គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងចាប់ផ្ដើមរាប់សន្លឹកឆ្នោតឡើងវិញទូទាំងប្រទេសនៅថ្ងៃនេះសម្រាប់ឃុំ សង្កាត់ណាដែលគណបក្សឈ្នះយ៉ាងប្រកៀកប្រកិតគ្នាបំផុតនៅក្នុងការបោះឆ្នោតឃុំ សង្កាត់ កាលពីថ្ងៃទី ៤ ខែ មិថុនា ។
ទោះបីជាកំពុងរង់ចាំលទ្ធផលផ្លូវការពេញលេញពី គ.ជ.ប ក្ដី ក៏គណបក្សប្រជាជនកម្ពុជាកំពុងតែអះអាងថា ខ្លួនឈ្នះបានអាសនៈចំនួន ១.១៥៨ ឃុំ សង្កាត់ ក្នុងចំណោមឃុំសង្កាត់ទាំង ១.៦៤៦ នៅទូទាំងប្រទេស។ គ.ជ.ប និយាយថា គណបក្សសង្គ្រោះជាតិបានកើនសំឡេងគាទ្រំយ៉ាងខ្លាំងបើប្រៀបធៀបនឹងលទ្ធផលរបស់គណបក្សនេះកាលពីឆ្នាំ២០១២ ។

ទោះបីជាខ្លួនទទួលបានការគាំទ្រខ្លាំងក្ដី ក៏គណបក្សសង្គ្រោះជាតិបានស្នើសុំឱ្យរាប់សន្លឹកឆ្នោតឡើងវិញនៅក្នុងឃុំ សង្កាត់ចំនួន២៧ក្នុងខេត្តចំនួន៥ដែលខ្លួនបានចាញ់តិចជាង០,៥ភាគរយនៃសំឡេងឆ្នោតសរុប មិនថានៅក្នុងចំនួនសរុបបឋម ឬក្រោយពីការរាប់សន្លឹកឡើងវិញតាមសំណើរបស់គណបក្សប្រជាជនកម្ពុជា។
លោកស្រី ម៉េង សុភារី ប្រធាននាយកដ្ឋានកិច្ចការបោះឆ្នោត និងនីតិកម្មនៃគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា គណៈកម្មការបោះឆ្នោតខេត្តបានរាប់សន្លឹកឆ្នោតឡើងវិញរួចហើយ ហើយក៏បានច្រានចោលសំណើរបស់គណបក្សសង្គ្រោះជាតិរួចហើយដែរនៅក្នុងឃុំ សង្កាត់ចំនួន ១១ នៃឃុំសង្កាត់ទាំងនោះដែលសុទ្ធតែគាំទ្រគណបក្សប្រជាជនកម្ពុជា បណ្ដាលឱ្យគណបក្សសង្គ្រោះជាតិស្នើសុំឱ្យ គ.ជ.ប រាប់សន្លឹកឆ្នោតឡើងវិញ។ លោកស្រីថ្លែងថា គ.ជ.ប នឹងរាប់សន្លឹកឆ្នោតឡើងវិញ។ លោកស្រីថ្លែងថា គ.ជ.ប នឹងរាប់សន្លឹកឆ្នោតឡើងវិញនៅក្នុងឃុំទី ១ ក្នុងចំណោមឃុំ សង្កាត់ទាំង ១១ គឺ ឃុំ ដូង ស្រុក រមាសហែក ខេត្ត ស្វាយរៀង នៅថ្ងៃនេះក្នុងរាជធានីភ្នំពេញ។
លោកស្រីបានបន្ថែមថា ដំបូងឡើយគណបក្សសង្គ្រោះជាតិឈ្នះក្នុងឃុំ នេះបីសំឡេង បន្ទាប់មកចាញ់មួយសំឡេងវិញបន្ទាប់ពីគណបក្សប្រជាជនបានស្នើសុំឱ្យគណៈកម្មការបោះឆ្នោតខេត្តរាប់សន្លឹកឆ្នោតឡើងវិញ។
សំណើសុំរាប់សន្លឹកឆ្នោតឡើងវិញនៅក្នុងឃុំ សង្កាត់ចំនួន ១០ ផ្សេងទៀតបានទៅដល់ដៃ គ.ជ.ប កាលពីម្សិលមិញ។ គណៈកម្មការបោះឆ្នោតខេត្តកំពុងដោះស្រាយករណី ១៦ ឃុំ សង្កាត់នៅឡើយ។
លោកស្រី ម៉េង សុភារី លើកឡើងថា “វាប៉ះពាល់ខ្លាំង ពីព្រោះបើមួយសំឡេងបានទៅបក្សណា គឺបក្សហ្នឹងបានមេឃុំ សង្កាត់ហ្នឹង”។
គណបក្សសង្គ្រោះជាតិក៏ទាមទារឱ្យរាប់សន្លឹកឆ្នោតឡើងវិញដែរនៅក្នុងខេត្ត កំពង់ធំ ប៉ៃលិន ព្រៃវែង និងស្ទឹងត្រែង។ គណបក្សនេះបានដាក់ពាក្យបណ្ដឹងចំនួនប្រាំមួយផ្សេងទៀតទាក់ទិនភាពមិនប្រក្រតីនៅក្នុងថ្ងៃបោះ ឆ្នោត ដែលពួកគេមិនទាន់បានទាមទារឱ្យរាប់ឡើងវិញ។ បណ្ដឹងទាំងនោះត្រូវបានដោះស្រាយអស់ហើយនៅថ្នាក់ឃុំ សង្កាត់។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍ថា គណ បក្សរបស់លោកក៏បានស្នើសុំឱ្យរាប់សន្លឹកឆ្នោតឡើងវិញដែរនៅក្នុងឃុំ សង្កាត់ ដែលខ្លួនចាញ់យ៉ាងប្រកៀកប្រកិតផងដែរ ប៉ុន្តែចាំមិនបានថាប៉ុន្មានទេ។
លោកមានប្រសាសន៍ថា “យើងប្ដឹងឱ្យរាប់សន្លឹកឆ្នោតឡើងវិញ នៅការិយាល័យមួយចំនួនដែលមានការសង្ស័យ”។ “កន្លែងណាដែលយើងសង្ស័យ យើងត្រូវតែមានប្រតិកម្មឱ្យសើរើឡើងវិញ”។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ថា សន្លឹកឆ្នោតពីការិយាល័យបោះឆ្នោតទាំង២៣នៅក្នុងឃុំដូង នឹងត្រូវរាប់ឡើងវិញនៅរាជធានីភ្នំពេញក្នុងថ្ងៃនេះ ប៉ុន្តែថា លោកចាំមិនបានទេថាតើមានឃុំ សង្កាត់ប៉ុន្មានផ្សេងទៀតនឹងត្រូវរាប់ឡើងវិញដូចនេះ។
លោកថ្លែងថា ពាក្យបណ្ដឹងចំនួន៧៩ត្រូវបានដាក់ប្ដឹងចាប់តាំងពីថ្ងៃបោះឆ្នោតមកទាំងពីរគណបក្ស និងអ្នកសង្កេតការណ៍ឯករាជ្យ។
អ្នកសង្កេតការណ៍ឯករាជ្យភាគច្រើនបានចាត់ទុកថ្ងៃបោះឆ្នោតជាជោគជ័យមួយភាគធំ នឹងមានភាពមិនប្រក្រតីតិចតួច។ ប៉ុន្តែពួកគេក៏បានបន្ទោសរដ្ឋាភិបាលដែរចំពោះការអនុម័តច្បាប់អនុញ្ញាតឱ្យមានការចាប់ខ្លួន និងចេញការព្រមានជាសាធារណៈអំពីសង្គ្រាម និងអំពើហិង្សានៅមុនថ្ងៃបោះឆ្នោតដោយសេរី និងត្រឹមត្រូវ យុត្តិធម៌៕ សុខុម