31 C
Phnom Penh

ការរាប់​​សន្លឹក​ឆ្នោត​​យឺតយ៉ាវ​នៅ​ក្នុង​ការ​​បោះឆ្នោត​ឃុំ សង្កាត់ ​បង្ក​ឱ្យមានការ​មិនពេញ​​ចិត្ត​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបន្តលើកឡើងថា អុីនធឺណិតដើរយឺត និងរូបថតព្រឹលៗជាហេតុបណ្តាលឱ្យមានការពន្យារពេលផ្សាយលទ្ធផលបោះឆ្នោតសម្រាប់ឃុំ សង្កាត់ ចំនួន ៣៤៤ ដោយអ្នកនាំពាក្យ គ.ជ.ប មិនបញ្ជាក់ពីពេលវេលាកំណត់ដែលសាធារណជនអាចទទួលបានលទ្ធផលពេញលេញឡើយ។ គណបក្ស និងអ្នកសង្កេតការណ៍មួយចំនួនបានសួរហេតុអ្វីបានជាដំណើរការនេះប្រើពេលយូរយ៉ាងនេះ។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានមានប្រសាសន៍កាលពីម្សិលមិញថា លោកមិនច្បាស់ថា លទ្ធផលនៅសល់នឹងត្រូវប្រកាសនៅពេលណាទេ ពីព្រោះកំពុងរង់ចាំរូបភាពនៃទម្រង់បោះឆ្នោតពីឃុំ សង្កាត់ ចំនួន ៣៤៤ ក្នុងចំណោមឃុំសង្កាត់ទាំង ១.៦៤៦ នៅឡើយ ដោយការពន្យារពេលមួយភាគធំស្ថិតនៅខេត្តកោះកុង និងភូមិភាគឦសាន។

ការរាប់សន្លឹកឆ្នោតនៅវិទ្យាល័យ បឹងត្របែក ក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌ ចំការមន រាជធានីភ្នំពេញកាលពីថ្ងៃ អាទិត្យ ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
ការរាប់សន្លឹកឆ្នោតនៅវិទ្យាល័យ បឹងត្របែក ក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌ ចំការមន រាជធានីភ្នំពេញកាលពីថ្ងៃ អាទិត្យ ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

លោកមានប្រសាសន៍ថា “ពួកគាត់និយាយថា ពួកគាត់បានផ្ញើឯកសារទាំងនោះមកភ្នំពេញហើយ ប៉ុន្តែយើងមិនទទួលបានទេ” ដោយលើកឡើងថា នេះប្រហែលជាបណ្ដាលមកពីបញ្ហាអុីនធឺណិត ឬអាកាសធាតុមិនអំណោយផល។

លោកបានបន្តថា ទម្រង់ទាំងនេះត្រូវបានបញ្ជូនដោយមន្ត្រីគណៈកម្មការបោះឆ្នោតឃុំ សង្កាត់ (សិក) ដោយប្រើទូរស័ព្ទស្មាតហ្វូន ឬកុំព្យូទ័រនៅទីស្នាក់ការកណ្ដាលរបស់ គ.ជ.ប ដែលពេលខ្លះមិនអាចដំណើរការទិន្នន័យបានដោយសារតែរូបថតព្រឹលៗ ឬបាត់ព័ត៌មាន។

លោកគូសបញ្ជាក់ថា គ្មានការពន្យារពេលណាមួយបណ្តាលមកពីភាពមិនប្រក្រតីនៅក្នុងការបោះឆ្នោតឡើយ។ លោកថ្លែងថា “ខ្ញុំមិនអាចសន្យាបានទេថា ពេលណាយើងនឹងប្រកាសលទ្ធផលទាំងអស់”។

នៅមុនការបោះឆ្នោត គ.ជ.ប និយាយថា ខ្លួននឹងចាប់ផ្ដើមប្រកាសលទ្ធផលបឋមបន្ទាប់ពីការបោះឆ្នោតកាលពីថ្ងៃ អាទិត្យ កន្លងទៅ ហើយបញ្ចប់នៅថ្ងៃ ពុធ ។ មានតែលទ្ធផលទទួលបានពីឃុំ សង្កាត់ចំនួន ៣៣ ប៉ុណ្ណោះដែលត្រូវបានបញ្ចូលបន្ថែមទៅក្នុងគេហទំព័ររបស់ គ.ជ.ប គិតចាប់ពីម៉ោងប្រហែល ៦ ល្ងាច ថ្ងៃ ច័ន្ទ រហូតមកទល់នឹងម៉ោង ៣ រសៀល ម្សិលមិញ។

លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា លទ្ធផលទាំងនេះមិនអាចកែប្រែបានទេ ពីព្រោះទម្រង់ទាំងនេះត្រូវការការអនុម័តពីសមាជិកទាំងប្រាំបួននៃគ.ជ.ប ដែលមានសមាសភាពពីរគណបក្សចូលរួម ហើយសន្លឹកឆ្នោតត្រូវបានដាក់ក្នុងកញ្ចប់បិទជិត។

លោកថ្លែងថា លទ្ធផលពីឃុំ សង្កាត់ ដែលនៅសេសសល់នឹងត្រូវបង្ហោះតែនៅលើគេហទំព័ររបស់ គ.ជ.ប ប៉ុណ្ណោះ ហើយលែងផ្សាយតាមទូរទស្សន៍ជាតិហើយ។

តួលេខសរុបក្រៅផ្លូវការដែលផ្ដល់ដោយលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាកាលពីយប់មិញបានបង្ហាញថា គណបក្សប្រជាជនកម្ពុជាឈ្នះអាសនៈមេឃុំ ចៅសង្កាត់ ចំនួន ១.១៦៣ គណបក្សសង្គ្រោះជាតិឈ្នះបាន ៤៨៧ អាសនៈ ហើយគណបក្សខ្មែររួបរួមជាតិទទួលបាន ១ អាសនៈ ដោយគណបក្សសង្គ្រោះជាតិផ្ដល់តួលេខស្រដៀងគ្នា។ លោក សុខ ឥសាន បញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាឈ្នះអាសនៈក្រុមប្រឹក្សាចំនួន ៦.៥២១ រីឯគណបក្សប្រឆាំងឈ្នះបាន ៤.៩៩៣ អាសនៈ។

លោក ហង្ស ពុទ្ធា បញ្ជាក់ថា មេឃុំ ចៅសង្កាត់ និងក្រុមប្រឹក្សាដែលទើបជាប់ឆ្នោតថ្មីនឹងចូលកាន់មុខតំណែងយ៉ាងតិចរយៈពេល ៤៥ ថ្ងៃ បន្ទាប់ពីការប្រកាសជាផ្លូវការនូវលទ្ធផលបោះឆ្នោតនៅថ្ងៃទី ២៥ ខែ មិថុនា ។

លោក សុខ ឥសាន ប្រាប់ថា លោកមិនព្រួយបារម្ភចំពោះការពន្យារពេលនេះទេ។ លោកថ្លែងថា “វាមិនប៉ះពាល់ដល់តួលេខនៃលទ្ធផលទេ វាកែប្រែមិនបានទេ។ វាយឺតយ៉ាវដោយសារតែឃុំ សង្កាត់ មួយចំនួននៅដាច់ស្រយាលពេក ហើយសមត្ថភាពរបស់ សិក នៅមូលដ្ឋានមានកម្រិត”។

អ្នកសង្កេតការណ៍មួយចំនួនបានទទួលយកការបកស្រាយរបស់ គ.ជ.ប។ លោក យឿង សុធារ៉ា មន្ត្រីច្បាប់ និងអង្កេតនៅអង្គការខុមហ្វ្រែល មានប្រសាសន៍ថា “គេប្រហែលជាសង្ស័យលើការអនុវត្តរបស់ គ.ជ.ប ប៉ុន្តែបច្ចេកទេសនៃការងារនេះគឺពិបាកជាងការគិត”។

ទោះជាយ៉ាងណា លោក សំ គន្ធាមី នាយកប្រតិបត្តិអង្គការនិកហ្វិចលើកឡើងថា លោកមិនពេញចិត្តការបកស្រាយរបស់ គ.ជ.ប ឡើយ។ លោកមានប្រសាសន៍ថា “ខ្ញុំមិនយល់ទេហេតុអីក៏ចំណាយពេលយូរម្លេ៉ះ។ ធម្មតាវាមិនចំណាយពេលយូរដល់ម្លឹងទេ”។

លោកលើកឡើងបន្ថែមទៀតថា លទ្ធផលនៅតាមឃុំ សង្កាត់ ត្រូវបានកត់ត្រាលើឯកសារមួយដែលឱ្យឈ្មោះថា ទម្រង់ ១១០២ ហើយថា គណបក្សនយោបាយធំៗទាំងពីរ ព្រមទាំងអង្គការសង្គមស៊ីវិលមួយក្រុមដែលហៅខ្លួនឯងថា “បន្ទប់ស្ថានការណ៍” ទទួលបានពីឃុំ សង្កាត់បើមិនទាំងអស់ទេ ក៏ភាគច្រើនដែរ នូវរូបថតនៃទម្រង់នេះពីតំណាងគណបក្សរបស់ខ្លួន ឬអ្នកសង្កេតការណ៍ឯករាជ្យ។

លោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិមានប្រសាសន៍ថា លោកស្រីក៏មានការព្រួយបារម្ភចំពោះការពន្យារពេលនេះដែរ។ លោកស្រីថ្លែងថា “កាន់តែឆាប់ កាន់តែមានតម្លាភាព”។

លោកស្រីបញ្ជាក់ថា គណបក្សប្រឆាំងមានបំណងស្នើសុំឱ្យ គ.ជ.ប រាប់សន្លឹកឆ្នោតឡើងវិញនៅក្នុងឃុំ សង្កាត់ ចំនួន ៦ ឬ ៧ ដែលជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជាមានតិចជាង ០,៥ ភាគរយ ហើយលោកស្រីបានបង្វែរសំណួរបន្ថែមទៀតទាក់ទិនការពន្យារពេលនេះទៅលោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សនេះ។

ប៉ុន្តែលោក យឹម សុវណ្ណ មានប្រសាសន៍ថា វាឆាប់រហ័សពេក ដូច្នេះមិនអាចសម្រេចយ៉ាងណាបានទេចំពោះការពន្យារពេលនេះ។ លោកលើកឡើងថា “ទុកឱ្យគេធ្វើការងាររបស់ពួកគាត់ចុះ។ យើងត្រូវពិនិត្យមើលសិន មុននឹងយើងធ្វើអត្ថាធិប្បាយ”៕ សុខុម (រាយការណ៍បន្ថែមដោយ Michael Dickison)

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស