30 C
Phnom Penh

មេធាវីការ​​​ពារក​​​្តី នួន ជា លើក​​​ឡើង​​​ថា ពល​​​រដ្ឋ​​​ខ្មែរ​​​គឺ​​​ជា​​​ ‘ព្រះ’ នៅ​​​ក្នុង​​​ក្រសែ​​​ភ្នែក​​​របស់​​​របប​​​ខ្មែរ​​​ក្រហម​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមមេធាវីការពារក្តីឱ្យ នួន ជា បានលើកឡើងនៅក្នុងសាលាក្តីកាលពីម្សិលមិញថា ពលរដ្ឋខ្មែរគឺជាបុគ្គលដ៏ពិសិដ្ឋ និង”ដូចជាព្រះ” នៅក្នុងក្រសែភ្នែករបស់ថ្នាក់ដឹកនាំខ្មែរក្រហម ហើយប្រទេសក្នុងរបបខ្មែរក្រហមត្រូវបានធ្វើកំណែទម្រង់ល្អប្រសើរជាងសម័យមុនទៅទៀត បើគិតត្រឹមពេលបញ្ចប់របបគ្រប់គ្រងបែបកុម្មុយនីស្ត។

នៅក្នុងថ្ងៃចុងក្រោយនៃសវនាការធ្វើសេចក្តីសន្និដ្ឋានផ្ទាល់មាត់បិទបញ្ចប់កិច្ចពិភាក្សាដេញដោលរបស់ខ្លួនសម្រាប់បងធំទី២នៃរបបនេះដែលកំពុងស្ថិតក្នុងដំណើរការបើកសវនាការជាមួយប្រមុខរដ្ឋ ខៀវ សំផន ពីបទឧក្រិដ្ឋយ៉ាងច្រើន រួមទាំងបទប្រល័យពូជសាសន៍ផងនោះ ក្រុមមេធាវីការពារក្តីបានជំទាស់ថា ការចោទប្រកាន់លើពួកគាត់បង្ហាញថា ខ្វះការយល់ដឹង ឬមាន “ភាពលម្អៀងខ្លាំង” លើជំនឿដ៏មុតមាំនៃរបបសង្គមនិយម។

សិស្ស និស្សិតអង្គុយនៅក្នុងសាលាក្ដីខ្មែរក្រហម ត្រង់កន្លែងសម្រាប់អ្នកចូលរួមស្ដាប់សវនាការកាលពីម្សិលមិញ ដែលជាថ្ងៃចុងក្រោយនៃសវនាការធ្វើសេចក្ដីសន្និដ្ឋានផ្ទាល់មាត់បិទបញ្ចប់កិច្ចពិភាក្សាចុងក្រោយសម្រាប់ នួន ជា។ ECCC
សិស្ស និស្សិតអង្គុយនៅក្នុងសាលាក្ដីខ្មែរក្រហម ត្រង់កន្លែងសម្រាប់អ្នកចូលរួមស្ដាប់សវនាការកាលពីម្សិលមិញ ដែលជាថ្ងៃចុងក្រោយនៃសវនាការធ្វើសេចក្ដីសន្និដ្ឋានផ្ទាល់មាត់បិទបញ្ចប់កិច្ចពិភាក្សាចុងក្រោយសម្រាប់ នួន ជា។ ECCC

ដោយមិនស្វះស្វែងធ្វើឲ្យប្រជាពលរដ្ឋក្លាយជាទាសករដើម្បីសម្រេចចក្ខុវិស័យកុម្មុយនីស្តជ្រុលនិយមរបស់ខ្លួននោះ គណបក្សកុម្មុយនីស្តកម្ពុជា (CPK) បានស្វះស្វែងកសាងសង្គមមួយដែលពោរពេញទៅដោយភាពស្មើគ្នាតាមរយៈសហករណ៍ នេះបើយោងតាមលោកស្រី ដូរីន ជិន (Doreen Chen) អ្នកផ្តល់ប្រឹក្សាផ្នែកច្បាប់ជាន់ខ្ពស់សម្រាប់ នួន ជា។

លោកស្រីបានថ្លែងថា “អ្វីដែលពួកគាត់ចង់ធ្វើគឺដើម្បីប្រែក្លាយពីកម្មសិទ្ធិឯកជនទៅជាសមូហភាព មិនមែនចង់ធ្វើឲ្យប្រជាពលរដ្ឋក្លាយជាទាសករនោះទេ ប៉ុន្តែ ដើម្បីរំដោះ និងផ្តល់សិទ្ធិអំណាចដល់ពួកគាត់”។

លោកស្រីបានបន្ថែមថា នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យដូចក្នុងរបប ម៉ាក្សលេនីន ទាំងអស់នោះ ប្រជាពលរដ្ឋត្រូវបានចាត់ទុកថា ជាបុគ្គលដ៏ពិសិដ្ឋ និងមានមហិទ្ធឫទ្ធិដូចព្រះ។

លោកស្រីបានអះអាងថា របបខ្មែរក្រហម ទទួលរងថ្មបាក់ពីប្រទេសដែលត្រូវបានបំផ្លិចបំផ្លាញដោយគ្រាប់បែកប្រហែល២,៧លានតោនរបស់សហរដ្ឋអាមេរិក ពោលគឺច្រើនជាងចំនួនគ្រាប់បែកដែលទម្លាក់ដោយកងទ័ពសម្ពនមិត្តក្នុងសង្គ្រាមលោកលើកទី២ទាំងមូលទៅទៀត ហើយរបបនេះគឺជារដ្ឋដ៏ល្អប្រសើរ គិតត្រឹមចុងឆ្នាំ១៩៧៨ ជាពេលដែលវៀតណាមចាប់ផ្តើមចូលមកក្នុងប្រទេស។

លោកស្រី ដូរីន ជិន បានមានប្រសាសន៍ថា “ការពិតគឺថា កម្ពុជាស្ថិតក្នុងភាពវិនាសហិនហោចក្នុងខែមេសា ឆ្នាំ១៩៧៥ដោយសារសង្គ្រាមស៊ីវិល។ ទោះបីជាគណបក្សកុម្មុយនីស្តកម្ពុជាខិតខំប្រឹងប្រែងកសាងប្រទេសជាតិឡើងវិញ និងព្យាយាមធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋមានភាពប្រសើរឡើងវិញយ៉ាងណាក៏ដោយ តែស្ថានភាពលំបាកបណ្តោះអាសន្ន ចៀសមិនផុតនោះទេ”។

លោកស្រីបានមានប្រសាសន៍បន្ថែមថា “លើសពីនេះទៅទៀត ទោះបីជាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមិនទាន់ដោះស្រាយបានពេលបញ្ចប់របបដ៏ខ្លីមួយនេះក៏ដោយ តែវាពិតជាមានភាពល្អប្រសើរ”។

ប្រវត្តវិទូប៉ាន់ប្រមាណថា មានមនុស្សចន្លោះពី១,៧លាននាក់ដល់២លាននាក់ បានស្លាប់ អំឡុងរបប ប៉ុល ពត ដោយសារការធ្វើការងារហួសកម្លាំង ភាពពអត់ឃ្លាន ជំងឺ និងការសម្លាប់រង្គាល។

នៅក្នុងសវនាការអំឡុងពេលព្រឹក លោក វីកទួរ កូប៉េ (Victo Koppe) មេធាវីការពារក្តី ឲ្យ នួន ជា បានច្រានចោលការចោទប្រកាន់ ដែលថា កូនក្តីរបស់លោក មានទោសកំហុសពាក់ព័ន្ធអំពើប្រល័យពូជសាសន៍ប្រឆាំងជនជាតិខ្មែរអុិស្លាម និងជនជាតិវៀតណាមនៅក្នុងប្រទេស។

អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការប្រល័យពូជសាសន៍ ចាត់ទុកអំពើប្រល័យពូជសាសន៍ថា ជា”ទង្វើប្រព្រឹត្តក្នុងគោលបំណងបំផ្លាញ ជាតិសាសន៍ ក្រមសីលធម៌ពូជសាសន៍ ឬសាសនាទាំងមូលឬដោយផ្នែក”។

លោកវីកទ័រ កូប៉េ បានថ្លែងថា “គ្មានការប្រព្រឹត្តអំពើប្រល័យពូជសាសន៍ គ្មានការសម្លាប់រង្គាល ហើយគ្មានការធ្វើទុក្ខបុកម្នេញពាក់ព័ន្ធសាសនាលើលើជនជាតិខ្មែរអុិស្លាមនោះទេ”។

លោកបានបន្ថែមថា “គណបក្សកុម្មុយនីស្តកម្ពុជាគ្មានបំណងកម្ទេចជនជាតិខ្មែរអិុស្លាមដែលជាក្រុមជនជាតិភាគតិច ឬរើសអើងពួកគេដោយសារតែសាសនារបស់ពួកគេនោះឡើយ។ តែផ្ទុយទៅវិញភ័ស្តុតាងបង្ហាញ ថាជនជាតិខ្មែរអិុស្លាមត្រូវបានចាត់ទុក ដូចជាប្រជាពលរដ្ឋកម្ពុជាប្រជាធិបតេយ្យគ្រប់ៗរូបដែរ”។

លោកបានលើកឡើងទៀតថា ការចោទប្រកាន់របស់អយ្យការដែលថា មានការខិតខំបំផ្លាញវប្បធម៌របស់ជនជាតិខ្មែរអុិស្លាមតាមរយៈបិទព្រះវិហារ បង្ខំឲ្យជនជាតិខ្មែរអុិស្លាមទទួលទានសាច់ជ្រូក និងកាត់សក់របស់ស្ត្រីខ្មែរអុិស្លាមនោះគឺមិនពិតទេ ប៉ុន្តែគឺជាការខិតខំរបស់របបនេះដើម្បីលើកកម្ពស់សមភាពទៅវិញទេ។

លោកបានថ្លែងថា “វិធានការទាំងនេះគ្មានអ្វីពាក់ព័ន្ធនឹងសាសនាទេ ផ្ទុយទៅវិញវាពាក់ព័ន្ធនឹងមនោគមវិជ្ជារបស់គណបក្សកុម្មុយនីស្តកម្ពុជា ដូចជាសមភាព ការធ្វើបដិវត្ត និងសមភាពយេនឌ័រជាដើម ឬក៏មានជាប់ពាក់ព័ន្ធនឹងភាពចាំបាច់ជាក់ស្តែង”។លោកបានបន្ថែមថា គ្មានភ័ស្តុតាងបញ្ជាក់ថា វិធានការទាំងនេះជាគោលនយោបាយផ្លូវការនោះឡើយ។

លោក វីកទ័រ កូប៉េ ក៏បានជំទាស់ផងដែរថា គ្មានភ័ស្តុតាងបញ្ជាក់ថា  នួន ជា ជំរុញឲ្យមានការកាប់សម្លាប់ជនជាតិវៀតណាមនោះទេ ហើយថា ការសំដៅណាមួយដល់”សត្រូវ” មកពីប្រទេសជិតខាងគឺជាពាក្យដែលប្រើនៅក្នុងយោធាប៉ុណ្ណោះ។

ផ្ទុយទៅវិញមេធាវីរូបនេះបានលើកឡើងថា មានភ័ស្តុតាងនៅក្នុងឯកសាររបស់គណបក្សកុម្មុយនីស្តកម្ពុជាដែលបង្ហាញពី        ” មិត្តភាពដ៏អស្ចារ្យ” រវាងប្រទេសទាំងពីរ។

លោកបានសួរថា “លោកប្រធាន ខ្ញុំសូមសួរថា តើអ្នកអាចស្រមៃគិតបានទេថា អាឌុល អីុត្លែ បានប្រើប្រាស់ពាក្យពេចន៍បែបនេះដែរ ឬ ទេពេលសំដៅដល់ជនជាតិជ្វីហ្វឬថា តើ វិទ្យុ Radio des Mille Collines ដែលជាស្ថានីយវិទ្យុរបស់រដ្ឋាភិបាលរវ៉ាន់ដា ដឹកនាំដោយជនជាតិហូ៊ទូ(Hutu) បានលើកឡើងអំពី’មិត្តភាពដ៏អស្ចារ្យ’ ជាមួយជនជាតិភាគតិច តូតសី (Tutsi)នៅក្នុងឆ្នាំ១៩៩៤ដែរ ឬទេ?”។

លោកបានបន្ថែមថា “ចម្លើយគឺពិតជាគ្មាននោះទេ”។

មេធាវីការពារក្តី ឲ្យ ខៀវ សំផន នឹងចាប់ផ្តើមសវនាការធ្វើសេចក្តីសន្និដ្ឋានផ្ទាល់មាត់បិទបញ្ចប់កិច្ចពិភាក្សាដេញដោយរបស់ខ្លួននៅថ្ងៃនេះ៕ស៊ុយឈាង

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស