31 C
Phnom Penh

លោក ហ៊ុន សែន ស្ដីបន្ទោស​រដ្ឋមន្ត្រី​​ខ្លាំងៗ​​ពាក់ព័ន្ធ​ការ​តែង​​​តាំង​អគ្គ​នាយក​ទូរទស្សន៍​ជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្ដីបន្ទោសលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានខ្លាំងៗចំពោះការចោទជាសំណួរជាសាធារណៈអំពីការតែងតាំងរបស់លោកនូវអគ្គនាយកថ្មីនៃស្ថានីយទូរទស្សន៍រដ្ឋមួយនេះ ដោយលោកមានប្រសាសន៍ថា លោកមានសិទ្ធិគ្រប់យ៉ាងក្នុងការតែងតាំងមុខតំណែងនេះ និងបានស្តីបន្ទោសលោក ខៀវ កាញារីទ្ធ ដែលមិនលើកទូរស័ព្ទរបស់លោក។

ការខ្វែងគំនិតគ្នាជាសាធារណៈគួរឱ្យភ្ញាក់ផ្អើលរវាងមន្ត្រីជាន់ខ្ពស់នៃគណបក្សកាន់អំណាចនេះ បានចាប់ផ្ដើមកើតមានឡើងបន្ទាប់ពីព្រះមហាក្សត្រ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យមួយកាលពីថ្ងៃ សៅរ៍ ប្រកាសតែងតាំងលោក ឃឹម វុទ្ធី អគ្គនាយករងនៃស្ថានីយទូរទស្សន៍ជាតិកម្ពុជា (ទទក) ឱ្យជំនួសតំណែងលោក កឹម គុណវឌ្ឍន៍ ដែលជាអគ្គនាយកទូរទស្សន៍នេះ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតផ្នែកធនធានមនុស្ស កាលពីដើមខែ មេសា នៅរាជធានីភ្នំពេញ ។ រូបថត ៈ ហ្វេសប៊ុក
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតផ្នែកធនធានមនុស្ស កាលពីដើមខែ មេសា នៅរាជធានីភ្នំពេញ ។ រូបថត ៈ ហ្វេសប៊ុក

ចំណាត់ការនេះបានធ្វើឱ្យលោក ខៀវ កាញារីទ្ធ មានការភ្ញាក់ផ្អើល ដោយលោកបានបង្ហោះសារលើទំព័រហ្វេសប៊ុករបស់លោកថា អត់មានអ្នកណាពិគ្រោះជាមួយលោកនោះទេ។ លោកបានចោទជាសំណួរថា “ហេតុអីខ្ញុំអត់ដឹង[ពីការតែងតាំងនេះ]សោះអញ្ចឹង? តើចេញតាមណាវិញ?”។

កាលពីម្សិលមិញ លោក ហ៊ុន សែន បានតបទៅវិញជាមួយនឹងសំណួរជាច្រើនលើទំព័រហ្វេសប៊ុកលោក អមដោយឯកសារបង្ហាញពីនាយករដ្ឋមន្ត្រីច្រានចោលសមាសភាពមន្ត្រីដែលលោក ខៀវ កាញារីទ្ធ ជ្រើសរើសដើម្បីស្នើសុំឱ្យជំនួសតំណែងលោក កឹម គុណវឌ្ឍន៍ដែលយោងតាមឯកសារទាំងនោះបញ្ជាក់ថា នឹងត្រូវចូលនិវត្តនៅចុងខែ កញ្ញា ខាងមុខ។

លោក ហ៊ុន សែន បានចោទសួរថា “តើនាយករដ្ឋមន្ត្រីមានសិទ្ធិបដិសេធសំណើរបស់រដ្ឋមន្ត្រីក្នុងការសុំតែងតាំងមន្ត្រី[ថ្មី] ឬទេ? ហើយនាយករដ្ឋមន្ត្រីមានសិទ្ធិជ្រើសរើសមន្ត្រីជំនួសមន្ត្រីដែលខ្លួនមិនឯកភាពឬទេ? តើនាយករដ្ឋមន្ត្រីមានការចាំបាច់អង្គុយរង់ចាំពិគ្រោះជាមួយរដ្ឋមន្ត្រីដែលហៅទូរស័ព្ទ ៥ ដងមិនចូលឬទេ?”។

លិខិតមួយចុះថ្ងៃទី ២៣ ខែ មីនា ដែលរួមមាននៅក្នុងសារដែលលោកបង្ហោះ បង្ហាញពីលោក ខៀវ កាញារីទ្ធ ស្នើសុំជាផ្លូវការឱ្យលោក ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈតែងតាំងលោក ខ្វៃ អាទិត្យា ដែលជាអគ្គនាយករងនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជាដែរនោះ ឱ្យកាន់តំណែងជំនួសលោក កឹម គុណវឌ្ឍន៍ ដែលត្រូវចាប់ផ្ដើមនៅខែ តុលា ។

ឯកសារទី ២ ចុះកាលបរិច្ឆេទតែមួយបង្ហាញពីលោក ពេជ្រ ប៊ុនធិន ដាក់សំណើជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានចារដោយដៃថា “មិនឯកភាព និងសុំយក [តែងតាំង] ឃឹម វុទ្ធី វិញ” អមដោយហត្ថលេខារបស់លោក។

ឯកសារមួយចុះថ្ងៃទី ៨  ខែ មិថុនា ដែលនាយករដ្ឋមន្ត្រីថ្វាយព្រះមហាក្សត្រ ស្នើសុំតែងតាំងលោក ឃឹម វុទ្ធី ជាអគ្គនាយក រួមជាមួយនឹងព្រះរាជក្រឹត្យមួយចុះថ្ងៃទី ១០ ខែ មិថុនា ដែលអនុម័តការតែងតាំងលោក ឃឹម វុទ្ធី។

លោក ហ៊ុន សែន បានចោទសួរនៅក្នុងសារដែលលោកបង្ហោះថា “តើមានគ្រាប់ភ្នែកមើលព្រះរាជក្រឹត្យដែលចែងថា (បានទ្រង់យល់សេចក្ដីក្រាបបង្គំទូលថ្វាយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា) ឬទេ?”។

លោកមានប្រសាសន៍ទៀតថា “បើពុំមានសំណើពីនាយករដ្ឋមន្ត្រី ព្រះមហាក្សត្រ ព្រះអង្គនឹងមិនឡាយព្រះហស្តលេខាទេ”។

ពេលទាក់ទងបានតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកកាលពីម្សិលមិញ លោក ខៀវ កាញារីទ្ធ បានប្រាប់ថា លោកមិនអាក់អន់ស្រពន់ចិត្តចំពោះលោកនាយករដ្ឋមន្ត្រីទេទាក់ទិនការបង្ហោះសារនេះ។

លោកសរសេរថា “សម្ដេចជាមេរបស់ខ្ញុំ មានហេតុផលអីខ្ញុំត្រូវខឹងសម្ដេច?” ប៉ុន្តែលោកមិនបានឆ្លើយតបសំណួរបន្ថែមទៀតទេ។

លោក ឆំា ប៊ុនថេត អ្នកវិភាគនយោបាយ និងជាទីប្រឹក្សាផ្នែកគោលនយោបាយនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋានដ៏ក្មេងខ្ចីបានលើកឡើងថា វាជានយោបាយអាក្រក់ដែលមន្ត្រីជាន់ខ្ពស់បែបនេះប្រកែកគ្នាជាសាធារណៈ។

លោកមានប្រសាសន៍ថា “ពួកគាត់ចាំបាច់ត្រូវតែរួបរួមគ្នា។ប្រជាពលរដ្ឋ ជាពិសេសនៅថ្នាក់មូលដ្ឋានប្រហែលជាមិនយល់ពីវិធីសាស្ត្រដែលពួកគាត់កំពុងតែប្រើទេ”។

លោកបានបន្តថា លោក ខៀវ កាញារីទ្ធ ដែលមានវ័យ៦៥ឆ្នាំទៅហើយប្រហែលជា “នឿយហត់ ធុញថប់ ចង់ចាកចេញ” ហើយការខ្វែងគំនិតគ្នាបែបនេះអាចជាការបង្វែរការចាប់អារម្មណ៍ពីបញ្ហានានាដែលសំខាន់ជាងនេះ ដូចជាការបន្តរាប់សន្លឹកឆ្នោតឡើងវិញនៅក្នុងឃុំ សង្កាត់មួយចំនួនជាដើម។

លោកគូសបញ្ជាក់ថា “ខ្ញុំយល់ថា វាអាចជាការបង្វែរការចាប់អារម្មណ៍ច្រើនជាងបញ្ហាផ្ទៃក្នុង ប៉ុន្តែយើងអត់ដឹងទេ”៕ សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស