29 C
Phnom Penh

គ.ជ.ប ស្នើ​​​ឱ្យរដ្ឋាភិបាល​​​​ចាត់​​​វិធាន​ការ​​​តាម​​​ផ្លូវច្បាប់​​​លើ​​​ អ្នក​​​រិះ​​​គន់​​​ខ្លួន​​​តាម​​​បណ្តាញ​​​សង្គម​​​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានស្នើឱ្យរដ្ឋាភិបាលចាត់វិធានការតាមផ្លូវច្បាប់លើអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមពីរនាក់ចំពោះការបង្ហោះ”ព័ត៌មានញុះញង់” ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់កាលពីថ្ងៃទី៤ ខែមិថុនា ដែលខ្លួនអះអាងថាបានមើលងាយស្ថាប័នមួយនេះ។

យោងតាមសេចក្តីបំភ្លឺចុះកាលបរិច្ឆេទថ្ងៃអង្គារ គ.ជ.ប បានអំពាវនាវឱ្យ “ស្ថាប័នពាក់ព័ន្ធ” ចាត់វិធានការលើអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមដែលខ្លួនអះអាងថាបានធ្វើពើជាសួរអំពីអព្យាក្រឹតភាពរបស់ស្ថាប័នមួយនេះ។

សេចក្តីបំភ្លឺដដែលលើកឡើងថា “នាពេលថ្មីៗ នេះ គ.ជ.បសង្កេតឃើញថា មានបណ្តាញសង្គមមួយចំនួន (KM Khmer, Real News…) បានផ្សព្វផ្សយព័ត៌មានមានចរិតញុះញង់ បង្ខូចកេរ្តិ៍ឈ្មោះរបស់ស្ថាប័នគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថាស្ថិតនៅក្រោមការគ្រប់គ្រងរបស់បរទេស” ទាក់ទងនឹងការចេញចំនួនបណ្តោះអាសន្ននៃអ្នកបានទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដោយស្ថាប័នមួយនេះ។

123-1សេចក្តីបំភ្លឺនេះជំរុញឱ្យបណ្តាអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម “បញ្ឈប់ជាបន្ទាន់នូវការផ្សព្វផ្សាយព័ត៌មានទាំងឡាយណាដែលញុះញង់នាំឱ្យប្រជាពលរដ្ឋបាត់បង់ទំនុកចិត្តមកលើស្ថាប័នគ.ជ.ប ដែលជាស្ថាប័នឯករាជ្យ” ហើយបានស្នើឱ្យរដ្ឋាភិបាល “ចាត់វិធានការតាមផ្លូវច្បាប់ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសទាំងនោះដើម្បីធានាបរិយាកាសល្អនៃការបោះឆ្នោត”។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ  គ.ជ.ប មិនអាចទាក់ទងសុំការបំភ្លឺបានទេកាលពីម្សិលមិញ ចំណែកឯលោក ខៀវ សុភ័គ អ្នកនាំាពាក្យក្រសួងមហាផ្ទៃ បានបដិសេធមិននិយាយពីបញ្ហានេះតែម្តង។

ភ្លាមៗគេមិនដឹងច្បាស់ទេថាសារបង្ហោះមួយណាធ្វើឱ្យផ្ទុះកំហឹងដល់គ.ជ.ប ដែលបានក្លាយជាគណៈកម្មាធិការមានសមាសភាពពីរគណបក្សចូលរួម ក្រោយការបោះឆ្នោតដ៏ចម្រូវចម្រាសកាលពីឆ្នាំ២០១៣ បន្ទាប់ពីរងការចោទប្រកាន់រាប់ទសវត្សរ៍មកហើយថា ស្ថាប័នមួយនេះធ្វើតាមបញ្ជាគណបក្សប្រជាជនកម្ពុជា។

កាលពីថ្ងៃទី៩ ខែមិថុនា ទំព័រហ្វេសប៊ុកដ៏ល្បីមួយឈ្មោះ ” KM Khmer” បានបង្ហោះរូបលោក ហង្ស ពុទ្ធា និយាយទៅកាន់អ្នកយកព័ត៌មានអមដោយរូបភាពផ្ទាំងស្គ្រីននៃលទ្ធផលបោះឆ្នោតចេញពីគេហទំព័ររបស់  គ.ជ.ប និងទម្រង់មួយដែលបង្ហាញពីលទ្ធផលនៃការបោះឆ្នោតសម្រាប់ឃុំមួយនៅក្នុងខេត្តកំពង់ចាម។រូបថតទី១ បង្ហាញពីគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យដ៏តូចឈ្នះ ហើយរូបភាពទី២ បង្ហាញពីគណបក្សសង្គ្រោះជាតិឈ្នះ។

ទំព័រហ្វេសប៊ុកនេះសរសេរថា “បន្លំ ឬខុសបច្ចេកទេស???…” ប៉ុន្តែក្រោយមកបានធ្វើបច្ចុប្បន្នភាពសារនោះ បន្ទាប់ពី គ.ជ.ប បាន កែប្រែលទ្ធផលថា “បន្ទាប់ពីមានការរិះគន់ខ្លាំងៗ… គ.ជ.ប បានសម្រេចកែសម្រួលលទ្ធផលនៅខេត្តកំពង់ចាម ប្រគល់ឱ្យបក្សសង្គ្រោះជាតិឈ្នះ”។

ពេលទាក់ទងតាម Messenger ហ្វេសប៊ុកអ្នកគ្រប់គ្រងទំព័រនេះបានឈប់ឆ្លើយតបសំណួរ បន្ទាប់ពីឃើញសេចក្តីបំភ្លឺរបស់ គ.ជ.ប។

មន្ត្រីសង្គមស៊ីវិលបានបញ្ចេញទស្សនៈចម្រុះជុំវិញថា តើ គ.ជ.ប ការពារខ្លួនពីការត្រូវគេបង្ខូចកេរ្តិ៍ឈ្មោះ ឬក៏ជាការបន្ថែមពីលើការបង្ក្រាបកាន់តែច្រើនឡើងលើសេរីភាពបញ្ចេញមតិតាមបណ្តាញអីុនធឺណិត។

លោក សំ គន្ធាមី នាយកប្រតិបត្តិអង្គការនិកហ្វិចមានប្រសាសន៍ថា ស្ថាប័ននេះមានសិទ្ធិចាត់វិធានការដើម្បី “កុំឱ្យពួកគេបាក់មុខ” ពីព្រោះសារបង្ហោះទាំងនោះគ្មានការពិត។

លោក យឿង សុធារ៉ា មន្ត្រីច្បាប់ និងអង្កេតនៃអង្គការខុមហ្វ្រែលបានមានប្រសាសន៍ ថា  គ.ជ.ប មាន “សិទ្ធិផ្តាច់មុខក្នុងការប្តឹង ឬផ្តួចផ្តើមបណ្តឹងព្រហ្មទណ្ឌ” ប្រសិនបើខ្លួនពិតជាត្រូវបានគេបរិហារកេរ្តិ៍មែន។

ពេលសួរថា តើឥរិយាបថរបស់លោកនឹងធ្វើឱ្យមានគ្រោះថ្នាក់ដល់អង្គការខុមហ្វ្រែលដែលកន្លងមកតែងតែរិះគន់ គ.ជ.ប ដែរឬទេ លោក យឿង សុធារ៉ា ឆ្លើយថា អង្គការរបស់លោកមានសុវត្ថិភាព ពីព្រោះការរិះគន់របស់អង្គការនេះមានភ័ស្តុតាងច្បាស់លាស់ដើម្បីគាំទ្រ។

លោកមានប្រសាសន៍ទៀតថា “ពិបាកនិយាយណាស់ថាអ្នកបង្ហោះបញ្ចេញទស្សនៈរបស់ខ្លួនដោយចេតនាល្អ ឬក៏ចេតនាអាក្រក់ ប៉ុន្តែនេះអាចធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ គ.ជ.ប ខណៈពួកគេកំពុងតែព្យាយាមធ្វើឱ្យកាន់តែល្អប្រសើរ”។

ប៉ុន្តែគ.ជ.ប គួរតែកែលម្អឱ្យលឿនជាងនេះ ប្រសិនបើខ្លួនមិនចង់ឱ្យសាធារណជនរិះគន់ នេះបើយោងតាមការលើកឡើងរបស់លោក មឿន ឈានណារិទ្ធ នាយកវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាផ្នែកសារព័ត៌មាន។

លោកមានប្រសាសន៍ថា “យើងគួរតែព្យាយាមជំរុញឱ្យមានការរិះគន់ខ្លាំងៗ និងការពិនិត្យពិច័យ មិនត្រឹមតែដោយប្រព័ន្ធផ្សព្វផ្សាយទេ ថែមទាំងសាធារណជនផងដែរ”។ លោកបន្តថា “បើអ្នកប្រើហ្វេសប៊ុកគិតថា  គ.ជ.ប មិនឯករាជ្យ រដ្ឋាភិបាលគួរតែស្វាគមន៍ការរិះគន់នេះតាមរយៈការព្យាយាមពិនិត្យពិច័យ និងឃ្លាំមើល គ.ជ.ប”។

លោកបានលើកឡើងបន្ថែមទៀតថា ប្រសិនបើមានវិធានការតាមផ្លូវច្បាប់មែន ករណីនេះនឹងបន្ថែមពីលើចំនួនបណ្តឹងគួរឱ្យបារម្ភផ្សេងទៀតលើអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ បន្ទាប់ពីពួកគេបង្ហោះសារដែលគេយល់ថាមានលក្ខណៈគំរាមកំហែង ឬញុះញង់។

លោកថ្លែងថា “ពីមួយឆ្នាំទៅមួយឆ្នាំ មានការកើនឡើងការផ្តន្ទាទោស និងការចោទប្រកាន់លើអ្នកប្រើប្រាស់ហ្វេសប៊ុកចំពោះការរិះគន់រដ្ឋាភិបាល”៕ សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស