នគរបាលកំពុងតាមស្វែងរកបុរសម្នាក់ដែលបានដុតក្រដាសនៅខាងមុខផ្ទះគ្រូវិទ្យាល័យចូលនិវត្តន៍ពីរនាក់ ហើយស្រែកថា “ភ្លើងឆេះ! ភ្លើងឆេះ!” ដើម្បីឱ្យពួកគាត់ចេញមកមុខផ្ទះ មុនពេលវាយប្រហារពួកគាត់។
លោក ហៀង ប៊ុនថា អធិការរងស្រុកបានមានប្រសាសន៍កាលពីម្សិលមិញថា ប្ដីប្រពន្ធទាំងពីរដែលត្រូវជនល្មើសកាប់នឹងពូថៅ ហើយចាក់នឹងកាំបិតកាលពីពេលរំលងអធ្រាត្រឈានចូលព្រឹកថ្ងៃច័ន្ទ នៅក្នុងឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង បានរងរបួសធ្ងន់ ហើយមិនអាចផ្ដល់ព័ត៌មានលម្អិតអំពីហេតុការណ៍វាយប្រហារនោះបានទេ។
លោកបញ្ជាក់ថា ជនរងគ្រោះទាំងពីរដែលមានឈ្មោះ ហ៊ុន យ៉ន អាយុ៦២ឆ្នាំ និង រុំ សាវី អាយុ៤៦ឆ្នាំ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យក្រុងបាត់ដំបង។
ជនសង្ស័យដែលប្ដីប្រពន្ធទាំងពីរបានប្រាប់អត្តសញ្ញាណ ប៉ុន្តែមិនត្រូវបានអាជ្ញាធរបញ្ចេញឈ្មោះនៅឡើយនោះ ជាដំបូងបានវាយប្រហារទៅលើលោក ហ៊ុន យ៉ន មុនគេ បន្ទាប់ពីដុតភ្លើងបញ្ឆោតឱ្យជនរងគ្រោះចេញពីផ្ទះ។
លោក ប៊ុនថា បានឱ្យដឹងទៀតថា នៅពេលប្រពន្ធរបស់ជនរងគ្រោះចេញមកតាមប្ដី “ជនសង្ស័យក៏បានចាក់ពោះពីរកាំបិត”។
លោកលើកឡើងថា នេះអាចជាមូលហេតុសងសឹក ប៉ុន្តែមិនបានផ្ដល់ព័ត៌មានលម្អិតដើម្បីគាំទ្រការចោទប្រកាន់នេះទេ៕ សុខុម