28 C
Phnom Penh

ការ​រាប់​​សន្លឹក​ឆ្នោត​​ឡើង​វិញ​ក្នុង​​​​ថ្ងៃ​ដំបូងដោយ គ.ជ.ប បង្ក​​ភាព​​ចម្រូង​​ចម្រាស​យ៉ាង​​ខ្លាំង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បន្ទាប់ពីការរាប់សន្លឹកឆ្នោត និងការឈ្លោះប្រកែកគ្នាយ៉ាងតឹងសរសៃករយៈពេល៩ម៉ោងរវាងតំណាងគណបក្សប្រជាជនកម្ពុជា និងតំណាងគណបក្សសង្គ្រោះជាតិ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មិនទាន់ប្រកាសនៅឡើយទេចំពោះអ្នកឈ្នះនៅក្នុងឃុំមួយនៃខេត្តស្វាយរៀង ដែលគណបក្សសង្គ្រោះជាតិកំពុងតវ៉ាជំទាស់លទ្ធផលនៃការបោះឆ្នោតឃុំ សង្កាត់កាលពីថ្ងៃទី៤ ខែមិថុនា ប៉ុន្តែលទ្ធផលបឋមបង្ហាញថា គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចមានសំឡេងនាំមុខយ៉ាងប្រកៀកប្រកិត។

យោងតាមលទ្ធផលក្រៅផ្លូវការបង្ហាញថា គណបក្សសង្គ្រោះជាតិឈ្នះបាន៤៨៧ឃុំ សង្កាត់ទល់នឹងគណបក្សប្រជាជនកម្ពុជាដែលឈ្នះបាន១.១៥៨ឃុំ សង្កាត់ ក្នុងចំណោមឃុំ សង្កាត់ទាំង១.៦៤៦ទូទាំងប្រទេស  ប៉ុន្តែកំពុងតែតវ៉ាជំទាស់នឹងលទ្ធផលនៅក្នុងឃុំ សង្កាត់ចំនួន២៧ដែលខ្លួនបានចាញ់តិចជាង០,៥ភាគរយនៃសំឡេងឆ្នោតសរុប។ គ.ជ.ប បានចាប់ផ្ដើមរាប់សន្លឹកឆ្នោតឡើងវិញនៅឃុំមួយក្នុងចំណោមឃុំសង្កាត់ទាំងនោះ គឺឃុំដូង ក្នុងស្រុករមាសហែក កាលពីព្រឹកម្សិលមិញនៅក្នុងរាជធានីភ្នំពេញ។

សន្លឹកឆ្នោតបានពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាលពីថ្ងៃទី៤ ខែមិថុនា ត្រូវបានរាប់ឡើងវិញនៅទីស្នាក់ការកណ្តាលរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
សន្លឹកឆ្នោតបានពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាលពីថ្ងៃទី៤ ខែមិថុនា ត្រូវបានរាប់ឡើងវិញនៅទីស្នាក់ការកណ្តាលរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

គ.ជ.ប បានចាត់តាំងមន្ត្រីប្រាំក្រុមឱ្យរាប់ឡើងវិញ នូវសន្លឹកឆ្នោតបានពី២៣ការិយាល័យបោះឆ្នោតក្នុងឃុំនេះ។

ជាច្រើនលើកច្រើនសានៅក្នុងបន្ទប់រាប់សន្លឹកឆ្នោតកាលពីម្សិលមិញ ប្រធានការិយាល័យបោះឆ្នោតបានបញ្ជាឱ្យតំណាងគណបក្សទាំងពីរឈប់ស្រែកឡូឡា និងឈប់ចង្អុលដាក់គ្នាជុំវិញសន្លឹកឆ្នោតមិនយកជាការ។

គិតត្រឹមល្ងាចម្សិលមិញ បន្ទាប់ពីតំណាងគណបក្សទាំងពីរឈ្លោះប្រកែកគ្នាយ៉ាងតឹងសរសៃកជាង១ម៉ោងដោយសារតែឆ្នោតមួយសន្លឹក គណបក្សប្រជាជនកម្ពុជាមានសំឡេងឆ្នោតចំនួន២.៥៨៧សំឡេង ពោលគឺនាំមុខគណបក្សប្រឆាំងតែ៧សំឡេងប៉ុណ្ណោះ។ ប៉ុន្តែគណបក្សសង្គ្រោះជាតិកំពុងទទូចទាមទារឱ្យ គ.ជ.ប ពិចារណាឡើងវិញចំពោះសន្លឹកឆ្នោតប្រហែល២០បន្ថែមទៀតដែលគេគិតថាមិនយកជាការកាលពីដំបូង។

ការឈ្លោះប្រកែកគ្នាជុំវិញសន្លឹកឆ្នោតនេះរួមមានគំនូសឆ្នោតមិនច្បាស់ ប្រឡាក់ និងត្រាគ.ជ.ប បោះខុសកន្លែង។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប មានប្រសាសន៍ថា គ.ជ.ប មិនទាន់សម្រេចលើសន្លឹកឆ្នោតចំនួន៦៦បន្ថែមទៀតនៅឡើយទេ ហើយនឹងប្រកាសអ្នកឈ្នះនៅព្រឹកនេះ។

គណបក្សនីមួយៗកំពុងតែបន្ទោសគ្នា។ លោក ងួន កុលបុត្រ តំណាងគណបក្សប្រជាជនកម្ពុជាបានចោទប្រកាន់ថា គណបក្សប្រឆាំងមានតំណាងចូលរួមរាប់សន្លឹកឆ្នោតឡើងវិញច្រើនជាងអ្វីដែលអនុញ្ញាត ហើយថែមទាំងស្រែករំខានដល់អ្នករាប់សន្លឹកឆ្នោតទៀតផង។

យោងតាមលោក ងួន កុលបុត្រ បានឱ្យដឹងថា មានតែតំណាងគណបក្សពីររូបប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតឱ្យចូលរួមការរាប់សន្លឹកឆ្នោតឡើងវិញក្រោមច្បាប់របស់ គ.ជ.ប ប៉ុន្តែគណបក្សសង្គ្រោះជាតិ “មានមនុស្សមិនតិចជាង១០នាក់ទេ”។

សន្លឹកឆ្នោតបានពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាលពីថ្ងៃទី៤ ខែមិថុនា ត្រូវបានរាប់ឡើងវិញនៅទីស្នាក់ការកណ្តាលរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
សន្លឹកឆ្នោតបានពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាលពីថ្ងៃទី៤ ខែមិថុនា ត្រូវបានរាប់ឡើងវិញនៅទីស្នាក់ការកណ្តាលរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

លោក គង់ សភា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានបដិសេធថា គណបក្សប្រឆាំងគ្មានតំណាងចូលរួមច្រើនជាងតំណាងគណបក្សប្រជាជនកម្ពុជាទេ ហើយបានចោទប្រកាន់អ្នករាប់សន្លឹកឆ្នោតមកពី គ.ជ.ប ថាលម្អៀងលើគណបក្សប្រជាជនកម្ពុជា។

លោកលើកឡើងថា “យើងមិនទាន់ទទួលយកបានទេដោយសារយើងចង់ឲ្យមានភាពសុក្រឹត និងយុត្តិធម៌ជាងនេះ ពីព្រោះការរាប់សន្លឹកឆ្នោតនេះបង្ហាញភាពលម្អៀងលើគណបក្សប្រជាជនកម្ពុជា”។

គណបក្សសង្គ្រោះជាតិនិយាយថា ជាដំបូងខ្លួនបានឈ្នះឃុំដូងចំនួនបីសំឡេង បន្ទាប់មកបានចាញ់គេមួយសំឡេងវិញ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជាបានស្នើឱ្យរាប់ឡើងវិញពីគណៈកម្មការបោះឆ្នោតខេត្ត បណ្ដាលឱ្យគណបក្សប្រឆាំងដាក់ពាក្យបណ្តឹងទៅ គ.ជ.ប។

លោកស្រី ម៉េង សុភារី ប្រធាននាយកដ្ឋានកិច្ចការបោះឆ្នោត និងនីតិកម្ម នៃគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា គណបក្សប្រឆាំងបានស្នើសុំឱ្យ គ.ជ.ប រាប់សន្លឹកឆ្នោតឡើងវិញនៅក្នុងឃុំ សង្កាត់ចំនួន១៨ផ្សេងទៀត ដោយឃុំសង្កាត់ប្រាំបីទៀតកំពុងឆ្លងកាត់គណៈកម្មការបោះឆ្នោតខេត្តនានា។គណបក្សប្រជាជនកម្ពុជាក៏បានស្នើឱ្យរាប់សន្លឹកឆ្នោតឡើងវិញនៅក្នុងឃុំ សង្កាត់មួយចំនួនដែលគេមិនដឹងច្បាស់ដែរ។

គ.ជ.ប គ្រោងប្រកាសលទ្ធផលចុងក្រោយទូទាំងប្រទេសនៅថ្ងៃទី២៥ ខែមិថុនា។ ប៉ុន្តែលោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប បានលើកឡើងពីក្ដីព្រួយបារម្ភថា គ.ជ.ប គ្មានពេលវេលាគ្រប់គ្រាន់ដើម្បីដោះស្រាយបណ្ដឹងសរុបទាំង៣៤ ដែលទាមទារឱ្យ គ.ជ.ប រាប់សន្លឹកឆ្នោតឡើងវិញនោះទេ។

លោកបានលើកឡើងថា “ថ្ងៃនេះយើងដោះតែមួយឃុំក្នុងមួយរឿង យើងដោះមិនទាន់ចេញផង”៕ សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស