36 C
Phnom Penh

ខណៈ​​​ការបូក​​​សរុប​​​​​​មាន​​​ការ​​​យឺ​​​ត​​​យ៉ាវ​​​​​​ CPP និង​​​CNRP​​​ អះអាង​​​ពី​​​ជ័យ​​​ជម្នះ​​​ក្រោម​​​ហេតុ​​​ផល​​​ផ្សេងៗ​​​គ្នា​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដោយការបូកសរុបលទ្ធផលផ្លូវការនៃការបោះឆ្នោតឃុំសង្កាត់កាលពីថ្ងៃ អាទិត្យ មានភាពយឺតយ៉ាវដោយសារបញ្ហាអីុនធឺណិត នោះ គណបក្សនយោបាយធំៗទាំងពីរបានផ្តល់លទ្ធផលស្រដៀងគ្នា ប៉ុន្តែហេតុផលខុសគ្នាកាលពីម្សិលមិញលើបញ្ហាថា តើគណបក្សមួយណាជាអ្នកឈ្នះនៅក្នុងការបោះឆ្នោត ដែលមានប្រជាពលរដ្ឋ ៧លាននាក់ បានចូលរួមជាតួលេខដែលច្រើនជាងសេចក្តីរាយការណ៍ដំបូងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ៣០០.០០០នាក់ ។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បាននិយាយថា ការពន្យារពេលចេញលទ្ធផលគឺមកពីអីុនធឺណិតមានបញ្ហានៅតាមការិយាល័យខ្លះក្នុងចំណោមការិយាល័យបោះឆ្នោត ២២.១៤៨ កន្លែង ដោយលើកឡើងថា  គ.ជ.បមិនអាចប្រកាសលទ្ធផលសម្រាប់ឃុំសង្កាត់ទាំងមូលបានទេ ប្រសិនបើមិនទទួលបាលលទ្ធផលដែលមានការបញ្ជាក់ពីការិយាល័យបោះឆ្នោតនីមួយៗនោះ ។

ខណៈលោក ហង្ស ពុទ្ធា បានលើកឡើងថា លោកសង្ឃឹមថា លទ្ធផលឆ្នោតនឹងបូកសរុបបញ្ចប់កាលពីម្សិលមិញនោះ គណបក្សធំៗទាំងពីរហាក់ដូចជាមានការសន្និដ្ឋានផ្ទាល់ខ្លួនរួចជាស្រេច ។

ផ្អែកលើទិន្នន័យប្រមូលដោយអ្នកអង្កេតការណ៍បោះឆ្នោតរបស់ខ្លួន គណបក្សសង្គ្រោះ ជាតិបានប៉ាន់ប្រមាណថា គណបក្សរបស់ខ្លួនឈ្នះតំណែងមេឃុំចៅសង្កាត់ចន្លោះពី៤៨២ដល់ ៤៨៦ ក្នុងចំណោមតំណែងមេឃុំចៅ សង្កាត់ចំនួន១.៦៤៦តំណែងដែលដាក់ឲ្យប្រកួតប្រជែងយក និងទទួលបាន ៤៦ ភាគរយ នៃសំឡេងឆ្នោតរបស់ប្រជាពលរដ្ឋបើធៀបនឹងគណបក្សប្រជាជនកម្ពុជាដែលទទួលបាន ៥១ ភាគរយ នេះបើយោងតាមព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សសង្គ្រោះជាតិ ។

ដោយលើកឡើងពីការទទួលបានតំណែងមេឃុំចៅសង្កាត់ភាគច្រើនរបស់គណបក្សប្រឆាំងនៅក្នុងរាជធានីភ្នំពេញខេត្តសៀមរាប និងខេត្តកំពង់ចាមនោះ ព្រះអង្គម្ចាស់បានមានបន្ទូលកាលពីម្សិលមិញថា “វាជាជំហានដ៏សំខាន់ក្នុងការឆ្នោះទៅរកជ័យជម្នះក្នុងការបោះឆ្នោតបន្ទាប់” ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបាននិយាយអំពីជ័យជម្នះស្រដៀងគ្នានេះកាលពីម្សិលមិញ ។

ឆ្លើយតបទៅនឹងអ្នករិះគន់ដែលលើកឡើងថា គណបក្សប្រជាជនកម្ពុជាចាញ់ឆ្នោតលោកនាយករដ្ឋមន្ត្រី បានបង្ហោះលទ្ធផលឆ្នោតគ្មានប្រភព និងមិនផ្លូវការលើហ្វេសប៊ុកកាលពីព្រឹកម្សិលមិញ អមដោយរូបភាពស្តីពីលោកវាយកូនហ្គុលហ្វ៍ ។

ការរាប់សន្លឹកឆ្នោតនៅក្នុងការបោះឆ្នោតឃំុ សង្កាត់ ឆ្នាំ២០១៧ នៅថ្ងៃ អាទិត្យ ក្នុងរាជធានីភ្នំពេញ ។ រូបថតៈ Hannah Hawkins/The Cambodia Daily
ការរាប់សន្លឹកឆ្នោតនៅក្នុងការបោះឆ្នោតឃំុ សង្កាត់ ឆ្នាំ២០១៧ នៅថ្ងៃ អាទិត្យ ក្នុងរាជធានីភ្នំពេញ។ រូបថតៈ Hannah Hawkins/The Cambodia Daily

លោកបានសរសេរថា “សំឡេងឆ្នោតគណបក្សប្រជាជនមានការកើនឡើងប្រៀបនឹងការបោះឆ្នោតក្នុងឆ្នាំ២០១៣ និងខ្ពស់ជាងបក្សផ្សេងៗនៅកម្ពុជា” ។

ដោយលើកឡើងអំពីចំនួនពលរដ្ឋចេញទៅបោះឆ្នោតសរុបដែលមិនទាន់ធ្វើបច្ចុប្បន្នភាពនោះ លោកនាយករដ្ឋមន្ត្រីបានសរសេរបន្ថែមថា គណបក្សប្រជាជនកម្ពុជាឈ្នះជាង ៥១ ភាគរយ នៃសំឡេងឆ្នោតចំនួន ៦,៧ លានសំឡេង កើនឡើងជាង ៣០០.០០០ សំឡេង ប្រៀបធៀបនឹងការបោះឆ្នោតឆ្នាំ២០១៣ ។

ចំនួនប្រជាពលរដ្ឋចេញទៅបោះឆ្នោតសរុបដែលត្រូវបានធ្វើបច្ចុប្បន្នភាពក្នុងសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ចុះកាលបរិច្ឆេទនៅយប់ថ្ងៃអាទិត្យកើនឡើងដល់ជាង ៧ លាននាក់ ។

លោកនាយករដ្ឋមន្ត្រីក៏បានអះអាងផងដែរពីជ័យជម្នះលើគណបក្សសង្គ្រោះជាតិដែលបរាជ័យនៅក្នុងផែនការគ្រប់គ្រងព្រឹទ្ធសភា ជាស្ថាប័ននិមិត្តរូបដែលត្រូវបានបោះឆ្នោតជ្រើសរើសដោយក្រុមប្រឹក្សាឃុំសង្កាត់ភាគច្រើន និងជាស្ថាប័នដែលប្រធានរបស់ខ្លួននឹងដើរតួជាប្រមុខរដ្ឋស្តីទីពេលព្រះមហាក្សត្រអវត្តមាន ។

លោក សុខ ឥសាន បានផ្តល់តួលេខស្រដៀងគ្នានឹងលោកនាយករដ្ឋមន្ត្រី និងព្រះអង្គម្ចាស់ សីុសុវត្ថិ ធម្មិកោ តាមវិទ្យុបាយ័ន កាលពីម្សិលមិញ ដោយលើកឡើងថា គណបក្សរបស់លោកទទួលបានតំណែងមេឃុំចៅសង្កាត់ចំនួន ១.១៥៨ ធៀបនឹងគណបក្សប្រឆាំងដែលទទួលបាន ៤៨៧ តំណែង។ លោកអះអាងថា តួលេខនេះគឺ គ្រប់គ្រាន់ឈ្នះឆ្នោតបានហើយ ។

លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលព្យាករអំឡុងយុទ្ធនាការឃោសនារយៈពេលពីរសប្តាហ៍ថា គណបក្សរបស់លោកនឹងឈ្នះ ៦០ ភាគរយ នៃសំឡេងឆ្នោតរបស់ប្រជាពលរដ្ឋនោះបានលើកឡើងពេលថ្លែងសុន្ទរកថា នៅទីស្នាក់ការកណ្កាលគណបក្សរបស់លោកក្នុងរាជធានីភ្នំពេញថា គណបក្សរបស់លោកឈ្នះ “ជិត ៥០០ ឃុំសង្កាត់” បើធៀបទៅនឹង ៤០ ឃុំ សង្កាត់ ដែលគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សឈ្នះរួមគ្នាក្នុងការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១២ ។ លោកបានមានប្រសាសន៍ថា ភាពប្រសើរឡើងនេះ”បញ្ជាក់ថា គណបក្សសង្គ្រោះ ជាតិទទួលបានជ័យជម្នះសម្រាប់ការបោះឆ្នោតបន្ទាប់” ។

អង្គការសង្គមស៊ីវិលនៃបន្ទប់ស្ថានការណ៍(Situation Room) ដែលជាសម្ព័ន្ធអង្គការមិនមែនរដ្ឋាភិបាល នឹងបង្ហាញលទ្ធផលរបស់ខ្លួនដែលផ្អែកលើអ្នកសង្កេតការណ៍ឯករាជ្យនៅក្នុងសន្និសីទកាសែតមួយនៅព្រឹកនេះនេះបើយោងតាមការឲ្យដឹងពីអង្គការនេះ ។

ក្នុងចំណោមអ្នកបោះឆ្នោតដែលបានចុះឈ្មោះ ១០ នាក់ មានជិត ៩នាក់ បានបោះឆ្នោតកាលពីថ្ងៃអាទិត្យ នេះយោងតាមទិន្នន័យដែលបានធ្វើបច្ចុប្បន្នភាពរបស់គ.ជ.បស្តីពីចំនួនប្រជាពលរដ្ឋចេញមកបោះឆ្នោត ជាការកែប្រែទិន្នន័យដែលលោក សំ គន្ធាមី នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា (និកហ្វិច) និយាយថា វាមកពីការចូលរួមរបស់ប្រជាពលរដ្ឋមិនមែនជាការលេងល្បិចទេ ។ លោកថ្លែងថា “ជាការពិតខ្ញុំសប្បាយចិត្តដែលបានឃើញប្រជាពលរដ្ឋចេញមកបោះឆ្នោតយ៉ាងច្រើន” ។

លោក អ៊ូ វីរៈ នាយកអង្គការវេទិកាសាធារណៈបានមានប្រសាសន៍ថា លទ្ធផលប្រកៀកប្រកិតនៃការបោះឆ្នោតនេះមានប្រយោជន៍សម្រាប់អ្នកបោះឆ្នោត ព្រោះវានឹងជំរុញឱ្យគណបក្សនយោបាយធំៗផ្ដោតការយកចិត្តទុកដាក់បន្ថែមទៀតទៅលើសេចក្ដីត្រូវការរបស់ពួកគាត់ ។ លោកគូសបញ្ជាក់ថា “ក្ដីបារម្ភរបស់ខ្ញុំសម្រាប់បក្សប្រជាជន គឺថាខ្លាចពួកគេយល់ខុសពីលទ្ធផលនៃការបោះឆ្នោតនេះ” ។

លោកលើកឡើងទៀតថា បណ្ដាញនៅមូលដ្ឋានដែលចាក់ឫសយ៉ាងជ្រៅ និងអត្ថប្រយោជន៍នៃការកំពុងកាន់តំណែងរបស់គណបក្សនេះ បានធ្វើឱ្យខ្លួនមានប្រៀបខ្លាំងលើគណបក្សប្រឆាំងនៅក្នុងការបោះឆ្នោតឃុំ សង្កាត់ ដោយធ្វើឱ្យការអួតអាងរបស់គណបក្សនេះអំពីជ័យជម្នះភ្លូកទឹកភ្លូកដីរបស់ខ្លួនកាលពីម្សិលមិញ ហាក់ជាការសម្ញែងឫកពារនយោបាយ ឬពីភាពឆោតល្ងង់។

លោកធ្វើការកត់សម្គាល់ថា “ការពិតដែលពួកគេចាញ់ច្រើនបែបនេះ គួរតែជាសញ្ញាដាស់តឿន” ដោយព្យាករថា គណបក្សប្រជាជនកម្ពុជានឹង “លេងល្បែងនយោបាយបន្ថែមទៀត” តាមរយៈការបញ្ជូនសារជាក់លាក់ និងការបង្កើនសម្ពាធលើគណបក្សប្រឆាំង ។

លោកលើកឡើងបន្តថា ប៉ុន្តែគណបក្សសង្គ្រោះជាតិមិនបានទាញយកប្រយោជន៍ឱ្យអស់លទ្ធភាពពីលទ្ធផល”ដ៏អស្ចារ្យពិតប្រាកដ”របស់ខ្លួននៅថ្ងៃបោះឆ្នោតនោះទេ ដោយសារតែគណបក្សនេះរំពឹងទុកខ្ពស់ពេក ។ គណបក្សនេះគួរតែចាត់ទុកការបោះឆ្នោតនេះថាជាការប្រកួតប្រជែងដ៏ប្រកៀកប្រកិត ។

លោកមានប្រសាសន៍បន្ថែមទៀតថា ការបោះឆ្នោតកាលពីថ្ងៃអាទិត្យកន្លងទៅនេះ “គួរតែត្រូវបានចាត់ទុកជាជ័យជម្នះធំធេងសម្រាប់គណបក្សប្រឆាំងដោយសារគ្រប់បញ្ហាប្រឈមដែលពួកគេត្រូវជម្នះ” ។

ព្រះអង្គម្ចាស់ ធម្មិកោ បានការពារការព្យាក ររបស់លោក កឹម សុខា ដោយអះអាងថា គណបក្សមានអ្នកគាំទ្រច្រើនជាងមុន ។ ព្រះអង្គបានចាត់ទុកការបោះឆ្នោតនេះថា “ឈ្នះ ឈ្នះ” ដោយសារគណបក្សសង្គ្រោះជាតិកើនឡើងសំឡេងគាំទ្រ ហើយគណបក្សប្រជាជនកម្ពុជានៅតែមានអាសនៈឃុំ សង្កាត់ និងសំឡេងឆ្នោតនាំមុខ ។

សំដៅដល់ការគំរាមកំហែងពីសំណាក់លោក ហ៊ុន សែន និងថ្នាក់ដឹកនាំផ្សេងទៀតរបស់គណបក្សប្រជាជនកម្ពុជាថាជ័យជម្នះរបស់គណបក្សប្រឆាំងនឹងបង្កឱ្យមានអំពើហិង្សា ព្រះអង្គមានបន្ទូលថា “ខ្ញុំគិតថា វាគ្រប់គ្រាន់អាចធានាបានជាថ្មីចំពោះប្រជារាស្ត្រនៅកម្ពុជាថា នឹងគ្មានសង្គ្រាមទេ ពីព្រោះបើអ្នកគ្រប់គ្នាឈ្នះ នឹងគ្មានសង្គ្រាមទេ” ៕ ស៊ុយឈាង និងសុខុម (រាយការណ៍បន្ថែមដោយ បែន សុខហ៊ាន)

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស