38 C
Phnom Penh

ប្រជាពលរដ្ឋ​​​ចាប់​​​ផ្តើម​​​រើ​​​ចេញពី​​​អគារ​​​ប៊ូឌីញ​​​ជាបណ្តើរ​​​ៗ​​​ហើយ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ខណៈប្រជាពលរដ្ឋចាប់ផ្តើមរើចេញពីអគារប៊ូឌីញក្នុងរាជធានីភ្នំពេញកាលពីម្សិល មិញ ក្រុមមន្ត្រីរដ្ឋាភិបាលក៏មានវត្តមាននៅទីនេះដែរ ដោយចែកជូនឯកសារដល់អ្នកដែលបានរើចេញទាំងនោះ រីឯបុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក៏បានមកផ្សព្វផ្សាយសេវាកម្មរបស់ខ្លួន។

ខណៈដែលប្រជាពលរដ្ឋមួយចំនួនលើករបស់របររបស់ខ្លួនដាក់លើរថយន្ត ឬទុកចោលរបស់ដែលមិនត្រូវការបាំងផ្លូវដ៏តូចចង្អៀតនោះ ពលរដ្ឋផ្សេងទៀតបានសម្លឹងមើលតាមមាត់ទ្វារផ្ទះរបស់ពួកគាត់ ដោយនិយាយថា ពួកគាត់នឹងចាប់ផ្តើមរៀបចំអីវ៉ាន់ដែរក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។

បុរសម្នាក់លើកកង្ហារដាក់លើរថយន្ត ខណៈពេលប្រជាពលរដ្ឋរស់នៅអគារប៊ូឌីញស ក្នុងរាជធានីភ្នំពេញ ចាប់ផ្ដើមរើចេញកាលពីម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
បុរសម្នាក់លើកកង្ហារដាក់លើរថយន្ត ខណៈពេលប្រជាពលរដ្ឋរស់នៅអគារប៊ូឌីញស ក្នុងរាជធានីភ្នំពេញ ចាប់ផ្ដើមរើចេញកាលពីម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

ក្រុមហ៊ុនអារ៉ាកាវ៉ា ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យរបស់ជប៉ុនដែលគ្រោងវាយកម្ទេចអគារលំនៅដ្ឋានសម្រាប់ពលរដ្ឋមានចំណូលទាបរស់នៅ ហើយជំនួសដោយអគារកម្ពស់២១ជាន់បានទុកឱ្យក្រសួងរៀបចំដែនដីចរចាសំណងជាមួយប្រជាពលរដ្ឋភាគច្រើន។ក្រសួងនេះបានបញ្ជូនមន្ត្រីជាង១០នាក់មកកាន់អគារនេះកាលពីម្សិលមិញ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក៏មានវត្តមានផងដែរ ដោយមើលឃើញពីឱកាសអាវីវកម្ម។

បុគ្គលិកវ័យក្មេងបីនាក់មកពីមីក្រូហិរញ្ញវត្ថុក្រេឌីត បានឈរផ្អែកបង្កាន់ដៃជណ្តើរកាលពីម្សិលមិញ ដោយពាក់អាវពណ៌ស និងមានកាន់កាតាបផង។

ហូយ សម្បត្តិ ជាបុគ្គលិកម្នាក់របស់មីក្រូហិរញ្ញវត្ថុនេះបាននិយាយថា “យើងចង់ដឹងថា តើពួកគាត់រកទិញផ្ទះថ្មីបានឬនៅ ឬថា តើពួកគាត់ត្រូវការប្រាក់ដែរឬទេ”។ គាត់បាននិយាយថា ប្រជាពលរដ្ឋប្រហែល៣០ភាគរយដែលគាត់បាននិយាយទៅកាន់នោះ បានសម្តែងការចាប់អារម្មណ៍ក្នុងការខ្ចីប្រាក់ដែរដែលតាមធម្មតាចន្លោះពី ១.០០០ដុល្លារ ទៅ ២.០០០ដុល្លារ។

គាត់បាននិយាយថា “ពួកគាត់គ្រាន់តែត្រូវ ទិញរបស់របរខ្លះទម្រាំពួកគាត់បើកប្រាក់ខែ”។

លោក ម៉ៅ ចាន់រស្មី មន្ត្រីម្នាក់មកពីក្រសួង នេះបានមានប្រសាសន៍ថា លោកបានស្ទង់មតិប្រជាពលរដ្ឋថា តើពេលណាពួកគាត់គ្រោងរើចេញទាំងស្រុង។លោកបានថ្លែងថា “ខ្ញុំចង់ដឹងថា តើប៉ុន្មានគ្រួសារបានរើចេញ និងប៉ុន្មានគ្រួសារនៅសេសសល់់”។

លោកបានថ្លែងថា ក្រសួង និងក្រុមហ៊ុនអារ៉ាកាវ៉ាបានចែកជូនឯកសារដល់ប្រជាពលរដ្ឋដែលរើចេញដើម្បីប្តូរយកមូលប្បទានបត្រ។ លោកបានបន្ថែមថា មិនទាន់មានឱសានវាទផ្លូវការថា តើពេលណាប្រជាពលទាំងនោះត្រូវរើចេញនោះឡើយ។

ជាង៩០ភាគរយនៃប្រជាពលរដ្ឋ៤៩៣គ្រួសារដែលរស់នៅក្នុងអគារនេះបានទទួលយកការផ្តល់សំណងចុងក្រោយរបស់ក្រសួងក្នុងទឹកប្រាក់១.៤០០ដុល្លារក្នុងមួយម៉ែត្រការ៉េសម្រាប់ផ្ទះរបស់ពួកគាត់។

យោងតាមព័ត៌មានបង្ហោះក្នុងទំព័រហ្វេសប៊ុករបស់ក្រសួងបានឱ្យដឹងថា ម្ចាស់ផ្ទះ៧៥គ្រួសារបានទទួលយកមូលប្បទានបត្រគិតត្រឹមម៉ោង៥និង៣០នាទីល្ងាចម្សិលមិញ។

ប្រជាពលរដ្ឋមួយចំនួនរំភើបរីករាយដែល ទីបំផុតថ្ងៃរើចេញរបស់ពួកគាត់បានមកដល់។

អ្នកស្រី រ៉ូ ពិសី អាយុ៤៥ឆ្នាំ ជាម្ចាស់ផ្ទះម្នាក់ដែលកាលពីម្សិលមិញ បានបើកទ្វារផ្ទះរបស់ខ្លួនឲ្យក្រុមហ៊ុនអារ៉ាកាវ៉ាប្រើប្រាស់ធ្វើជាប្រតិបត្តិការបាននិយាយថា “បើខ្ញុំទទួលបានឯកសារថ្ងៃនេះ ខ្ញុំនឹងទៅយកលុយថ្ងៃនេះ”។ អ្នកស្រីបន្ថែមថា “ខ្ញុំរីករាយការដែលក្រុមហ៊ុនទិញផ្ទះរបស់ខ្ញុំ”។

អ្នកស្រី ប៉ាម ម៉ាន អាយុ៣៧ឆ្នាំអង្គុយនៅច្រកផ្លូវទល់មុខផ្ទះអ្នកស្រី រ៉ូ ពិសី ដោយមានកូនតូចនៅលើភ្លៅផងនោះ មិនសប្បាយចិត្តអំពីការរើចេញនេះឡើយ។

អ្នកស្រី ប៉ាម ម៉ាន ដែលបានរស់នៅក្នុងអគារនេះរយៈពេលជាង២០ឆ្នាំមកហើយនោះបាននិយាយថា “ខ្ញុំនឹងរៀបចំអីវ៉ាន់នៅសប្តាហ៍ក្រោយនេះ”។

ការផ្តល់សំណងរបស់ក្រសួងគឺតិចតួចណាស់សម្រាប់អ្នកស្រីមិនអាចឱ្យគាត់រកទិញផ្ទះកន្លែងផ្សេងកណ្តាលរាជធានីភ្នំពេញបានឡើយ។អ្នកស្រីមានគម្រោងទៅនៅចម្ងាយប្រហែល៩គីឡូម៉ែត្រ ទៅកាន់ខណ្ឌដង្កោភាគខាងត្បូង។

អ្នកស្រីបាននិយាយថា “ខ្ញុំនឹកផ្ទះរបស់ខ្ញុំ។  ខ្ញុំចូលចិត្តរស់នៅទីនេះ។ ខ្ញុំមិនចង់ទៅណាទេ”៕សារុន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស