27 C
Phnom Penh

ប្រធាន​រដ្ឋសភា​អះអាង​ថា​ អភ័យ​ឯកសិទ្ធិមិនអាច​ការពារ​​តំណាង​​​​រាស្ត្រ​ណា​ដែល​ប្រព្រឹត្ត​​បទ​ល្មើស​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមតំណាងរាស្ត្រគណបក្សប្រឆាំងបានប្រែក្លាយសម័យប្រជុំសភាសាមញ្ញមួយកាលពីម្សិលមិញ ទៅជាការពិភាក្សាដេញដោលយ៉ាងក្ដៅគគុកលើបញ្ហាអភ័យឯកសិទ្ធិតំណាងរាស្ត្រ ដោយលោក ហេង សំរិន ប្រធានរដ្ឋសភាអះអាងថា រដ្ឋធម្មនុញ្ញការពារតែអ្នកគោរពច្បាប់ប៉ុណ្ណោះ។

របៀបវារៈផ្លូវការសម្រាប់សម័យប្រជុំសភាកាលពីម្សិលមិញ គឺការពិភាក្សាអំពីសេចក្តីស្នើច្បាប់មួយទាក់ទិនព្រឹទ្ធសភា ប៉ុន្តែតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិគឺលោក សុន ឆ័យ និងលោក ងឹម ញេង បែរជាទាមទារឱ្យរដ្ឋសភាការពារអភ័យឯកសិទ្ធិតំណាងរាស្ត្រដែលរដ្ឋធម្មនុញ្ញផ្ដល់ការការពារពីការផ្ដន្ទាទោស លុះត្រាតែសភាបោះឆ្នោតដោយសំឡេងពីរភាគបីដើម្បីដកអភ័យឯកសិទ្ធិពីតំណាងរាស្ត្រទាំងនោះ។

លោក ហ៊ុន ម៉ានី តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាចុះវត្តមានមុនពេលចូលរួមសម័យប្រជុំសភា ក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
លោក ហ៊ុន ម៉ានី តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាចុះវត្តមានមុនពេលចូលរួមសម័យប្រជុំសភា ក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

លោក សុន ឆ័យ បានលើកឡើងជាពិសេសនូវករណីតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ គឺលោក អ៊ុំ សំអាន និងលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាដែលសុទ្ធតែត្រូវបានដាក់ពន្ធនាគារកាលពីឆ្នាំមុនទាក់ទិនសារបង្ហោះតាមហ្វេសប៊ុករិះគន់រដ្ឋាភិបាលថាប្រើសន្ធិសញ្ញាព្រំដែនក្លែងក្លាយរវាងប្រទេសកម្ពុជា និងវៀតណាម។

លោកមានប្រសាសន៍ថា “ខ្ញុំមិនថា [អភ័យឯកសិទ្ធិ] ត្រូវទទួលការបំពានទេ តែវាទទួលការធ្វើទុក្ខបុកម្នេញ”។

រដ្ឋាភិបាលបានអះអាងថា ករណីទាំងនេះលើកលែងពីអភ័យឯកសិទ្ធិដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ពីព្រោះការចាប់ខ្លួនទាំងនោះកើតឡើង “ជាក់ស្ដែង” ឬអំឡុងពេលកំពុងប្រព្រឹត្តបទល្មើស ជាការបកស្រាយដែលហាក់បំពានខ្លឹមសារក្នុងរដ្ឋធម្មនុញ្ញ។

លោក ងឹម ញេង មានប្រសាសន៍ថា “យើងគួរតែពិភាក្សាអំពីច្បាប់មានស្រាប់ដែលមិនការពារសិទ្ធិរបស់ពួកគាត់ក្នុងការបំពេញតួនាទីរបស់ខ្លួន”។ “បើគាត់និយាយ គាត់បញ្ចេញទស្សនៈគាត់ ហើយត្រូវបានគេបំពាន រំលោភលើរដ្ឋធម្មនុញ្ញដែរ អាហ្នឹងបានន័យថា អភ័យឯកសិទ្ធិហ្នឹងវាថយកម្លាំង ហើយបើសិទ្ធិស្ថាប័ននីតិប្បញ្ញត្តិអត់ពង្រឹង អត់ជួយ ធ្វើម៉េចការពារបង្រួមការរំលោភអភ័យឯកសិទ្ធិហ្នឹងទេ”។

លោកបានបន្ថែមថា “ខ្ញុំបារម្ភខ្លាចថា ថ្ងៃក្រោយទៅវាចេះតែរីកទៅៗ ធ្វើឱ្យប៉ះពាល់ដល់រដ្ឋធម្មនុញ្ញជាតិយើង”។

ឆ្លើយតបទៅនឹងការអះអាងរបស់គណបក្សប្រឆាំង លោក ហេង សំរិន បានថ្លែងទៅកាន់សម័យប្រជុំសភាពេញអង្គថា អភ័យឯកសិទ្ធិការពារតែអ្នកដែលគោរពច្បាប់ប៉ុណ្ណោះ។

លោកលើកឡើងថា “ខ្ញុំសូមជម្រាបជូនឯកឧត្ដម ងឹម ញេង ថា ខ្ញុំការពារដាច់ខាតចំពោះអភ័យឯកសិទ្ធិ ចំពោះតំណាងរាស្ត្រដែលបានប្រព្រឹត្តត្រឹមត្រូវតាមច្បាប់”។ “លើកលែងតែតំណាងរាស្ត្រណាទៅប្រព្រឹត្តបទល្មើសទៅលើព្រហ្មទណ្ឌ ច្បាប់ព្រហ្មទណ្ឌ អាហ្នឹងជាក់ស្ដែងទៀត អាហ្នឹងគេចាប់ហើយ”។

លោក ឈាង វុន តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាបានយល់ស្របថា អ្នកនយោបាយបក្សប្រឆាំងដែលជាប់ពន្ធនាគារទាំងពីររូបនេះបានភ្លេចថាខ្លួនឯងត្រូវធ្វើអ្វី។

cam-photo-heng-samrin-channaលោកបានមានប្រសាសន៍ថា “ខ្ញុំមានការសោកស្ដាយឯកឧត្ដម”។ “បើសិនជាអ្នកទាំងពីរនាក់នេះធ្វើត្រឹមត្រូវ  ខ្ញុំជឿថាគ្មានបញ្ហានេះកើតឡើងទេ។ ភាពកករល្អក់ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសព្រឹទ្ធសភា និងរដ្ឋសភា គឺមកពីបុគ្គលខ្លួនឯង”។

លោក សុក សំអឿន ដែលជាអ្នកជំនាញខាងច្បាប់បានបដិសេធមិនធ្វើអត្ថាធិប្បាយទេជុំវិញការបកស្រាយរបស់លោក ហេង សំរិន ទាក់ទិនអភ័យឯកសិទ្ធិតំណាងរាស្ត្រ។ ប៉ុន្តែលោកគូសបញ្ជាក់ថា ទោះបីជាតំណាងរាស្ត្រត្រូវគេតាមទាន់ពេលកំពុងប្រព្រឹត្តបទល្មើស ហើយត្រូវបានឃាត់ខ្លួនក្ដី ក៏រដ្ឋសភានៅតែចាំបាច់ត្រូវដកអភ័យឯកសិទ្ធិពីតំណាងរាស្ត្ររូបនោះជាផ្លូវការដែរ ដើម្បីឱ្យតុលាការចាត់ការសំណុំរឿងនោះ។

លោកបន្តថា “ភ្លាមៗបន្ទាប់ពីការឃាត់ខ្លួន [ពួកគាត់] ត្រូវមានការយល់ព្រមពីរដ្ឋសភា”។

លោក សុន ឆ័យ បានរិះគន់រដ្ឋាភិបាលចំពោះការមិនចេញបញ្ជាច្បាស់លាស់ឱ្យរោងចក្រកាត់ដេរអនុញ្ញាតឱ្យកម្មករកម្មការិនីបានឈប់សម្រាកប៉ុន្មានថ្ងៃ ដើម្បីទៅបោះឆ្នោតដូចបានអនុវត្តនៅក្នុងការបោះឆ្នោតមុនៗ។

លោកមានប្រសាសន៍ថា មន្ត្រី “ហាក់ដូចជាបន្ទោសគ្នាទៅវិញទៅមកថា ‘មិនដឹងថាសមត្ថកិច្ចណាទទួលខុសត្រូវ’” ហើយលោកបានស្នើសុំឱ្យសមភាគីមកពីគណបក្សប្រជាជនកម្ពុជាបកស្រាយអំពីអ្វីដែលបានកើតឡើង ។

ប៉ុន្តែលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបដិសេធមិនឆ្លើយតបការទាមទាររបស់លោក សុន ឆ័យ ឡើយ។ លោកថ្លែងថា “ខ្ញុំគិតថា ដូចជាមិនទាន់ដល់ពេលឆ្លើយ ឬមិនឆ្លើយ ពីព្រោះថាយើងកំពុងជជែកច្បាប់ ទៅសួររឿងផ្សេងៗ”។ លោកបានបន្ថែមថា លោក សុន ឆ័យ គួរតែដាក់សំណើផ្លូវការទៅលោក ហេង សំរិន ស្នើសុំឱ្យកោះហៅមន្ត្រីទៅសាកសួរ។ លោក សុន ឆ័យ បានមានប្រសាសន៍បន្ទាប់ពីសម័យប្រជុំសភានេះថា គណបក្សសង្គ្រោះជាតិគ្រោងធ្វើបែបនោះតាមរយៈការកោះហៅលោក អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារទៅសាកសួរទាក់ទិនបញ្ហានេះ៕ សុខុម (រាយការណ៍បន្ថែមដោយ Ben Paviour)

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស