កាលពីម្សិលមិញ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិបានប្រាប់អ្នកគាំទ្រគណបក្សនយោបាយតូចៗកុំឲ្យ “បង្ហិន” សន្លឹកឆ្នោត ហើយងាកមកចូលរួមបោះឆ្នោតឲ្យគណបក្សរបស់លោកវិញ ដោយសារជាគណបក្សតែមួយគត់ដែលអាចប្រកួតប្រជែងនឹងគណបក្សប្រជាជកម្ពុជាបាន ជាពាក្យពេចន៍ដែលប្រធានគណបក្សនយោបាយតូចមួយបានច្រានចោលថា ជាជម្រើសមិនត្រឹមត្រូវ។
ពេលថ្លែងទៅកាន់អ្នកគាំទ្រក្នុងខេត្តកំពង់ធំ លោក កឹម សុខា បានលើកឡើងថា “មានតែគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិទេ ដែលមានលទ្ធភាពឈ្នះតំណែងនាយករដ្ឋមន្ត្រីនៅក្នុងការបោះឆ្នោតឆ្នាំក្រោយ។

លោកបានមានប្រសាសន៍ថា “មើលទៅមិនមាននរណាតាមទាន់ទេ វ៉ាដាច់ឆ្ងាយណាស់”។ លោកបានបន្ថែមទៀតថា “ប្រហែលជាមិនបង្ហិនសន្លឹកឆ្នោតចោលទៅណាទេ។ មានតែពីរក្រុមទេ មួយចង់ដូរ មួយមិនចង់ដូរ។ អ្នកចង់ដូរមកសង្គ្រោះជាតិ អ្នកមិនចង់ដូរនៅដដែល”។
ពាក្យសំដីទាំងនេះត្រូវបានច្រានចោលដោយលោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលលើកឡើងថា ជម្រើសពិតប្រាកដដែលអ្នកបោះឆ្នោតត្រូវជ្រើសរើស គឺរវាងរបៀបគ្រប់គ្រងដែលសកម្មភាពឬគោលនយោបាយចេញតែពីថ្នាក់លើរបស់គណបក្សដ៏សំខាន់ទាំងពីរ និងគោលនយោបាយផ្តោតលើប្រជាធិបតេយ្យរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន។
លោកបានមានប្រសាសន៍ថា “យើងបានកើតមានជារូបរាង ហើយបន្តរីកធំឡើងៗ”។ លោកបានបន្តថា “នឹងមានការប្រកួតប្រជែងរវាងប្រព័ន្ធពីរ មិនមែនគណបក្សពីរទេ”។
លោក កឹម សុខា បានព្យាករថា ពលរដ្ឋខ្មែរប្រហែល ២០០.០០០ នាក់ ក្នុងចំណោមពលរដ្ឋប្រមាណ ៣០០.០០០ នាក់ ដែលមានសិទ្ធិបោះឆ្នោតជាលើកដំបូងនៅឆ្នាំក្រោយ នឹងជ្រើសរើសគណបក្សរបស់លោក។
លោកក៏បានប៉ាន់ប្រមាណផងដែរថា ពលករ ២ លាននាក់ នៅប្រទេសថៃ កូរ៉េខាងត្បូង និងកន្លែងផ្សេងៗទៀតនឹងចុះឈ្មោះសម្រាប់ការបោះឆ្នោតជាតិ ហើយនឹងគាំទ្រគណបក្សប្រឆាំង។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានឆ្លើយតបកាលពីម្សិលមិញថា គណបក្សសង្គ្រោះជាតិមិនមែនទទួលបានការគាំទ្រផ្តាច់មុខពីពលករ ឬអ្នកបោះឆ្នោតក្មេងៗនោះឡើយ។
លោកបានមានប្រសាសន៍ថា “ខ្លះបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា ខ្លះបោះឆ្នោតឲ្យគណបក្សប្រឆាំង”។ លោកបានបន្ថែមថា “វាចម្រុះ”៕ស៊ុយឈាង (រាយការណ៍បន្ថែមដោយ Ben Paviour)