38.1 C
Phnom Penh

សកម្មជន​​​បរិស្ថាន​​​ភៀស​​​ខ្លួន​​​ចេញ​​​ពី​​​ភូមិ​​​មួយ​​​មក​​​កាន់​​​ការិយាល័យ ​​​UN ដោយ​​​អះអាង​​​ថា មាន​​​ការ​​​តាម​​​យាយី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សកម្មជនការពារបរិស្ថានម្នាក់ដែលត្រូវបានអ្នកនាំពាក្យរដ្ឋាភិបាលចាត់ទុកថា ជា”ជនបង្កភាពអនាធិបតេយ្យ” នោះបានលើកឡើងថារូបគាត់បានភៀសខ្លួនមកកាន់ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ បន្ទាប់ពីនគរបាលតាមយាយី ដោយសាររូបគាត់បានចូលរួមពាក់ព័ន្ធនៅក្នុងជម្លោះរវាងក្រុមហ៊ុនបូមខ្សាច់ និងអ្នកភូមិនៅក្នុងខេត្តកណ្តាល។

អ្នកភូមិនៅក្នុងឃុំរកាខ្ពស់ ស្រុកស្អាងបានសូមជំនួយពីអង្គការមាតាធម្មជាតិ បន្ទាប់ពីផ្ទះរបស់ពួកគាត់ចំនួន៩ខ្នងបានបាក់រលំធ្លាក់ចូលក្នុងទឹកទន្លេបាសាក់ កាលពីខែមុន ដោយសារការបាក់ច្រាំងទន្លេ ដែលពួកគាត់បានបន្ទោស លើការបូមខ្សាច់ពីបាតទន្លេយ៉ាងគគ្រឹកគគ្រេង នេះបើយោងតាមការលើកឡើងកាលពីម្សិលមិញរបស់សកម្មជន ថុន រដ្ឋា។

Thun-Rathaលោក ថុន រដ្ឋា ដែលធ្លាប់ចូលរួមក្នុងការតវ៉ារបស់អង្គការមាតាធម្មជាតិប្រឆាំងការបូមខ្សាច់ដែលធ្វើឲ្យប៉ះពាល់ដល់បរិស្ថាននៅក្នុងខេត្តកោះកុងនាពេលកន្លងមកបានមកដល់កាលពីថ្ងៃសុក្រ ហើយមានគម្រោងស្នាក់ នៅរហូតដល់ចុងសប្តាហ៍ ដើម្បីជួយអ្នកភូមិប្រមូល ផ្តុំគ្នាតវ៉ាប្រឆាំងនឹងការបូមខ្សាច់។

សកម្មជនរូបនេះ បានសម្របសម្រួលការតវ៉ាកាលពីព្រឹកថ្ងៃអាទិត្យ ដែលទាក់ទាញអ្នកភូមិមូលដ្ឋានប្រហែល១០០នាក់។

កាលពីយប់ថ្ងៃអាទិត្យ លោក ថុន រដ្ឋា បានលើកឡើងថា នាយប៉ុស្តិ៍នគរបាលឃុំនិងមេភូមិបានទៅដល់កន្លែងស្នាក់នៅរបស់គាត់ទាមទារឲ្យប្រាប់ពីមូលហេតុដែលរូបគាត់មកតំបន់នោះ និងបានសុំថតអត្តសញ្ញាណប័ណ្ណរបស់គាត់ទៀតផង ប៉ុន្តែគាត់បានបដិសេធ។

លោក ថុន រដ្ឋា បាននិយាយថា “ខ្ញុំគ្រាន់តែស្នាក់នៅក្នុងផ្ទះឯកជនមួយប៉ុណ្ណោះ រឿងអីខ្ញុំត្រូវជម្រាបប្រាប់ពួកគេ?”។

សកម្មជនរូបនេះមិនបានបើកទ្វារទេ ពេលនគរបាលមួយក្រុមបានត្រឡប់មកវិញធ្វើការទាមទារស្រដៀងគ្នានៅម៉ោងប្រហែល១០យប់ ហើយកាលពីព្រឹកម្សិលមិញ លោក ថុន រដ្ឋា បានបដិសេធការទាមទារជាលើកទី៣របស់មន្ត្រីនគរបាលស្រុកមួយក្រុមផ្សេងទៀតដែលមានគ្នាចំនួន១០ នាក់។

ដោយខ្លាចគេចាប់ខ្លួនលោក ថុន រដ្ឋា បន្ទាប់ មកអ្នកភូមិបាននាំគាត់ទៅកាន់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស(OHCHR)ក្នុងរាជធានីភ្នំពេញ ជាកន្លែងដែលគាត់លើកឡើងថា បានជួបជាមួយបុគ្គលិកនៅទីនោះមួយសន្ទុះមុនពេលធ្វើដំណើរទៅផ្ទះសំណាក់មួយនៅក្នុងរាជធានី។

ពេលទាក់ទងកាលពីម្សិលមិញ លោកសុវណ្ណា ម៉ាន់ អ្នកនាំពាក្យ OHCHR បានលើកឡើងថា ទីភ្នាក់ងាររបស់លោកមិនធ្វើអត្ថាធិប្បាយលើរឿងបុគ្គលទេ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចម្សិលមិញ ទីភ្នាក់ងារសិទ្ធិមនុស្សប្រចាំកម្ពុជាមួយនេះបានទទូចសុំឲ្យអាជ្ញាធរ “បញ្ឈប់សកម្មភាពយាយីមិនសមហេតុសមផល និងការរារាំង លោក ថុន រដ្ឋា”។

លោក សេង សុជាតិ អធិការនគរបាលស្រុកស្អាងបានអះអាងថា វាជាកាតព្វកិច្ចរបស់នគរបាលដែលត្រូវសួរនាំអត្តសញ្ញាណរបស់អ្នកមកពីខាងក្រៅ ហើយលោកលើកឡើងថា លោក ថុន រដ្ឋា បានភូតកុហកអាជ្ញាធរ ដោយប្រាប់នគរបាលថា ខ្លួនគ្រាន់តែមកសួរសុខទុក្ខគ្រួសារប៉ុណ្ណោះ។

លោកបាននិយាយទាក់ទិននឹងការសួរនាំថា “វាជារឿងធម្មតា”។ លោកបានបដិសេធថា នគរបាលគ្មានបំណងចាប់ខ្លួនលោកថុនរដ្ឋា ទេ។ “យើងជានគរបាលយើងត្រូវតែសួរនាំអត្តសញ្ញាណរបស់អ្នកចំណូលថ្មីអ៊ីចឹងហើយ “។

លោក ឌិត ទីណា អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពលបានបន្ទោសបុព្វហេតុធម្មជាតិចំពោះការបាក់ច្រាំងទន្លេ ប៉ុន្តែ ថា ទោះជាយ៉ាងណាអាជ្ញាធរបានបញ្ជាឲ្យក្រុមហ៊ុនបូមខ្សាច់មូលដ្ឋានយកខ្សាច់មកចាក់ការពារច្រាំងទន្លេភ្លាមៗ បន្ទាប់ពីមានការបាក់ច្រាំង។

លោកបានសរសេរនៅក្នុងអីុម៉េលមួយថា ពលរដ្ឋភាគច្រើនដែលរស់នៅក្នុងតំបន់នេះមិនយល់ទាស់អីទេចំពោះការបូមខ្សាច់និងការមើលការខុសត្រូវរបស់រដ្ឋាភិបាលរហូតមកទើបតែនៅពេលដែលពួកគាត់ ត្រូវបានញុះញង់ “ឲ្យតវ៉ាដោយអ្នកខាងក្រៅដែលយករឿងនយោបាយមកលាយឡំជាមួយ និងបុគ្គលបង្កភាពអនាធិបតេយ្យ [ម្នាក់]ដែលជ្រកក្រោមឈ្មោះ[របស់]អង្គការមិនមែនរដ្ឋាភិបាល[មួយ]” ប៉ុណ្ណោះ។

ទោះជាយ៉ាងណា លោក ថុន រដ្ឋា បានលើកឡើងថា លោកនៅតែមានគម្រោងចូលរួមនៅក្នុងការចុះមកឃុំនេះរបស់ក្រសួង ដែលលោកលើកឡើងថា គ្រោងធ្វើឡើងនៅថ្ងៃនេះ៕ ស៊ុយឈាង (រាយការណ៍បន្ថែមដោយ Ben Paviour)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស