ចៅក្រមតុលាការជាន់ទាបសហរដ្ឋអាមេរិកបានកំណត់ឱសានវាទត្រឹមថ្ងៃទី២៩ខែមិថុនាសម្រាប់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិនៅក្នុងការដាក់ជូនភ័ស្តុតាង និងសំណើបន្ថែមសម្រាប់ព័ត៌មាននៅក្នុងបណ្តឹងផ្លូវច្បាប់របស់លោកដែលប្តឹងក្រុមហ៊ុនប្រេង ឈេហ្វរ៉ុន (Chevron) ជាក្រុមហ៊ុនប្រេងដ៏ធំនៅសហរដ្ឋអាមេរិក ពាក់ព័ន្ធការធ្វើឃាតលោក កែម ឡី កាលពីខែកក្កដា។
លោកស្រី ដូណា រ៉ាយអ៊ូ (Donna Ryu) ចៅក្រមតុលាការរដ្ឋកាលីហ្វ័រញ៉ាខាងជើងបានចេញសេចក្តីបង្គាប់នេះកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីជាការឆ្លើយតបនឹងសំណើ របស់ក្រុមហ៊ុន ឈេហ្វរ៉ុន ដែលស្វះស្វែងបញ្ចប់សំណុំរឿងតុលាការរបស់អតីតប្រធានគណបក្សប្រឆាំងរូបនេះ។

លោក សម រង្ស៊ី បានដាក់ពាក្យបណ្តឹងផ្លូវច្បាប់ក្នុងគោលទាមទាររូបភាពវីដេអូកាមេរ៉ាសុវត្ថិភាពពីស្ថានីយប្រេងឥន្ធនៈកាល់តិច កន្លែងដែលអ្នករិះគន់រដ្ឋាភិបាលដ៏មានប្រជាប្រិយភាពរូបនេះត្រូវឃាតករបាញ់សម្លាប់ ប៉ុន្តែ ក្រុមហ៊ុន ឈេហ្វរ៉ុនដែលគ្រប់គ្រងលើស្ថានីយប្រេងឥន្ធនៈមួយនេះបានលើកឡើងកាលពីខែមីនាថា រូបភាពវីដេអូកាមេរ៉ាសុវត្ថិភាពទាំងអស់របស់ស្ថានីយប្រេងឥន្ធនៈកាល់តិចត្រូវអាជ្ញាធរកម្ពុជាយកអស់ហើយ។
កាលពីម្សិលមិញ លោក សម រង្ស៊ី មិនបានឆ្លើយតបនឹងសំណួរពាក់ព័ន្ធថា តើលោកកំពុងស្វែងរកអ្វីផ្សេងទៀតក្រៅពីរូបភាពវីដេអូកាមេរ៉ាសុវត្ថិភាពឬយ៉ាងណានោះឡើយ។
ការធ្វើឃាតអ្នកវិភាគ នយោបាយដ៏មានប្រជាប្រិយភាពរូបេនះបានធ្វើឲ្យកើតមានក្តីសោកសង្រេងទូទាំងប្រទេសកម្ពុជាព្រមទាំងការសង្ស័យដែលថា រដ្ឋាភិបាលជាអ្នកបញ្ជាឲ្យមានការធ្វើឃាតនេះផងដែរ។ អឿត អាង ជាជនសង្ស័យដែលត្រូវបានចាប់ខ្លួនមិនយូរប៉ុន្មាន បន្ទាប់ពីការបាញ់ប្រហារ បានលើកឡើងថា ខ្លួនបានបាញ់សម្លាប់លោក កែម ឡី ដោយសារលោកជំពាក់ប្រាក់មិនព្រមសង ជាការរៀបរាប់ដែលផ្ទុយពីការលើកឡើងរបស់គ្រួសារបុរសទាំងពីរនៅអំឡុងពេលនោះ។
អឿត អាង ត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត បន្ទាប់ពីការបើកសវនាការដែលចំណាយពេលត្រឹមតែមួយព្រឹក។ ដំណើរការរបស់តុលាការបានរងការរិះគន់ថា “ខ្វះការស៊ើបអង្កេត”នៅក្នុងសេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការក្រុមអ្នកច្បាប់អន្តរជាតិ (International Commission of Jurists) អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) និងអង្គការលើកលែងទោសអន្តរជាតិ(Amnesty International)។ សេចក្តីថ្លែងការណ៍នេះបានអំពាវនាវឲ្យមានការសើុបអង្កេតបន្ថែមលើករណីធ្វើឃាតនេះ។
សេចក្តីបង្គាប់របស់ចៅក្រម ដូណា រ៉ាយអ៊ូ មានខ្លឹមសារថា “អ្នកដាក់ពាក្យបណ្តឹងសម រង្ស៊ី ត្រូវដាក់ជូននូវភ័ស្តុតាង និងព័ត៌មានសង្ខេបបន្ថែម ពាក់ព័ន្ធនឹងសំណុំរឿងកម្ពុជារបស់លោកមិនឲ្យហួសថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧” ហើយបន្ទាប់មកក្រុមហ៊ុន ឈេហ្វរ៉ុនមានពេលពីរសប្តាហ៍ក្នុងការឆ្លើយតប៕ ស៊ុយឈាង