29 C
Phnom Penh

អាជ្ញាធរ​អប្សរា​​​​ចុះ​​​រុះរើ​​​ផ្ទះ​​​ និង​​​តូប​​​សាងសង់​​​ខុស​​​ច្បាប់​​​នៅ​​​​​​ឧទ្យាន​​​អង្គរ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ ស្ថាប័នរដ្ឋាភិបាលទទួលបន្ទុកគ្រប់គ្រងឧទ្យានបុរាណអង្គរ បានចាប់ផ្តើមរុះរើសំណង់ទី១ក្នុងចំណោមផ្ទះនិងតូបលក់ដូរជាង៥០០ដែលសាងសង់ខុសច្បាប់នៅក្នុងបរិវេណឧទ្យាននេះរយៈពេលប៉ុន្មានសប្ដាហ៍មុនការបោះឆ្នោតឃុំ សង្កាត់ កាលពីថ្ងៃទី៤ ខែមិថុនា។

លោក យ៉ោម យ៉ាត នាយប៉ុស្តិ៍សង្កាត់នគរធំ ក្រុងសៀមរាប បានមានប្រសាសន៍ថា អាជ្ញាធរចាប់ផ្ដើមរុះដំបូលផ្ទះទី១ ហើយបានវាយកម្ទេចតូបលក់ដូរមួយដែលធ្វើពីឈើ។

កាលពីសប្ដាហ៍មុន អាជ្ញាធរអប្សរាដែលគ្រប់គ្រងឧទ្យាននេះបានលើកឡើងថា ផ្ទះនិងតូបលក់ដូរចំនួន៥២៣ត្រូវបានសាងសង់ ក្នុងតំបន់នេះចន្លោះពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី២ ខែមិថុនា ដោយគ្មានការអនុញ្ញាត។ ប៉ុន្តែលោក យ៉ោម យ៉ាត បានមានប្រសាសន៍ថា លោកបានធ្វើការរាប់ទៅឃើញថា មានសំណង់ជាង៦០០ឯណោះ។

នាយប៉ុស្តិ៍នគរបាលរូបនេះមានប្រសាសន៍ថា ប្រជាពលរដ្ឋប្រហែល១០០នាក់បានមកប្រមូលផ្ដុំគ្នាជុំវិញផ្ទះទី១កាលពីព្រឹកម្សិលមិញ តវ៉ាចំពោះការរុះរើនេះ ប៉ុន្តែត្រូវបានបញ្ចុះបញ្ចូលឱ្យបំបែកគ្នាវិញក្រោយពីម្ចាស់ផ្ទះឈ្មោះកែវ វុទ្ធី ជាមន្ត្រីនគរបាលក្នុងមូលដ្ឋានបានប្រាប់ពួកគាត់ថា លោកយល់ព្រមបោះបង់កន្លែងនេះ។

លោក យ៉ោម យ៉ាត បានមានប្រសាសន៍ថា ប្រជាពលរដ្ឋប្រាំគ្រួសារទៀតក៏បានចុះកិច្ចសន្យាផងដែរ ដោយសុខចិត្តរុះរើផ្ទះរបស់ពួកគាត់ដោយខ្លួនឯងក្នុងរយៈពេល៣ថ្ងៃ បើមិនដូច្នោះទេឱ្យអាជ្ញាធរចាត់វិធានការចុះ។

លោកថ្លែងថា “អាជ្ញាធរអប្សរាបានទុកពេល៣ថ្ងៃឱ្យគ្រួសារទាំងនេះរុះរើផ្ទះរបស់ខ្លួន។ ប្រសិនបើពួកគាត់មិនព្រមរុះរើទេនោះ អាជ្ញាធរអប្សរានឹងចុះទៅរុះរើផ្ទះទាំងនោះ ហើយមិនទទួលខុសត្រូវចំពោះការខូចខាតឡើយ”។

លោក កែវ វុទ្ធី បាននិយាយថា លោកបានយល់ព្រមឱ្យអាជ្ញាធររុះរើផ្ទះរបស់លោកដែលធ្វើពីបេតុងព្រោះខ្លាចបាត់បង់ការងារក្នុងរដ្ឋាភិបាល ប្រសិនបើលោកបដិសេធ។

លោកបាននិយាយថា “ខ្ញុំជាមន្ត្រីនគរបាលមួយរូប ហើយខ្ញុំមិនហ៊ានតវ៉ាជំទាស់នឹងចំណាត់ការរបស់ពួកគេឡើយ”។

លោក ស៊ិន វុទ្ធី គ្រួសារមួយក្នុងចំណោមគ្រួសារទាំងប្រាំដែលបានចុះកិច្ចសន្យាជាមួយអាជ្ញាធរកាលពីថ្ងៃច័ន្ទបាននិយាយថា អាជ្ញាធរមិនស្ដាប់ការលើកឡើងរបស់ពួកគាត់ឡើយ។ លោកបន្ទោសរដ្ឋាភិបាលចំពោះការមិនហាមឃាត់ពួកគាត់ខណៈពួកគាត់ចូលមកសាងសង់។

លោកបាននិយាយថា “ខ្ញុំបានអង្វរអាជ្ញាធរអប្សរាសុំកុំឱ្យរុះផ្ទះរបស់ខ្ញុំ ពីព្រោះខ្ញុំមិនដឹងទៅរស់នៅឯណាឡើយ ប៉ុន្តែពួកគេមិនព្រម។ ខ្ញុំគិតថា ទង្វើរបស់អាជ្ញាធរមិនត្រឹមត្រូវចំពោះពួកយើងឡើយ ពីព្រោះអាជ្ញាធរអប្សរាមិនបានមកហាមឃាត់ប្រជាពលរដ្ឋនៅពេលពួកគាត់ធ្វើការសាងសង់ផ្ទះរបស់ខ្លួន”។

លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរអប្សរាមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។ លោក លី ឡាយ ប្រធាននាយកដ្ឋានការពារបេតិកភណ្ឌនៃក្រសួងមហាផ្ទៃមានប្រសាសន៍ថា គ្រួសារទាំងអស់ត្រូវបានប្រាប់កុំឱ្យសាងសង់ខណៈដែលពួកគាត់ចូលមក ហើយគ្រួសារជាច្រើនទៀតបានយល់ព្រមបញ្ឈប់។

លោកបានថ្លែងថា “យើងមិនមែនមិនអើពើចំពោះអ្នកដែលសាងសង់ផ្ទះទាំងនេះឡើយ។អាជ្ញាធររបស់យើងបានហៅពួកគាត់ឱ្យមកធ្វើកិច្ចសន្យា ហើយពួកគាត់សន្យាថានឹងមិនបន្តសាងសង់ទៀតឡើយ។ ប៉ុន្តែផ្ទុយទៅវិញពួកគាត់នៅតែបន្តសាងសង់ដដែលនៅពេលអាជ្ញាធររបស់យើងរវល់បំពេញការងារផ្សេងទៀត”៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស