38.8 C
Phnom Penh

លោក ហ៊ុន សែន​ ពន្យុះ​ឲ្យ ‘អ្នកក្លាហាន’ សម រង្ស៊ី វិលត្រឡប់​​​ចូលស្រុកវិញ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មួយថ្ងៃបន្ទាប់ពីមានការដកចេញបទបញ្ជាដែលហាមមិនឲ្យលោក សម រង្ស៊ី វិលចូលស្រុកវិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលមិញ បានពន្យុះឲ្យ “អ្នកក្លាហាន” គឺអតីតមេដឹកនាំគណបក្សសង្គ្រោះជាតិវិលត្រឡប់ចូលស្រុកវិញដើម្បីប្រឈមការចាប់ខ្លួន ខណៈលោក សម រង្ស៊ី លើកឡើងថា ការវិលត្រឡប់មកវិញនឹងជា “អំណោយដ៏លីលា” សម្រាប់នាយករដ្ឋមន្ត្រីដ៏កំសាក។

ពេលថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រមួយក្នុងរាជធានីភ្នំពេញ លោក ហ៊ុន សែន បានបញ្ជាក់ថា លោកបានចេញបទបញ្ជាឲ្យកែប្រែសារាចរកាលពីខែតុលាដែលហាមមន្ត្រីអន្តោប្រវេសន៍ និងក្រុមហ៊ុនអាកាសចរណ៍ នានាកុំអនុញ្ញាតឲ្យលោក សម រង្ស៊ី វិលចូលស្រុកវិញ បន្ទាប់ពីឮលោក សម រង្ស៊ី ប្រាប់វិទ្យុអាស៊ីសេរីកាលពីថ្ងៃអង្គារថា លោក ហ៊ុន សែន ខ្លាចជ្រុលទើបមិនហ៊ានអនុញ្ញាតឲ្យលោកចូលស្រុកវិញ។

លោក ហ៊ុន សែន បានមានប្រសាសន៍ថា “មកមួយសេរី មកតាមទឹកក៏បាន មកតាមគោកក៏បាន ស្អីក៏បាន”។ លោកបានបន្ថែមថា “មើល! អ្នកក្លាហាន ទ្វារចំហហើយ” ។

នៅក្នុងសចក្តីថ្លែងការណ៍មាន៦កថាខ័ណ្ឌដែលផ្ញើជូនអ្នកយកព័ត៌មានកាលពីម្សិលមិញ លោក សម រង្ស៊ី បានអះអាងថា ការវិលត្រឡប់ចូលស្រុកវិញនឹងធ្វើឲ្យប៉ះពាល់ដល់បេសកកម្មរបស់គណបក្សលោក។

cam-photo-rainsy-JUMPលោកបានសរសេរថា “ខ្ញុំមិនចាប់អារម្មណ៍ ក្នុងការក្លាយជា ‘វីរបុរស’ ដូចកូនក្មេង និងម្តងអ៊ីេចះម្តងចុះដែលការលះបង់របស់ខ្លួននឹងគ្មានប្រយោជន៍ ហើយជាពិសេសវាស្មើនឹងការដកថយមុនពេលកំណត់ពាក់កណ្តាលទីនៅក្នុងសមរភូមិផ្តាច់ព្រ័ត្រ “។

លោក សម រង្ស៊ី មិនទាន់បានឈានជើងជាន់ដឹកដីកម្ពុជានៅឡើយទេ ចាប់តាំងពីខែវិច្ឆិកាឆ្នាំ២០១៥មក ជាពេលដែលតុលាការចេញដីកាចាប់ខ្លួនលោកពាក់ព័ន្ធបណ្តឹងបរិហារកេរ្តិ៍ជាយូរមកហើយ ខណៈពេលលោកកំពុងចូលរួមកិច្ចប្រជុំមួយនៅប្រទេសកូរ៉េខាងត្បូង។

ទោះបីជាដំបូងឡើយលោកសន្យាថា នឹងវិលត្រឡប់មកប្រឈមនឹងការចោទប្រកាន់វិញក៏ដោយ តែអតីតប្រធានគណបក្សសង្គ្រោះជាតិរូបនេះនៅតែស្ថិតនៅទីក្រុងប៉ារីស ខណៈតុលាការបង្កើនការចោទប្រកាន់ និងទោសជាប់ពន្ធនាគារ ដែលគណបក្សប្រឆាំងមួយនេះ និងអ្នកសង្កេតការណ៍អន្តរជាតិជាច្រើនចាត់ទុកថា មានជាប់ពាក់ព័ន្ធរឿងនយោបាយ។

លោក ហ៊ុន សែន បានប្រាប់គូប្រជែងជាយូរមកហើយរបស់លោកឲ្យបោះបង់ចោលគំនិតដែលគិតថា ការចោទប្រកាន់ទាំងនោះនឹងត្រូវបានលុបចោលដោយការព្រះរាជទានលើកលែងទោសជាលើកទី៣ ដោយអះអាងម្តងទៀតថា លោកនឹងកាត់ដៃស្តាំគ្រវាត់ចោល បើមានលើកទី៣។

លោកនាយករដ្ឋមន្ត្រីលើកឡើងថា “បើគុកជាឧបសគ្គ មួយជីវិតនេះគាត់អត់មកទេ”។

ផ្លូវដ៏មានសុវត្ថិភាពសម្រាប់លោក សម រង្ស៊ី គឺត្រូវប្រគល់ខ្លួនឲ្យអាជ្ញាធរភ្លាមពេលមកដល់ នេះបើយោងតាមលោកនាយករដ្ឋមន្ត្រី ដោយអះអាងថា បទបញ្ជាអន្តោប្រវេសន៍ត្រូវបានបង្កើតឡើងដើម្បីការពារលោក សម រង្ស៊ី កុំឲ្យខ្លាចថាត្រូវគេធ្វើបាបពេលត្រឡប់មកវិញ។

លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា “ការពិត ស.ជ.ណ មុនមានគោលដៅការពារសុវត្ថិភាពជីវិតគាត់។ លោកបានបន្ថែមថា “ខ្ញុំមិនចង់ឃើញឈាមខ្មែរហូរទេ”។

លោកនាយករដ្ឋមន្ត្រីក៏បានចោទសួរអំពីហេតុផលរបស់លោក សម រង្ស៊ី ក្នុងការវិលត្រឡប់មកវិញដើម្បីឈរឈ្មោះជានាយករដ្ឋមន្ត្រីផងដែរ ដោយគូសបញ្ជាក់ថា លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិបានឡើងជំនួសតំណែងលោក សម រង្ស៊ី ដែលលាលែងពីតំណែងកាលពីខែកុម្ភៈហើយបន្ទាប់ពីមានការធ្វើវិសោធនកម្មច្បាប់ថ្មីស្តីពីគណបក្សនយោបាយដែលអនុញ្ញាតឲ្យតុលាការមានសិទ្ធិរម្លាយគណបក្សនយោបាយចោលប្រសិនបើប្រធានគណបក្សនោះមានទោសព្រហ្មទណ្ឌ។

លោកនាយករដ្ឋមន្ត្រីបានថ្លែងថា “សូមផ្តល់មតិ ដោយរោយទៅជាមួយគ្នា ប្រយ័ត្នរលាយបក្ស”។ លោកនាយករដ្ឋមន្ត្រី បានបន្តថា “បន្តិចទៀតគាត់រកលេសអីទៀត?”។

ទោះបីជាលោក សម រង្ស៊ី បានប្រាប់វិទ្យុអាស៊ីសេរីកាលពីថ្ងៃអង្គារថា លោកហ៊ានប្រឈមនឹងការជាប់ពន្ធនាគារ និងសេចក្តីស្លាប់ដើម្បីប្រទេសជាតិក៏ដោយ តែចាប់តាំងពីពេលនោះមក លោក បានចៀសវាងពាក្យពេចន៍បែបនេះ។

លោកបានមានប្រសាសន៍ថា “ការធ្លាក់ចូលក្នុងកណ្តាប់របស់លោក ហ៊ុន សែន ក្រោមស្ថានភាពបច្ចុប្បន្នមិនផ្តល់ផលប្រយោជន៍ដល់បុព្វហេតុរបស់យើងទេ ផ្ទុយទៅវិញវានឹងជាអំណោយដ៏លីលាសម្រាប់លោក ហ៊ុន សែន ដែលបន្តព្យាយាមកម្ចាត់ខ្ញុំតាំងពីថ្ងៃគប់គ្រាប់បែកកាលពីថ្ងៃទី៣០ខែមិនា ឆ្នាំ១៩៩៧ដែលបណ្តាលឲ្យមានមនុស្សស្លាប់ក្នុងរាជធានីភ្នំពេញមកម្លេ៉ះ”។ លោកបានបន្ថែមថា “តើវាមានប្រយោជន៍អី ទៅឲ្យគេចាប់ដាក់គុកនិងកាប់សម្លាប់នោះ?”។

លោក សម រង្ស៊ី ក៏បានព្យាយាមប្តូរស្ថានការណ៍ផងដែរដើម្បីឆ្លើយតបនឹងអ្នករិះដែលចោទសួរពីសេចក្តីក្លាហានរបស់លោក ។

លោកបានសួរថា “ពេលនិយាយដល់រឿងកំសាកក្នុងការតតាំងរវាងអ្នកនយោបាយពីររូប តើវាកំសាកទេសម្រាប់អ្នកដែលប្រើតុលាការ កងទ័ព និងនគរបាល ដែលស្ថិតក្រោមការគ្រប់គ្រងខ្លួន ដើម្បីកម្ចាត់គូប្រជែងតែមួយគត់ដែលមានតែដៃទទេ?”។

សេចក្តីថ្លែងការណ៍នេះបានបញ្ចប់ដោយការរៀបរាប់អំពីលោកនាយករដ្ឋមន្ត្រីដុះពោះនិងកងកម្លាំងសន្តិសុខដែលតតាំងជាមួយរូបទីងមោងដែលមានទំហំធំជាងខ្លួននៅលើសង្វៀនដោយមានលោក ហ៊ុន សែននិយាយថា “កុំឲ្យគាត់ឡើងសង្វៀន”។

លោក សម រង្ស៊ី បានសួរថា “រវាងអ្នកប្រដាល់ពីររូបនៅលើសង្វៀនប្រកួត តើវាកំសាកទេដែលគូម្ខាងទៀតរារាំង គូប្រជែងរបស់ខ្លួនមិនឲ្យឡើងសង្វៀន ដើម្បីទទួលបានជ័យជម្នះដោយងាយ ប៉ុន្តែ ជាជ័យជម្នះក្លែងក្លាយនោះ?”៕ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស