38 C
Phnom Penh

មេធាវី​សាលាក្តី​​​ច្រានចោល​ការចោទ​ប្រកាន់​ថា​​សក្ខីកម្មរបស់អ្នករស់រានទុកចិត្ត​មិន​​​បាន​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ មេធាវីភាគីដើមបណ្តឹងរដ្ឋប្បវេណីមួយរូបនៅសាលាក្តីខ្មែរក្រហមបានច្រានចោលការចោទប្រកាន់ដែលថា  អ្នកនៅរស់រានមានជីវិតបានផ្តល់សក្ខីកម្មមិនគួរឲ្យទុកចិត្ត ហើយក៏បានអះអាងផងដែរថា វាមិនសមហេតុសមផលទេដែលចង់ឲ្យពួកគាត់ចងចាំរឿងពិតឲ្យបានលម្អិតអំពីហេតុការណ៍ដ៏រន្ធត់ដែលកើតឡើងកាលពី៤ទសវត្សរ៍កន្លងមកនេះ ។

អំឡុងពេលចាប់ផ្តើមសវនាការធ្វើសេចក្តីសន្និដ្ឋានផ្ទាល់មាត់បិទបញ្ចប់កិច្ចពិភាក្សាដេញដោលដែលអនុញ្ញាតឲ្យភាគីនីមួយៗផ្តល់សក្ខីកម្មចុងក្រោយរបស់ខ្លួននៅចំពោះមុខអង្គជំនុំជម្រះមុនពេលមានការពិភាក្សាអំពីសាលក្រមនោះ មេធាវីបាននិយាយការពារសក្ខីកម្មរបស់ភាគីដើមបណ្តឹងរដ្ឋប្បវេណី ដែលត្រូវបានចាត់ទុកថា ជាមនុស្សមួយចំនួនក្នុងចំណោមអ្នកដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយសាររបបខ្មែរក្រហម។

នួន ជា អតីតបងធំទី២នៅសម័យខ្មែរក្រហមអង្គុយនៅក្នុងសាលាក្តីខ្មែរក្រហមកាលពីម្សិលមិញ ។ ECCC
នួន ជា អតីតបងធំទី២នៅសម័យខ្មែរក្រហមអង្គុយនៅក្នុងសាលាក្តីខ្មែរក្រហមកាលពីម្សិលមិញ ។ ECCC

បន្ទាប់ពីមេធាវីកម្ពុជានិយាយរៀបរាប់សក្ខីកម្មដ៏រន្ធត់របស់អ្នកនៅរស់រានមានជីវិតពាក់ព័ន្ធពន្ធនាគារ ការរៀបការដោយបង្ខំ និងសហករណ៍អំឡុងរបបនេះ លោកស្រីម៉ារី ហ្គីរ៉ូដ (Marie Guiraud) សហមេធាវីអន្តរជាតិតំណាងដើមបណ្តឹងរដ្ឋប្បវេណីព្យាយាមបង្ហាញឲ្យឃើញថា សក្ខីកម្មអ្នកនៅរស់រានមានជីវិតសមហេតុសមផល។

ក្រុមមេធាវីការពារក្តីឲ្យ នួន ជា អតីតបងធំទី២នៅរបបនេះដែលកំពុងស្ថិតក្នុងដំណើរការបើកសវនាការពីបទឧក្រិដ្ឋនានារួមមានបទប្រល័យពូជសាសន៍ផងជាមួយប្រមុខរដ្ឋខៀវ សំផន នោះ គឺជាអ្នករិះគន់យ៉ាងខ្លាំងលើភ័ស្តុតាងរបស់ភាគីដើមបណ្តឹងរដ្ឋប្បវេណី។ ការចោទប្រកាន់មួយក្នុងការចោទប្រកាន់សំខាន់ៗរបស់ក្រុមនេះគឺថា ភាគីដើមបណ្តឹងរដ្ឋប្បវេណីបង្ហាញតែ “ការចងចាំជារួម” មិនមែនការពិតដែលផ្អែកលើបទពិសោធន៍ផ្ទាល់នោះឡើយ។

លោកស្រី ម៉ារី ហ្គីរ៉ូដ បានលើកឡើងថា វាមិនអ៊ីចឹងទេ ហើយបានជំទាស់ថា ទោះបីជាភាគីដើមបណ្តឹងរដ្ឋប្បវេណីមួយចំនួនមិនអាចចងចាំរាល់ដំណើររឿងលម្អិតនៃហេតុការណ៍ដ៏រន្ធត់ក៏ដោយ ក៏វានៅតែធ្វើឲ្យសក្ខីកម្មរបស់ពួកគាត់អាចជឿទុកចិត្តបានដដែល។ឧទាហរណ៍អតីតអ្នកទោសម្នាក់នៅមន្ទីរឃុំឃាំងក្រាំង តាចាន់ មិនអាចចាំឈ្មោះអ្នកដែលជាប់ពន្ធនាគារជាមួយខ្លួនបាននោះឡើយ។

លោកស្រីបានសួរថា “ពេលនរណាម្នាក់ជួបរឿងដ៏រន្ធត់ ពេលនរណាម្នាក់គេចពីឃាតករពេលនរណាម្នាក់ត្រូវបានឃុំឃាំង ធ្វើទារុណកម្ម និងរំលោភសេពសន្ថវៈនោះ ថាតើឲ្យពួកគេចង់ចាំដំណើររឿងលម្អិតម្តេចនឹងកើតទៅ?”។

លោកស្រី ម៉ារី ហ្គីរ៉ូដ បានលើកឡើងទៀតថា “ការសិក្សាផ្លូវច្បាប់របស់សាលាក្តីផ្សេងៗទៀតលើកឡើងថា យើងមិនអាចរំពឹងថាអ្នកនៅរស់រានមានជីវិតដែលធ្លាប់ជួបហេតុការណ៍ដ៏រន្ធត់នៅចងចាំហេតុការណ៍ជាក់លាក់ ឬហេតុការណ៍លម្អិតជុំវិញហេតុការណ៍ពិតសំខាន់ៗបានឡើយ”។

លោកស្រីបានជំទាស់ទៀតថា ការចោទប្រកាន់របស់មេធាវីការពារក្តីឲ្យ នួន ជា ថា ភាគីដើមបណ្តឹងរដ្ឋប្បវេណីគ្រាន់តែរៀបរាប់ឡើងវិញដោយគ្មានការពិចារណានូវការឃោសនាដែលគេបានធ្វើពួកគាត់ជ្រួតជ្រាបក្នុងទសវត្សរ៍ឆ្នាំ១៩៨០ អំឡុងសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជាគាំទ្រដោយវៀតណាមនោះ ក៏មិនត្រឹមត្រូវតាមផ្លូវច្បាប់ដែរ ហើយគឺជាការចោទប្រកាន់មួយដែលអាចអនុវត្តចំពោះសាក្សីទាំងអស់នៅក្នុងសាលសវនាការ។

លោកស្រីបានថ្លែងថា “ដោយផ្ទុយនឹងអ្វីដែលក្រុមមេធាវីការពារក្តីរបស់អ្នកទំនងជាប្រាប់យើងនោះ សំណួរទាំងនេះដែលសុទ្ធតែពាក់ព័ន្ធនិងសំខាន់ៗនោះត្រូវបានសួរទៅលើមនុស្សទាំងអស់ដែលមកផ្តល់សក្ខីកម្មក្នុងអង្គជំនុំជម្រះនេះ មិនគ្រាន់តែភាគីដើមបណ្តឹងរដ្ឋប្បវេណីទេ ប៉ុន្តែ ព្រមទាំងអយ្យការ និងសាក្សីការពារក្តីផងដែរ”។

លោកស្រី ម៉ារី ហ្គីរ៉ូដ ថ្លែងបន្ថែមថា “ជាក់ស្តែងមនុស្សទាំងអស់ដែលមកផ្តល់សក្ខីកម្មសុទ្ធតែរងផលប៉ះពាល់ពីអ្វីដែលគេហៅថា ការឃោសនាអំឡុងទសវត្សរ៍ឆ្នាំ១៩៨០”។

លោកស្រីបានបន្តទៀតថា “ពួកគាត់អានកាសែត ស្តាប់វិទ្យុ ហើយពួកគាត់ត្រូវបានគេរៀបរាប់ប្រាប់អំពីមនុស្សផ្សេងៗទៀតដែលឆ្លងកាត់របបកម្ពុជាប្រជាធិបតេយ្យនេះ… ហើយសំណួរនេះខ្ញុំជឿជាក់ថា អាចសួរបានទៅលើមនុស្សទាំងអស់ដែលអ្នកធ្លាប់បានឮនិយាយ”។

ជាផ្នែកនៃសវនាការកាលពីម្សិលមិញ មេធាវីក៏បានអំពាវនាវសុំសំណងសមូហភាពនិងសំណងផ្លូវចិត្តនៅក្នុងគម្រោងចំនួន១១ដែលត្រូវបានផ្តល់មូលនិធិពេញលេញរួចហើយ ហើយភាគច្រើនក៏បញ្ចប់រួចហើយដែរនោះ៕ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស