សម្ព័ន្ធអង្គការមិនមែនរដ្ឋាភិបាលបានចាប់ផ្តើមកម្មវិធីមួយដើម្បីសហការឲ្យបានកាន់តែជិតស្និទ្ធជាមួយរដ្ឋាភិបាលកាលពីម្សិលមិញ មួយសប្តាហ៍បន្ទាប់ពីអ្នកនាំពាក្យក្រសួងមហាផ្ទៃមួយរូបបានទទួលស្គាល់ថា បានគំរាមអង្គការមួយចំនួនដើម្បី”បំភិតបំភ័យ” ពួកគេមុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់។
គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC) ជាក្រុមសមាជិកអង្គការមិនមែនរដ្ឋាភិបាល ដែលមានដៃគូអង្គការមិនមែនរដ្ឋាភិបាលជាង១០០ បានចាប់ផ្តើមគម្រោងនេះដោយមានជំនួយជាទឹកប្រាក់ចំនួន១,៦៨លានដុល្លារពីសហភាពអឺរ៉ុប។ ការប្រកាសនេះធ្វើឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណាដែលមានទីតាំងនៅតាមមាត់ទន្លេក្នុងរាជធានីភ្នំពេញក្នុងពិធីមួយដែលចូលរួមដោយលោក ចច អេដហ្គា (George Edgar) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងលោក ង៉ាន់ ចំរើន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
នៅឯជ្រុងម្ខាងទៀតនៃរាជធានីភ្នំពេញ មន្ត្រីសមាគមសិទ្ធិមនុស្សអាដហុកទាំងអតីតនិងបច្ចុប្បន្នចំនួន៥រូបបានជាប់ពន្ធនាគាររយៈពេល៤១២ថ្ងៃមកហើយ រីឯអ្នកស្រី ទេព វន្នី សកម្មជនសិទ្ធិដីធ្លីវិញមានសុខភាពចុះខ្សោយបន្ទាប់ពីជាប់ពន្ធនាគារអស់៣០៣ថ្ងៃ។ អ្នកទាំងនេះប្រឈមការតតាំងផ្លូវច្បាប់ដែលអង្គការសិទ្ធិមនុស្សទាំងក្នុងស្រុក និងអន្តរជាតិចាត់ទុកថា មានជាប់ពាក់ព័ន្ធរឿងនយោបាយនិងខ្វះដំណើរការនីតិវិធីត្រឹមត្រូវ។

ទោះបីជាមានសំណុំរឿងទាំងនេះក៏ដោយ តែគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជានៅតែជូនលិខិតសរសើរដល់លោក ង៉ាន់ ចំរើន កាលពីម្សិលមិញ បន្ទាប់ពីមន្ត្រីក្រសួងមហាផ្ទៃរូបនេះក៏បានមានប្រសាសន៍ជំរុញឲ្យអង្គការមិនមែនរដ្ឋាភិបាលធ្វើការឲ្យបានកាន់តែជិតស្និទ្ធជាមួយរដ្ឋាភិបាលផងដែរនោះ។
លោក ង៉ាន់ ចំរើន បានមានប្រសាសន៍ថា “ខណៈសង្គមស៊ីវិលតំណាងឲ្យក្រុមជាក់លាក់ណាមួយ…វាមិនតំណាងឲ្យប្រជាពលរដ្ឋនោះទេ”។
លោក ចច អេដហ្គា ក៏បានថ្លែងសុន្ទរកថាដ៏ខ្លីផងដែរដោយលើកសរសើរដល់ការងាររបស់គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា និងសរសើរដល់ការបន្តតាំងចិត្តរបស់សហភាពអឺរ៉ុបនៅក្នុងការជួយគាំទ្រអង្គការសង្គមស៊ីវិលនៅកម្ពុជា។
លោក សឿង សារ៉ាន់ នាយកប្រតិបត្តិគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជាបានលើកឡើងថា បញ្ហារវាងរដ្ឋាភិបាល និងសង្គមស៊ីវិលបង្ហាញឲ្យឃើញថា ភាគីទាំងពីរចាំបាច់ត្រូវសហការគ្នាឲ្យបានកាត់តែខ្លាំងជាងមុន។
លោកបានមានប្រសាសន៍នៅក្នុងកិច្ចសម្ភាសន៍មួយកាលពីម្សិលមិញថា “បើយើងកាន់តែបែកខ្ញែកពីគ្នា យើងនឹងប្រឈមបញ្ហាកាន់តែច្រើន”។ លោកបានបន្ថែមទៀតថា “យើងទាំងអស់គ្នានៅ CCC ព្យាយាមកសាងទំនុកចិត្តថា សង្គមសីុវិលមិនធ្វើការប្រឆាំងរដ្ឋាភិបាលទេ ពោលគឺយើងធ្វើការគាំទ្ររដ្ឋាភិបាល”។
លោកបានបន្ថែមថា ភាពតានតឹងមួយចំនួនរវាងរដ្ឋាភិបាល និងសង្គមស៊ីវិល អាចនិយាយបានថា មកពីកង្វះការជឿទុកចិត្តគ្នា។
លោកបានថ្លែងថា “ហេតុដូច្នេះហើយបើយើងនៅតែបន្តមិនសហការគ្នា… យើងធ្វើឲ្យគម្លាតនៃការទុកចិត្តគ្នាមានកាន់តែធំ ហើយទីបំផុតកម្ពុជាមិនអាចទៅណារួចទេ មានតែភាពមិនចុះសម្រុងគ្នា ការចាប់ចង និង ចោទប្រកាន់គ្នាទៅវិញទៅមកតែប៉ុណ្ណោះ”។
លោក សឿង សារ៉ាន់ បានលើកឡើងទៀតថា ជំនួយចំនួន១,៦៨លានដុល្លាររបស់សហភាពអឺរ៉ុបនេះនឹងយកទៅប្រើប្រាស់លើគម្រោងដែលពាក់ព័ន្ធរដ្ឋាភិបាល សង្គមស៊ីវិល និងអង្គការវិស័យឯកជន ហើយវាត្រូវបានផ្តល់មកស្របពេលកំពុងមានការកាត់បន្ថយការចំណាយក្នុងចំណោមសង្គមសីុវិល។
ម្ចាស់ជំនួយដែលផ្តល់មូលនិធិដល់រដ្ឋាភិបាលបានធ្លាក់ចុះរហូតដល់១៥ភាគរយគិតចាប់ពីឆ្នាំ២០១៤មកដោយសារប្រទេសម្ចាស់ជំនួយមានភារកិច្ចត្រូវដោះស្រាយវិបត្តិជនភៀសខ្លួននៅក្នុងប្រទេសខ្លួន និងដោយសារកម្ពុជាផ្លាស់ប្តូរពីប្រទេសចំណូលទាបទៅជាប្រទេសមានចំណូលទាបធម្យម នេះបើយោងតាម លោក សឿង សារ៉ាន់៕ស៊ុយឈាង