សវនាការជំនុំជម្រះបុរសជនជាតិហូឡង់ម្នាក់ដែលត្រូវបានចោទប្រកាន់ពីបទលាក់ភ័ស្តុតាងបន្ទាប់ពីមិត្តប្រុសរបស់ខ្លួនជាជនជាតិវៀតណាម ត្រូវបានគេឃើញធ្វើទារុណកម្មកុមារាម្នាក់តាមរយៈវីដេអូឃ្លីបជាច្រើននោះ ត្រូវបានផ្អាកបន្ទាប់ពីចាប់ផ្ដើមបានរយៈពេលប្រហែល១ម៉ោងកាលពីម្សិលមិញ ក្រោយពីតុលាការកំណត់ថា ចំនួនចៅក្រមដែលត្រូវបានចាត់តាំងក្នុងរឿងក្ដីនេះមិនគ្រប់គ្រាន់។
លោកស្រី ឡាយ លីចេង ក្រឡាបញ្ជីតុលាការបានមានប្រសាសន៍ថា ករណីព្រហ្មទណ្ឌលើ ស្តេហ្វែន ស្ទ្រូអុីក (Stefan Stuik) អាយុ៥៣ឆ្នាំ នឹងត្រូវបញ្ជូនទៅប្រធានសាលាដំបូងខេត្តមណ្ឌលគិរីឱ្យចាត់តាំងចៅក្រមពីររូបបន្ថែមទៀតក្នុងរឿងក្ដីនេះអនុលោមតាមច្បាប់។
លោកស្រីបានមានប្រសាសន៍ថា “យើងគិតថា យើងអាចធ្វើការជម្រះបាន” ប៉ុន្តែខណៈដែលតុលាការកំពុងពិនិត្យមើលនីតិវិធី ក្រុមមន្ត្រីដឹងថាមានកំហុសបច្ចេកទេស “ព្រោះវាជាករណីព្រហ្មទណ្ឌ” ហើយតម្រូវឱ្យមានចៅក្រមជំនុំជម្រះបីរូប។
លោកស្រី ឡាយ លីចេង បានបន្ថែមថា ស្តេហ្វែន ស្ទ្រូអុីក ត្រូវបានបញ្ជូនទៅពន្ធនាគារខេត្តវិញក្រោយពីការសាកសួរ ហើយសវនាការជំនុំជម្រះគ្រោងបន្តឡើងវិញនៅថ្ងៃទី២១ ខែមិថុនា។
ស្តេហ្វែន ស្ទ្រូអុីក ត្រូវបានចាប់ខ្លួនកាលពីខែធ្នូ បន្ទាប់ពីជួយមិត្តប្រុសរបស់ខ្លួនឈ្មោះ ង្វៀន ថាញ់ឌុង អាយុ៣៤ឆ្នាំ ឱ្យរត់ភៀសខ្លួនពីចម្ការកាកាវ ក្នុងខេត្តមណ្ឌលគិរីទៅប្រទេសវៀតណាម។ ង្វៀន ថាញ់ឌុង ត្រូវបានចាប់ខ្លួនដោយក្រុមមន្ត្រីក្នុងទីក្រុងហូជីមីញ។
វីដេអូឃ្លីបចំនួន៤៩ដែលបានបែកធ្លាយតាមប្រព័ន្ធអុីនធឺណិតកាលពីដើមខែនោះបង្ហាញពីសកម្មភាព ង្វៀន ថាញ់ឌុង ធ្វើទារុណកម្មកុមាររងគ្រោះអាយុ២ឆ្នាំ ដែលឪពុកម្ដាយរបស់ខ្លួនធ្វើការនៅចម្ការរបស់ ស្តេហ្វែន ស្ទ្រូអុីក ហើយក្នុងវីដេអូឃ្លីបមួយចំនួនទៀត គេឃើញបុរសរូបនេះបានប្រើឧបករណ៍ឆក់ធ្វើទារុណកម្មលើកុមាររងគ្រោះនេះទៀតផង។
បទចោទប្រកាន់លើ ស្តេហ្វែន ស្ទ្រូអីុក ដែលមានសញ្ជាតិកម្ពុជា រួមមានពី “បទមិនប្ដឹងបរិហារការធ្វើបាបអនីតិជន” និង “បទលាក់បំបាំងតម្រុយ” ដែលត្រូវមានទោសជាប់ពន្ធនាគារសរុបចន្លោះពី១ឆ្នាំទៅ៣ឆ្នាំ និងពិន័យជាប្រាក់រហូតដល់៦លានរៀល។
កាលពីខែកុម្ភៈ ម្ដាយកុមាររូបនេះនិយាយថា នគរបាលវៀតណាមបានប្រាប់គាត់ថា ង្វៀន ថាញ់ឌុង នឹងមិនត្រូវបានធ្វើបត្យាប័នឱ្យមកប្រឈមការចោទប្រកាន់នៅក្នុងប្រទេសកម្ពុជាទេ។
លោក សូ សុវណ្ណ ស្នងការរងនគរបាលខេត្តមណ្ឌលគិរីបានមានប្រសាសន៍កាលពីម្សិលមិញថា នគរបាលវៀតណាមបានធ្វើដំណើរមកកាន់ប្រទេសកម្ពុជាដើម្បីប្រមូលភ័ស្តុតាងបន្ថែម ប៉ុន្តែលោកមិនទាន់ទទួលបានព័ត៌មានបច្ចុប្បន្នភាពអំពីការជំនុំជម្រះករណី ង្វៀន ថាញ់ឌុង នៅក្នុងប្រទេសជិតខាងនេះនៅឡើយទេ៕ សារុន