29 C
Phnom Penh

ការធ្វើ​​​កូដ​​​កម្ម​​​របស់​​​កម្មករ​​​បង្ហាញ​​​ពី​​​កង្វល់​​​ពាក់​​​ព័ន្ធ​​​​​​សហជីព​​​នៅ​​​រោង​​​ចក្រ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្មករកាត់ដេរដែលនាំគ្នាធ្វើកូដកម្មយ៉ាងតិច១.០០០នាក់បានដាក់ញត្តិទៅកាន់ក្រសួងការងារកាលពីម្សិលមិញ ដោយស្នើសុំឲ្យក្រសួងជួយធ្វើអន្តរាគមន៍នៅក្នុងការព្យួរការងារកម្មករចំនួន១១នាក់ ក្នុងនោះមាន១០នាក់អះអាងថា ពួកគេត្រូវបានរើសអើងដោយសារជាសកម្មជនរបស់សហជីពក្នុងស្រុក។

ក្នុងរឿងដាច់ដោយឡែកមួយទៀត ពួកគេក៏បានអះអាងផងដែរថា ពួកគេត្រូវបានបង្ខំឲ្យចូលរួមជាមួយសហជីពមួយគាំទ្រដោយរដ្ឋាភិបាលដែលបាន និងកំពុងកាត់ថ្លៃចូលជាសមាជិកពីប្រាក់ខែរបស់អ្នកដែលមិនមែនជាសមាជិកផ្លូវការ នេះបើយោងតាមការលើកឡើងរបស់កម្មករ និងសហជីពឯករាជ្យមួយ។

Hannah Hawkins កម្មកររោងចក្រកាត់ដេរប្រមូលផ្តុំគ្នានៅខាងក្រៅក្រសួងការងារក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ បន្ទាប់ពីដាក់ញត្តិសុំអន្តរាគមន៍ពីក្រសួងឲ្យជួយកម្មករ១០នាក់ដែលត្រូវបានព្យួរការងារឲ្យចូលធ្វើការវិញ។ Hannah Hawkins/ឌឺ ខេមបូឌា ដេលី
Hannah Hawkins
កម្មកររោងចក្រកាត់ដេរប្រមូលផ្តុំគ្នានៅខាងក្រៅក្រសួងការងារក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ បន្ទាប់ពីដាក់ញត្តិសុំអន្តរាគមន៍ពីក្រសួងឲ្យជួយកម្មករ១០នាក់ដែលត្រូវបានព្យួរការងារឲ្យចូលធ្វើការវិញ។ Hannah Hawkins/ឌឺ ខេមបូឌា ដេលី

កម្មករមកពីរោងចក្រ សោតលេន(Southland) ្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដំបូងឡើយបានធ្វើកូដកម្មនៅថ្ងៃសុក្រ ពាក់ព័ន្ធការទទួលបានថ្ងៃឈប់សម្រាកទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាលពីថ្ងៃអាទិត្យ ប៉ុន្តែបានបន្តធ្វើកូដកម្មទៀតនៅថ្ងៃពុធ ពេលមានព័ត៌មានការផ្ទុះឡើងថា មានការព្យួរការងារ។

លោក ប៉ាវ ស៊ីណា ប្រធានសហព័ន្ធសហជីពចលនាកម្មករ (CUMW) បានលើកឡើងថា កម្មករប្រហែល១.០០០នាក់បានចុះហត្ថលេខាលើញត្តិនេះទាមទារឲ្យក្រុមហ៊ុននេះ”ផ្តល់ការងារឲ្យសមាជិកសហជីពចំនួន១០នាក់វិញ រួមទាំងកម្មករម្នាក់ផង ហើយបញ្ឈប់ការរើសអើងកម្មករ និងការពារសិទ្ធិកម្មករ”។

ទោះជាយ៉ាងណា លោក ព្រាប មុន្នីសុវណ្ណ  មន្ត្រីនៅសហព័ន្ធសហជីពចលនាកម្មករនេះបានប៉ាន់ប្រមាណថា មានកម្មករប្រហែល៨០ទៅ៩០ភាគរយនៃកម្មករចំនួន២.០០០នាក់នៅរោងចក្រសោតលេនបានចុះហត្ថលេខាលើញត្តិនេះ។

អ្នកបញ្ជាទិញសំខាន់ៗរបស់រោងចក្រ សោតលេន មានក្រុមហ៊ុនសម្លៀកបំពាក់ Polo ក្រុមហ៊ុនសម្លៀកពាក់ Next Co និងក្រុមហ៊ុនសម្លៀកបំពាក់ American Eagle  ដែលមិនអាចទាក់ទងសុំការធ្វើអត្ថាធិប្បាយបានកាលពីម្សិលមិញ។

លោក មុន្នីសុវណ្ណ បានលើកឡើងថា ការធ្វើកូដកម្មក្នុងសប្តាហ៍នេះបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា សហព័ន្ធសហជីពកម្ពុជា (CUF) ដែលអះអាងថា កម្មករភាគច្រើននៅរោងចក្រសោតលេន គឺជាសមាជិករបស់ខ្លួននោះមិននៅខាងកម្មករទេ ដោយឡើងពីអវត្តមានរបស់សហជីពនេះអំឡុងពេលកើតមានជម្លោះ។

លោកបានថ្លែងថា ” CUF មើលទៅស្រដៀង ជាម្ចាស់មួយផ្សេងទៀតនៅរោងចក្រនេះ។ ពួកគេមិនចង់ឲ្យកម្មករតវ៉ា ឬធ្វើការទាមទារឡើយ”។

លោក ប៉ាវ ស៊ីណា បានលើកឡើងទៀតថា កម្មករភាគច្រើនមិនដែលយល់ព្រមចូលរួមជាមួយសហព័ន្ធសហជីពកម្ពុជាទេ “ប៉ុន្តែ សហជីពនេះ នៅតែបន្តកាត់ថ្លៃចូលជាសមាជិក”។ កាលពីខែមីនា ឆ្នាំ២០១៦ រោងចក្រ សោតលេន បានដាក់ពាក្យប្តឹងលោក ប៉ាវ ស៊ីណា ដោយចោទប្រកាន់លោកថា បានក្លែងឯកសារដោយសារសរសេរឈ្មោះ កម្មករពីរនាក់ខុសនៅក្នុងឯកសារដែលជូនដំណឹងមកក្រុមហ៊ុនថា កម្មករទាំងពីរនាក់នេះចង់បង្កើតសហជីពនៅទីនោះ។

ហួន ស្រស់ កម្មករម្នាក់ដែលបានចូលរួមជាមួយអ្នកតវ៉ាយ៉ាងច្រើននៅខាងក្រៅអគារក្រសួងការងារកាលពីម្សិលមិញ បានលើកឡើងថា ពេលគេទទួលនាងឲ្យចូលធ្វើការនៅរោងចក្រនេះកាលពីខែមករា គណៈគ្រប់គ្រងរោងចក្របានប្រាប់នាងឲ្យចូលរួមជាមួយសហព័ន្ធសហជីពកម្ពុជា។ ទោះជាយ៉ាងណា នាងបានលើកឡើងថា នាងមិនសប្បាយចិត្តនឹងសេវានេះទេ។

នាងបាននិយាយថា “សហជីពនេះមិនដែលតំណាង ឬជួយយើងទេ ប៉ុន្តែពួកគេតែងតែត្រូវរ៉ូវគ្នាជាមួយរោងចក្រ”។

កម្មករម្នាក់ទៀតឈ្មោះ ជូ នី បានលើកឡើងថា សហព័ន្ធសហជីពកម្ពុជា “មិនដែលនៅជួយពួកយើងទេ” ខណៈកម្មករម្នាក់ទៀតឈ្មោះ ឆន ភ័ណ្ឌ បានសំដែងការសោកស្តាយ ថា ការកាត់ថ្លៃចូលជាសមាជិក៥០សេន មិនបានធ្វើតាមកិច្ចសន្យាចូលជាសមាជិកដែលមានចុះហត្ថលេខាឡើយ។

ឆន ភ័ណ្ឌ និយាយថា “ខ្ញុំកំពុងរង់ចាំឱកាស ចេញពីសហជីពនេះ”។ កម្មកររូបនេះបាននិយាយបន្តថា “ប្រសិនបើខ្ញុំចេញពីសហជីពនេះក្នុងពេលនេះ គេប្រហែលជាចោទខ្ញុំថា ឃុបឃិតជាមួយអ្នកធ្វើកូដកម្ម។ ពេលអ្វីៗស្ងប់ ទៅវិញបន្តិច ខ្ញុំនឹងទៅសហជីពសុំដកខ្លួនវិញ”។

លោក ជួន មុំថុល ប្រធានសហព័ន្ធសហជីពកម្ពុជាដែលក៏ធ្វើការជាទីព្រឹក្សាក្រសួងការងារដែរនោះមិនអាចទាក់ទងបានទេកាល ពីម្សិលមិញ។ ស្ត្រីម្នាក់ដែលលើកទូរស័ព្ទពេលគេហៅចូលលេខទូទៅនៅលើអុីនធឺណិត សម្រាប់ទាក់ទងសហព័ន្ធសហជីពកម្ពុជានោះបានប្រាប់ថា គាត់គឺជាភរិយារបស់លោក ជូន មុំថុល ហើយបាននិយាយថា ប្រធានសហជីពរូបនេះកំពុងស្ថិតនៅក្នុងប្រទេសស្វីស ។

លោក កែន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC)ដែលមានរោងចក្រ សោតលេន ជាសមាជិកបានលើកឡើងកាលពីថ្ងៃពុធថា ការរារាំងកម្មករមិនឲ្យបង្កើត ឬចូលរួមជាមួយសហជីពគឺជាទង្វើខុសច្បាប់ រីឯការកាត់ថ្លៃចូលជាសមាជិកពីប្រាក់ខែរបស់កម្មករដោយគ្មានការយល់ព្រមត្រឹមត្រូវក៏ខុសច្បាប់ដែរ។

លោកបានមានប្រសាសន៍ថា “ខ្ញុំយល់ឃើញថា រោងចក្រមិនអាចរារាំងកម្មករមិនឲ្យបង្កើតសហជីពបានទេ នោះជាទង្វើរំលោភ បំពានច្បាប់”។ លោកបានបន្តថា កម្មករគួរតែដាក់ពាក្យប្តឹងទៅក្រសួងការងារ។ លោកបានបន្ថែមទៀតថា “គេនឹងធ្វើការសើុបអង្កេត”។

អគ្គលេខាធិការរូបនេះបានលើកឡើងថា រោងចក្រអាចកាត់ថ្លៃចូលជាសមាជិកបាន លុះត្រាតែ “ទទួលបានការយល់ព្រមត្រឹមត្រូវពីកម្មករ” ជាមុនសិន។

លោកបានថ្លែងថា “ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះជាធម្មតា រោងចក្រមានការស្ទាក់ស្ទើរក្នុងការកាត់ថ្លៃចូលជាសមាជិកនេះ សូម្បីមានការយល់ព្រមក៏ដោយ”។

ទោះបីជា វា “ខុសច្បាប់ទាំងស្រុង” សម្រាប់ សហជីពក្នុងការកាត់ថ្លៃចូលជាសមាជិកដោយគ្មានការយល់ព្រមជាផ្លូវការក៏ដោយ តែវាជារឿងសាមញ្ញទៅហើយ នេះបើយោងតាមលោក មឿន តុលា នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់)។

លោកបានមានប្រសាសន៍ថា “វាកើតមាននៅកន្លែងការងារភាគច្រើន…កម្មករខ្លះអត់ដឹងថា សហជីពណាដែលខ្លួនមានទំនាក់ទំនង ឬបានចូលជាសមាជិកនោះទេ”។ លោកបានបន្ថែមថា កម្មករភាគច្រើនមិនហ៊ាននិយាយនោះទេ ព្រោះខ្លាចគេបញ្ឈប់ពីការងារ។

លោកបានថ្លែងបន្តថា “ពួកគាត់បានបញ្ជាក់ថា គេបានកាត់ប្រាក់ខែរបស់ពួកគាត់ ហើយពេលយើងសួរថា ហេតុអ្វីបានជាពួកគាត់មិនជូនដំណឹងដល់គណៈគ្រប់គ្រងឲ្យឈប់កាត់ថ្លៃចូលជាសមាជិក ពួកគាត់និយាយថា ពួកគាត់មិនហ៊ានធ្វើដូចច្នោះទេដោយសារពួកគាត់មានកិច្ចសន្យាធ្វើការងាររយៈពេលខ្លី”។

លោក មឿន តុលា បានលើកឡើងទៀតថា បញ្ហានេះជាភ័ស្តុតាងបង្ហាញឲ្យឃើញពីកង្វះការអនុវត្តច្បាប់ដែលមិនត្រូវបានអនុវត្តឲ្យជាប់លាប់នៅក្នុងវិស័យកាត់ដេរនេះ ជាពិសេសក្នុងចំណោមសហជីព “លឿង” ដែលទទួលរងឥទ្ធិពលពីនិយោជក និងក្នុងចំណោមសហជីព”ក្រហម” ដែលជាសហជីពឯករាជ្យ។ សហជីព “ក្រហម” មិនមានសម្ពន្ធភាពជាមួយរដ្ឋាភិបាលទេ។

លោកបានលើកឡើងថា “វាមានការយល់ ច្រឡំ និងស្មុគស្មាញខ្លាំងណាស់ ថា តើសហជីពមួយណាជាសជីពលឿង និងមួយណាជាសហជីពក្រហម។ សូម្បីតែសហជីពឯករាជ្យមួយចំនួនមិនចង់ទាំងនិយាយអំពីបញ្ហានេះផង”។ លោកបានលើកឡើងទៀតថា វាមិនគ្រាន់តែពាក់ព័ន្ធនឹងការអប់រំអំពីសិទ្ធិទេ ព្រោះកម្មករខ្លះមិនជឿទុកចិត្តថា តទៅមុខទៀតនឹងទទួលបានលទ្ធផលឡើយ។

លោកបានថ្លែងថា “ជួនកាលសហជីពលឿងធ្វើការយ៉ាងជិតស្និទ្ធជាមួយគណៈគ្រប់គ្រងហេតុដូច្នេះពេលកម្មករបដិសេធមិនចូលរួមជាមួយសជីពលឿងនេះកិច្ចសន្យាអាចត្រូវបានបញ្ចប់ ឬក៏មិនបន្តឲ្យទេ”។

លោកបានបន្ថែមថា ”មនុស្សភាគច្រើនមិនមានសេចក្តីក្លាហានគ្រប់គ្រាន់”ក្នុងការដាក់ពា្យបណ្តឹងឡើយ។

លោកស្រី Esther Germans  ដែលជាអ្នកគ្រប់គ្រងកម្មវិធីសម្រាប់រោងចក្រកាន់តែប្រសើរនៅកម្ពុជា(Better Factories Cambodia)  ដែលបានវាយតម្លៃឲ្យរោងចក្រសោតលេន ធ្លាក់ចំណាត់ថ្នាក់ក្នុងការវាយតម្លៃក្នុងឆ្នាំ២០១៣ ពាក់ព័ន្ធបញ្ហាថា តើ “កម្មករមានសិទ្ធិសេរីភាពក្នុងការចូលរួមជាមួយសហជីព” ឬក៏អត់នោះ បានលើកឡើងថា អង្គការរបស់លោកស្រីបានទាក់ទងមកសហព័ន្ធសហជីពចលនាកម្មករ និងសហព័ន្ធសហជីពកម្ពុជាហើយដើម្បីសួរនាំអំពីជម្លោះនេះ។

លោកស្រីបានលើកឡើងក្នុងអីុម៉េលមួយថា “យើងដឹងតាមរយៈការចុះតាមរោងចក្រជារៀងរាល់ថ្ងៃថា បញ្ហាជុំវិញសេរីភាពក្នុងការជួបជុំអាចមានភាពស្មុគស្មាញ និងមិនច្បាស់លាស់ ហើយថា ត្រូវមានការសើុបអង្កេតឲ្យបានល្អប្រសើរ មុនពេលការទាញជាក់លាក់ណាមួយ”។

លោកស្រីបានបន្ថែមថា “យើងប្រហែលជាពិនិត្យមើលបញ្ហានេះឲ្យបានកាន់តែស៊ីជម្រៅ ដោយសហការជាមួយសហជីព គណៈ គ្រប់គ្រងរោងចក្រ និងក្រុមហ៊ុនសម្លៀកបំពាក់នានា អាស្រ័យលើថា តើករណីនេះនឹងលាតត្រដាងបែបណា”។

ទាំងលោក ហេង សួគ៌ អ្នកនាំពាក្យក្រសួង ការងារ និងអ្នកគ្រប់ទូទៅនៅរោងចក្រ សោតលេន ឈ្មោះ Mashiur Rahman សុទ្ធតែមិនឆ្លើយតបនឹងសំណើសុំការធ្វើអត្ថាធិប្បាយ ម្តងហើយម្តងទៀត៕ស៊ុយឈាង

 

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស