កាលពីម្សិលមិញ លោក សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំងដែលនិរទេសខ្លួនជិតអាចវិលត្រឡប់មកមាតុប្រទេសវិញហើយ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដកនូវបទបញ្ជាដែលហាមមិនឱ្យលោកត្រឡប់ចូលស្រុក ហើយបានជំរុញឲ្យលោក សម រង្ស៊ី ធ្វើតាមការប្ដេជ្ញាប្រឈមការជាប់ពន្ធនាគារ ឬសេចក្ដីស្លាប់ដោយការវិលត្រឡប់មកវិញ ហើយឈ្នះតំណែងរបស់លោក ហ៊ុន សែន នៅក្នុងការបោះឆ្នោតឆ្នាំក្រោយ។
លោក សម រង្ស៊ី បានឆ្លើយតបវិញថា “ខ្ញុំព្រមចូលឲ្យតែមានការធនាថាបើកផ្លូវឲ្យខ្ញុំវិលត្រឡប់ទៅជាន់ដីប្រទេសកម្ពុជាវិញ ខ្ញុំនឹងទៅភ្លាមមួយរំពេច។ ខ្ញុំនឹងទៅដល់ប្រទេសកម្ពុជាវិញហើយ បើគ្មានវិធានការបែបនេះដែលរារាំងមិនឲ្យខ្ញុំមិនឲ្យត្រឡប់ទៅស្រុកកំណើតរបស់ខ្ញុំ”។
អតីតប្រធានគណបក្សសង្គ្រោះជាតិរូបនេះបានភៀសខ្លួនចេញពីប្រទេសកម្ពុជាកាលពីខែវិច្ឆិកា ឆ្នាំ២០១៥ ស្របពេលមានបណ្តឹងផ្លូវច្បាប់ជាច្រើនដែលមជ្ឈដ្ឋានទូទៅយល់ថាជារឿងនយោបាយ ដែលបានកើនឡើងកាន់តែច្រើនខណៈលោកមិនមានវត្តមាននៅក្នុងប្រទេស។ ការនិរទេសរបស់លោកបានក្លាយជាផ្លូវការកាលពីខែតុលា នៅពេលទីស្ដីការគណៈរដ្ឋមន្ត្រីបានចេញបទបញ្ជាបំពានច្បាប់អន្តរជាតិ ដោយបញ្ជាឱ្យមន្ត្រីអន្តោប្រវេសន៍ និងក្រុមហ៊ុនអាកាសចរណ៍នានារារាំងរូបលោកមិនឱ្យចូលមកក្នុងប្រទេសវិញ និងមិនឱ្យឡើងជិះយន្តហោះដែលហោះឆ្ពោះមកកម្ពុជា។
យោងតាមលិខិតមួយចុះហត្ថលេខាដោយលោក តឹករ៉េត សំរេច រដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្ត្រីបង្ហាញថា លោក ហ៊ុន សែន បានកែប្រែបទបញ្ជានេះកាលពីម្សិលមិញ ប៉ុន្តែនៅក្នុងលិខិតនោះគ្មានការបញ្ជាក់ពីការបញ្ចប់បញ្ហាផ្លូវច្បាប់របស់លោក សម រង្ស៊ី នោះទេ។
ការកែប្រែនេះជាការឆ្លើយតប “ទាំងស្រុង” ទៅនឹងបទសម្ភាសន៍របស់លោក សម រង្ស៊ី កាលពីថ្ងៃអង្គារ ជាមួយវិទ្យុអាស៊ីសេរី (RFA) ដែលក្នុងនោះលោកបានចំអកឱ្យលោក ហ៊ុន សែន ថាជាមនុស្សកំសាក ហើយបានជំរុញឱ្យលោកដកបម្រាមនេះចេញ នេះបើយោងតាមការឱ្យដឹងពីលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដែលបានអះអាងថាមិនដឹងទេថាតើលោក សម រង្ស៊ី នឹងត្រូវចាប់ខ្លួនឬក៏អត់ នៅពេលលោកត្រឡប់មកដល់កម្ពុជាវិញ។
លោកបានមានប្រសាសន៍ថា “យើងព្យាករមិនត្រូវទេ ទាល់តែគាត់មកដល់ពោធិ៍ចិនតុង [អាកាសយានដ្ឋានភ្នំពេញអន្តរជាតិ] ទើបដឹង។ យើងនឹងចាំមើលទាំងអស់គ្នា”។ លោកលើកឡើងបន្ថែមទៀតថា “ការសែត ខេមបូឌា ដេលី ជួយចុះផ្សាយផងដើម្បីឱ្យគាត់ត្រឡប់មកវិញឆាប់ៗ”។
នៅក្នុងបទសម្ភាសជាមួយវិទ្យុអាស៊ីសេរី លោក សម រង្ស៊ី បានរិះគន់បរិយាកាសនៃការបោះឆ្នោតឃុំ សង្កាត់ថាមិនត្រឹមត្រូវយុត្តិធម៌ បានព្យាករថាគណបក្សរបស់លោកនឹងឈ្នះការបោះឆ្នោតនៅឆ្នាំក្រោយ ហើយបានលើកឡើងជាថ្មីម្ដងទៀតនូវការសន្យាដែលលោកតែងតែលើកឡើងថានឹងវិលត្រឡប់មកប្រទេសកម្ពុជាវិញនៅមុនការបោះឆ្នោត។
លោកថ្លែងថា “ខ្ញុំហ៊ានធ្វើគ្រប់យ៉ាង ខ្ញុំសុខចិត្តជាប់គុក ខ្ញុំសុខចិត្តស្លាប់ដើម្បីឱ្យប្រទេសជាតិរស់រាន”។
សំដៅដល់អន្តោប្រវេសន៍វៀតណាមខុសច្បាប់ លោកមានប្រសាសន៍បន្ថែមទៀតថា “ខ្ញុំនឹងត្រឡប់មកវិញ ហើយឱ្យគេធ្វើអីដាក់ខ្ញុំក៏បាន ប៉ុន្តែត្រូវតែមានការធានាថាប្រទេសជាតិរស់រាន ធានាថាជនបរទេសឈប់ឈ្លានពាន”។
លោក សម រង្ស៊ី ក៏បានចាក់ឱ្យលោក ហ៊ុន សែន ច្រឡោតផងដែរ ដោយជាថ្មីម្ដងទៀតបានអះអាងដូចដែលលោកតែងតែធ្វើកន្លងមកថា លោកជាមនុស្សតែម្នាក់គត់ដែលអាចប្រកួតតតាំងជាមួយនាយករដ្ឋមន្ត្រីដែលខ្លាចការវិលត្រឡប់របស់លោក។
លោកគូសបញ្ជាក់ថា “លោក ហ៊ុន សែន ខ្លាចខ្ញុំ ខ្លាចឈ្មោះរបស់ខ្ញុំ ខ្លាចសំឡេងរបស់ខ្ញុំ ខ្លាចស្រមោលរបស់ខ្ញុំ ហើយមិនអនុញ្ញាតឱ្យខ្ញុំមកប្រកួតជាមួយគាត់”។
លោក សម រង្ស៊ី ខ្លួនឯងបានឮការចោទប្រកាន់ស្រដៀងគ្នា បន្ទាប់ពីលោកមិនធ្វើតាមការសន្យាពីមុនថានឹងវិលត្រឡប់មកវិញ ហើយប្រឈមនឹងបណ្ដឹងផ្លូវច្បាប់ដំបូងប្រឆាំងរូបលោកនៅក្នុងឆ្នាំ២០១៥។
ដោយសារតែមានការរារាំងមិនឱ្យមានការព្រះរាជទានលើកលែងទោសដែលកើតចេញពីកិច្ចព្រមព្រៀងនយោបាយ គេមិនទាន់ច្បាស់ទេថា តើលោក សម រង្ស៊ី នឹងអាចជម្នះបានដោយវិធីណាចំពោះការផ្ដន្ទាទោសរូបលោកកាន់តែច្រើននៅក្នុងសំណុំរឿងដែលភាគច្រើនកើតចេញពីការអត្ថាធិប្បាយបង្កហេតុកន្លងមក រួមមានទោសជាប់ពន្ធនាគាររយៈពេល៥ឆ្នាំកាលពីឆ្នាំមុនពាក់ព័ន្ធវីដេអូមួយបង្ហោះលើទំព័រហ្វេសប៊ុករបស់លោកដែលលើកឡើងពីសន្ធិសញ្ញាក្លែងក្លាយជាមួយវៀតណាម និងទោសជាប់ពន្ធនាគារ២០ខែទៀតកាលពីខែមីនា ចំពោះការអះអាងថា រដ្ឋាភិបាលជាអ្នកនៅពីក្រោយការធ្វើឃាតលោក កែម ឡី អ្នកវិភាគនយោបាយកាលពីខែកក្កដា។
ផ្លូវរបស់លោក សម រង្ស៊ី ឆ្ពោះទៅរកការក្លាយជានាយករដ្ឋមន្ត្រីគឺកាន់តែឆ្ងាយជាងមុន ដោយសារតែច្បាប់ស្ដីពីគណបក្សនយោបាយទើបធ្វើវិសោធនកម្មថ្មីៗដែលបានបង្ខំឱ្យលោកលាលែងពីតំណែងប្រធានបក្សកាលពីខែកុម្ភៈ។ វិសោធនកម្មទាំងនោះបានផ្ដល់អំណាចឱ្យរដ្ឋាភិបាលមានសិទ្ធិផ្អាកជាបណ្ដោះអាសន្ន និងចុងក្រោយរម្លាយគណបក្សណាដែលមេដឹកនាំរបស់ខ្លួនជាប់ទោសព្រហ្មទណ្ឌ។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានមានប្រសាសន៍ថា “បើគ្មានសំណើសុំឱ្យព្រះមហាក្សត្រលើកលែងទោសទេ ការអនុវត្តច្បាប់គឺនៅតែការអនុវត្តច្បាប់។ សេចក្ដីសម្រេចរបស់អង្គនីតិប្រតិបត្តិមិនអាចឈ្នះការសម្រេចរបស់តុលាការនោះទេ”។
លោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យនគរបាលជាតិបានមានប្រសាសន៍ថា លោកមិនអាចឆ្លើយបានទេពាក់ព័ន្ធសំណួរជុំវិញការចាប់ខ្លួនលោក សម រង្ស៊ី។ លោកគូសបញ្ជាក់ថា “ច្បាប់ចែងយ៉ាងម៉េច [យើង] នឹងអនុវត្តតាមនោះ”។
សមាជិកជាន់ខ្ពស់របស់គណបក្សប្រឆាំងមួយនេះ អាចបានត្រឹមតែធ្វើការប៉ាន់ស្មានប៉ុណ្ណោះលើថាតើពេលណាដែល សម រង្ស៊ី អាចត្រឡប់មកវិញ និងថាតើលោកអាចដោះខ្លួនដោយរបៀបណាពីបណ្តឹងផ្លូវច្បាប់។
លោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិបានលើកឡើងថា ជំហានដំបូងរបស់លោក សម រង្ស៊ី គឺត្រូវត្រឡប់មកវិញឲ្យទាន់ពេលចុះឈ្មោះបោះឆ្នោតនៅចុងឆ្នាំនេះ។ការនិរទេសខ្លួនរបស់លោក សម រង្ស៊ី ដែលទីបំផុតបានផ្សះផ្សារជាមួយរដ្ឋាភិបាលវិញ ក្លាយជារឿងដែលកើតមានយ៉ាងញឹកញាប់ទៅហើយដល់ថ្នាក់លោកស្រីមូរ សុខហួរ ទំនងជាចាំមិនអស់ផង ដោយលោកស្រីបានធ្វើការប៉ាន់ប្រមាណថា បើលោក សម រង្ស៊ី ត្រឡប់មកវិញលើកនេះ “យ៉ាងហោចណាស់លើកទី៣” ហើយ។
លោកស្រីបានមានប្រសាសន៍ថា ” យើងនឹងធ្វើការឆ្ពោះទៅរកដំដោះស្រាយ”។ លោកស្រីបានបន្ថែមថា “យើងមិនទាន់បានទទួលយកកិច្ចព្រមព្រៀងណាមួយនៅឡើយទេ ប៉ុន្តែ លោក សម រង្ស៊ី បានមានប្រសាសន៍កាលពីម្សិលមិញថា លោកនឹងត្រឡប់មកវិញ”។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ដែលជាសមាជិកអចិន្ត្រៃយ៍នៃគណបក្សនេះបានលើកឡើងថា ការសម្រេចចិត្តនេះ ស្រេចតែលោក សម រង្ស៊ី ទេ ហើយថា វាមិនងាយស្រួលទេក្នុងការឆ្លើយទាក់ទិននឹងបញ្ហានេះ។
ប៉ុន្តែព្រះអង្គម្ចាស់បានលើកឡើងថា ប្រសិនបើស្រេចតែលោក សម រង្ស៊ី លោកប្រហែលជារង់ចាំរហូតដល់នៅសល់ប៉ុន្មានខែ ឬប៉ុន្មានសប្តាហ៍ដល់ថ្ងៃបោះឆ្នោតទើបត្រឡប់មកវិញ ទោះបីជាការធ្វើបែបនេះមិនអនុញ្ញាតឲ្យលោកអាចឈរឈ្មោះជានាយករដ្ឋមន្ត្រីក៏ដោយ។
ព្រះអង្គម្ចាស់បានមានបន្ទូលថា “ការវិលត្រឡប់មកវិញរបស់គាត់នឹងជួួយឲ្យគណបក្សសង្គ្រោះជាតិទទួលបានការគាំទ្រពីប្រជាពលរដ្ឋកាន់តែខ្លាំង”។
លោក ម៉ាកូស កាបូម (Markus Karbaum) អ្នកវិទ្យាសាស្ត្រនយោបាយអាល្លឺម៉ង់ដែលផ្តោតលើកម្ពុជាបានលើកឡើងថា មិនទាន់អាចនិយាយបានទេថា តើការដកចេញនូវបម្រាមនេះ ជា “ទឡ្ហីករណ៍បង្ហាញពីកិច្ចព្រមព្រៀង ឬអន្ទាក់សម្រាប់លោក សម រង្ស៊ី” នោះ។ លោក ម៉ាកូស កាបូម បានសរសេរនៅក្នុងអីុម៉េលមួយថា ដរាបណាបទបញ្ជារបស់លោក ហ៊ុន សែន នៅតែដដែល លោក សម រង្ស៊ី ” អាចបន្ទោសរដ្ឋាភិបាលដោយងាយ”។ លោកបានសរសេរបន្តថា “ឥឡូវនេះវាស្រេចតែគាត់ និងសេចក្តីក្លាហានរបស់គាត់ប៉ុណ្ណោះថា តើគាត់ចង់ត្រឡប់មកវិញឬយ៉ាងណានោះ”។
លោក អ៊ូ វីរៈ ប្រធានអង្គការវេទិកាអនាគតបានចាត់ទុកការសម្រេចរបស់លោក ហ៊ុន សែន ថាជា “ចំណាត់ការដ៏ល្អ” ដែលបើកផ្លូវសម្រាប់លទ្ធភាពចរចាជាមួយគណបក្សប្រឆាំងដើម្បីសម្រួលឲ្យលោក សម រង្ស៊ី ត្រឡប់មកវិញ ប៉ុន្តែ អ្វីៗវាស្រេចតែលោកនាយករដ្ឋមន្ត្រីតែប៉ុណ្ណោះ។
លោកបានមានប្រសាសន៍ថា “គាត់ចង់បានលើសពីការដែលអាចជឿទុកចិត្តបាន”។លោកបានបន្ថែមថា “រាល់កិច្ចព្រមព្រៀងណាមួយ ដែលលោក ហ៊ុន សែន ចុះហត្ថលេខាគឺជាកិច្ចព្រមព្រៀងដែលផ្តល់អំណាចដល់គណបក្សប្រជាជនកម្ពុជា”៕ សុខុម និងស៊ុយឈាង