27 C
Phnom Penh

លោក ញឹក ប៊ុនឆៃ ប្រធាន​​​គណបក្ស​​​ខ្មែរ​​​រួប​​​រួម​​​ជាតិ​​​ត្រូវបាន​​​ដក​​​តួនាទី​​​ជាទីប្រឹក្សា​​​រដ្ឋាភិបាល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតាមព្រះរាជក្រឹត្យបានឲ្យដឹងថា លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ (KNUP) ដែលជាមេបញ្ជាការកងទ័ពក្រោមរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សហ្វុ៊នសិុនបិុច ក្នុងទសវត្សរ៍ឆ្នាំ១៩៩០នោះ ត្រូវបានដកតួនាទីជាទីប្រឹក្សារដ្ឋាភិបាល ជាតួនាទីដែលលោកបានកាន់រយៈពេលជិតប្រាំឆ្នាំមកនោះ។

ហេតុផលចំពោះការដកតួនាទីរបស់លោកនេះមិនទាន់ច្បាស់នៅឡើយទេ ដោយអ្នកនាំពាក្យរដ្ឋាភិបាលមួយរូបបានលើកឡើង ថា លោកមិនដឹងពីមូលហេតុេនះឡើយ។

cam-photo-bun-chhay-channaព្រះរាជក្រឹត្យដែលឡាយព្រះហស្តលេខា ដោយព្រះមហាក្សត្រ នរោត្តម សីហមុនី ចុះកាលបរិច្ឆេទថ្ងៃទី៤ ខែមិថុនាគឺថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ដែលគេឃើញគណបក្សខ្មែររួបរួមជាតិឈ្នះអាសនៈជាមេឃុំមួយក្នុងស្រុកថ្មពួកខេត្តបន្ទាយមានជ័យ ជា ឃុំតែមួយគត់នៃឃុំសង្កាត់ចំនួន១.៦៤៦ទូទាំងប្រទេសដែលមិនទទួលបានដោយគណបក្សប្រជាជនកម្ពុជាកាន់អំណាច និងគណបក្សសង្គ្រោះជាតិជាគណបក្សប្រឆាំងដ៏សំខាន់។

ព្រះរាជក្រឹត្យដែលចេញផ្សាយកាលពីថ្ងៃសុក្រដោយគេហទំព័រព័ត៌មាន Fresh News  ដែលជាអ្នកពាំនាំសាររបស់រដ្ឋាភិបាលមានខ្លឹមសារថា “ព្រះរាជក្រឹត្យសម្រេចបញ្ចប់តួនាទី ឯកឧត្តម ញឹក ប៊ុនឆៃ ជាទីប្រឹក្សារដ្ឋាភិបាលមានឋានៈស្មើឧបនាយករដ្ឋមន្ត្រី”។

ទាំងលោក ញឹម ប៊ុនឆៃ និង លោក ទុំ សំបូរ អ្នកនាំពាក្យគណបក្សខ្មែររួបរួមជាតិមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេកាលពីម្សិលមិញ។

នៅពេលទាក់ទងកាលពីថ្ងៃសុក្រ លោក  ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានមានប្រសាសន៍ថា លោកមិនដឹងពីមូលហេតុដែលលោក ញឹក ប៊ុនឆៃ ត្រូវបានដកចេញពីតួនាទីឡើយ។

លោក ផៃ ស៊ីផាន បានមានប្រសាសន៍ថា “ខ្ញុំមិនដឹងពីមូលហេតុនេះឡើយ ពីព្រោះវាជាកិច្ចការរដ្ឋបាល”។ លោកបានបន្ថែមថា “ជាទូទៅរដ្ឋាភិបាលមានអំណាចក្នុងការស្នើសុំការតែងតាំង ឬការដកចេញពីតួនាទីវិញ”។

ជាបុគ្គលដ៏សំខាន់នៅក្នុងនយោបាយកម្ពុជារយៈពេលបីទសវត្សរ៍កន្លងមកនេះលោកញឹក ប៊ុនឆៃ ត្រូវបានដាក់ឲ្យទទួលបន្ទុកកងទ័ពនៅក្នុងឆ្នាំ១៩៩៣អំឡុងរដ្ឋាភិបាលចម្រុះដែលដឹកនាំដោយគណបក្សហ្វុ៊នសិុនបិុច និងគណបក្សប្រជាជនកម្ពុជា មុនពេលគណបក្សប្រជាជនកម្ពុជាប្រកាសពីជ័យជម្នះក្រោយពីការប៉ះទង្គិចគ្នាដោយអាវុធក្នុងឆ្នាំ១៩៩៧រវាងកងទ័ពដែលស្មោះស្ម័គ្រនឹងគណបក្សប្រជាជនកម្ពុជា និង កងទ័ពគណបក្សរាជានិយម ហ្វុ៊នសិុនបិុច។

ក្រោយមកលោក ញឹក ប៊ុនឆៃ ត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រីក្នុងឆ្នាំ២០០៤ប៉ុន្តែតំណែងរបស់លោកត្រូវបានប្តូរទៅជាទីប្រឹក្សារដ្ឋាភិបាលវិញក្នុងឆ្នាំ ២០១៣។ លោកបានចាកចេញពីគណបក្សហ្វុ៊នសិុនបិុចទៅបង្កើតគណបក្សខ្មែររួបរួមជាតិកាលពីឆ្នាំមុន។

ជាធម្មតាមេដឹកនាំនិយាយឥតសំចៃរូបនេះបាននៅស្ងៀមស្ងាត់ចាប់តាំងពីលោកទទួលបានជ័យជម្នះគួរឱ្យភ្ញាក់ផ្អើល បើទោះជាតូចមួយក្តីក្នុងការបោះឆ្នោតឃុំសង្កាត់។

ទូរស័ព្ទរបស់លោកត្រូវបានបិទហើយសន្តិសុខម្នាក់យាមគេហដ្ឋានរបស់លោកក្នុងរាជធានីភ្នំពេញកាលពីសប្តាហ៍មុនបាននិយាយថា អាជ្ញាធរបាន “បង្កបញ្ហា” នៅគេហដ្ឋានរបស់លោកនៅថ្ងៃបោះឆ្នោត។ សន្តិសុខរូបនេះមិនបានប្រាប់ឈ្មោះខ្លួនទេ មុនពេលសុំឲ្យអ្នកយកព័ត៌មានចាកចេញទៅវិញ។

បើទោះជាដូចនេះក្តីនៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាសីុសេរីកាលពីថ្ងៃពុធ លោក  ញឹក ប៊ុនឆៃ បានបដិសេធចំពោះពាក្យចចាមអារ៉ាមដែលថា លោកកំពុងពិចារណាច្របាច់បញ្ចូលគ្នាជាមួយគណបក្សសង្គ្រោះជាតិ។

លោកត្រូវបានដកស្រង់សំដីដែលនិយាយ ថា “គេច្រើនតែនិយាយពីរឿងនេះ អ្នកដែលស្អប់ខ្ញុំតែងតែនិយាយពីវា។ ខ្ញុំបានជម្រាបប្រាប់សម្តេចតេជោ [នាយករដ្ឋមន្ត្រី ហ៊ុន សែន] ហើយថា គ្មានបញ្ហាដូចនោះទេ”៕ សារុន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស