30.7 C
Phnom Penh

យាយ​ព្រឿង ដែល​ជាប់​សង្ស័យ​ថា​ ជា​​​ឈ្មួញឈើ​ច្រាន​ចោល​ការ​​ចោទ​ប្រកាន់​នៅ​ក្នុងសវនា​ការ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្ត្រីឈ្មោះ ហេង សំនៀង ដែលជាប់សង្ស័យថា ជាឈ្មួញឈើ បានច្រានចោលការចោទប្រកាន់ពីបទកាប់ឈើដោយខុសច្បាប់ និងរារាំងមន្ត្រីរាជការអំឡុងសវនាការជំនុំជម្រះទោសរបស់ខ្លួនកាលពីម្សិលមិញនៅសាលាដំបូងរាជធានីភ្នំពេញ ប៉ុន្តែក៏បានផ្ដល់សក្ខីកម្មដាក់បន្ទុកមួយចំនួនដែរក្រោមការសាកសួរ។

អ្នកស្រី ហេង សំនៀង ដែលគេស្គាល់ច្បាស់ថា យាយព្រឿង គឺជាឈ្មួញឈើដ៏ល្បីឈ្មោះម្នាក់នៅខេត្តស្ទឹងត្រែង នេះបើយោងតាមការលើកឡើងរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងអង្គការសិទ្ធិមនុស្ស។

ស្ត្រីរូបនេះត្រូវបានចាប់ខ្លួននៅក្នុងខេត្តស្ទឹងត្រែងកាលពីថ្ងៃទី១៣ ខែតុលា បន្ទាប់ពីបង្ហាញខ្លួននៅសង្កាត់រដ្ឋបាលព្រៃឈើក្នុងមូលដ្ឋានជាមួយបុរសមួយក្រុមប្រដាប់ដោយដំបង។ យោងតាមកងរាជអាវុធហត្ថដែលយាមកាមនៅសង្កាត់រដ្ឋបាលព្រៃឈើនោះបានឱ្យដឹងថា ស្ត្រីរូបនេះ និងមនុស្សរបស់គាត់បានព្យាយាមរំដោះគំនរឈើកាប់ខុសច្បាប់ដែលរកឃើញនៅលើចម្ការកៅស៊ូមួយក្បែរនោះនៅមួយថ្ងៃមុននោះ ប៉ុន្តែមិនបានសម្រេចឡើយ។

ក្នុងរយៈពេលតែប៉ុន្មានថ្ងៃ គាត់ក៏ត្រូវបានបញ្ជូនខ្លួនមកសាលាដំបូងរាជធានីភ្នំពេញ ហើយនៅទីនេះគាត់ត្រូវបានចោទប្រកាន់ពីបទប្រមូលផលអនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាតដែលត្រូវមានទោសជាប់ពន្ធនាគាររហូតដល់៥ឆ្នាំ  និងបទប្រឆាំងនឹងអ្នករាជការសាធារណៈដែលត្រូវមានទោសជាប់ពន្ធនាគាររហូតដល់៣ខែ។នៅឯសវនាការកាលពីម្សិលមិញ អ្នកស្រី ហេង សំនៀង បានបដិសេធថា គាត់គ្មានបំណងរំដោះឈើយកទៅវិញទេ នៅពេលគាត់ទៅកាន់សង្កាត់រដ្ឋបាលព្រៃឈើអូរពងមាន់ នៃរដ្ឋបាលព្រៃឈើស្ថិតក្នុងក្រុងស្ទឹងត្រែង។

គាត់និយាយថា មន្ត្រីយោធាម្នាក់ដែលគាត់ស្គាល់ថាឈ្មោះ អាត បានទូរស័ព្ទហៅគាត់ឱ្យមកសង្កាត់រដ្ឋបាលព្រៃឈើនៅពេលរំលងអធ្រាត្រយប់នោះដើម្បីទិញឈើមួយចំនួន ប៉ុន្តែបែរជាត្រូវមន្ត្រីកងរាជអាវុធហត្ថម្នាក់ទៀតឈ្មោះ វង់ ចាន់ដា ចាប់ខ្លួនភ្លាមៗទៅវិញ។

ស្ត្រីរូបនេះបានរៀបរាប់ថា “ចាន់ដា បានចាប់ដៃខ្ញុំអូសចូលទៅក្នុងរដ្ឋបាលព្រៃឈើ ហើយក៏បិទទ្វារ។ ពេលនោះគាត់បានចាប់ខ្លួនខ្ញុំ បន្ទាប់ពីគាត់ផ្ទុះអាវុធពីរបីគ្រាប់ឡើងលើ ដើម្បីបំភ័យកម្មកររបស់ខ្ញុំ”។

គាត់និយាយថា “ខ្ញុំសុំច្រានចោលការចោទប្រកាន់ពីសំណាក់អាជ្ញាធរ ហើយការចោទប្រកាន់មកលើរូបខ្ញុំមិនយុត្តិធម៌ទេ។ ខ្ញុំគិតថា អ្នកកាសែតខ្លះបានចុះផ្សាយព័ត៌មានមិនពិតអំពីខ្ញុំ ព្រោះខ្ញុំមិនបានឱ្យលុយពួកគេ។ ខ្ញុំមិនដែលរកស៊ីឈើទេ ពេលខ្លះខ្ញុំគ្រាន់តែដឹកឈើទៅផ្ទះខ្ញុំដើម្បីផលិតគ្រឿងសង្ហារិមប៉ុណ្ណោះ ព្រោះអាជីវកម្មរបស់ខ្ញុំមានអាជ្ញាប័ណ្ណ”។

ទោះជាយ៉ាងណា ស្ថិតក្រោមការសាកសួរដោយចៅក្រមជំនុំជម្រះ ពេជ្រ វិជ្ជាធរ អ្នកស្រី ហេង សំនៀង ទទួលស្គាល់ថាខ្លួនបានទទួលប្រាក់ពីបុរសជនជាតិវៀតណាមម្នាក់ឈ្មោះ តាខ្វាវ ដើម្បីឱ្យកម្មកររបស់គាត់ដឹកឈើទៅឱ្យខ្លួននៅក្នុងប្រទេសវៀតណាម។

ភ្លាមៗគាត់បានបន្តនិយាយប្រឆាំងខ្លួនឯងថា “ខ្ញុំស្គាល់គាត់ ប៉ុន្តែខ្ញុំមិនដែលដឹកឈើឱ្យគាត់ទេ។ កម្មកររបស់ខ្ញុំជាអ្នកធ្វើ ហើយខ្ញុំគ្រាន់តែត្រៀមកម្លាំងកម្មករប៉ុណ្ណោះ ហើយខ្ញុំទទួលបានប្រាក់មួយចំនួនដើម្បីចំណាយលើការដឹកជញ្ជូន”។

អ្នកស្រី ហេង សំនៀង មិនបានបញ្ជាក់ថាពេលណា ឬប៉ុន្មានដងដែលគាត់ដឹកជញ្ជូនឈើឱ្យឈ្មោះ តាខ្វាវ នោះទេ ទោះបីជាប្រទេសកម្ពុជា ដាក់បម្រាមមិនឱ្យនាំចេញឈើទាំងអស់ទៅប្រទេសវៀតណាមចាប់តាំងពីខែមករា ឆ្នាំ២០១៦ក្ដី។

ក្នុងនាមជាសាក្សី លោក វង់ ចាន់ដា ដែលជាមន្ត្រីកងរាជអាវុធហត្ថថ្លែងថា គាត់ត្រូវបានចាត់តាំងឱ្យយាមកាមឈើនៅយប់មានការចាប់ខ្លួន ហើយគាត់បានភ្ញាក់ពីដំណេកនៅពេលរថយន្ត១២គ្រឿងបានទៅដល់នៅម៉ោង២និង៤០នាទីរំលងអធ្រាត្រ។

មន្ត្រីកងរាជអាវុធហត្ថរូបនេះនិយាយទៀតថា គាត់បានឃើញអ្នកស្រី ហេង សំនៀង និងកម្មកររបស់គាត់អមជាមួយរថយន្តមកកាន់សង្កាត់រដ្ឋបាលព្រៃឈើដើម្បីដឹកឈើដែលរឹបអូសទុកទាំងនោះ ហើយគេក៏ប្រើអំពើហិង្សាមកលើគាត់នៅពេលនោះ។

គាត់បានរៀបរាប់បន្តថា “យាយព្រឿង និងកម្មករបានឈប់ឡាននៅកន្លែងគំនរឈើ ហើយពួកគេបានព្យាយាមវ៉ៃខ្ញុំ។ ពេលនោះខ្ញុំក៏ផ្ទុះអាវុធឡើងលើចំនួនបីគ្រាប់ដើម្បីបំបែកហ្វូងពួកគេ ហើយកម្មករក៏រត់គេចខ្លួនអស់”។

លោក សោ វុទ្ធី នាយសង្កាត់រដ្ឋបាលព្រៃឈើអូរពងមាន់នៃរដ្ឋបាលព្រៃឈើប្រាប់ថា ពេលកើតហេតុ គាត់មិនបាននៅសង្កាត់រដ្ឋបាលព្រៃឈើទេ ប៉ុន្តែបានផ្តល់សក្ខីកម្មថា ពេលនោះមន្ត្រីក្រោមបង្គាប់របស់លោកកំពុងតែដំណើរការធ្វើឯកសារប្រគល់ឈើទាំងនោះឱ្យទៅអ្នកស្រី ហេង សំនៀង វិញ ពីព្រោះគាត់អះអាងថាវាជារបស់គាត់។

លោកបានបញ្ជាក់ថា ឈើទាំងនោះរួមមានទាំងឈើធ្នង់ប្រណីតចំនួន១.៣០១កំណាត់សរុប២៥,៦ម៉ែត្រគូបផងដែរ។

លោក ឃ្លោក សីម៉ា ប្រធានគោលដៅបង្ក្រាបបទល្មើសព្រៃឈើខេត្តស្ទឹងត្រែងនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានមានប្រសាសន៍ថា លោកសង្ស័យថា មន្ត្រីរដ្ឋបាលព្រៃឈើមូលដ្ឋានឃុបឃិតជាមួយអ្នកស្រី ហេង សំនៀង។ លោកថ្លែងថា “ខ្ញុំគិតថា ប្រជាជនសាមញ្ញមិនអាចចូលក្នុងស្ថាប័នរដ្ឋទាំងកណ្ដាលយប់បានទេ ដូច្នេះខ្ញុំគិតថា យាយព្រឿង មានការការពារពីរដ្ឋបាលព្រៃឈើ”។

នៅប៉ុន្មានសប្ដាហ៍មុនពេលចាប់ខ្លួន អ្នកស្រី ហេង សំនៀង បានចាប់ផ្តើមល្បីឈ្មោះពេញប្រទេស នៅពេលធ្លាយរូបភាពវីដេអូដែលបង្ហាញពីសកម្មភាពគាត់រិះគន់អ្នកកាសែតខេត្តស្ទឹងត្រែង ដែលរាយការណ៍ប្រាប់អាជ្ញាធរ សូម្បីក្រោយពីទទួលការសូកប៉ាន់ពីគាត់ដើម្បីបិទមាត់លែងចុះផ្សាយអំពីការជួញដូរឈើរបស់គាត់។

គេស្តាប់ឮស្ត្រីរូបនេះនិយាយប្រាប់អ្នកយកព័ត៌មានថា ”អ្នកកាសែតទាំងអស់គឺជាសាក្សីដឹងឮអាជីវកម្មរបស់ខ្ញុំ ពីព្រោះពួកគាត់ទទួលលុយពីខ្ញុំ”។

ចៅក្រម ពេជ្រ វិជ្ជាធរ មានប្រសាសន៍ថា សាលក្រមនឹងប្រកាសនៅថ្ងៃទី២៧ ខែមិថុនា៕ សុខុម

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស