41.3 C
Phnom Penh

CPP និង CNRP ដាក់​​​ពាក្យ​​​បណ្តឹង​​​ទាក់​​​ទិន​​​ការ​​​បោះ​​​ឆ្នោត​​​ឃុំ​​​សង្កាត់​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច និងគណបក្សសង្គ្រោះជាតិបានដាក់ពាក្យបណ្តឹងផ្លូវការដែលរួមគ្នាមានចំនួនសរុប៣៩បណ្តឹងពាក់ព័ន្ធដំណើរការនៃការបោះឆ្នោតឃុំសង្កាត់កាលពីថ្ងៃអាទិត្យ ខណៈអ្នកសង្កេតការណ៍ឯករាជ្យបន្តរិះគន់ស្ថានភាពមុនថ្ងៃបោះឆ្នោតដែលទំនងជាប៉ះពាល់ដល់ការបោះឆ្នោត។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានលើកឡើងថា គណៈកម្មការរៀបចំការបោះឆ្នោតឃុំសង្កាត់របស់ គ.ជ.ប ទទួលបាន៧១ បណ្តឹងចាប់ពីថ្ងៃអាទិត្យរហូលដល់ថ្ងៃឱសានវាទដែលកំណត់ត្រឹមម៉ោង១១និង៣០នាទី ព្រឹកម្សិលមិញ ក្នុងនោះរួមមាន២០បណ្តឹងមកពីគណបក្សសង្គ្រោះជាតិ និង១៩បណ្តឹងមកពីគណបក្សប្រជាជនកម្ពុជា។

លោកមិនបានរៀបរាប់អំពីលក្ខណៈនៃបណ្តឹងទាំងនេះទេ ប៉ុន្តែថា គណៈកម្មការរៀបចំការបោះឆ្នោតឃុំសង្កាត់មានពេល៥ថ្ងៃក្នុងការដោះស្រាយ ឬរុញបណ្តឹងបន្តទៅគណៈកម្មការរៀបចំការបោះឆ្នោតខេត្តប្រសិនបើពាក្យបណ្តឹងនៅតែមិនទាន់ទទួលបានការពេញចិត្ត។បន្ទាប់មកគណៈកម្មការរៀបចំការបោះឆ្នោតខេត្តនឹងមានពេលបីថ្ងៃទៀតក្នុងការដោះស្រាយបណ្តឹងទាំងនេះ មុនពេលធ្លាក់ទៅដល់ដៃ គ.ជ.ប។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាមិនអាចទាក់ទងសុំការធ្វើអត្ថាធិប្បាយបានទេ។

លោកស្រី ម៉េង សុភារី ប្រធាននាយកដ្ឋានកិច្ចការបោះឆ្នោត និងនីតិកម្មគណបក្សសង្គ្រោះជាតិបានលើកឡើងថា បណ្តឹងរបស់គណបក្សលោកស្រី រួមមានការិយាល័យបោះឆ្នោតដែលមិនបានផ្តល់ទិន្នន័យសំឡេងឆ្នោតរាប់រួចដល់អ្នកសង្កេតការណ៍ ឬទិន្នន័យសន្លឹកឆ្នោតរាប់រួចដែលចុះហត្ថលេខាដោយមន្ត្រីឃុំសង្កាត់មិនមែនមន្ត្រីបោះឆ្នោតនោះ។ បណ្តឹងផ្សេងៗរួមមានការបំភិតបំភ័យអ្នកសង្កេតការណ៍របស់គណបក្ស និងការិយាល័យបោះឆ្នោតដែលមានសន្លឹកឆ្នោតខូចដល់៥០សន្លឹកដែលគណបក្សសង្គ្រោះជាតិស្នើឲ្យរាប់ឡើងវិញ។

ដោយសំដៅដល់ភាពមិនប្រក្រតីដែលត្រូវបានរាយការណ៍ លោកស្រីបានលើកឡើងថា “វាប៉ះពាល់ដល់លទ្ធផលបោះឆ្នោត”។

គ.ជ.បនៅមិនទាន់បញ្ចេញលទ្ធផលបោះឆ្នោតផ្លូវការនៅឡើយទេ។ ប៉ុន្តែ គេហទំព័រព័ត៌មាន Fresh News ដែលមានសម្ពន្ធភាពជាមួយរដ្ឋាភិបាលបានរាយការណ៍ថា គណបក្សប្រជាជនកម្ពុជាឈ្នះប្រហែល៧០ភាគរយនៃឃុំសង្កាត់១.៦៤៦ទូទាំងប្រទេស ដោយអាសនៈនៅសល់ភាគច្រើនបានទៅលើគណបក្សសង្គ្រោះជាតិ ជាការបង្ហាញថាគណបក្សប្រឆាំងទទួលបានសំឡេងគាំទ្រកើនឡើងច្រើន។

អង្គការតម្លាភាពកម្ពុជានិងអង្គការសង្គមស៊ីវិលនៃបន្ទប់ស្ថានការណ៍(Situation Room)ជាសម្ព័ន្ធអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលរួមគ្នាបានបញ្ជូនអ្នកសង្កេតការណ៍រាប់ពាន់នាក់ទៅទូទាំងប្រទេសកាលពីថ្ងៃអាទិត្យនោះ សុទ្ធតែបានចាត់ទុកភាពមិនប្រក្រតីដែលកើតឡើងនៅថ្ងៃបោះឆ្នោតថា មានតិចតួច ប៉ុន្តែថា ស្ថានភាពមុនថ្ងៃបោះឆ្នោតបានធ្វើឲ្យការបោះឆ្នោតនេះមិនមានលក្ខណៈសេរី និងយុត្តិធម៌។

បណ្តាញអាស៊ីដើម្បីការបោះឆ្នោតដោយសេរី (ANFREL-អានហ្វ្រេល) ដែលមានអ្នកសង្កេតការណ៍៣៦នាក់នៅកម្ពុជាចាប់តាំងពីចុងខែមុនមក បានយល់ស្រប។ អង្គការដែលមានមូលដ្ឋាននៅក្នុងទីក្រុងបាងកកមួយនេះ បានចុះបញ្ជី លោក គល់ បញ្ញា នាយកប្រតិបត្តិគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) ដែលជាសមាជិកនៃអង្គការបន្ទប់ស្ថានការណ៍នោះ ជាអនុប្រធាន។

អំឡុងសន្និសីទកាសែតមួយក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ បណ្តាញនេះបានលើកឡើងថា ច្បាប់បោះឆ្នោតថ្មី បញ្ជីឈ្មោះអ្នកបោះឆ្នោតមានភាពប្រសើរជាងមុន និង គ.ជ.បដែលត្រូវបានធ្វើកំណែរទម្រង់ បានជួយធ្វើឲ្យការបោះឆ្នោតកាលពីថ្ងៃអាទិត្យមានដំណើរការរលូនជាងការបោះឆ្នោតមុនៗ។ ប៉ុន្តែ បណ្តាញនេះបានលើកឡើងពីការយកធនធានរដ្ឋមកប្រើប្រាស់ដើម្បីធ្វើយុទ្ធនាការឃោសនាឲ្យគណបក្សប្រជាជនកម្ពុជា ការទិញសន្លឹកឆ្នោត និងការបំភិតបំភ័យគូបដិបក្ខនយោបាយ ប្រព័ន្ធផ្សព្វផ្សាយ និងអង្គការសង្គមស៊ីវិល។

អានហ្វ្រេលបានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយថា “ការគំរាមកំហែងដោយផ្ទាល់ចំពោះអង្គការមិនមែនរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេស និងក្របខ័ណ្ឌគតិយុត្តិដែលរឹតត្បិតអង្គការមិនមែនរដ្ឋាភិបាល និងគណបក្សនយោបាយ សេចក្តីថ្លែងការណ៍ទាំងនេះបង្ហាញថា កម្ពុជានៅមិនទាន់សម្រេចបានទីលានប្រកួតស្មើភាពដែលអនុគ្រោះបំផុតដល់សិទ្ធិប្រជាធិបតេយ្យសេរីពហុបក្សឡើយ”។

អានហ្វ្រេលក៏បានលើកឡើងផងដែរថា ការលើកឡើងមុនថ្ងៃបោះឆ្នោតរបស់លោក ហ៊ុន សែន ដែលព្រមានថានឹងកើតសង្គ្រាមបើគណបក្សប្រជាជនកម្ពុជាចាញ់ឆ្នោត និងការប្រកាសថា មានការគាំទ្រជារៀងរហូតចំពោះគណបក្សប្រជាជនកម្ពុជា និងការគំរាមកំហែងពីរដ្ឋមន្ត្រីការពារជាតិកំពូលថា នឹងវាយបំបែកធ្មេញអ្នកដែលមិនទទួលយកលទ្ធផលបោះឆ្នោតនោះ បានបង្កបរិយាកាសបំភិតបំភ័យដែលអាចជះឥទ្ធិពលលើទំនុកចិត្តរបស់អ្នកបោះឆ្នោត។ បណ្តាញនេះបានលើកឡើងទៀតថា ការដាក់នីតិវិធីព្រហ្មទណ្ឌជាបន្តបន្ទាប់លើសមាជិកមួយចំនួន របស់ គ.ជ.ប ជាករណីដែលមជ្ឈដ្ឋានទូទៅមើលឃើញថា មានជាប់ពាក់ព័ន្ធរឿងនយោបាយនោះ ក៏អាចបង្កការគំរាមកំហែងដល់ឯករាជភាពរបស់ គ.ជ.បដែរ។

សម្រាប់ថ្ងៃបោះឆ្នោតអានហ្វ្រេលបានលើកឡើងថា អ្នកសង្កេតការណ៍របស់ខ្លួនបានកត់សម្គាល់នូវការប្រាសចាកមួយចំនួនពីនីតិវិធីបោះឆ្នោតស្តង់ដារ ហើយបាននិយាយថា ការកើតឡើងភាគច្រើនបណ្តាលមកពីកង្វះការបណ្តុះបណ្តាលមន្ត្រីបោះឆ្នោត។

បណ្តាញនេះ បានលើកឡើងបន្តទៀតថា សេចក្តីរាយការណ៍ដែលថា មានទាហានជាច្រើនរយនាក់ត្រូវបានដឹកមកកាន់ឃុំមួយចំនួនដើម្បីបោះឆ្នោតនៅក្រៅឃុំដែលពួកគេរស់នៅឬធ្វើការ ត្រូវមានការ “បញ្ជាក់បន្ថែម”។

ថ្លែងបន្ទាប់ពីសន្និសីទកាសែត លោក Ichal Supriadi នាយកប្រតិបត្តិអានហ្វ្រេលបានលើកឡើងថា ការបារម្ភខា្លចទាហានត្រូវបានប្រើប្រាស់ដើម្បីបន្ថែមសំឡេងឆ្នោតសម្រាប់គណបក្សប្រជាជនកម្ពុជានៅឃុំគោលដៅនោះគ្រាន់តែជា “ពាក្យចចាមអារ៉ាម” និងការស្មានប៉ុណ្ណោះ។

លោកបានមានប្រសាសន៍ថា “យើងត្រូវតែដឹងជាមុនថា តើពួកគេត្រូវបានបញ្ជូនពីណាមកចំនួនប៉ុន្មាន ហើយបន្ទាប់មកទើបយើងអាចវាយតម្លៃបាន”។ លោកបានបន្ថែមថា ការខិតខំសើុបអង្កេត ប្រហែលជាមិន ាននរណាហ៊ាននិយាយប្រាប់នោះឡើយ។លោកបានថ្លែងថា “គ្មាននរណាចង់និយាយជាមួយយើងទេយើងគិតថា ប្រហែលជាមានការភ័យខ្លាច”។

អង្គការសិទ្ធិមនុស្សលីកាដូបានលើកឡើងថា នៅថ្ងៃបោះឆ្នោត អ្នកសង្កេតការណ៍នៅខេត្តសៀមរាបបានឃើញគេដឹកទាហានច្រើនរយនាក់ពីខាងក្រៅមកឃុំចំនួន២ គឺឃុំតាសៀម និងឃុំបឹងមាលា។

លោក ឈុំ សុជាតិអ្នកនាំពាក្យក្រសួងការពារជាតិបានបដិសេធមិនធ្វើអត្ថាធិប្បាយតាមទូរស័ព្ទនោះឡើយ ហើយក៏មិនទាន់បានឆ្លើយតប នឹងសំណួរផ្ញើតាមសារអេឡិចត្រូនិកដែរ។

អំឡុងរដូវកាលចុះឈ្មោះបោះឆ្នោតកាលពីឆ្នាំមុនគ.ជ.បបានទទួលស្គាល់ថា មានការអនុញ្ញាតច្រឡំឲ្យទាហានចុះឈ្មោះនៅក្នុងឃុំមួយចំនួន ប៉ុន្តែបានបដិសេធមិនចាត់ការឡើយពាក់ព័ន្ធបញ្ហានេះ ។

ទោះជាយ៉ាងណា លោក ហង្ស ពុទ្ធា កាល ពីម្សិលមិញបានទទួលស្គាល់ថា មន្ត្រីបោះឆ្នោតមួយចំនួនពិតជាមិនទទួលបានការបណ្តុះបណ្តាលគ្រប់គ្រាន់មែន។

លោកបានមានប្រសាសន៍ថា “ស្អីក៏ដោយ គ្មាន Perfect គ្មានល្អឥតខ្ចោះនោះទេ”។ លោក បានបន្ថែមថា “មាន ត្រូវតែមានមន្ត្រីខ្លះមិនសូវចេះមិនសូវយល់ តែជាចំនួនតិចតូច”។

លោកបានលើកឡើងទៀតថា បណ្តឹងភាគច្រើនអំពីស្ថានភាពមុនថ្ងៃបោះឆ្នោតគឺហួសពីដែនសមត្ថកិច្ចរបស់ គ.ជ.ប ប៉ុន្តែ បានបន្ថែមថា គណៈកម្មាធិការនេះ ប្រហែលជាពិចារណាអំពីតម្រូវការក្នុងការពង្រីកយុត្តាធិការរបស់ខ្លួននៅពេលក្រោយ៕ ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស