28.4 C
Phnom Penh

គ.ជ.ប ​​​ច្រាន​​​ចោល​​​បណ្តឹង​​​ការ​​​បោះឆ្នោតឃុំ​​​សង្កាត់​​​ដោយ​​​សារ​ថ្លោះ​សិទ្ធិ​​​នៃ​​​ការ​​​ប្តឹង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្ថាប័នរៀបចំការបោះឆ្នោតថ្នាក់ជាតិបានលើកឡើងថា ខ្លួនបានច្រានចោលបណ្តឹង ជាងពាក់កណ្តាលនៃបណ្តឹងចំនួន ៦១ ដែលខ្លួនទទួលបានពាក់ព័ន្ធការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាលពីថ្ងៃទី ៤ ខែ មិថុនា ដោយអះអាងថាបណ្តឹងទាំងនេះថ្លោះសិទ្ធិនៃការប្តឹង (ផុតកាលកំណត់របស់ច្បាប់) ក្នុងនោះបណ្តឹងភាគច្រើនប្តឹងដោយគណបក្សសង្គ្រោះជាតិស្នើសុំឲ្យរាប់សន្លឹកឆ្នោតឡើងវិញនៅក្នុងការប្រកួតប្រជែងដែលខ្លួនចាញ់ប្រកៀកប្រកិត។

នៅក្នុងសេចក្តីថ្លែងការណ៍មួយបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីយប់ថ្ងៃ សៅរ៍ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានលើកឡើងថា បណ្តឹងដែលថ្លោះសិទ្ធិនៃការប្តឹងទាំងនេះមានចំនួន ៣៣ រួមមាន១០ បណ្តឹង មកពីគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចដែលស្នើសុំឱ្យរាប់សន្លឹកឆ្នោតឡើងវិញ និង ២២ បណ្តឹងមកពីគណបក្សសង្គ្រោះជាតិ ក្នុងនោះ ១៩ បណ្តឹងស្នើឱ្យរាប់សន្លឹកឆ្នោតឡើងវិញដែរ។

ការរាប់សន្លឹកឆ្នោតឡើងវិញ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃំុសង្កាត់ ថ្ងៃទី ៤ ខែ មិថុនា នៅទីស្ដីការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅរាជធានីភ្នំពេញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
ការរាប់សន្លឹកឆ្នោតឡើងវិញ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃំុសង្កាត់ ថ្ងៃទី ៤ ខែ មិថុនា នៅទីស្ដីការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅរាជធានីភ្នំពេញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

គ.ជ.បបានលើកឡើងទៀតថា ខ្លួនដោះស្រាយបណ្តឹងបានចំនួន ១៦ ផ្សេងទៀត រួចហើយ ឥឡូវកំពុងតែធ្វើការលើបណ្តឹងចំនួន ១២ ។ គ.ជ.ប មិនបានលើកឡើងទេថា តើក្នុងចំណោមបណ្តឹងទាំងនេះ មានបណ្តឹងប៉ុន្មានពាក់ព័ន្ធនឹងការរាប់សន្លឹកឆ្នោតឡើងវិញនោះ។

លោក ហង្ស  ពុទ្ធា អ្នកនាំពាក្យ គ.ជ.បមិនអាចទាក់ទងបានទេកាលពីម្សិលមិញ។

លោកស្រី ម៉េង សុភារី ប្រធាននាយកដ្ឋានកិច្ចការបោះឆ្នោត និងនីតិកម្មគណបក្សសង្គ្រោះជាតិបានទទួលស្គាល់ថា ក្នុងចំណោមបណ្តឹងរបស់គណបក្សខ្លួនមានពីរបណ្តឹងពិតជាបានហួសអាជ្ញាយុកាលរបស់ គ.ជ.ប មែន។  អាជ្ញាយុកាលរបស់គ.ជ.ប ទុកពេល ៤ ថ្ងៃ ឲ្យគណបក្សនីមួយៗដាក់ពាក្យបណ្តឹង បន្ទាប់ពីសេចក្តីសម្រេចរបស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្ត-រាជធានី។ លោកស្រីបានលើកឡើងថា បណ្តឹងផ្សេងៗទៀតដាក់ប្តឹងទាន់ពេល។

លោកស្រីបានមានប្រសាសន៍ថា “និយាយ រួម យើងចង់ឲ្យរាប់ឡើងវិញតែម្តងឲ្យដឹងសខ្មៅទៅ ថាតើអ្នកណាឈ្នះ អ្នកណាចាញ់”។លោកស្រីបានបន្តថា “យើងមិនឯកភាពនូវអ្វីដែលគាត់លើកឡើងថា ហួសអាជ្ញាយុការនោះទេ… បណ្តឹងរបស់គណបក្សសង្គ្រោះជាតិ គឺអត់ហួសទេ”។

ប៉ុន្តែលោកស្រី បានលើកឡើងថា គណបក្សរបស់លោកស្រីមិនតវ៉ាជំទាស់នឹងការច្រានចោលរបស់ គ.ជ.បនោះទេ។

លោកស្រីបានថ្លែងថា “គ.ជ.ប គឺជាស្ថាប័នដោះស្រាយចុងក្រោយគេ យើងអត់មានសិទ្ធិប្តឹងទៅណាទៀតទេ”។

លោក សុខ ឥសាន អ្នកនាំាពាក្យគណបក្សប្រជាជនបានលើកឡើងថា លោកមិនមានបញ្ហាអីទេពាក់ព័ន្ធនឹងការច្រានចោលនេះ ។

លោកបានមានប្រសាសន៍ថា “ខ្ញុំគ្មានយោបល់អីទេ វាអាស្រ័យទៅលើសិទ្ធិសម្រេចរបស់ គ.ជ.ប ទៅចុះ”។ លោកបានបន្ថែមថា “យើងបង្កើតមកឲ្យគេធ្វើការ អ៊ីចឹងគេធ្វើការយ៉ាងម៉េច យើងត្រូវទុកចិត្តគេ”។

គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិបានចរចាគ្នាធ្វើណែទម្រង់ គ.ជ.ប ក្នុងឆ្នាំ២០១៤ ដើម្បីធ្វើឲ្យស្ថាប័ននេះក្លាយជាស្ថាប័នដែលមានពីរគណបក្សចូលរួម។

យោងតាមលទ្ធផលបោះឆ្នោតមិនទាន់ផ្លូវការ គណបក្សប្រជាជនកម្ពុជាបានឈ្នះប្រហែល ៧០ ភាគរយនៃឃុំ-សង្កាត់ទូទាំងប្រទេសចំនួន ១.៦៤៦ ។ លទ្ធផលទូទាំងប្រទេសផ្លូវការនឹងត្រូវប្រកាសឲ្យដឹងនៅថ្ងៃទី ២៥ ។

គ.ជ.បបានរាប់សន្លឹកឆ្នោតឡើងវិញនៅឃុំចំនួន ៣ កាលពីសប្តាហ៍មុន។ ក្នុងចំណោមឃុំទាំងបីដែលបានរាប់សន្លឹកឆ្នោតឡើងវិញនេះ មានពីរឃុំគឺ ឃុំ បឹងប្រាំ ក្នុងស្រុក បវេល ខេត្ត បាត់ដំបង និងឃុំ ក្លែង ក្នុងស្រុក សណ្តាន់ ខេត្ត កំពង់ធំ បានប្តូរពីគណបក្សប្រជាជនកម្ពុជាឈ្នះ ទៅជាគណបក្សសង្គ្រោះជាតិឈ្នះវិញ។ ឃុំមួយទៀត គឺ ឃុំដូង ក្នុងស្រុក រមាសហែក ខេត្ត ស្វាយរៀង បានប្តូរពីគណបក្សសង្គ្រោះជាតិឈ្នះទៅជាគណបក្សប្រជាជនកម្ពុជាឈ្នះវិញ៕ ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស