ប្រជាជនដែលរស់នៅ អគារប៊ូឌីញដ៏ចាស់ទ្រុឌទ្រោមក្នុងរាជធានីភ្នំពេញកំពុងតែនាំគ្នារើចេញហើយ។ ម្ចាស់ផ្ទះភាគច្រើនបានទទួលយកសំណង ហើយបានបិទទ្វារបន្ទប់របស់ខ្លួនអស់ហើយ។ ប៉ុន្តែគ្រួសារមួយចំនួនមិនទាន់រើចេញនៅឡើយទេ ដោយអះអាងថា ពួកគាត់ត្រូវការជំនួយបន្ថែមសម្រាប់ស្វែងរកកន្លែងថ្មីស្នាក់នៅ។ ឥឡូវនេះពួកគាត់ស្នាក់នៅដដែល។
រដ្ឋាភិបាលមិនទាន់បានផ្សព្វផ្សាយព័ត៌មានណាមួយថានឹងមានអ្វីកើតឡើងចំពោះគ្រួសារដែលបដិសេធមិនព្រមចាកចេញពីអគារនេះ ដែលត្រូវបានសាងសង់ក្នុងឆ្នាំ១៩៦៣ដើម្បីផ្តល់កន្លែងស្នាក់នៅសម្រាប់ពលរដ្ឋដែលមានប្រាក់ចំណូលទាបនៅឡើយទេ។ អ្នកនាំពាក្យក្រសួងរៀបចំដែនដីបានបដិសេធមិននិយាយជាមួយអ្នកយកព័ត៌មានទេកាលពីម្សិលមិញ ដោយលើកឡើងថា លោកជាប់រវល់។

យោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងនេះកាលពីល្ងាចម្សិលមិញបានឱ្យដឹងថា ម្ចាស់ផ្ទះជាង៣៩០គ្រួសារបានទទួលយកប្រាក់សំណង។ គេមិនទាន់ច្បាស់ថា តើម្ចាស់ផ្ទះប៉ុន្មានគ្រួសារក្នុងចំណោម៤៩៣គ្រួសារបានទទួលយកកិច្ចព្រមព្រៀងផ្តល់សំណងនោះឡើយ។
ប៉ុន្តែគ្រួសារមួយចំនួននៅតែស្នាក់នៅក្នុងផ្ទះរបស់ពួកគាត់នៅឡើយកាលពីម្សិលមិញ ហើយមួយចំនួនទៀតលក់ដូរបន្តិចបន្តួចនៅមុខផ្ទះ ខណៈអ្នកផ្សេងទៀតរៀបចំអីវ៉ាន់ដាក់លើផ្នែកខាងក្រោយនៃរថយន្ត។
ប្រជាពលរដ្ឋមួយចំនួននិយាយថា បានឮពីឱសានវាទឱ្យរើចេញនៅថ្ងៃទី៦ ខែកក្កដារីឯមួយចំនួននិយាយថា ពួកគាត់មិនបានឮពីក្រសួងទេ ព្រោះផ្ទះរបស់ពួកគាត់ត្រូវបានវាស់តាំងពីខែធ្នូម៉្លេះ។
អគារនេះនឹងត្រូវវាយកម្ទេចចោលដើម្បីបើកផ្លូវសម្រាប់ការអភិវឌ្ឍអគារកម្ពស់២១ជាន់។ កង្វះផែនការទំនាក់ទំនងច្បាស់លាស់បានធ្វើឱ្យម្ចាស់ផ្ទះមួយចំនួនមានអារម្មណ៍ច្របូកច្របល់។

ដោយឈរនៅក្នុងផ្ទះរបស់គាត់ស្ថិតនៅជាន់ផ្ទាល់ដីដែលអ្នកស្រីបន្តលក់បន្លែនៅឡើយនោះ អ្នកស្រី ស្រេង ពៅ បាននិយាយកាលពីម្សិលមិញថា “មិនមែនថា ខ្ញុំមិនចាកចេញទេគ្រាន់តែខ្ញុំត្រូវការឱ្យពួកគាត់ជួយរកផ្ទះឱ្យខ្ញុំសិន។ ពួកគេមិនទាន់មកដោះស្រាយបញ្ហានេះនៅឡើយទេ។ ប្រសិនបើខ្ញុំចាកចេញឥឡូវេនះ ខ្ញុំមិនអាចរកកន្លែងថ្មីស្នាក់នៅបានឡើយ”។
អ្នកស្រី ស្រេង ពៅ មិនដែលយល់ព្រមចំពោះសំណើផ្តល់សំណងក្នុងទឹកប្រាក់១.៤០០ដុល្លារក្នុងមួយម៉ែត្រការ៉េឡើយ ដោយនិយាយថា ប្រាក់នេះមិនគ្រប់គ្រាន់ដើម្បីទិញផ្ទះថ្មីនៅកន្លែងផ្សេងបានឡើយ។
អ្នកស្រី ខឹម ស្រីពៅ ជាអ្នករស់នៅជិតខាង ក៏ប្រកាន់ជំហរដូចគ្នានេះដែរ។ អ្នកស្រី បាននិយាយថា “ខ្ញុំបានរកមើលហើយ តែរកមិនទាន់បាន។ ខ្ញុំរង់ចាំពួកគេហៅពួកយើងទៅជួប ដើម្បីសុំឱ្យពួកគេបន្ថែមប្រាក់ខ្លះទៀត”។
ស្ត្រីទាំងពីរនាក់នេះបាននិយាយថា ពួកគាត់មិនបារម្ភពីការបណ្តេញចេញដោយបង្ខំនោះឡើយ។ អ្នកស្រី ស្រីពៅ បាននិយាយ ថា អ្នកស្រីជឿថា លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី គ្មានជម្រើសក្រៅពីចរចាបន្ថែមឡើយ។
អ្នកស្រីនិយាយថា “ខ្ញុំជឿថា គាត់ជាមនុស្សដែលចង់ជួយដោះស្រាយបញ្ហារបស់ពួកយើង មិនបង្ខំឱ្យពួកយើងចាកចេញឡើយ”៕សារុន