38.8 C
Phnom Penh

បក្ស​​​​ប្រឆាំង​នឹង​​​ស្នើ​​​​ឱ្យ​ទម្លាក់​​​​ថវិកា​​​៥០០.០០០ដុល្លារ​​​ដល់​​​ឃុំ​​​សង្កាត់​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញគណបក្សប្រឆាំងនិយាយថា ខ្លួននឹងស្នើឱ្យរដ្ឋសភាទម្លាក់ថវិកា៥០០.០០០ដុល្លារដល់ឃុំ សង្កាត់នីមួយៗ ដូចការសន្យាអំឡុងការធ្វើយុទ្ធនាការ ជាអ្វីដែលអ្នកសង្កេតការណ៍ម្នាក់លើកឡើងថា គ្រាន់តែជាសកម្មភាពឃោសនានយោបាយ ដើម្បីទទួលបានសំឡេងឆ្នោតប៉ុណ្ណោះ ។

លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ
លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ

លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាអំពីសេចក្ដីស្នើច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងសេចក្ដីព្រាងច្បាប់ស្ដីពីឧបាស្រ័យពាណិជ្ជកម្មថា ”យើងនឹងស្នើឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសុំឱ្យគិតគូរថវិកាជាតិយកទៅអភិវឌ្ឍភូមិឃុំ”។

លោក យ៉ែម បុញ្ញឫទ្ធិ បានមានប្រសាសន៍ថា គណបក្សនឹងស្នើឱ្យគូប្រជែងរបស់ខ្លួនគឺគណបក្សប្រជាជនកម្ពុជាកាន់អំណាចបញ្ចូលផែនការនេះទៅក្នុងថវិកាជាតិខែវិច្ឆិកា។ លោកបានបន្តថា “បើសិនណាគណបក្សកាន់អំណាចមិនព្រម គឺជារឿងរបស់គាត់”។

លោក ឈាង វុន អ្នកនាំាពាក្យរដ្ឋសភាមកពីគណបក្សប្រជាជនកម្ពុជា បានតបតថា ការទម្លាក់ថវិកាតាមផែនការរបស់គណបក្សប្រឆាំងនឹងតម្រូវឱ្យរដ្ឋាភិបាល “សង្កត់កប្រជាពលរដ្ឋ”។

លោកថ្លែងថា “យើងពិបាកហើយ ព្រោះថាលុយរាប់រយលាននេះគឺមិនមែនធ្លាក់មកពីលើមេឃទេ គឺជាឈាមនិងញើសដែលយើងយកពន្ធពីគាត់មក”។

លោកបានមានប្រសាសន៍ថា “មិនដឹងយកពីណាទេ មានតែសង្កត់ករបស់ប្រជាពលរដ្ឋ”។ លោកបានបន្ថែមថា “ការបោះឆ្នោតឱ្យឬមិនឱ្យគឺត្រូវធ្វើទៅតាមសភាពការណ៍ហិរញ្ញវត្ថុជាតិរបស់យើង”។

លោក Miguel Chanco អ្នកវិភាគឈានមុខប្រចាំអាស៊ាននៅក្រុមហ៊ុន Economist Intelligence Unit បានមានប្រសាសន៍ថា មានវិធីផ្សេងៗដែលរដ្ឋាភិបាលអាចបង្វែរការចាយវាយថវិកាដើម្បីអនុវត្តកម្មវិធីនេះ។

លោកបានលើកឡើងនៅក្នុងអុីម៉េលថា “គ្រាន់តែចំនួននៃខ្ទង់ថវិកា ‘បម្រុងទុក/មិនទាន់បែងចែក’ដ៏ចម្រូងចម្រាសរបស់រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជានៅឆ្នាំនេះ គួរតែគ្រប់គ្រាន់ សម្រាប់ផ្ដល់តាមការសន្យាបែបនេះហើយ”។ លោកបន្តថា “ករណីមួយទៀតអាចធ្វើបានដែរនោះគឺការផ្ទេរថវិកាពីកងទ័ពដែលមានការបំប៉ោងកាន់តែច្រើនឡើងៗនៅក្នុងប្រទេសកម្ពុជា ទៅថ្នាក់មូលដ្ឋាន”។

លោក ឆាំ ប៊ុនថេត អ្នកវិភាគនយោបាយបានមានប្រសាសន៍ថា ប៉ុន្តែការលើកសំណើទៅរដ្ឋសភាខណៈដែលគណបក្សប្រជាជនកម្ពុជាកំពុងដឹកនាំប្រទេសនៅឡើយនោះ គឺជាការខ្ជះខ្ជាយពេលវេលា។

លោកបានថ្លែងថា “ការស្នើឱ្យពួកគេអនុវត្តក្នុងពេលឥឡូវនេះមិនសមហេតុសមផលទេ ពីព្រោះថវិកានេះចាំបាច់ត្រូវអនុវត្តដោយគណបក្សដែលមានសំឡេងភាគច្រើននៅរដ្ឋសភា”។ លោកបានបន្តថា “ខ្ញុំគិតថា ពួកគេធ្វើអ៊ីចឹងដើម្បីកេងចំណេញនយោបាយនៅមុនការបោះឆ្នោតឆ្នាំ២០១៨តែប៉ុណ្ណោះ”។

លោក Chanco បានលើកឡើងថា វាអាចទៅរួចដែលគោលនយោបាយស្រដៀងគ្នានឹងត្រូវស្នើឡើងដោយគណបក្សប្រជាជនកម្ពុជា “ដើម្បីផ្គាប់ចិត្តប្រជាពលរដ្ឋនៅមុនការបោះឆ្នោតសាកលឆ្នាំ២០១៨”។

លោកមានប្រសាសន៍ថា “វាមិនមែនជាលើកទី១ទេដែលគណបក្សប្រជាជនជំទាស់នឹងសំណើរបស់គណបក្សសង្គ្រោះជាតិ”។

លោក ឈាង វុន អ្នកនាំាពាក្យរដ្ឋសភាមកពីគណបក្សប្រជាជនកម្ពុជា

លោក យ៉ែម បុញ្ញឫទ្ធិ បានមានប្រសាសន៍ថា ក្រសួងមួយចំនួនក្នុងរដ្ឋាភិបាលនឹងតម្រូវឱ្យច្របាច់បញ្ចូលគ្នាដើម្បីបង្វែរថវិកាពីថវិកាដែលមានស្រាប់ទៅឱ្យគម្រោងដែលមានទឹកប្រាក់៨២៣លានដុល្លារវិញ។ កាលពីពេលមុនលោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា គណបក្សប្រឆាំងនឹងកាត់ថវិកា២០ភាគរយពីក្រសួងនីមួយៗយកទៅផ្គត់ផ្គង់ការសន្យានេះ។

លោក យ៉ែម បុញ្ញឫទ្ធិ បានបន្ថែមថា គណបក្សប្រជាជនកម្ពុជាកំពុងប្រើប្រាស់ “ការញុះញង់ឱ្យសង្គមបែកបាក់” តាមរយៈពាក្យចចាមអារ៉ាមដែលថា គណបក្សប្រឆាំងមានគម្រោងទម្លាក់ថវិកាទៅតែ ឃុំ សង្កាត់ប្រហែល៤៨៧នៃឃុំ សង្កាត់ទាំង១.៦៤៦ដែលពួកគេបានឈ្នះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់កាលពីថ្ងៃអាទិត្យតែប៉ុណ្ណោះ។

លោក ឈាង វុន បានមានប្រសាសន៍ថា គណបក្សប្រជាជនកាន់អំណាច “មិនដែលទៅវាយប្រហារបក្សណាមួយ” ដោយផ្ទាល់ឬដោយចោទប្រកាន់ទេ ដោយបក្សហ្នឹងវាយប្រហាររាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាមុន ប៉ុន្តែការលើកឡើងបែបនេះមិនសមហេតុសមផលឡើយ៕ សារុន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស