29 C
Phnom Penh

គ​​.ជ.ប មិនទាន់​ចាត់​វិធានការ​​ភ្លាម​លើ​​​​​​​អ្នករិះគន់​​​តាម​​​ទំព័រ​​​ហ្វេសប៊ុក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានលើកឡើងថា ខ្លួននឹងមិនចាត់វិធានការភ្លាមៗលើម្ចាស់ទំព័រហ្វេសប៊ុកមួយចំនួនដែលខ្លួនចោទថាបានផ្សព្វផ្សាយព័ត៌មាន “មានចរិតញុះញង់” អំពីការងាររបស់ខ្លួនទេ ប៉ុន្តែនឹងចាត់វិធានការដែលមិនបញ្ជាក់ឱ្យដឹងប្រសិនបើនៅតែបន្តការចោទប្រកាន់មិនពិតទៀតនោះ។

គ.ជ.ប បានចេញសេចក្ដីបំភ្លឺមួយកាលពីសប្ដាហ៍មុនស្នើឱ្យរដ្ឋាភិបាលចាត់វិធានការផ្លូវច្បាប់លើអ្នកគ្រប់គ្រងទំព័រហ្វេសប៊ុកយ៉ាងតិចពីរដែលបានបង្ហោះខ្លឹមសារអះអាងថា ស្ថាប័នដែលមានសមាជិកប្រាំបួនរូបនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់បរទេស។

IMG_7540ប៉ុន្តែកាលពីម្សិលមិញ លោក ខន កែវមនោ ប្រធាននាយកដ្ឋានព័ត៌មាន  និងទំនាក់ទំនងរបស់ គ.ជ.ប ហាក់បន្ទន់ជំហរអំពីវិធានការផ្លូវច្បាប់ណាមួយ ដោយលើកឡើងថា សេចក្ដីបំភ្លឺនេះត្រូវបានផ្សព្វផ្សាយជាការព្រមាន ដល់អ្នកប្រើប្រាស់ទំព័រហ្វេសប៊ុក ព្រមទាំងសារព័ត៌មានវិជ្ជាជីវៈមួយចំនួនដែលបានរាយការណ៍អំពី គ.ជ.ប។

លោក ខន កែវមនោ បានមានប្រសាសន៍ថា ”យើងគ្រាន់តែពញ្ញាក់ស្មារតីដល់ម្ចាស់ Pages កុំសរសេរព័ត៌មានបង្កាច់បង្ខូចកេរ្តិ៍”។ លោកបានបន្ថែមថា “បច្ចុប្បន្ន សារព័ត៌មានមួយចំនួននៅក្នុងប្រទេសកម្ពុជាយើងហ្នឹងគាត់ច្រើនតែយកព័ត៌មានតាមបណ្ដាញសង្គមដែលមិនមែនជាព័ត៌មានមានវិជ្ជាជីវៈត្រឹមត្រូវយកមកផ្សព្វផ្សាយបន្តធ្វើឱ្យព័ត៌មានហ្នឹងមានភាពមិនត្រឹមត្រូវ”។

គណៈកម្មាធិការនេះប្រហែលជាមិនបន្តករណីលើម្ចាស់ Pages ទាំងនេះដែលខ្លួនបានកំណត់ក្នុងសេចក្តីបំភ្លឺដូចជា KM Khmer និង Real News ឡើយ ព្រោះពួកគេទំនងជាបានដកខ្លឹមសារដែលមានបញ្ហាទាំងនោះចេញវិញហើយ។

លោក ខន កែវមនោ បានមានប្រសាសន៍ថា ប៉ុន្តែ គ.ជ.ប “ត្រូវតែមានវិធានការហើយ” លើអ្នកប្រើប្រាស់ហ្វេសប៊ុកដែលបន្តបង្ហោះខ្លឹមសារមិនពិត តែលោកបដិសេធមិនបញ្ជាក់ថាតើនឹងចាត់វិធានការអ្វីនោះឡើយ។

លោកបន្ថែមថា “ប៉ុន្តែសម្រាប់បច្ចុប្បន្ននេះ គ.ជ.ប គ្រាន់តែព្រមាន គឺសូមបញ្ជាក់ឡើងវិញថាព្រមានជាសាធារណៈ”។

នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរីកាលពីម្សិលមិញ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា គ.ជ.ប ត្រូវដាក់បណ្ដឹងផ្លូវការជាជាងលិខិតចំហដែលខ្លួនបានព្រាងកាលពីសប្ដាហ៍មុន មុនពេលក្រសួងធ្វើការស៊ើបអង្កេត។

ឧត្ដមសេនីយ៍ ខៀវ សុភ័គ មានប្រសាសន៍ថា “ឱ្យតែមានលិខិត ភ័ស្តុតាងច្បាស់លាស់ អានេះឈ្មោះ “ក” ឈ្មោះ “ខ” បាននិយាយអញ្ចេះៗ យើងចាត់ចែងហើយ”។

ទាំងឧត្ដមសេនីយ៍ ខៀវ សុភ័គ និងអ្នកគ្រប់គ្រងទំព័រហ្វេសប៊ុកទាំងនេះមិនអាចទាក់ទងបានទេ។

អ្នកប្រើប្រាស់ហ្វេសប៊ុកមួយចំនួនត្រូវបានចាប់ដាក់ពន្ធនាគារកាលពីពីរឆ្នាំមុនចំពោះការបង្ហោះសារក្នុងទំព័រហ្វេសប៊ុកគំរាមមន្ត្រីជាន់ខ្ពស់មួយចំនួន ឬអំពាវនាវឱ្យធ្វើ “បដិវត្តន៍ពណ៌”៕ សារុន

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស