង្ក​​ ​”ភាពមិន​ប្រក្រតី​​” ក្នុង​ដំណើរការ​ គ.ជ.ប

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានព្រមានថា គេហទំព័រ Fresh News ដែលគាំទ្ររដ្ឋាភិបាលបានបង្កឱ្យមាន “ភាពមិនប្រក្រតី” តាមរយៈការផ្សាយលទ្ធផលបោះឆ្នោតក្រៅផ្លូវការមុនស្ថាប័នបោះឆ្នោតមួយនេះ។

នៅម៉ោងប្រហែល៩យប់ថ្ងៃអាទិត្យ Fresh News បានបង្ហោះរូបឯកសារមួយដែលអះអាងថា គណបក្សប្រជាជនកម្ពុជាឈ្នះបាន១.១៦៣ឃុំ សង្កាត់ គណបក្សសង្គ្រោះជាតិឈ្នះបាន៤៨២ឃុំ សង្កាត់ ហើយគណបក្សខ្មែររួបរួមជាតិឈ្នះបាន១ឃុំ សង្កាត់។ ក្នុងពេលជាមួយគ្នានេះ គ.ជ.ប បានផ្សាយលទ្ធផលមួយឃុំ សង្កាត់ម្ដងៗតាមកញ្ចក់ទូរទស្សន៍និងគេហទំព័ររបស់ខ្លួន ជាដំណើរការមួយដែលនៅមិនទាន់បញ្ចប់បានបីភាគបួននៅឡើយ បើគិតមកទល់នឹងម៉ោង៦ល្ងាចម្សិលមិញ។

image1លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានមានប្រសាសន៍កាលពីម្សិលមិញថា “តាមច្បាប់ គ.ជ.ប មានសិទ្ធិបង្ហាញលទ្ធផលដល់សាធារណជន”។ លោកថ្លែងថា “វាជាភាពមិនប្រក្រតី” ដែលគ.ជ.ប មិនមែនជាអ្នកប្រកាសលទ្ធផលមុនគេ។

មុនពេលបដិសេធមិនបញ្ជាក់លម្អិត លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា បន្ទាប់ពី គ.ជ.ប រាប់សន្លឹកឆ្នោតចប់ ខ្លួននឹង “សម្រេចរឿងនេះ”។

អ្នកនាំពាក្យរូបនេះថ្លែងបន្ថែមទៀតថា លោកមិនដឹងថា គេហទំព័រនេះប្រមូលទិន្នន័យសរុបបឋមដោយវិធីណាឡើយ។

លោក លឹម ជាវុត្ថា នាយកប្រតិបត្តិ Fresh News បានការពារការបង្ហោះរបស់គេហទំព័រនេះនូវស្ថិតិក្រៅផ្លូវការ ដោយលើកឡើងថា ស្ថិតិទាំងនោះប្រមូលបានពី “មន្ត្រីមួយចំនួន” និងបុគ្គលិកដែលឈរជើងនៅទូទាំងប្រទេស។ លោកថ្លែងថា “យើងគ្រាន់តែចង់ធ្វើបច្ចុប្បន្នភាពសម្រាប់អ្នកអានរបស់យើងប៉ុណ្ណោះ”។

លោកមានប្រសាសន៍ថា វាមិនសំខាន់ទេ បើទោះបីជាមានភាពខុសគ្នារវាងលទ្ធផលរបស់ Fresh News និងលទ្ធផលរបស់ គ.ជ.ប ក្តី។ លោកបានបន្តថា “អ្វីដែលយើងផ្សាយគឺគ្រាន់តែជាទិន្នន័យបឋមប៉ុណ្ណោះ។ លទ្ធផលផ្លូវការនឹងចេញផ្សាយដោយ គ.ជ.ប”។

ប៉ុន្តែបណ្ដាអ្នកវិភាគអះអាងថា ការប្រកាសក្រៅផ្លូវការនេះគឺជាបញ្ហាដោយសារប្រវត្តិសាស្ត្ររបស់កម្ពុជា។

លោក សេបាស្ទៀន ស្ទ្រែងហ្គីអូ (Sebastian Strangio) ដែលជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “Hun Sen’s Cambodia” បានលើកឡើងតាមរយៈសារអេឡិចត្រូនិកថា “វាបញ្ជូនសារថា សិទ្ធិអំណាចពិតប្រាកដលើលទ្ធផលការបោះឆ្នោតនៅតែចេញមកពីខាងក្រៅ គ.ជ.ប”។

លោកលើកឡើងថា កន្លងមកវាធម្មតាទៅហើយ “សម្រាប់ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ ឬមន្ត្រីរដ្ឋាភិបាល ‘ព្យាករ’ លទ្ធផលមុនការប្រកាសផ្លូវការនូវលទ្ធផលបណ្ដោះអាសន្ន។ [ប៉ុន្តែ] នៅក្នុងការបោះឆ្នោតដ៏ប្រកៀកប្រកិតដែលមានហានិភ័យខ្ពស់ [ពោលគឺនៅឆ្នាំ២០១៨] នេះអាចជាភាពខុសគ្នារវាងការឈ្នះ និងការចាញ់របស់គណបក្សប្រឆាំង។ ខណៈគណបក្សប្រជាជនកម្ពុជានៅតែឈ្នះភាគច្រើននៃសំឡេងឆ្នោត រឿងបែបនេះអាចធ្វើឱ្យប៉ះពាល់ដល់ការជឿទុកចិត្តរបស់សាធារណជនលើសមត្ថកិច្ចបោះឆ្នោត”។

លោក មាស នី អ្នកវិភាគនយោបាយបានមានប្រសាសន៍ថា ចំនួនសរុបនេះត្រូវបានចេញផ្សាយដោយខុសច្បាប់ មិនថាលទ្ធផលចេញមកត្រឹមត្រូវឬមិនត្រូវនោះទេ។

លោកលើកឡើងថា “Fresh News ជិតស្និទ្ធនឹងរដ្ឋាភិបាលខ្លាំង ដូច្នេះពេលខ្លះវាជាមូលហេតុដែលពួកគេទទួលបានព័ត៌មានលឿនជាងគេ។ ប៉ុន្តែព័ត៌មានមួយចំនួនចេញពី Fresh News ពេលខ្លះត្រូវបានប្រឌិត ឬបំផ្លើសការពិត”។

លោកបានបន្តថា “ច្បាប់បោះឆ្នោតចែងថា មានតែ គ.ជ.ប ប៉ុណ្ណោះដែលអាចប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោត ហើយអ្នកណាដែលហា៊នប្រកាសមានន័យថាល្មើសច្បាប់”៕ សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស