40.3 C
Phnom Penh

ផលិត​​​ករ​​​ជនជាតិ​​​អូស្ត្រាលី​​​ប្រឈម​​​ការ​​​ជាប់​​​ពន្ធនាគារ​​​​​​១០​​​ឆ្នាំ​​​ពី​​​បទ​​​ចារកម្ម​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតាមមន្ត្រីតុលាការមួយរូបបានឲ្យដឹងថា ផលិតករភាពយន្តជនជាតិអូស្ត្រាលីអាយុ៦៨ឆ្នាំម្នាក់ ដែលជាអ្នករិះគន់រដ្ឋាភិបាលឥតសំចៃមាត់ និងដែលគេរាយការណ៍ថា បានឃើញបង្ហោះយន្តហោះដ្រូនពីលើក្រុមអ្នកធ្វើយុទ្ធនាការឃោសនាសម្រាប់គណបក្សប្រឆាំងនោះ អាចប្រឈមការជាប់ពន្ធនាគាររហូតដល់១០ឆ្នាំ បន្ទាប់ពីត្រូវបានចោទប្រកាន់កាលពីថ្ងៃសុក្រពាក់ព័ន្ធនឹងបទល្មើសដែលនាំឲ្យអន្តរាយដល់ការការពារជាតិ។

លោក ជេមស៍ រីឃីតសុន (James Ricketson) ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៣ខែមិថុនាក្បែរមាត់ទន្លេក្នុងរាជធានីភ្នំពេញ បន្ទាប់ពីនគរបាល បានអះអាងថា ខ្លួនមានការសង្ស័យលើអាកប្បកិរិយារបស់ជនជាតិអូស្រាលីរូបនេះ ហើយបានសួរនាំរកលិខិតឆ្លងដែន ដែលពួកគេនិយាយថា គាត់មិនបានបង្ហាញភ្លាមៗ។

WP-LastImage-3រូបភាពបង្ហោះនៅលើគេហទំព័រ Fresh News ដែលមានសម្ពន្ធភាពជាមួយរដ្ឋាភិបាលទំនងជាបង្ហាញថា លោក រីឃីតសុន បង្ហោះយន្តហោះដ្រូនពីលើក្រុមមនុស្សយ៉ាងច្រើនដែលធ្វើយុទ្ធនាការឃោសនាសម្រាប់គណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី២ខែមិថុនា ប៉ុន្តែ នគរបាលបានបដិសេធថា នេះមិនមែនជាហេតុផលដែលនាំឲ្យមានការចាប់ខ្លួននោះទេ ហើយចាប់តាំងពីពេលនោះមកនៅតែមិននិយាយពីមូលហេតុដែលនាំឲ្យឈានដល់ការចាប់ខ្លួននេះ ។

លោក ខៀវ សុភ័គ អ្នកនាំាពាក្យក្រសួងមហាផ្ទៃមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេកាលពីម្សិលមិញ។

ទោះជាយ៉ាងណា លោក លី សុផាណាអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានលើកឡើងកាលពីថ្ងៃសុក្រថា លោក រីឃីតសុន ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងបទល្មើសទាក់ទិននឹងការគំរាមកំហែងដល់សន្តិសុខរបស់ប្រទេសកម្ពុជា។ លោកបានថ្លែងថា លោកព្រះរាជអាជ្ញារង សៀង សុខ “បានសម្រេចបើកការសើុបអង្កេតបន្ទាប់ពីចោទប្រកាន់ លោក ជេមស៍ រីឃីតសុន ពីបទប្រមូលផ្ដុំព័ត៌មានជាអាទិ៍ នាំឲ្យអន្តរាយដល់ការការពារជាតិ ” ។

ប្រសិនបើរកឃើញថា ពិតជាបានប្រព្រឹត្ត បទល្មើសនេះ ដែលមានចែងនៅក្នុងកថាខណ្ឌស្តីពីការក្បត់ជាតិ និងចារកម្មនៅក្នុងក្រមព្រហ្មទណ្ឌមែននោះ លោកប្រឈមនឹងការជាប់ពន្ធនាគារចាប់ពី៥ដល់១០ឆ្នាំ។

យោងតាមលោក សុក សំអឿន អ្នកជំនាញ ផ្នែកច្បាប់បានឲ្យដឹងថា លោក រីឃីតសុន ប្រឈមនឹងការលំបាកខ្លាំងនៅក្នុងការបង្ហាញ ថាខ្លួនគ្មានទោសកំហុសនៅក្នុងសំណុំរឿងនេះ។

លោកបានមានប្រសាសន៍ថា ទ្រឹស្តីច្បាប់ចែងថា ត្រូវបង្ហាញភ័ស្តុតាងបញ្ជាក់ពីទោសកំហុសរបស់គាត់ ហើយតុលាការត្រូវតែបង្ហាញភ័ស្តុតាងដែលបញ្ជាក់ថា លោកប្រមូលព័ត៌មានរសើបដែលអាចបង្កផលប៉ះពាល់អវិជ្ជមានដល់ការការពារជាតិ ឬសន្តិសុខជាតិ និងភ័ស្តុតាងដែលលោកមានបំណងផ្តល់ព័ត៌មានទៅប្រទេសក្រៅ។ លោកបានថ្លែងថា “រឿងទាំងអស់នេះត្រូវតែមានភ័ស្តុតាងជាក់លាក់ មិនមែនគ្រាន់តែ’ប្រហែលៗ’បានទេ”។

លោកបានលើកឡើងទៀតថា ប៉ុន្តែ នៅក្នុងតថភាពជាក់ស្តែងក្នុងប្រទេសកម្ពុជា “គេសដ្ឋានថាមានទោសកំហុស។ឲ្យតែមានព័ត៌មានណាមួយ យើងអាចចាប់ខ្លួន យើងអាចឃាត់ខ្លួនបានហើយ។ ប្រព័ន្ធរបស់យើងគឺអ៊ីចឹង”។

លោកបានបន្ថែមថា “មានការបើកសវនាការដោយយុត្តិធម៌ទេ? គាត់គួរតែស្វែងរកមេធាវី”។ លោកបានបន្ថែមទៀតថា “មេធាវីដែលពូកែ” ។

ជាអ្នករិះគន់ឥតសំចៃមាត់លើរដ្ឋាភិបាលនិងអង្គការការពារកុមារមួយចំនួនដែលលោកបានចោទប្រកាន់ពីបទប្រព្រឹត្តអំពើពុករលួយនៅលើប្លក់ ” Cambodia 440 ” របស់ខ្លួន លោក រីឃីតសុន មានជាប់ពាក់ព័ន្ធនៅក្នុងជម្លោះផ្លូវច្បាប់មួយចំនួន។

កាលពីឆ្នាំ២០១៤លោកត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ២ឆ្នាំ ប៉ុន្តែ ត្រូវបានព្យួរពីបទ “គំរាមបង្ខូចកេរ្តិ៍ឈ្មោះ” ព្រះវិហារ Citipointe ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលីនិងដែលធ្វើប្រតិបត្តិការនៅកម្ពុជា ដោយសារផ្សព្វផ្សាយការចោទប្រកាន់ដែលថា ព្រះវិហារនេះបានលក់ក្មេងៗ។

ផលិតករភាពយន្តរូបនេះក៏ត្រូវបានរកឃើញថា មានពិរុទ្ធភាពផងដែរកាលពីឆ្នាំមុនពីបទបង្ខូចកេរ្តិ៍ឈ្មោះអង្គការសកម្មភាពដើម្បីកុមារ (Action Pour Les Enfants) ជាអង្គការ មិនមែនរដ្ឋាភិបាលប្រឆាំងជនរួមភេទជាមួយកុមារ ដោយសារចោទប្រកាន់អង្គការនេះថា បានគ្រប់គ្រងឬប្រើឥទ្ធិពលលើសាក្សី។

នៅក្នុងសំណុំរឿងទាំងពីរនេះ លោក រីឃីតសុន បានអះអាងថា លោកបានដឹងអំពីការចោទប្រកាន់ទាំងនេះនិងថ្ងៃបើកសវនាការ នៅតុលាការ បន្ទាប់ពីត្រូវបានរកឃើញថា មានពិរុទ្ធភាព៕ ស៊ុយឈាង (រាយការណ៍បន្ថែមដោយ Janelle Retka)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស