មន្ត្រីនគរបាលជាតិមួយរូបបានប្រកាសកាលពីម្សិលមិញថា មន្ត្រីនគរបាលម្នាក់និងត្រូវជាកូនប្រុសមន្ត្រីជាន់ខ្ពស់មួយរូបក្នុងជួយរដ្ឋាភិបាលផងនោះ ត្រូវបានបន្ថយឋានន្តរស័ក្ដិបន្ទាប់ពីមានការផ្សព្វផ្សាយវីដេអូឃ្លីបដែលបង្ហាញថា មន្ត្រីរូបនេះបានបាញ់គំរាមរថយន្តមួយគ្រឿងចេញពីរថយន្តរបស់ខ្លួនក្រោយពីបើកប៉ះរថយន្តនោះខណៈដែលបើកជែង។
លោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យនគរបាលជាតិបានមានប្រសាសន៍ថា លោក លឹម ចំណាន កូនប្រុសរដ្ឋលេខាធិការក្រសួងមហាផ្ទៃមួយរូបត្រូវបានបន្ថយឋានន្តរស័ក្តិពីវរសេនីយ៍ទោមកវរសេនីយ៍ត្រី ហើយបានដកតួនាទីពីនាយរងការិយាល័យនគរបាលចរាចរណ៍ខេត្តកណ្ដាលតាមបញ្ជារបស់លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានលើកឡើងនៅក្នុងវីដេអូឃ្លីបមួយដែលបានបង្ហោះក្នុងគេហទំព័រនគរបាលជាតិកាលពីម្សិលមិញថា “សម្ដេចក្រឡាហោម ស ខេង បានសម្រេចដាក់វិន័យលោក លឹម ចំណាន បើទោះជាយើងមិនបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះក៏ដោយ”។
លោកបានថ្លែងថា លោក លឹម ចំណាន ត្រូវបានដកឋានៈពីនាយរងការិយាល័យចរាចរណ៍មកជាមន្ត្រីនគរបាលធម្មតា។ ឪពុករបស់គាត់គឺ លោក ប៉ុល លឹម អតីតអគ្គស្នងការរងនគរបាលជាតិ។
មន្ត្រីនគរបាលខេត្តមួយរូបបាននិយាយកាលពីដើមសប្តាហ៍នេះថា លោក លឹម ចំណាន ត្រូវបានចោទប្រកាន់ពីបទបាញ់គំរាមរថយន្តមួយគ្រឿងទៀតចេញពីរថយន្តតូយ៉ូតាកាមរីរបស់ខ្លួនក្រោយពីគាត់បានបើកប៉ះរថយន្្តនោះខណៈដែលបើកជែងតាមបណ្ដោយផ្លូវជាតិលេខ១ ស្ថិតក្នុងខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃ សៅរ៍ ។
វីដេអូឃ្លីបនៃហេតុការណ៍នោះត្រូវបានចែករំលែកតាមប្រព័ន្ធអុីនធឺណិតដោយគេហទំព័ត៌មាន Fresh News កាលពីថ្ងៃ អាទិត្យ បង្ហាញថា រថយន្តតូយ៉ូតាកាមរីនេះបានបើកប៉ះរថយន្តមួយគ្រឿងទៀត ខណៈដែលបើកក្នុងល្បឿនយ៉ាងលឿន។ នៅពេលអ្នកបើកបររថយន្តនោះបើកដេញតាម ដោយចុចស៊ីផ្លេផង ជននេះបានចុចកញ្ចក់ទ្វាររថយន្តចុះ ហើយបញ្ចេញកាំភ្លើងមកក្រៅ មុនពេលឮស្នូរផ្ទុះអាវុធ។
លោក អ៊ាវ ចំរើន ស្នងការនគរបាលខេត្តបានមានប្រសាសន៍កាលពីថ្ងៃ ច័ន្ទ ថា លោក លឹម ចំណាន “មិនត្រូវបានចាប់ខ្លួនទេ ពីព្រោះគាត់ជាកូនប្រុសមន្ត្រីជាន់ខ្ពស់ម្នាក់ក្នុងជួររដ្ឋាភិបាល” ប៉ុន្តែថា លោកទទួលបានបញ្ជាឱ្យចេញការផាកពិន័យដល់លោក លឹម ចំណាន។ មិនមានព័ត៌មានលម្អិតពីចំនួនប្រាក់ពិន័យនោះឡើយ។
កាលពីម្សិលមិញ លោក អ៊ាវ ចំរើន បានបង្វែរសំណួរទៅឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ដែលបានឱ្យអ្នកយកព័ត៌មានទៅមើលវីដេអូឃ្លីបក្នុងគេហទំព័រនគរបាលជាតិ។
នៅក្នុងវីដេអូឃ្លីបនោះ ឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានមានប្រសាសន៍ថា ការដាក់ទោសទណ្ឌនេះធ្វើឡើងតាមវិន័យនគរបាល។
មន្ត្រីនគរបាលណាដែលរកឃើញថា បានផ្ទះអាវុធ “ដោយគ្មានការបញ្ជា ឬដោយគ្មានហេតុផលស្របច្បាប់” អាចប្រឈមការបន្ថយឋានន្តរស័ក្តិ ឬបណ្ដេញចេញពីអង្គភាព តួនាទី ឬកម្លាំងនគរបាល នេះបើតាមវិន័យនគរបាលជាតិ។
លោក សុក សំអឿន អ្នកជំនាញផ្នែកច្បាប់បានមានប្រសាសន៍ថា ក្រៅពីករណីការពារខ្លួន វាជាការខុសច្បាប់ចំពោះជនណាដែលបាញ់គំរាមរថយន្តដែលអាចប្រឈមការចោទប្រកាន់ពីបទប៉ុនប៉ងមនុស្សឃាត។
កាលពីថ្ងៃ ច័ន្ទ លោក ប៉ុល លឹម បានមានប្រសាសន៍ថា កូនប្រុសរបស់លោកបានប្រើប្រាស់កាំភ្លើងដើម្បីការពារខ្លួនតែប៉ុណ្ណោះ ពីព្រោះអ្នកបើកបររថយន្តមួយគ្រឿងទៀតបានបើកដេញតាមគាត់។
លោក សុក សំអឿន មានប្រសាសន៍ថា មន្ត្រីនគរបាលដែលមានឋានន្តរស័ក្តិវរសេនីយ៍ទោ ដែលត្រូវបានអនុញ្ញាតឱ្យកាន់កាំភ្លើងខ្លីនៅពេលចប់ម៉ោងការងារនោះគឺ អាចមានសិទ្ធិត្រឹមតែបាញ់ឡើងលើជាការព្រមានដល់ជនដៃដល់តែប៉ុណ្ណោះ ប៉ុន្តែ”ប្រសិនបើគ្មានហេតុផលទេនោះ ក៏ខុសច្បាប់ដែរ”៕ សារុន (រាយការណ៍បន្ថែមដោយ Matt Surrusco)