29 C
Phnom Penh

កង​រាជអាវុធហត្ថ​ខេត្ត​តាកែវ​ច្រាន​ចោល​សេចក្ដី​រាយការណ៍​​​ព័ត៌មាន​​អំពី​ការ​​​​​​ជួញដូរ​ខុស​ច្បាប់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ កងរាជអាវុធហត្ថខេត្តតាកែវបានបដិសេធសេចក្ដីការណ៍ព័ត៌មានដែលថា មន្ត្រីរបស់ខ្លួនមួយចំនួនកាលពីពេលថ្មីៗបានអនុញ្ញាតឱ្យឈ្មួញឈើមួយក្រុមរួចខ្លួនបន្ទាប់ពីជំរិតទារប្រាក់សំណូកពីពួកគេចំនួន ១.៥០០ ដុល្លារ ពេលដឹកឈើទៅប្រទេសវៀតណាម។

កាលពីថ្ងៃសៅរ៍ គេហទំព័រព័ត៌មាន CEN និង Fresh News ដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាលបានរាយការណ៍ថា មន្ត្រីកងរាជអាវុធហត្ថបួនរូបរួមទាំងលោក សុខ ឡេះ នាយសេនាធិការរងខេត្តមួយរូបផងបានឃាត់រថយន្តពីរគ្រឿងកាលពីយប់មិញមុនពេលដឹកឈើធ្នង់កាត់ស្រុកអង្គរបុរីឆ្ពោះទៅប្រទេសវៀតណាម ជាការរំលោភបំពានបម្រាមមិនឱ្យនាំឈើចេញ។ គេហទំព័រព័ត៌មាន CEN និង Fresh News បានរាយការណ៍ថា អ្នកកាសែតរបស់ខ្លួនមានវត្តមាននៅកន្លែងកើតហេតុ ហើយបានឮមន្ត្រីទាំងនោះទាមទារប្រាក់ចំនួន ១.៥០០ ដុល្លារ ទើបអនុញ្ញាតឱ្យរថយន្តទាំងនេះទៅបាន។

នៅពេលទាក់ទងកាលពីម្សិលមិញ លោក ឡាយ វណ្ណៈ អភិបាលខេត្តបានមានប្រសាសន៍ថា លោកបានបញ្ជាឱ្យលោក ឡា ឡៃ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបើកការស៊ើបអង្កេតកាលពីថ្ងៃសៅរ៍ ភ្លាមៗបន្ទាប់ពីបានអានសេចក្ដីការណ៍ព័ត៌មាននេះ ប៉ុន្តែមិនទាន់ទទួលបានព័ត៌មានត្រឡប់មកវិញនៅឡើយទេ។

លោកបានមានប្រសាសន៍ថា “ខ្ញុំទទួលបានព័ត៌មានអំពីករណីនេះ ហើយបានបញ្ជាឱ្យមន្ត្រីរបស់យើងធ្វើការស៊ើបអង្កេតហើយ។ ប្រសិនបើករណីនេះពិតមែននោះ យើងនឹងចាត់វិធានការដើម្បីដាក់ទោសទណ្ឌដល់មន្ត្រីទាំងនេះ”។

លោក ឡា ឡៃ មេបញ្ជាការកងរាជអាវុធហត្ថខេត្តមានប្រសាសន៍ថា ការស៊ើបអង្កេតចប់សព្វគ្រប់ហើយ ហើយបានប្រកាសថា ការចោទប្រកាន់ទាំងនេះគ្មានមូលដ្ឋានឡើយ។

លោកបានថ្លែងថា “ខ្ញុំបានស៊ើបអង្កេតរយៈពេលពីរថ្ងៃ ហើយយើងរកមិនឃើញថាលោក សុខ ឡេះ និងមន្ត្រីរបស់លោកបីរូបជាប់ពាក់ព័ន្ធក្នុងការទទួលសំណូកចំនួន ១.៥០០ ដុល្លារ ពីឈ្មួញឈើទាំងនោះឡើយ។ ខ្ញុំបានសួរលោក សុខ ឡេះ និងមន្ត្រីបីរូបផ្សេងទៀតហើយ ប៉ុន្តែពួកគេមិនបានធ្វើអ្វីដូចដែលបានចោទប្រកាន់ឡើយ”។

លោកបានបន្ថែមថា ជាផ្នែកនៃការស៊ើបអង្កេត ឈ្មួញឈើក្នុងតំបន់នោះក៏បានបដិសេធថាមិនធ្លាប់ត្រូវបានជំរិតទារប្រាក់ពីមន្ត្រីណាមួយក្នុងចំណោមមន្ត្រីទាំងបួននាក់នេះឡើយ។

ទោះជាយ៉ាងណា លោក ឡា ឡៃ បានមានប្រសាសន៍ថា លោកនឹងបើកការស៊ើបអង្កេតឡើងវិញ ប្រសិនបើអាជ្ញាធរទទួលបានពាក្យបណ្ដឹងថ្មីប្តឹងពួកគេ។

លោកមានប្រសាសន៍ថា “ខ្ញុំបានបញ្ចប់ការស៊ើបអង្កេតហើយ។ ប៉ុន្តែយើងនឹងបើកការស៊ើបអង្កេតឡើងវិញ ប្រសិនបើយើងទទួលបានពាក្យបណ្ដឹងពីនរណាម្នាក់ ហើយយើងនឹងចាប់ខ្លួនពួកគេបញ្ជូនទៅតុលាការ”។

លោកបានថ្លែងថា លោក សុខ ឡេះ ត្រូវបានដំឡើងឋានៈទៅជានាយសេនាធិការរងរយៈពេលពីរបីខែមកហើយ ហើយបច្ចុប្បន្ននេះកំពុងដឹកនាំក្រុមការងារខេត្តទទួលខុសត្រូវចំពោះការហាមឃាត់មិនឱ្យមានការនាំឈើចេញទៅប្រទេសវៀតណាម។ លោក ឡា ឡៃ បានថ្លែងថា ក្រុមការងារនេះឃាត់បានរថយន្តបីគ្រឿងក្នុងរយៈពេលពីរបីខែកន្លងមក ហើយចាប់ខ្លួនមនុស្សប្រាំនាក់។ លោក សុខ ឡេះ មិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេ។ រដ្ឋាភិបាលបានដាក់បម្រាមមិនឱ្យមានការនាំឈើចេញទៅប្រទេសវៀតណាមកាលពីខែ មករា ឆ្នាំ២០១៦ ។ ប៉ុន្តែទិន្នន័យគយវៀតណាមបង្ហាញថា ឈើដែលគិតជាទឹកប្រាក់រាប់សិបលានដុល្លារនោះ នៅតែបន្តនាំចេញដដែល៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស